ដោយ អាចារ្យថាំ
លេចធ្លាយព័ត៌មានថា មន្ត្រីថ្នាក់ក្រោមនៅខេត្ត-ស្រុក នៃគណបក្សប្រជាជនកម្ពុជា (CPP) ជាប់កម្អែល “វប្បធម៌អាង” បើសិនជាថ្នាក់លើធ្វេសប្រហែស ច្បាស់ជាមានបញ្ហាដល់សន្លឹកឆ្នោត បើសិនជាមានបក្សប្រឆាំងខ្លាំង ចូលរួមប្រកួត។ មន្ត្រី ថ្នាក់ក្រោម អាងច្រើនយ៉ាងណាស់ លុះអាងពេកទៅ គាត់មិនសូវសកម្មការងារ សូម្បីតែផ្លូវក្រហេងក្រហូង នៅទីប្រជុំជន ក្បែរច្រមុះចៅហ្វាយស្រុក-មេឃុំ ក៏ពួកគាត់មិនព្រមជួសជុល ដោយអាងថា “ចាំលុយធ្លាក់មកសិន” ដែល “នគរធំ” ក្តាប់ បាន ក៏លើកពី “វប្បធម៌អាង” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
មិនចាំតែប្រជាពលរដ្ឋរាយការណ៍នោះទេ ពាក់ព័ន្ធដល់ “វប្បធម៌អាង” សូម្បីតែ “នគរធំ” ក៏ដឹងយ៉ាងច្បាស់ថា ថ្នាក់ ក្រោម CPP មានទម្លាប់មួយ គឺអាង ដែលយើងសូមលើកមកបង្ហាញដោយត្រួសៗ ខាងក្រោម ៖
-អាងសម្តេចហ៊ុន សែន ៖ ចំណុចនេះ មិនធម្មតាទេ គឺថ្នាក់ក្រោមបានផ្តោតអារម្មណ៍ពឹងផ្អែកតែនាយករដ្ឋមន្ត្រី ដូច សំណេរថា “អ្វីៗនឹងត្រឡប់មកល្អដូចដើមក្នុងពេលដ៏ខ្លីខាងមុខនេះ សូមទុកចិត្តលើពុក!” សំណេរតាមបណ្តាញសង្គមនេះ គឺ សរសេរចេញពីមន្ត្រីថ្នាក់ក្រោម ផ្តោតទៅលើការឆ្លងរាលដាលនៃជំងឺមហាប្រល័យ “កូវីដ-១៩” មន្ត្រីអ្នកសរសេរនោះ អាង លើសម្តេច មានសមត្ថភាពសុំជំនួយវ៉ាក់សាំង ពីបណ្តាប្រទេសនានា និងមានវិធីបិទខ្ទប់រាជធានី-ខេត្ត ទប់ទល់នឹងការឆ្លង។ យុទ្ធសាស្ត្រនយោបាយ ក៏ថ្នាក់ដឹកនាំថ្នាក់ក្រោមអាងសម្តេច ដែរ ថានឹង “ឈ្នះ-ឈ្នះ” គ្រប់អាណត្តិ មិនទុកឱ្យថ្នាក់ក្រោម របូតកៅអី អស់ក្តីសង្ឃឹមនោះឡើយ។
-អាងរំលាយគណបក្សសង្គ្រោះជាតិ (CNRP) ៖ ចំណុចនេះ មន្ត្រីថ្នាក់ក្រោម សើចស្ញាញគ្រប់គ្នា ដោយដឹងថា បើបក្ស ប្រឆាំងខ្លាំងនេះ រលំរលាយជាខ្មោចទៅហើយនោះ គ្មានបក្សណាមកប្រកួតឈ្នះ ជភភ បានទេ ហើយពួកអាង ក៏នៅតែបន្ត អង្គុយកៅអី មានលុយចាយសប្បាយហ៊ឺហាជារៀងរហូត។
-អាងគណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) ៖ ចំណុចនេះ ថ្នាក់ក្រោមខ្លះ និយាយថា “គ.ជ.ប ចេញពី CPP ” រឿងអី! ឱ្យបក្សប្រឆាំងឈ្នះនោះ? ទោះជាផ្លាស់ប្តូរប្រធានថ្មីចូល ក៏ជាឆ្អឹងខ្នង CPP ដដែល។
-អាងកសាងបានច្រើន ៖ ចំណុចនេះ គាត់ចង់លើកពីគុណសម្បត្តិ CPP ដែលកាន់អំណាចតាំងពីឆ្នាំ១៩៧៩ ឈានពី បាតដៃទទេមកនោះ ឃើញកសាងបានស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ អគាររដ្ឋបាល ខណៈដែលសំណង់ឯកជន រីកដូចផ្សិត ត្រូវទឹកភ្លៀង។
