Monday, May 20, 2024
Homeព័ត៌មានជាតិម៉ែស្លាប់ កូនស្រីធ្វើបុណ្យសព អត់ញាតិចូលរួម

ម៉ែស្លាប់ កូនស្រីធ្វើបុណ្យសព អត់ញាតិចូលរួម

ខេត្តកោះកុង  ៖ ជារឿងដ៏គួរឱ្យអាណិតអាសូរយ៉ាងខ្លាំង សម្រាប់ក្មេងស្រីម្នាក់នេះ ខណៈដែលស្ត្រីជាម្តាយញៀនស្រា ផឹករហូតដល់បាត់ បង់ជីវិត ដោយទុកឱ្យកូនស្រីត្រូវរៀបចំធ្វើបុណ្យសពជូនម្តាយតែម្នាក់ឯង ទាំងដែលគ្មានសាច់ញាតិ បងប្អូនចូលរួមសូម្បីតែម្នាក់។

ករណីនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចភូមិ២ ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។

 ក្មេងស្រីអភ័ព្វ ដែលរៀបចំពិធីបុណ្យសពម្តាយតែម្នាក់ឯង មានឈ្មោះអឿន ស៊ីណា អាយុទើបតែ១៦ឆ្នាំ ប៉ុណ្ណោះ មានលំនៅក្នុង ភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កន្លងមក ស្ត្រីជាម្តាយរបស់ក្មេងស្រីអភ័ព្វខាងលើ ដែលទើបនឹងមានវ័យ៤៤ឆ្នាំ តែងផឹក ស្រាស្រវឹងជាប្រចាំ រហូតដល់ធ្លាក់ខ្លួនឈឺ កើតអាការមិនស្រួលខ្លួនខ្លាំង ក៏ត្រូវបានកូនស្រី ជួយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ តែអកុសល ស្ត្រី ជាម្តាយរូបនោះ ក៏បានបាត់បង់ជីវិតនៅក្នុងមន្ទីរពេទ្យតែម្តង និងត្រូវបានក្រុមគ្រូពេទ្យជំនាញ យកសំណាកសព ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ដែរ តែជាលទ្ធផល គឺអវិជ្ជមាន។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឱ្យដឹងថា តាមរយៈការធ្វើតេស្តរហ័ស ទៅលើក្មេងស្រីឈ្មោះអឿន ស៊ីណា និងម្តាយ នៅអំឡុងពេល ដែលក្មេងស្រីរូបនោះ ជូនម្តាយទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត គឺលទ្ធផលបង្ហាញថា អវិជ្ជមានទាំង២នាក់ម្តាយកូន។ លុះក្រោយមក បន្ទាប់ពី ស្ត្រីជិម្តាយាបាត់បង់ជីវិត គ្រូពេទ្យក៏បានធ្វើតេស្តម្តងទៀត ពោលគឺលទ្ធផលមិនជាប់ពាក់ព័ន្ធនិងកូវីដ-១៩ នោះទេ តែមូលហេតុដែលម្តាយរបស់ ក្មេងស្រីរូបនេះ បានផុតដង្ហើមក្នុងមន្ទីរពេទ្យ គូពេទ្យពុំអាចជួយសង្គ្រោះបាន ដោយសារតែស្ត្រីរូបនោះ សេពសុរាហួសប្រមាណ ទើបបណ្តាល ឱ្យបាត់បង់ជីវិតបែបនេះ។

ក្រោយកើតហេតុ ក្រុមគ្រូពេទ្យក៏បានជួយដឹកសាកសពស្ត្រីជាម្តាយ យកមកប្រគល់ឱ្យកូនស្រី ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី នៅក្នុងវត្ត ប៉ុន្តែមិនមានសាច់ញាតិ ណាម្នាក់ បានមកចូលរួមពិធីបុណ្យសពនេះឡើយ ក្រៅតែពីកូនស្រីរបស់សពតែម្នាក់ឯង ដែលរៀបចំចាត់ចែង បុណ្យសពម្តាយតែម្នាក់ឯង។

តាមការបញ្ជាក់ពីក្មេងស្រីអភ័ព្វខាងលើ បានឱ្យដឹងថា នាងមានបងប្អូនបង្កើតចំនួន៣នាក់ (ប្រុស២ ស្រី១) ប៉ុន្តែបងប្រុសរបស់នាងម្នាក់ បានបាត់ដំណឹងមួយរយៈមកហើយ មិនដឹងជាទៅដល់ណា រីឯបងប្រុសរបស់នាងម្នាក់ទៀត កំពុងជាប់ធ្វើចត្តាឡីស័ក បន្ទាប់ពីបានពាក់ព័ន្ធ ជាមួយនឹងអ្នកជំងឺកូវីដ-១៩ ហេតុនេះហើយ ទើបមានតែនាងម្នាក់គត់ ដែលអាចនៅធ្វើបុណ្យសពជូនម្តាយ៕

RELATED ARTICLES