ដោយ អាចារ្យថាំ
ជាទូទៅ ទម្លាប់ប្រជាកសិករខ្មែរ តែងស្រាល់ជ្រើសពូជស្រូវណាដែលល្អ ផ្តល់ទិន្នផលខ្ពស់ សម្រាប់យកទៅសាបព្រោះ ដក ស្ទូង នៅពេលខាងមុខ ប៉ុន្តែមុននឹកទុកដាក់ស្រូវពូជ “ត្រូវរោយយកអង្កាម និងសំដី” ចេញឱ្យអស់ រួចហាលថ្ងៃឱ្យស្ងួត ច្រកបាវ ឬការុងទុកលើផ្ទះ។ ករណីអតីតមន្ត្រីប្រឆាំងខ្លះ បែកហ្វូង ដើរចេញពីមេប្រឆាំង មានទស្សនៈ ២កើតឡើង គឺ អ្នកដើរចេញថា “ទៅធ្វើចាំ មិនដេកចាំ” រីឯអ្នកវិភាគខ្លះលើកឡើងថា “ជាការរោយស្រូវពូជ” ឱ្យស្អាត ដែល “នគរធំ” ក្តាប់បាន ក៏លើករឿង “រោយស្រូវពូជ” មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។
“រោយស្រូវពូជ” គឺយកកម្លាំងខ្យល់បក់ ធ្វើឱ្យខ្ចាត់អង្កាម ឬស្រូវស្កកចេញ ទុកតែគ្រាប់ស្រូវថ្លោសៗ សម្រាប់ទុកធ្វើពូជ ទៅឆ្នាំក្រោយ។ របៀបរោយស្រូវ តាមបុរាណ គឺកសិករត្រូវក្រាលកន្ទេលនៅកណ្តាលទីវាល មានខ្យល់បក់ត្រសៀកៗ បន្ទាប់ មក ស្រីមេផ្ទះ ក៏កើបស្រូវដែលទើបនឹងបោកបែនរួច ទៅរោយ ដោយឈរលើជើងម៉ា ដាក់បន្តើតឱ្យខ្ពស់បន្តិច។ គាត់រោយ ទទាក់ថ្នមៗ ទម្លាក់គ្រាប់ស្រូវទៅលើកន្ទេល ធ្វើឱ្យអង្កាម សំដី កម្ទេចចំប៉ើង និងធូលី ហើរព្រោងព្រាតខ្ទាតទៅហួសកន្ទេល។ លុះគ្រប់ចំនួន ៥ថាំង ឬ ១០ថាំង តាមទំហំស្រែតិច ឬស្រែច្រើន កសិការិនីនោះ ត្រូវវាចស្រូវឱ្យស្តើង ដាក់ហាលលើកន្ទេល ១ថ្ងៃ ទល់ល្ងាច ឬហាលពីរបីថ្ងៃ បើស្រូវសើម លុះវាស្ងួតល្អហើយ ក៏កើបច្រកបាវ ឬការុង ប្រើកូនចៅឱ្យសែងទៅដាក់លើផ្ទះ បញ្ឈរផ្អែកសសរមិនឱ្យប៉ះទឹកភ្លៀង។ គេមិនអាចទុកស្រូវពូជឱ្យនៅលាយឡំនឹងស្រូវសម្រាប់ហូបដាក់ក្នុងជង្រុកនោះឡើយ ព្រោះខ្លាចស្រូវមិនសុទ្ធ។
យ៉ាងណាមិញ អ្នកនយោបាយ នៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) មួយចំនួន ដែលចេញបង្កើតគណបក្សថ្មីនោះ ឃើញពួកគាត់បញ្ចោញទស្សនៈយ៉ាងសឿងបឿងថា “ទៅធ្វើចាំ មិនដេកចាំ” នោះទេ។ ផ្ទុយទៅវិញ មិត្តភក្តិគាត់ ភាគច្រើន ដែលមិនព្រមចាកចេញពី CNRP បានបញ្ចោញទស្សនៈថា បើពួកហ្នឹងដើរចេញអស់ ធ្វើឱ្យ CNRP បរិសុទ្ធ។ ទោះជា CNRP ក្លាយជាខ្មោច ក៏អ្នកមិនព្រមប្តូរជំហរលើកឡើងថា ទោះជាអស់ ជណភ្រ ក៏នៅ “ប្ញសកែវ CNRP” ត្រៀមចូលរួមការបោះ ឆ្នោត ខាងមុខ។
