ដោយ អាចារ្យថាំ
នៅសុខៗ ស្រាប់តែតាញៀនកាហ្វេម្នាក់ ជាមន្ត្រីចូលនិវត្តន៍ និយាយថា គាត់ធ្វើការ តាំងពីឆ្នាំ១៩៧៩ ត្រង់ភ្លឹង ដើរតាម CPP ជានិច្ច គ្មានសល់អ្វីក្រៅពី ម៉ូតូកញ្ចាស់ និងប្រាក់រ៉ឺត្រែតនោះទេ ផ្ទុយពី “អ្នកធ្វើប្រឆាំង” ខ្លះឡើងបុណ្យស័ក្តិ ខ្ពស់ត្រដែត។ គាត់ប្រាប់គេឯងថា “ធ្វើប្រឆាំងចំណេញ” បើជាប់គុក មានបាយ ស៊ីស្រាប់ មានគេយាមឱ្យទៀត លុះរួចខ្លួនមកវិញ ប្រឆាំងឱ្យខ្លាំងតាមរយៈការ បង្កើតបក្សនយោបាយ ច្បាស់ជាបានបុណ្យស័ក្តិធំ។
“នគរធំ” គិតឱ្យសព្វៗទៅ សម្តីតាញៀនកាហ្វេ មានខុសអី? គាត់ថាធ្វើ ប្រឆាំងចំណេញ គឺនៅត្រង់ ជភភ ប្រើនយោបាយកៀរគរពួកប្រឆាំងឱ្យចូល ធ្លុងហ្នឹងឯង។ មានបុគ្គលខ្លះ ចិត្តគំនិតស្របតាម CPP តែធ្វើប្រឆាំង ដើរតាម លោកសម រង្ស៊ី, កឹម សុខា ហ៊ានជាប់គុក លុះចេញមកវិញ ខ្លះបានតំណែងមេឃុំ ជំទប់ ស័ក្តិពីរ ស័ក្តីបី ឬមន្ត្រីក្រុមប្រឹក្សា។
បុគ្គលខ្លះទៀត “រេដូចចុងស្រល់” បើខ្យល់បក់ទៅណា គាត់រេទៅហ្នឹង ដូច ពីមុន នៅខាងហ៊្វុនស៊ិនប៉ិច លុះគាត់ងាកទៅ CPP ក៏បានតំណែងរដ្ឋមន្ត្រី រដ្ឋ-លេខាធិការ នាយកស្ថាប័ននានា៘
រដ្ឋមន្ត្រីមួយចំនួន នៅក្នុងជួររាជរដ្ឋាភិបាលសព្វថ្ងៃ មួយចំនួនគឺចេញពីហ៊្វុន- ស៊ិនប៉ិច និង CNRP ធ្លាប់ជាប់គុក ឬការព្រមានធ្ងន់ៗពី CPP តែចុងក្រោយ បានកៅអីខ្លាញ់ឱ្យគ្រហើៗ។
កាលពីជំនាន់បារាំង បើអ្នកមិនប្រឆាំង ទោះជារៀនសូត្រចេះដឹងជ្រៅជ្រះ យ៉ាងណាក៏មិនងាយយកបានកៅអីខ្លាញ់ ប៉ុន្តែអ្នកប្រឆាំងខ្លះ រៀនសូត្រត្រឹមចប់ សាលាវត្ត ឬមានឈ្មោះជាអាចារ្យ ស្រាប់តែបានពាក់ស័ក្តិ៤ សក្តិ៥ ឬឡើងដល់ ស្តេចត្រាញ់។ ដាប ឈួន គាត់គ្មានបានរៀនសូត្រអ្វីជ្រៅជ្រះនោះទេ តែគាត់ប្រឆាំង ខ្លាំង ក៏បានតំណែងជាស្តេចត្រាញ់ ត្រួត ៣ខេត្ត។ ពុត ឆាយ ស៊ីវ ហេង ចេះតែ សូត្រទ្រឹស្តីកុម្មុយនីស្ត ក៏បានពាក់ស័ក្តិ៤ ស័ក្តិ៥ ដែលជំនាន់នោះ ទាហានពាក់ ស័ក្តិ៥ ធំអស់លេខនៅស្រុកខ្មែរ។ ឥឡូវអ៊ីចឹងទៀតហើយ អ្នកប្រឆាំង មកពីក្រៅ ប្រទេស ត្រូវប៉ាន់ណាស់ គាត់ជាប់គុកមួយរយៈខ្លី ចេញមកវិញ ឡើងដល់រដ្ឋ-លេខាធិការភ្លែត។
