Tuesday, December 24, 2024
Homeបរិយាយហួចឱ្យក្របីស្តាប់

ហួចឱ្យក្របីស្តាប់

ដោយ អាចារ្យថាំ

ក្មេងឃ្វាលក្របី ពេញវ័យជំទង់ ចូលចិត្តជិះខ្នងក្របី ពេលចុះស៊ីស្មៅទឹក ដើម្បីកុំឱ្យចុកជើង ឬខ្លាចឈ្លើងទាម។ ក្មេងខ្លះហួចក្លេវៗ ចេញជាបទបំពេ ឬ បទឡាំលាវ ឱ្យក្របីស្តាប់ ប៉ុន្តែទោះជាក្មេងហួចដល់បែកបំពង់ក ក៏ក្របី បាន ស្មៅយាប្លង ដឹងតែឆ្ងាញ់ មិនព្រមងើប។

យ៉ាងណាមិញ អ្នកពូកែរិះគន់គេដែលចេញបង្កើតបក្សថ្មីនោះ ដូច “ហួចឱ្យ ក្របីស្តាប់” ព្រោះក្របី បានស្មៅយាប្លង ខ្ចីល្វក់ ស៊ីទាល់តែកាងពោះ ក៏មិនព្រម ឈប់ដែរ។ មិនបាច់ឆ្ងល់ទេថា បើទឹកត្រពាំង ឬវាលស្រែនោះអត់ស្មៅទឹក ក៏ ក្របីមិនចុះទៅស៊ីដែរ ក៏ដូចអ្នកនយោបាយបែកចេញពី CNRP បើគ្មានថវិកា ឬ សម្ភារនិយម ជួយទ្រទ្រង់ ក៏ពួកគាត់មិនអាចធ្វើបក្សបានដែរ។

តាមការសាកសួរ ការបង្កើតគណបក្សនីមួយៗ យ៉ាងតិចបំផុត ត្រូវមានលុយ ២០-៣០ម៉ឺនដុល្លារ នេះសម្រាប់បក្សតូចៗ។ បើបក្សធំដូច CPP ឬអតីត CNRP ទាល់តែថវិការាប់លានដុល្លារឯណោះ ទើបស្ទុះរួច។ ចំពោះប្រភពថវិការបស់ បក្សកាន់អំណាច គេដឹងថា មានឧកញ៉ាៗមួយចំនួនជួយទ្រទ្រង់ ដែលសព្វថ្ងៃ អ្នកមានស្តុកស្តម្ភ ទទួលគោរមងារឧកញ៉ា ជិត ១ពាន់នាក់ឯណោះ។ ឧបមាថា CPP មានឧកញ៉ាគ្រាក់ៗ តែ ១០នាក់ ជួយលុយទ្រទ្រង់គណបក្ស ក៏អាចយក ទៅចំណាយបានយ៉ាងមានប្រសិទ្ធភាព។

ដោយឡែក អតីតបក្សសង្គ្រោះជាតិ (CNRP) ប្រភពថវិកា បានមកពីជំនួយ អាមេរិក អឺរ៉ុប និងអាណិកជនខ្មែរ នៅបរទេស ធ្វើឱ្យលោកសម រង្ស៊ី និងលោក កឹម សុខា មានលទ្ធភាពប្រើថវិកានោះ ទ្រទ្រង់ CNRPរ រហូតដេញតាមប្រកិតៗ CPP កាលបោះឆ្នោតឆ្នាំ២០១៣។

លុះ CNRP ត្រូវរំលាយចោលមក គ្មានបរទេសណាជួយលុយចំទិសដៅ ទ្រទ្រង់គណបក្សទៀតទេ ប៉ុន្តែគេអាចជួយជាលក្ខណៈបុគ្គល ដូចជាជួយចិញ្ចឹម លោកសម រង្ស៊ី និងសហការីដែលភៀសខ្លួនទៅក្រៅប្រទេសជាដើម។ ចំណែក លោកកឹម សុខា ឃើញមានលុយ មានអង្ករ យកទៅចែកជូនជនរងគ្រោះដោយ កូវីដ-១៩ និងលិចទឹកជំនន់ខ្លះដែរ ដោយបានថវិកាពីក្រៅប្រទេស។

ដូច្នេះគេអាចដឹងបានថា មេប្រឆាំងទាំងពីរនាក់នោះ នៅតែមានស៊ីមានចុក មិនដាច់ពោះនោះទេ ទោះជាមិនអាចធ្វើនយោបាយបាន ក៏មានជំនួយជាលក្ខណៈ បុគ្គល ឬចិញ្ចឹមបុគ្គល។

ផ្ទុយទៅវិញ អ្នកនយោបាយបែកឆ្វេងចេញពីមេប្រឆាំងទាំងពីរនោះ តើបាន ប្រភពថវិកាពីណាមក? បើអាមេរិក និងអឺរ៉ុប មិនជួយផង ស្រាប់តែគាត់មាន លុយ ចុះរកស្នាមមេដៃ ឬជួលទីតាំងលើកស្លាកគណបក្ស មិនធម្មតាទេ ធ្វើឱ្យ អ្នកតាមដាន សង្ស័យថា “ក្របីបានស្មៅខ្ចី”។

អ៊ីចឹងក្មេងឃ្វាលក្របី ឬអ្នកចាំតែរិះគន់នោះ “ខំហួចបានប្រយោជន៍អី?… ” បើក្របី មិនចេះស្តាប់ហួចផងនោះ? ទោះជារិះគន់គេបែកបំពង់ក ឬហួចធ្លាក់ពី ខ្នងក្របី ក៏ក្របីនៅតែឆ្ងាញ់ស្មៅខ្ចីព្រងើយ។ អ្នករិះគន់ទាំងនោះ មិនបាច់ទៅ ដេញដោលថា “បានលុយពីណា?” នោះទេ ព្រោះធម្មតារឿងលុយ ទាំងគេទាំង យើង លាក់ទុក កម្របញ្ចោញឱ្យអ្នកណាដឹង។ ទៅសួរពីរឿងបានលុយពីណា? ដូចហួចឱ្យក្របីស្តាប់ គ្មានបានការអីទេ ព្រោះរឿងផ្ទៃក្នុងរបស់គេ គេគ្រាន់តែ ប្រាប់ថា លក់ដី លក់ឡាន លក់ផ្ទះ យកលុយបើកបក្ស វាចប់បាត់ទៅហើយ។

ហេតុនេះសម្រាប់អ្នកដែលពូកែរិះគន់អ្នកបើកបក្សថ្មីនេះ គិតតែខ្លួនឯងទៅ ក្រែងរកបាយស៊ីមិនបាន ផ្ទុយពីក្របីឆ្អែតកាងពោះ ព្រោះបានស្មៅទឹក។ រិះគន់គេ ដល់គេឡងវិញធ្ងន់ក ឬថាក្មេងជិះខ្នងក្របី ចេះតែហួចមិនឈប់ ជួនកាល ក្របី ធុញទ្រាន់ ណាមួយវាក្តៅផង ក៏ប្រះដេកត្រាំទឹក ធ្លាក់ក្មេងពីខ្នងវា ឱ្យឈ្លើងដេញ រត់ឡើងគោកមិនទាន់ ឯក្របី អត់ខ្លាចឈ្លើងទេ…”៕

RELATED ARTICLES