ដោយ អាចារ្យថាំ
កាលពីពេលថ្មីៗនេះ សមត្ថកិច្ចប៉ែកខាងលិចប្រទេស ស្ទាក់ចាប់បានសាច់ ក្របី ដែលនាំចូលពីប្រទេសថៃ រាប់ពាន់គីឡូ យកទៅដុតកម្ទេចចោល ដោយ អះអាងថា មានកូវីដ-១៩ នៅក្នុងសាច់នោះ។
ព័ត៌មានកូវីដ នៅក្នុងសាច់ស្រស់នាំចូល ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច លែង សូវហ៊ានទិញសាច់ ពិសេសងៀតក្របី មកហូបដូចមុន សូម្បីតែសាច់គោប្រឡាក់ ឈាមស្រស់ៗ ក៏រួញរាដែរ។
ផ្ទុយទៅវិញ ធ្លាយព័ត៌មានថា មានឡានដឹកឈើ នាំចេញពីតំបន់ព្រៃ ឱ្យរពុយ អត់មានសមត្ថកិច្ចណាទៅស្ទាក់ចាប់ដុតចោលដូចដុតសាច់ក្របីនោះទេ ព្រោះ តែ “ឈើអត់កូវីដ”។ បទបញ្ជារាជរដ្ឋាភិបាល តម្រូវឱ្យបិទខ្ទប់ខេត្តខ្លះនៅជាប់ ព្រំដែន រយៈពេល ១៤ថ្ងៃ ដោយមានសមត្ថកិច្ចចម្រុះដាក់របាំងការពារគ្រប់ផ្លូវ សំខាន់ៗ ប៉ុន្តែពុំដឹងហេតុអ្វីបានជាឡានដឹកឈើ ចេញរួច?
តាមព័ត៌មានថា ស្របពេលមានបទបញ្ជាបិទខ្ទប់ខេត្តខ្លះនោះ គេបានឃើញ រថយន្តដឹកឈើចេញពីខេត្តព្រះវិហារ ឆ្លងមកខេត្តកំពង់ធំ ហើយមិនដឹងឆ្លងទៅ ខេត្តណាទៀតទេ ដោយសារ “ឈើអត់កូវីដ” មិនចាំបាច់ “រុកច្រមុះ” នាំឱ្យយូរ-ការណ៍។ បើឈើអត់កូវីដ អ្នកបើកបរ ក៏អត់កូវីដ ដែរ រីឯឈ្មួញដុះស្លែ ក៏អវិជ្ជមាន ទាំងអស់ មិនពិបាកដល់ពេទ្យយកឡានសង្គ្រោះ ទៅដឹកមកព្យាបាល។
ជាវប្បធម៌ទៅហើយ អត់អ្វីប្លែកទេ ព្រោះមន្ត្រីខិលខូច ពុករលួយ គេបន់ ឱ្យតែរដ្ឋាភិបាល ដាក់អនុក្រឹត្យអ្វីចេញមក ក៏យកប្រការក្នុងអនុក្រឹត្យ ឬបទ-បញ្ជានោះ ទៅអនុវត្តាមរបៀប “គោះឈ្មួញឱ្យធ្លាក់លុយ”។ បើឈានដល់រដូវ បិទនេសាទ គេយកការបង្ក្រាបបទល្មើសនេសាទ ទៅរកស៊ីកាក់កបណាស់ តាម របៀបបិទភ្នែក មើលមិនឃើញឈ្មួញទុច្ចរិតប្រើឧបករណ៍នេសាទខុសច្បាប់។ បើបិទចរាចរណ៍ពេលយប់ អាចមានសមត្ថកិច្ចខិលខូចខ្លះ យកលុយពីអ្នកដំណើរ រួចបើកផ្លូវឱ្យទៅ ក្រោមលេសផ្សេងៗ។ បើបិទការនាំចូលទំនិញពីប្រទេសក្រៅ ប្រជាពលរដ្ឋចាំតែមើលទៅ មិនខ្វះទេមុខទំនិញ នាំពីក្រៅដាក់លក់នៅទីផ្សារ។
ដូចគ្នានេះដែរ បើមានការបិទខ្ទប់ខេត្ត ដើម្បីបង្ការឆ្លងរោគមហាប្រល័យ កូវីដ-១៩ គេអាចយកករណីនេះ ទៅរកស៊ីយ៉ាងកាក់កប និងចំណេញជាងពេល មិនបិទខ្ទប់។ ករណិចាប់សាច់ក្របី ផ្ទុកកូវីដ អាចថាមកពីឈ្មួញដឹកសាច់នោះ “អត់ស្គាល់ផ្លូវ” ឬមិនចេះ “អារសាច់ជូនខ្លាខ្លះ” ទើបបានជាគេចាប់។ ផ្ទុយពី ឈើអត់កូវីដ ងាយស្រួលបំផុតក្នុងការដឹកឆ្លងកាត់របាំងសមត្ថកិច្ច ម៉្យាងទៀត ទិសដៅនៃការបិទខ្ទប់ខេត្ត ដើម្បីទប់ស្កាត់ការរាលដាលកូវីដ-១៩ បំប្លែងថ្មី Delta តម្រូវឱ្យប្រុងប្រយ័ត្នមនុស្សម្នា អ្នកដំណើរឆ្លងកាត់។ មាន់ ទា ជ្រូក ឬ សាច់ក្លាស្សេ ក៏ព័ត៌មានថា បង្កប់មេរោគក្នុងនោះ។
ឆ្លៀតឱកាសចន្លោះប្រហោងនេះ “ឈើអត់កូវីដ” គេអាចដឹកចេញពីតំបន់ ព្រៃ ឆ្លងកាត់របាំងសមត្ថកិច្ច រហូតដល់ស្រុកយួន ក៏បានដែរ ឱ្យតែមានលុយហុច ខ្លះៗតាមផ្លូវ។
ទោះយ៉ាងណា ជាសំណូមពរ “នគរធំ” សូមស្នើសមត្ថកិច្ចដែលរាំងខ្ទប់តាម ដងផ្លូវនានា កុំធ្វេសឱ្យសោះ ព្រោះថា ទោះជា “ឈើអត់កូវីដ” ក៏តៃកុងឡាន ព្រូឡាន ទុកចិត្តឯណាបាន? ត្រូវតែឃាត់គាត់ ឱ្យពេទ្យរុកច្រមុស៊ិះន។ ទោះជាឈើ នេះ ស្របច្បាប់ក៏ដោយចុះ មិនគួរអនុញ្ញាតឱ្យឆ្លងកាត់ងាយៗយ៉ាងនេះទេ ទោះបី ប្រជាពលរដ្ឋមិនហ៊ានថា ក៏លាក់មិនជិតដែរ។ បើជាឈើខុសច្បាប់ គួរតែចាប់ដុត ដូចសាច់ក្របី ទើបមានយុត្តិធម៌ កុំឱ្យឈ្មួញបន្ទោសថា សាច់របស់គាត់ ដុតចោល ខាតឡុងចុង ឯឈើរួចខ្លួន…”៕