ដោយឡែក លោក រស់ សារ៉ុម ប្រធានជ័យលាភីបញ្ញាជនកម្ពុជា បានបញ្ចោញសំណេរតាមហ្វេសប៊ុក ក៏ដូចប្រាប់ “នគរធំ” ថា “កូនសោបក្សប្រឆាំង មូលលើលោកសម រង្ស៊ី មេសោលើលោកកឹម សុខា ខណៈសម្តេចហ៊ុន សែន ជួយពេញទំហឹង” បន្ថែមពីលើនេះទៀត លោក រស់ សារ៉ុម បានដកស្រង់ទស្សនៈពួកប្រឆាំងម្នាក់ថា “អរគុណសម្តេចហ៊ុន សែន ដែលហៅ បរិវារសម្តេច បង្កប់ទុកយូរហើយ ត្រឡប់ទៅវិញ បក្សប្រឆាំងម្តងនេះ សុទ្ធល្អណាស់”។
អ្វីដែល “នគរធំ” ចាប់អារម្មណ៍ គឺនៅត្រង់ទស្សនៈពួកប្រឆាំងម្នាក់នោះហើយ ជាពិសេស ឃ្លាថា “បក្សប្រឆាំង ម្តងនេះ សុទ្ធល្អណាស់” ដែលស្រដៀងនឹងកសិករ “រោយស្រូវពូជ ឱ្យជ្រះអង្កាម”។
កន្លងមក កាលបក្សសង្គ្រោះជាតិ នៅដំណើរការ មានព័ត៌មានថា ឱ្យតែគណៈកម្មាធិការកណ្តាល CNRP បើកការប្រជុំ សាមញ្ញ វិសាមញ្ញ ឬប្រជុំបិទទ្វារជិតយ៉ាងណាក៏ដោយ ក៏របៀបវារៈនៃការប្រជុំនោះ ឮទៅដល់គណបក្សប្រជាជនកម្ពុជា CPP អត់ខានឡើយ។ នៅពេលបែកការ ធ្វើឱ្យមន្ត្រីប្រឆាំង អត់ទុកចិត្តគ្នា រហូតដល់លោកសម រង្ស៊ី ធ្លាប់ស្តីបន្ទោសទម្លាក់ កំហុសលោកម៉ៅ មុនីវណ្ណ ដោយសង្ស័យថាជាផ្ទៃក្នុង CPP។ មេប្រឆាំង សម រង្ស៊ី និងកឹម សុខា ក៏បានដកមន្ត្រីខ្លះចេញ ជាបន្តបន្ទាប់ ឱ្យតែឃ្នើសចិត្ត ដូចករណីដកលោកស្រីឡាក់ សុភាព ចេញពីសមាជិកគណៈកម្មាធិការកណ្តាល CNRP ពាក់ព័ន្ធ ការចោទលេបលុយ ២០លានដុល្លារ។ រីឯពួកប្រឆាំងដែលដើរតាមលោកសម រង្ស៊ី តែងដាក់ការសង្ស័យទៅលើលោកមុត ចន្ថា ដែលធ្វើជំនួយការលោកកឹម សុខា។ គេចោទគាត់ថា កាលនៅធ្វើការអមសម្តេចក្រុមព្រះនរោត្តម រណប្ញទ្ធិ ធ្វើឱ្យ ហ៊្វុនស៊ិនប៉ិច រលាយ លុះលោកមុត ចន្ថា មកធ្វើជំនួយការលោកកឹម សុខា CNRP រលាយ។ ការមិនទុកចិត្តគ្នាក្នុងចង្កោម អ្នកនយោបាយប្រឆាំង នៅមានច្រើនទៀត ដូចអ្នកខ្លះលើកឡើងថា “លោកគង់ គាំ ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស នៃរបបរដ្ឋកម្ពុជា មិនអាចទុកចិត្តបានទេ”។
