ដោយ អាចារ្យថាំ
កាលពីឆ្នាំ២០១៣ “នគរធំ” ធ្លាប់លើកឡើងថា ករណីលោកសម រង្ស៊ី និងលោកកឹម សុខា ណាត់ជួបគ្នានៅប្រទេស ហ៊្វីលីពីន ដើម្បីរួមគ្នាបង្កើត “គណបក្សសង្គ្រោះជាតិ (CNRP)” ប៉ុន្តែមេប្រឆាំងទាំងពីរនេះ បានឯកភាពគ្នារក្សាទុកគណបក្ស ភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស ដោយយកមនុស្សជំនិត ឱ្យនៅគ្រប់គ្រង គឺដើម្បី “បង្ការទុកនៅពេល CNRP ខាត់ខ្ចាយ ដូចហ៊្វុនស៊ិនប៉ិច” ឥឡូវការលើកឡើងនោះ អត់ខុសទេ ក្រោយពេល CNRP រលាយ ស្រាប់តែពួកប្រឆាំង ត្រៀមយកបក្ស បម្រុងទាំងពីរនោះ ចូលរួមប្រកួតការបោះឆ្នោត ដែលមិនខុសពី “ទន្លេកោះដាច់” បែកជា២ តែបានទៅប្រសព្វមុខគ្នានៅឆ្នេរ ខ្សាច់ ដែល “នគរធំ” សូមគាស់កកាយរឿងចាស់ មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ….។
បើអ្នកទេសចរជិះកាណូត កប៉ាល់ ឬទូកចែវ ចេញពីភ្នំពេញ ឡើងតាមដងទន្លេមេគង្គលើ លុះទៅដល់កោះឧកញ៉ាតី ក៏ជួបផ្ទៃទន្លេបែកចម្ពាម២។ ទន្លេស្តាំ និងទន្លេឆ្វេងនេះ ហូរស្របគ្នាទៅជើងជាច្រើនគីឡូម៉ែត្រ រួចបានទៅប្រសព្វមុខគ្នា នៅរមណីយដ្ឋាន “កោះដាច់ ឆ្នេរខ្សាច់ត្រជាក់ចិត្ត” ជាតំបន់ងូតទឹកកម្សាន្ត សប្បាយ សម្រាប់កម្ចាត់ភាពទុក្ខព្រួយ ស្អុះស្អាប់ អ្នកទីក្រុង។
យ៉ាងណាមិញ “គណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស” មិនខុសពីទន្លេកោះដាច់ បែកជា ២នោះទេ ទោះជា អ្នកជិះទូក តាមទន្លេស្តាំ ក៏ទៅដល់ចំណុចប្រសព្វ ហើយទោះជាបើកកាណូតតាមទន្លេឆ្វេង ក៏អាចទៅដល់ឆ្នេរខ្សាច់ត្រជាក់ចិត្ត បានដែរ។ គណបក្សភ្លើងទៀន (អតីតគណបក្សសម រង្ស៊ី) បង្កើតឡើងដោយលោកសម រង្ស៊ី រីឯគណបក្សសិទ្ធិមនុស្ស បង្កើតដោយលោក កឹម សុខា លុះអ្នកនយោបាយប្រឆាំងឯកភាពច្របាច់បញ្ចូលគ្នា ជា “គណបក្សសង្គ្រោះជាតិ” គេអត់ រំលាយបក្សស្តាំឆ្វេងនេះទេ បានទាំងរើសមនុស្សទុកចិត្តឱ្យនៅ “ចាំសម្បុក” ដើម្បីត្រៀមជួសជុល “ទូកសង្គ្រោះជាតិ” ដែល ត្រូវខ្យល់ព្យុះ CPP វាយពន្លិច។
កាលលោកសម រង្ស៊ី និងលោកកឹម សុខា ដឹកនាំសហការីទៅជួបគ្នានៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ក្នុងអាណត្តិ លោកប្រធានាធិបតីបេនិកណូ អាគីណូ “នគរធំ” ធ្លាប់លើកឡើងថា បានជាពួកប្រឆាំង រក្សាទុកបក្សភ្លើងទៀន និងបក្សសិទ្ធិ មនុស្ស ព្រោះគេមើលឃើញអនាគតវែងឆ្ងាយ គឺបើសិនជា CNRP ត្រូវរលំរលាយដោយសារឥទ្ធិពលបក្សកាន់អំណាច (CPP) គេអាចយក “សំប៉ានទាំងពីរ” នោះ មកស្រង់អ្នកលិចទូក CNRP។