-អាងកងកម្លាំងប្រដាប់អាវុធ ៖ រួមមានទាហាន ប៉ូលិស ប៉េអឹម ថាជារបស់គណបក្សប្រជាជនកម្ពុជា ឬកើតចេញពី CPP។
-អាងចិន រុស្ស៊ី វៀតណាម ៖ ចំណុចនេះ គាត់អាងយូរហើយ មិនទើបតែឥឡូវនេះទេ រហូតដល់ប្រសិទ្ធនាមប្រទេស ទាំងនោះថា “មហាមិត្តចិន, សម្ព័ន្ធមិត្តរុស្ស៊ី, មិត្តភាពកម្ពុជា-វៀតណាម ម៉ឺនឆ្នាំ”។
នៅមាន “វប្បធម៌អាង” ច្រើនទៀត ដែលមន្ត្រី CPP ថ្នាក់ក្រោមអាងគ្រប់គ្នាប្រកបដោយមោទនភាព ភ្លេចគិតដល់ បណ្តាំក្រមង៉ុយ ១ល្បះ ថា “អាងសុទ្ធតែខុស កូនអើយចាំចុះ អាងនេះមិនល្អ អ្នកគិតឱ្យល្អិត ត្បិតស្រុកលោកក្រ ប្រមាណ តំណតទៀតទៅមុខ”។
កាលណាមន្ត្រីថ្នាក់ក្រោមជាប់កម្អែល “វប្បធម៌អាង” បែបនេះ នឹងនាំគ្រោះថ្នាក់ទៅអនាគត បើសិនជាថ្នាក់លើធ្វេស- ប្រហែស ដែល “នគរធំ” សូមបង្ហាញគុណវិបត្តិខ្លះៗ ដែលកើតចេញពីរឿងអាង ៖
-អាងសម្តេចនាយករដ្ឋមន្ត្រី ៖ ដល់អាងពេកទៅ គា់តអត់គិតថា សម្តេច កាន់តែចាស់នឿយហត់ខ្លាំងណាស់។ រឿងស្អី បន្តិចបើសម្តេច មិនស្រែក មិនបញ្ជា មិនស្តីបន្ទោស ថ្នាក់ក្រោមស្ពឹកស្រពន់ មិនព្រមធ្វើ។ គ្រាន់តែរឿងស្ទះលូទឹក រឿងផ្លូវ ធ្វើហើយមិនបាន ១ឆ្នាំខូច ទាល់តែសម្តេច ស្រែកវ៉ាស ទើបមន្ត្រីជំនាញស្ទុះជើង៣ ជើង៤ ទៅជួសជុល។ “អភិក្រម៥” ដែល សម្តេច ដាក់ចេញទៅ គ្មានមន្ត្រីណាខ្លាចទេ ព្រោះការអនុវត្ត “ងូតទឹក ឆ្លុះកញ្ចក់ ដុះក្អែល ព្យាបាល វះកាត់” នោះនៅមាន កម្រិត។
-អាងរំលាយ CNRP ៖ លុះដឹងថាអស់គូប្រជែងខ្លាំង និងគ្មានសកម្មជនប្រឆាំងចាំតែចាប់កំហុសដូចមុន មន្ត្រីខ្លះហ៊ាន លុបស្រះ ត្រពាំង បឹង ស្ទឹង ឬបំពានយកដីរដ្ឋ។ បើសកម្មជនណាហ៊ានថាគាត់ៗ អត់លើករឿងបំពានដីរដ្ឋ មកនិយាយទេ តែគាត់ចោទពួកប្រឆាំងថា “មិនគោរពសាលដីការតុលាការកំពូល, សមគំនិតក្បត់ជាតិ” ជាដើម ឈានដល់ការចាប់ខ្លួនដាក់ គុកម្តងមួយៗ។ ដល់ចាប់ដង្កូវស៊ីស្លឹកឈើអស់ បានឱកាសឱ្យគាត់ជិះសេះលែងដៃ សូម្បីទែផ្លូវក្រហេងក្រហូង មុខសាលាឃុំ ឬទីប្រជុំជន ក៏គាត់មើលមិនឃើញ ទុកឱ្យថ្នាក់លើ ចុះទៅធ្វើ។
-អាង គ.ជ.ប ៖ ការលើកឡើងថា មន្ត្រី គ.ជ.ប សុទ្ធតែ CPP បែបនេះ មានន័យថា ការបោះឆ្នោត នោះ ដូចអ្វីដែល ពួកប្រឆាំងធ្លាប់ចោទប្រកាន់ថា ឧបកិច្ចក្លែងបន្លំ។ តាមពិត គ.ជ.ប ឯករាជ្យ បានផឹកទឹកសម្បថ សច្ចាប្រកាន់យុត្តិធម៌ តម្លាភាព មិនលម្អៀង ប៉ុន្តែបើមន្ត្រីថ្នាក់ក្រោមផ្តោតជំនឿថា គ.ជ.ប ជាឆ្នឹងខ្នង ដូចរុញបញ្ហាឱ្យកាន់តែធ្ងន់ទៅៗ។