និយាយរួម ពួកប្រឆាំង ដែលលាយឡំគ្នារវាងគណបក្សភ្លើងទៀន គណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ច្របាច់ បញ្ចូលគ្នាជាសង្គ្រោះជាតិនេះ មិនខុសពី “ស្រូវពូជមិនទាន់រោយ” នៅមានអង្កាម សំដី កម្ទេចចំបើង ធូលី ជាហេតុនាំឱ្យ “ស្រូវពូជមិនសុទ្ធល្អ”។
ឥឡូវលោក រស់ សារ៉ុម បានដកស្រង់ទស្សនៈពួកប្រឆាំងម្នាក់ មកបង្ហោះតាមបណ្តាញសង្គមថា “អរគុណសម្តេចហ៊ុន សែន ដែលហៅបរិវារសម្តេច បង្កប់ទុកយូរហើយ ត្រឡប់ទៅវិញ បក្សប្រឆាំង ម្តងនេះសុទ្ធល្អណាស់” ដែលទស្សនៈនេះ “នគរធំ“ យល់ស៊ីជម្រៅ គឺផ្តោតទៅលើអ្នកនយោបាយចេញបង្កើតបក្សថ្មីហ្នឹងឯង បើកាលណាដើរចេញអស់ ធ្វើឱ្យពួក ប្រឆាំងដែលនៅសល់ “ទុកចិត្តគ្នា”។ ឧបមាថា បក្សភ្លើងទៀន បក្សសិទ្ធិមនុស្ស ដែលលោកសម រង្ស៊ី និងលោកកឹម សុខា ជាស្ថាបនិក និងរក្សាទុកនោះ អាចចូលរួមបោះឆ្នោត ជ្រើសមេឃុំ ចៅសង្កាត់ បាននៅឆ្នាំ២០២២ ហើយបើសិនជា “សុទ្ធល្អ ណាស់” ដូចសំណេរលោក រស់ សារ៉ុម មែននោះ ជួនកាលអាចដណ្តើមបានកៅអីថ្នាក់មូលដ្ឋានទៅចែកគ្នាអង្គុយបានរាប់ពាន់។ បើបក្សទាំងពីរនោះ មានលទ្ធភាពបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ជួនកាលបើពូជសុទ្ធល្អមែននោះ អាចដណ្តើមបាន កៅអីម្នាក់ពី ២០ទៅ៣០នោះ ធ្វើឱ្យ CPP ពិបាកទប់។ ត្រូវកុំភ្លេចថា “រូបមន្ត ៥០៎១” ដែលលោកសម រង្ស៊ី ជាអ្នកផ្តួចផ្តើម នោះ គឺគាត់ទុកសម្រាប់ “បូកបញ្ចូលគ្នា” នេះឯង ពោលគឺឧបមាថា បក្សភ្លើងទៀន និងបក្សសិទ្ធិមនុស្ស បូកបញ្ចូលគ្នាឈ្នះ CPP បន្តិចបន្តួច គេអាចយករូបមន្ត ៥០៎១ មកប្រើធូរខ្សុយ។
ទោះយ៉ាងណា ស្ថានការណ៍នយោបាយសម្រាប់អនាគត “នគរធំ” មើលឃើញថា បក្សកាន់អំណាច (CPP) នៅតែឈ្នះ ការបោះឆ្នោតរហូត ប៉ុន្តែមិនអាចយក ១២៥អាសនៈ បានទៀតទេ។ ដូច្នេះបើពួកប្រឆាំងសុទ្ធល្អ ដូចស្រូវពូជដែលរោយ រួចហើយនោះ ហើយបើសិនជាលោកសម រង្ស៊ី នៅពីក្រោយបក្សភ្លើងទៀន ខណៈដែលលោកកឹម សុខា នៅពីក្រោយ បក្ស សិទ្ធិមនុស្ស CPP មើលស្រាលអត់បានទេ ពោលគឺបើបក្សទាំងពីរនោះ បូកបញ្ចូលគ្នាបានត្រឹមតែ ៦៣កៅអី គេអាចយក រូបមន្ត ៥០៎១ មកប្រើភ្លាម។
