Wednesday, May 8, 2024
Homeព័ត៌មានជាតិរៀបការ៣ខែ ប្រពន្ធសុំលែង ប្តីលោតទឹកស្លាប់

រៀបការ៣ខែ ប្រពន្ធសុំលែង ប្តីលោតទឹកស្លាប់

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ ទើបនឹងរៀបការប្រពន្ធថ្មោងថ្មី បានរយៈពេលប្រមាណ៣ខែ ក៏ស្រាប់តែជួបរឿងរកាំរកូស ដោះស្រាយ មិនចេញ ក៏ឈានដល់ការបែកបាក់ ដោយសារតែភាគីប្រពន្ធបានសុំលែងលះ ជាហេតុធ្វើឱ្យយុវជនជាប្តីខូចចិត្ត បែកគំនិត ជិះម៉ូតូទៅលោតទឹក សម្លាប់ខ្លួន ដោយបន្សល់ទុកម៉ូតូ១គ្រឿងរួមនឹងគ្រឿងអលង្ការរបស់ខ្លួន នៅលើស្ពាន។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅត្រង់ ចំណុចលើស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ។

យុវជនគិតខ្លីដែលលោតទឹកសម្លាប់ខ្លួនខាងលើ មានឈ្មោះស៊ីម ភារុន ភេទប្រុស អាយុ២១ឆ្នាំ ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុន ចិនមួយ ស្ថិតក្នុងភូមិមាឃ១ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ និងមានស្រុកកំណើតនៅភូមិប្រិយី៍ ឃុំជាំក្រវៀន ស្រុកមេមត់។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានយុវជនមិនស្គាល់ អត្តសញ្ញាណម្នាក់ បានជិះម៉ូតូមកលោតទឹកស្ពានស្ទឹងត្រង់។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញសហការជាមួយកម្លាំងប្រចាំការនៅ គល់ស្ពាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ។

ប្រភពដដែលបន្តថា លុះទៅដល់ទីតាំងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញជិះម៉ូតូ១គ្រឿង ម៉ាក Zoomer-X ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GA-7439 ខ្សែកប្លាទីន១ខ្សែ ចិញ្ចៀនប្លាទីន១វង់ ប្រាក់រៀលចំនួន៧៥០០រៀល និងស្បែកជើង១គូ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ ជិះម៉ូតូ Zoomer-X សំដៅឡើង ទៅលើស្ពានស្ទឹងត្រង់ (ទីតាំងកើតហេតុ) លុះទៅដល់ត្រង់ចំណុចពាក់កណ្តាលស្ពាន យុវជនរូបនេះ ក៏ឈប់ម៉ូតូ រួចដើរទៅឈរតោង បង្កាន់ដៃ ស្ពាន រួចហើយ ក៏ដោះខ្សែក ចិញ្ចៀន និងលុយ ទុកលើស្បែកជើង បន្ទាប់មកក៏ស្ទុះឡើងបង្កាន់ដៃស្ពាន លោតចូលទឹកទាំងកំរោលតែម្តង សូម្បីតែអ្នកឃើញហេតុការណ៍ចង់ស្ទុះទៅជួយក៏មិនទាន់ផង។

ក្រោយកើតហេតុដ៏ភ្ញាក់ផ្អើលខាងលើ ក៏មានបុរសម្នាក់ឈ្មោះអៀង ប៊ុនថេង អាយុ៣៧ឆ្នាំ អះអាងថា ត្រូវជាអ្នករួមការងារ និងត្រូវជា បងជីដូនមួយួរបស់ជនរងគ្រោះផងនោះ បានបញ្ជាក់ថា យុវជនដែលលោតទឹកសម្លាប់ខ្លួននោះ មានឈ្មោះស៊ីម ភារុន អាយុ២១ឆ្នាំ រស់នៅភូមិប្រិយី៍ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាកម្មករយាមឃ្លាំងធ្វើការនៅក្រុមហ៊ុនជាមួយគ្នា។

បុរសខាងលើ បានអះអាងថា  ជនរងគ្រោះ មានវិបត្តិផ្លូវចិត្តបែកបាក់គ្រួសារដែលទើបរៀបការថ្មីថ្មោងបានរយៈពេលជាងបីខែ ស្រាប់តែមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានផ្ញើសារទៅគ្រប់គ្នាថា “អហោសិកម្មឱ្យខ្លួនផង” រួចក៏បិទទូរស័ព្ទទាក់ទងលែងបាន និងបាត់ទាំង មនុស្សទៀត ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ ក៏ទទួលបានដំណឹងថា ជនរងគ្រោះមកលោតទឹកពីលើស្ពានសម្លាប់ខ្លួន។

បច្ចុប្បន្នសពរបស់ជនរងគ្រោះពុំទាន់រកឃើញនៅឡើយទេ ខណៈដែលកម្លាំងជំនាញ និងក្រុមគ្រួសារកំពុងធ្វើការរុករកបន្ត។

ចំណែកសម្ភារវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ជូនទៅឈ្មោះអៀង ប៊ុនថេង យកទៅរក្សាទុកជាបណ្តោះអាសន្នសិន រង់ចាំគ្រួសារមកទទួលយកនៅពេលក្រោយ៕

RELATED ARTICLES