-អាងកសាងបានច្រើន ៖ ភ្លេចគិតថា សមិទ្ធផលនានា ជារបស់រដ្ឋ ភាគច្រើនខ្ចីលុយគេមកធ្វើ រីឯគេហដ្ឋានភូមិគ្រឹះ អគារខ្ពស់កប់ពពក គឺជាកម្មសិទ្ធិឯកជន។ បើអាងយ៉ាងនេះ អត់ស្រួលទេ ព្រោះឯកជនដោយឡែក។
-អាងទាហាន ប៉ូលិស ប៉េអឹម ៖ គាត់ថាជាកូនចៅ CPP ភ្លេចគិតថា កងប្រដាប់អាវុធគ្រប់ប្រភេទជា “កម្លាំងជាតិ” ត្រូវនៅអព្យាក្រឹត មិនលម្អៀងទៅនយោបាយ។ កន្លងមកពួកប្រឆាំង តែងចោទប្រកាន់ថា “នគរបាលជាតិ ប៉ូលិសជាតិ ក្លាយជាប៉ូលិស CPP រីឯកងយោពលខេមរភូរិន្ទ ឬកងទ័ពស្តេច ក្លាយជាកងទ័ព CPP ព្រោះតែមន្ត្រី CPP នាំគ្នាអាង។
-អាងចិន រុស្ស៊ី វៀតណាម ៖ ដល់អាងពេកទៅ អត់ហ៊ានក្អកជាមួយគេ រហូតកងការពារព្រំដែនខ្លះ បើកឱ្យយួនអន្តោ- ប្រវេសន៍ ចូលមកនៅពេញទឹកទន្លេ ដេញមិនចេញ។ អាងគេមកជួយ ជំពាក់គុណគេ លុះគេធ្វើខុសច្បាប់ខ្មែរ កម្រថ្នាក់ក្រោម ណាហ៊ានដេញ។
ដូច្នេះយើងឃើញថា “វប្បធម៌អាង” បើថ្នាក់លើ មិនប្រញាប់កែសម្រួល នឹងនាំគ្រោះមហន្តរាយជាយថាហេតុ។ របប លន់ នល់ ក្តាប់ថ្នាក់ក្រោមមិនជាប់ ជាហេតុនាំឱ្យនាយទាហាន តាំងពីថ្នាក់វរសេនាតូច រហូតដល់កងពល “ស៊ីលុយជំនួយ អាមេរិក” ធ្វើឱ្យប្រជាពលរដ្ឋអស់ជំនឿ ក៏ដួលរលំទៅ។ របបប៉ុល ពត ក្តាប់ថ្នាក់ក្រោមមិនជាប់ បណ្តោយឱ្យប្រធានភូមិ ឬកងឈ្លប យកគំនុំបុគ្គលលាយឡំនឹងគំនុំវណ្ណៈ កាប់សម្លាប់គ្នា គ្មានមេត្តា ទីបំផុត ប៉ុល ពត ដួលភីង។
“វប្បធម៌អាង” បើទុកយូរ កាន់តែផ្តល់ផលវិបាកធ្ងន់ទៅៗ ឧទាហរណ៍ផ្លូវលំ ខូចបន្តិចបន្តួច ចៅហ្វាយស្រុក-មេឃុំ គ្រាន់តែដឹកក្រួសពីរបីឡាន ទៅចាក់លុប ជួសជុល ក៏អាចប្រើការបាន ទម្រាំរដ្ឋាភិបាល មានលុយយកទៅអភិវឌ្ឍន៍ ឱ្យក្លាយ ជាផ្លូវកៅស៊ូ ឬបេតុង។ ប៉ុន្តែមន្ត្រីមូលដ្ឋាន មិនព្រមជួសជុល ទុកឱ្យផ្លូវនោះ ក្លាយជាថ្លុក បែកភក់បែកផុង រាស្ត្ររអ៊ូរទាំ លុះ រដ្ឋាភិបាល រវល់រឿងកូវីដ អត់ទាន់មានថវិកា ធ្វើឱ្យផ្លូវនោះ បានត្រឹមរាស្ត្រក្កៅក្រហាយ ចោទថា “រដ្ឋាភិបាលមិនគោរព ពាក្យសន្យា”។ ទោះជារាស្ត្រក្តៅក្រហាយរឿងផ្លូវ ក៏មន្ត្រីកាន់វប្បធម៌អាង មិនខ្វល់ ព្រោះអាងវប្បធម៌អាងខាងលើ។
សរុបទៅ “វប្បធម៌អាង” បើថ្នាក់លើមើលមិនឃើញ ឬឃើញដែរ តែមិនដឹងធ្វើម៉េច? ទោះបីជាឈ្នះឆ្នោត ក៏ក្តៅទឹក ក្តៅដី ទោះជាមានអង្ករដាំបាយ ក៏បាយឆៅ ឬបាយខ្លោច។ ឥឡូវមន្ត្រីថ្នាក់ក្រោម ចេញវប្បធម៌អាង “ទុកចិត្តលើសម្តេចពុក!” ដោយមិនខ្វល់ថា សម្តេច នឿយហត់រាល់ថ្ងៃ ព្រោះសម្រាកបានតិច ផ្ទុយទៅវិញ មន្ត្រីអាងនោះ ណាត់គ្នាជល់កែវ ក្លែមគោ ដុត ជ្រលក់ទឹកប្រហុកឯណោះ”៕