សួរថា អ្នកនយោបាយខ្មែរ ឬថ្នាក់កំពូលសុទ្ធតែមានវ័យជរាអស់ហើយ ហេតុអ្វីបានជាខិតខំរឿងអំណាចខ្លាំងម៉្លេះ? “នគរធំ” អាចឆ្លើយបានថា ទោះជាលោកសម រង្ស៊ី អាយុជាង ៧០ឆ្នាំ ក៏គាត់មាន “ទាយាទនយោបាយ” គឺកូនច្បងឈ្មោះ សម សារ៉ុម អាចបន្តវេនពីឪពុក។ រីឯលោកកឹម សុខា អាយុក្បែរ ៧០ឆ្នាំ ក៏មានកូនស្រីច្បងកញ្ញា កឹម មនោវិទ្យា និងក្លាយ ជាទាយាទរបស់គាត់។ លោកហ៊ុន ម៉ាណែត នឹងក្លាយជាបក្ខជននាយករដ្ឋមន្ត្រី ស្នងតំណែងឪពុក ដែលមានវ័យជាង ៧០ឆ្នាំ អ៊ីចឹងយើងមិនបាច់សង្ស័យទេថា ទោះជាអ្នកនយោបាយកំពូលដល់នូវជរាភាព ក៏ពួកលោកត្រូវតែប្រឹងប្រែង ស្វែងរកមរតក នយោបាយទុកចែកកូន។
អ្វីដែលសំខាន់នៅត្រង់ “CPP ជាពូជស្រូវសុទ្ធល្អ” ទោះជាមានមន្ត្រីខ្លះបែកឆ្វេង ក៏មិនហ៊ានធ្វើសកម្មភាព អ្វីតតាំងនឹង “វិន័យដែកថែប” រីឯអតីត CNRP “ជាពូជមិនសុទ្ធ” ដូចករណីលោកសម រង្ស៊ី ធ្លាប់ចោទប្រកាន់លោកម៉ៅ មុនីវណ្ណ ឯលោក កឹម សុខា ធ្លាប់ដកសមាជិកភាពបក្សចេញពីលោកស្រី ឡាក់ សុភាព ខណៈដែលពួកប្រឆាំងខ្លះទៀត អត់ទុកចិត្តលោក គង់ គាំ នោះ “ឥឡូវចាកចេញអស់ហើយ” ដូចមីងកើបស្រូវពូជ ទៅរោយ កម្ចាត់ធូលី អង្កាម។ សរុបទៅ “រោយស្រូវពូជ” គ្រាន់តែជាបទបរិយាតាមទស្សនៈពួកប្រឆាំងដែលថា “បក្សប្រឆាំងម្តងនេះ សុទ្ធល្អណាស់”។ បើបក្សកាន់អំណាច ធ្វេសប្រហែស ក្នុងការកែទម្រង់ ដោយរក្សាទុកមន្ត្រីខិលខូច ពុករលួយ ឬមិនរវៀសរវៃទៅធ្វើផ្លូវលំនៅ ជនបទ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយផ្តល់អាទិភាពតែផ្លូវនៅទីក្រុង ឬផ្លូវល្បឿនលឿន សម្រាប់អ្នកមាននោះ ហើយ បើសិនជាបក្សភ្លើងទៀន និងបក្សសិទ្ធិមនុស្ស ព្រួតគ្នាដណ្តើមបានកៅអីតំណាងរាស្ត្រ ៦៣ គេអាចយករូបមន្ត ៥០៎១ មក ប្រើយ៉ាងមានប្រសិទ្ធភាព…”៕