ដោយ អាចារ្យថាំ
លោកមាជ សុវណ្ណារ៉ា អតីតមន្ត្រីបក្សប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ បានបង្ហោះសំណេរតាមហ្វេសប៊ុក និងបានប្រាប់ “នគរធំ” មានខ្លឹមសារតែមួយ ថា “ការអះអាងទារយកគុណសម្បត្តិតែឯង ឬក្រុមរបស់ខ្លួនតែឯង គឺជាចំណុច ចាប់ផ្តើមនៃការបែកបាក់ជាតិ”។
អ្វីដែលយើងចាប់អារម្មណ៍ត្រង់ឃ្លាថា “ទារគុណសម្បត្តិ” ខណៈដែលអ្នក នយោបាយខ្មែរ សុទ្ធតែបង្ហាញពីគុណសម្បត្តិរបស់ខ្លួនចំពោះជាតិ “គ្មានប្រកាស ថា ខ្លួនក្បត់ជាតិ” នោះទេ។
តើ “ទារគុណសម្បត្តិ” យ៉ាងម៉េច? ចំណុចនេះ បក្សកាន់អំណាច ឬគណបក្ស ប្រជាជនកម្ពុជា (CPP) មានអាទិភាពជាងគេ ក្នុងការទារគុណសម្បត្តិ ដូចករណី លើកឡើងថា “បើគ្មាន នយោបាយឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន ក៏កម្ពុជា គ្មានសន្តិភាពដែរ” ចំណែកពួកប្រឆាំង ក៏បានលើកឡើងថា បើគ្មានលោកសម រង្ស៊ី និងលោកកឹម សុខា ចូលរួមដោះស្រាយបញ្ហាជាតិ ហ៊ានធ្វើសម្បទានរូបមន្ត “៥០៎១” ក៏កម្ពុជា គ្មានថ្ងៃនេះដែរ។ រីឯហ៊្វុនស៊ិនប៉ិច ក៏បានរំលឹកគុណសម្បត្តិថា បើគ្មានសម្តេចឪ ព្រះបរមរតនកោដ្ឋ និងសម្តេចក្រុមព្រះ ចូលរួម រហូតសម្រេច បាននូវកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ឆ្នាំ១៩៩១ ក៏កម្ពុជា គ្មានថ្ងៃនេះដែរ។
ភាគីសំខាន់មានតែ ៣ហ្នឹង កំពុង “ទាមទារគុណសម្បត្តិ” ពីសន្តិភាព ប៉ុន្តែ បើពិនិត្យដានប្រវត្តិសាស្ត្រ ប្រជារាស្ត្រតែង “លើកជូនថ្នាក់ដឹកនាំប្រទេស” ពុំ មែនលើកទៅឱ្យពួកបះបោរនោះទេ។
សូមរំព្ញកថា សម័យកើត “ចលនាឥស្សរៈ” ប្រឆាំងអាណានិគមបារាំង កាល នោះ មេឥស្សរៈសំខាន់ៗ សុទ្ធតែបានឃោសនាថា កុំតែបានពួកគេលើកទ័ព ទៅវាយក្រុងសៀមរាប ក៏បារាំង មិនប្រគល់ឯករាជ្យឱ្យខ្មែរ ដែរ។
រីឯពួកយៀកមិញ ឬខ្មែរកុម្មុយនីស្ត សហការជាមួយយួន ហាណូយ ក៏បាន លើកគុណសម្បត្តិដែរថា កុំតែបាន ទូ សាមុត, អាចារ្យមៀន ឬសឺង ង៉ុកមិញ ដឹកនាំចលនាតស៊ូ ក៏បារាំង មិនលើកឯករាជ្យជូនខ្មែរនោះដែរ។
ចំណែកមន្ត្រីធំៗ មានសម្តេចប៉ែន នុត សម្តេចចក្រីញឹក ជូឡុង លោកសម សារី (ឪពុកលោកសម រង្ស៊ី) ក៏សុទ្ធតែបានប្រាប់ញាតិមិត្តថា ពួកលោកប្រឹងខ្លាំង ណាស់ក្នុងការចរចាជាមួយមន្ត្រីបារាំង ក្នុងអាណត្តិប្រធានាធិបតី វ៉ាំងសង់ អូរីយ៉ូល ធ្វើឱ្យបារាំង ទ្រាំមិនបានក៏លើកឯករាជ្យជូនខ្មែរ។
ទីបំផុត ក្រុមចលនាឥស្សរៈ ក្រុមខ្មែរយៀកមិញ ក្រុមមន្ត្រីគណៈប្រតិភូ លែងហើបរួច និងលែងហ៊ានទារគុណសម្បត្តិ នៅពេលប្រជារាស្ត្រ លើកសម្តេច ព្រះនរោត្តម សីហនុ ជា “ព្រះបិតាឯករាជ្យជាតិ” តាមពិតព្រះអង្គទតឃើញ ស្ថានការណ៍ពីដំបូង មិនទាន់អំណោយផល ក៏សំងំសិន លុះដឹងថា បារាំង ចាញ់ ឥទ្ធិពលជប៉ុន មិនសូវខ្លាំងដូចមុន ទើបព្រះមហាក្សត្រខ្មែរ ធ្វើ “ព្រះរាជបូជនីយកិច្ច ទាមទារឯករាជ្យ” ល្បីរន្ទឺពេញពិភពលោក។ ព្រះអង្គបានយាងទៅប្រទេសថៃ ជប៉ុន សហរដ្ឋអាមេរិក មានអ្នកកាសែត សុំបទសម្ភាសន៍ពីគោលនយោបាយ ទាមទារឯករាជ្យ។ ព្រះអង្គបានបង្កើតក្រុមជីវពលនារីក្លាហាន ប្រើកាំភ្លើងឈើ ហ្វឹកហាត់ ដោយបំបែករដ្ឋស្វយ័ត ចេញពីអំណាចបារាំង ធ្វើឱ្យពួកអាណានិគម ទ្រាំមិនបានក៏ប្រគល់ឯករាជ្យ ថ្វាយព្រះអង្ក នៅថ្ងៃ ០៩ វិច្ឆិកា ឆ្នាំ១៩៥៣។
ដូច្នេះមិនបាចឆ្ងល់ទេថា “អ្នកឡើងបានបេះ អ្នកប្រឡេះបានស៊ី” គេមិនដែល លើករង្វាន់ ឬគុណសម្បត្តិ ឱ្យចលនាតស៊ូតូចតាចនោះទេ តែថ្នាក់ដឹកនាំប្រទេស ត្រូវទទួលបានមហារង្វាន់នោះ។ សម្រាប់នយោបាយនៅកម្ពុជា ក៏យ៉ាងនេះដែរ បើសម្តេចឪ ទ្រង់យាងសោយព្រះទិវង្គត ខណៈដែលសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ដល់នូវព្រះជរា ស្របពេលលោកកឹម សុខា ជាប់រនាំងច្បាប់ ឯលោកសម រង្ស៊ី ខ្ទាតទៅក្រៅប្រទេស ពិតណាស់ថា អ្នកគាំទ្រ CPP នឹងលើកគុណសម្បត្តិ ដែលនាំឱ្យកម្ពុជា បានសុខសន្តិភាព ជូនសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបាច់ ឆ្ងល់…”៕