Tuesday, December 24, 2024
Homeបរិយាយចេះដដែលៗ

ចេះដដែលៗ

ដោយ អាចារ្យថាំ

លោកហ៊ុន កុសល យុវជនអតីតបក្សប្រឆាំង CNRP បានរិះគន់បក្សកាន់ អំណាចថា “ចេះតែល្បិចដដែលៗ អូសទាញអ្នកនយោបាយប្រឆាំងខ្លះ ឱ្យធ្វើដំណើរ តាមផ្លូវហ៊្វុនស៊ិនប៉ិច”។

ការរិះគន់នេះ ជារឿងធម្មតាទៅហើយ ពោលគឺអ្នករិះគន់ក៏ដដែលៗ រីឯ យុទ្ធសាស្ត្របក្សកាន់អំណាច CPP ក៏ដដែលៗ តាំងពីអាណត្តិទី១ មកម៉្លេះ។ ក្រោយ ការបោះឆ្នោតជ្រើសតំណាងរាស្ត្រអាណត្តិទី១ ឆ្នាំ១៩៩៣ កាលនោះ ហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោត ក៏ដោយសារកម្លាំងហ៊្វុនស៊ិនប៉ិច នៅរួបរួមគ្នា ប៉ុន្តែក្រៃយាព្រឹត្តការណ៍ ៥-៦ កក្កដា ១៩៩៧ មន្ត្រីហ៊្វុនស៊ិនប៉ិច ចែកផ្លូវគ្នាដើរ ធ្លាក់ខ្សោយ រហូតដល់ ដំណាក់កាលចុងក្រោយ រកតែកៅអីតំណាងរាស្ត្រ ១ ក៏គ្មានដែរ។

ករណីនេះ ពួកប្រឆាំងធ្លាប់ចោទគណបក្សប្រជាជនកម្ពុជា (CPP) ថា “បំបែក កម្លាំងហ៊្វុនស៊ិនប៉ិច” តាមយុទ្ធសាស្ត្រ “ដេញមេឱ្យរត់ខ្ចាត់ខ្ចាយ រួចអូសទាញកូន ឱ្យចុះចូល”។ ឥឡូវពួកប្រឆាំង នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) រិះគន់ ថា “CPP ចេះតែក្បាច់ដដែលៗ” បើយើងយកមកពិចារណា ក៏មិនខុសអ្វីដែរ។

នៅក្នុងរឿងល្បើកមួយ បានតំណាលពីកញ្ជ្រោង និងឆ្មា អួតអាងថា ខ្លួនមាន ចំណេះជំនាញគ្មានអ្នកណាដល់។ កញ្ជ្រោងអួតថា វាចេះច្រើនមុខណាស់ ដូចជា ចេះលូន ក្រាប វារ លប ឆ្មក់ អាចលោតសង្គ្រប់ចាប់មាន់ទា ពាំយកទៅស៊ីបាន។ ចំណែកឆ្មា អត់អីអួតដូចកញ្ជ្រោង ក៏និយាយថា “វាចេះតែ ១ក្បាច់” អាចយក ឈ្នះអ្វីៗទាំងអស់បាន។

ចៃដន្យ ឆ្កែស្រុក មាឌធំមាំដើរមកដល់ បានឃើញកញ្ជ្រោងមាឌតូចជាង ក៏ បោលដេញខាំងាប់ទៅ ផ្ទុយទៅវិញ ឆ្មាស្ទុះភ្លែត ឡើងដើមឈើ រួចខ្លួន។ រឿងនេះ ចង់បង្ហាញថា កញ្ជ្រោងចេះច្រើនពេក បានត្រឹមឆ្កែខាំងាប់ ឯឆ្មា ចេះតែមួយមុខ ក៏រួចពីមរណៈដោយចង្កូមឆ្កែ។

អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ចេះតែច្រៀងមួយមុខ អាចស្រូប យកបេះដូងប្រជាពលរដ្ឋខ្មែរ តាំងពីស្រករមុន ដល់ស្រករក្រោយ អត់ទាន់មាន តារាចម្រៀងណាយកប្រៀបបាន ក៏ព្រោះតែច្រៀងមួយមុខ បើចេញទៅណា ក៏ច្រៀងដដែលៗ។

យ៉ាងណាមិញ CPP ដែលធ្វើនយោបាយតទល់នឹងពួកប្រឆាំង ឃើញប្រើ តែក្បាច់ដដែលៗហ្នឹង រាប់សិបឆ្នាំមកហើយ។ ក្បាច់នោះ រួមមាន ប្តឹងតុលាការ ចាប់សកម្មជនប្រឆាំងដាក់គុក បង្ក្រាបអនាធិបតេយ្យ ដែលរួមចូលក្នុង “យុទ្ធ-សាស្ត្រឈ្នះ-ឈ្នះ” តែមួយយ៉ាង។

យុទ្ធសាស្ត្រឈ្នះ-ឈ្នះ បែកសាខាជា៤ គឺ “១. ការញុះញង់បំបែក ២. ការ ចែកកំលែកអំណាច ៣. ការផ្តន្ទាទោស ៤. ការផ្សះផ្សា” ទោះជាមាន៤ ក៏នៅ ក្នុងយុទ្ធសាស្ត្រតែ១ គឺ “ឈ្នះ-ឈ្នះ” នេះឯង ទោះក្នុងកាលៈទេសៈណាក៏ CPP លេងតែក្បាច់ហ្នឹង ធ្វើឱ្យពួកប្រឆាំងបែកខ្ចាត់ខ្ចាយ។ យុទ្ធសាស្ត្រ “ដេញទៅហៅ មក” ដដែលៗ វាអត់ប្លែកក៏ពិតមែន តែមានប្រសិទ្ធភាពខ្ពស់ណាស់ ដែល CPP យកមកប្រើតាំងពីពួកប្រឆាំងខ្លះ មិនទាន់កើត។

CPP ធ្លាប់ដេញសម្តេចក្រុមព្រះ បន្ទាប់មកក៏យាងព្រះអង្គ មកធ្វើព្រះ ប្រធានរដ្ឋសភា។ CPP ធ្លាប់ដេញលោកសម រង្ស៊ី បន្ទាប់មកក៏ទូលស្នើព្រះករុណា ប្រោសព្រះរាជទានទោស ឱ្យលោកចូលរួមក្នុងសង្គមវិញ។

អ៊ីចឹងអនាគតមើលអត់ធ្លុះទេ បើសិនជា CPP ប្រើតែក្បាច់ដដែលៗ ជួន កាលអាចបក់ដៃហៅលោកសម រង្ស៊ី មកវិញ។ ការដាក់លោកកឹម សុខា ឱ្យនៅ ក្នុងសំណាញ់ច្បាប់ ក៏អ៊ីចឹងដែរ បើ CPP នៅតែប្រើយុទ្ធសាស្ត្រដដែល អាចធ្វើឱ្យ សំណាញ់នេះ របូតលោកកឹម សុខា ចេញរួចទៅក្រៅបាន។

យុទ្ធសាស្ត្រដដែលៗ របស់ CPP មានប្រសិទ្ធភាព មិនធម្មតាទេ អាចធ្វើឱ្យ ពួកប្រឆាំង រេតាមខ្យល់រហូត ដូចឃើញស្រាប់ លោកអ៊ូ ច័ន្ទរ័ត្ន, ប៉ុល ហំម, គង់ គាំ ធ្លាប់ខ្លាំងខាងប្រឆាំង ទីបំផុតមានឯណា! ស្រាប់តែពួកគាត់ “ចាញ់យុទ្ធសាស្ត្រ ដដែលៗ…”៕

RELATED ARTICLES