ដោយឡែក “អ្នកធ្វើប្រឆាំង” គឺសំដៅដល់បុគ្គលនៅក្នុងបក្សកាន់អំណាច តែគាត់ឆ្លាត ក៏ធ្វើជាអ្នកប្រឆាំង ហ៊ានប្រឈមនឹងគុកច្រវាក់។ របៀបប្រឆាំងរបស់ គាត់ គឺចេញមុខជួយរាស្ត្រក្រីក្រ តវ៉ាពីការរំលោភដីធ្លី ជួនកាលគាត់នៅពីក្រោយ បាតុកម្មមុខរោងចក្រ ជួយកម្មករ ប្រឆាំងថៅកែ។ ដើម្បីឱ្យគាត់ឈប់ប្រឆាំង ទាល់តែឱ្យលុយកាក់ បុណ្យស័ក្តិគាត់ខ្លះ ទើបស្ងប់ស្ងាត់ តែបើមិននឹកនាទេនោះ គាត់នៅតែប្រឆាំង។
ដូច្នេះយើងឃើញថា អ្នកប្រឆាំង ចំណេញធំណាស់សម្រាប់នាគត បើសិនជា ហ៊ានប្រឈមមុខនឹងគុកច្រវាក់ ខ្នោះឃ្នាង។ សព្វថ្ងៃ មានបណ្ឌិតខ្លះ ចាប់ផ្តើម សរសេរអត្ថបទប្រឆាំងរដ្ឋាភិបាលទៀតហើយ ដូចគាត់លើកឡើងពីអយុត្តិធម៌ សង្គម ពីការបោះឆ្នោតក្លែងក្លាយ ជាដើម។ គាត់ហ៊ានសរសេរ ហ៊ាននិយាយ ក៏ ដឹងដែរថា គង់មានថ្ងៃណាសមត្ថកិច្ចចាប់គាត់ញាត់គុកព្រៃស ប៉ុន្តែ “បើមិន ចំណេញ គាត់មិនប្រឆាំងទេ”។
សូម្បីតែសហការីមួយចំនួន របស់លោកកឹម សុខា ថ្ងៃណាក៏វ៉ៃប្រហារចៅ-ហ្វាយ សម រង្ស៊ី ប៉ុន្តែគេចាប់ចំណុចបាននៅត្រង់ពួកគាត់មិនព្រមដើរចូលទ្វារ នយោបាយ ឬទៅបង្កើតបក្សថ្មី ដូចអ្នកមុន។ ករណីនេះ អាចថាមកពីគាត់ “ធ្វើ ប្រឆាំង ចង់ចំណេញ” តែបើទៅបើកបក្សថ្មីនោះ ចំណេញតិចតួចណាស់ សុខចិត្ត នៅបន្តការប្រឆាំងទៀតចុះ អាចបានចំណេញក្រែលទៅថ្ងៃក្រោយ។
ទស្សនៈតាមន្ត្រីចូលនិវត្តន៍ ដែលថាគាត់ត្រង់ពេក សល់តែម៉ូតូកញ្ចាស់ និង ប្រាក់រ៉ឺត្រែតនោះ អត់ខុសទេ ខណៈដែលគាត់មើលឃើញពួកប្រឆាំង បានចំណេញ ក្រែល។ ការលើកឡើងនេះ គ្រាន់តែចង់ឱ្យបក្សកាន់អំណាច ប្រុងប្រយ័ត្ន ក្រែង គេកេងយកចំណេញដោយឱ្យបុណ្យស័ក្តិអ្នកប្រឆាំង ភ្លេចឯមនុស្សស្មោះត្រង់ ធ្វើការតាំងពីសក់ខ្មៅ ដល់សក់ស ក៏មិនកើតដែរ…”៕