Wednesday, May 8, 2024
Homeព័ត៌មានជាតិហាមមិនស្តាប់ លួចទៅចូលបុណ្យសព ឆ្លងកូវីដពេញភូមិ

ហាមមិនស្តាប់ លួចទៅចូលបុណ្យសព ឆ្លងកូវីដពេញភូមិ

ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ដែលបាន ទៅចូលបុណ្យសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរ បង្កឱ្យមានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបន្តបន្ទាប់ សរុបចំនួន៦០នាក់។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ កន្លងមក មានករណីប្រជាពលរដ្ឋម្នាក់បានទទួលមរណៈភាព ឈ្មោះ គង់ ពៅ ភេទស្រី អាយុ៧៤ឆ្នាំ ដោយសារជំងឺរ៉ាំរ៉ៃ មានរយៈពេល៥ខែមកហើយ សពមានលំនៅក្រុម៥ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន បានចុះទៅណែនាំគ្រួសារសពមិនទាន់អនុញ្ញាតឱ្យធ្វើពិធីបុណ្យទេ ត្រូវរង់ចាំ ការយកសំណាក សិន ក្នុងករណីសំណាកអវិជ្ជមាន ទើបអាចធ្វើបុណ្យតាមប្រពៃណី តែជាលក្ខណៈគ្រួសារ និងមិនឱ្យមានការប្រមូលផ្តុំនោះទេ តែប្រសិនបើ ក្នុងករណីរកឃើញ វិជ្ជមានកូវីដ-១៩ គឺត្រូវវេចខ្ចប់សពទៅបូជា តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងត្រូវបិទទីតាំង ហើយអ្នក ដែលមានការពាក់ព័ន្ធត្រូវយកសំណាកទាំងអស់គ្នា។

បន្ទាប់មកក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្ត បានចុះយកវត្ថុសំណាកសាកសពឈ្មោះគង់ ពៅ ពិនិត្យឃើញមានវិជ្ជមានបកូវីដ-១៩ និងបានវេចខ្ចប់សាកសពយកទៅបូជាតាមវិធានសុខាភិបាល នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដោយមិនអនុញ្ញាតឱ្យរៀបចំពិធីបុណ្បសព នោះទេ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់បន្ថែមថា តាមព័ត៌មានដែលទទួលបាន ទោះបីជាមិនមានការរៀបចំពិធីបុណ្បសព ក៏នៅតែមាន ប្រជាពលរដ្ឋក្នុងភូមិមួយចំនួនឆ្លៀតទៅចូលបុណ្យជាមួយគ្រួសារសព ដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនោះឡើយ ដែលជាហេតុធ្វើឱ្យ មានការឆ្លងជំងឺកូវីដ-១៩ ជាបន្តបន្ទាប់គិតត្រឹមថ្ងៃ២២ ខែកក្កដា ឆ្នាំ២០២១នេះ មានចំនួនអ្នកឆ្លង៦០នាក់ហើយ។ សកម្មភាពនេះសបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋខាងលើ គឺមិនបានចូលរួមអនុវត្តត្រឹមត្រូវតាមការណែនាំ របស់រដ្ឋបាលខេត្ត អាជ្ញាធរស្រុក ឃុំ ជាពិសេសវិធានការនានា ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអនុសាសន៍ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទើបធ្វើឱ្យមានការឆ្លងរាលដាលពេញ ភូមិបែបនេះ។

ឆ្លងតាមរយៈបទពិសោធន៍ដ៏អាក្រក់នេះ អាជ្ញាធរក្រុងស្រុក និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវ ពង្រឹងការអនុវត្ត និងចាត់ វិធានការឱ្យបានម៉ឺងម៉ាត់បំផុតលើការផាកពិន័យ និងវិធានការច្បាប់ ចំពោះបុគ្គល ដែលមិនអនុវត្តតាមការណែនាំ ដោយគ្មានការលើកលែងនោះ ឡើយ ដើម្បីកាត់ការចម្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង៕

RELATED ARTICLES