ឥឡូវមែន! ថាអត់ខុស បន្ទាប់ពីសង្គ្រោះជាតិ ត្រូវរលំរលាយមក ជាពិសេស ក្រោយពេលអតីតមន្ត្រី CNRP មួយចំនួន ក្នុងចំណោម ១១៨នាក់ បានដាក់ពាក្យសុំចូលទ្វារនយោបាយ ជាង ២០នាក់ និងបានបង្កើតបក្សថ្មី រាប់ភ្លេចនោះ ធ្លាយព័ត៌មាន ថា បក្សបម្រុងទាំងពីរនេះ កំពុងត្រៀមខ្លួនចូលរួមប្រកួតការបោះឆ្នោត។
ក្នុងស្ថានភាពបែបនេះ បើពិនិត្យលើទិដ្ឋភាពនយោបាយ លោកសម រង្ស៊ី មានឈ្មោហថា “ទណ្ឌិត” រីឯលោកកឹម សុខា មានឈ្មោះថា “ពិរុទ្ធជន” ឬជនជាប់ចោទ ជាប់ក្នុងនីតិវិធីតុលាការ គ្មានសិទ្ធិលោតចូលសង្វៀននយោបាយបានឡើយ ប៉ុន្តែ មនុស្សជំនិតរបស់មេប្រឆាំងទាំងពីរនោះ នឹងក្លាយទៅជា “សំប៉ាន យោងសំពៅ” យ៉ាងងាយស្រួល។ លោកទាវ វណ្ណុល ជាប្រធានបក្សភ្លើងទៀន នោះ អត់មានឈ្មោះក្នុងបញ្ជីដកសិទ្ធិធ្វើនយោបាយនោះទេ ដូច្នេះគាត់អាចប្រកូកប្រកាសកៀងគរ ពួកប្រឆាំងឱ្យចូលរួមជាមួយគាត់ ដោយមិនខុសច្បាប់ ព្រោះបក្សភ្លើងទៀន មានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ ចំណែកលោក សឺន ស៊ូប៊ែរ្តិ៍ ខាងបក្សសិទ្ធិមនុស្ស ក៏គ្មានអ្នកណាដកសិទ្ធិធ្វើនយោបាយពីគាត់នោះដែរ ពិសេសជាងនេះទៀត គាត់ជាកូន សំណព្វចិត្តរបស់សម្តេចបវរសេដ្ឋា សឺន សាន មន្ត្រីជំនិតរបស់សម្តេចឪ ព្រះបរមរតនកោដ្ឋ មិនខ្វះទេអ្នកគាំទ្រគាត់។
អ៊ីចឹង “ទន្លេកោះដាច់” ដែលបែរជាពីរនោះ នឹងប្រសព្វមុខគ្នានៅ “កោះដាច់ឆ្នេរខ្សាច់ត្រជាក់ចិត្ត” រងខ្យល់ជំនោរបក់ ត្រសៀកៗ ក្នុងពេលឆាប់ៗនេះមិនខានឡើយ។ បក្សកាន់អំណាច ក៏ពិបាកក្នុងការបន្ទច់បង្អាក់បក្សទាំងពីរនេះ មិនឱ្យចូល ប្រកួតការបោះឆ្នោតដែរ ដោយហេតុថា លោកទាវ វណ្ណុល ក៏ដូចលោកសឺន សូប៊ែរ្តិ៍ មិនមែនជាទណ្ឌិត និងមិនជាប់បម្រាម នយោបាយ។
ដោយឡែក អតីតតំណាងរាស្ត្រ CNRP មួយចំនួន ដែលនាំគ្នាទៅបង្កើតបក្សថ្មីនេះ ដូចនាំគ្នា “ធ្វើបន្សុទ្ធកម្ម” ជូនមេ-ប្រឆាំង សម រង្ស៊ី និងកឹម សុខា។ បន្សុទ្ធកម្មយ៉ាងម៉េច? យើងមិនបាច់ឆ្ងល់ទេថា កន្លងមក ផ្ទៃក្នុង CNRP អត់ទុកចិត្តគ្នាទេ សូម្បីតែប្រជុំបិទទ្វារជិត ក៏បែកការទៅក្រៅដឹងដល់ CPP ជាហេតុនាំឱ្យលោកសម រង្ស៊ី មិនទុកចិត្តកូនចៅខ្លះ និងធ្លាប់ចោទ ប្រកាន់លោកម៉ៅ មុនីវណ្ណ ថាជាផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា CPP ។ ចំណែកសកម្មជនស្មោះត្រង់លោកកឹម សុខា ក៏ធ្លាប់ និយាយថា ពួកគាត់ អត់ទុកចិត្តលោកមុត ចន្ថា លោកយ៉ែម បុញ្ញប្ញទ្ធិ ខណៈដែលមនុស្សស្និទ្ធលោកសម រង្ស៊ី អត់ទុកចិត្ត លោកគង់ គាំ។ ឥឡូវ អ្នកនយោបាយដែលគេមិនទុកចិត្តនោះ ដើរចេញចង់អស់ហើយ ដូចរួមគ្នាធ្វើបន្សុទ្ធកម្មឱ្យបក្សភ្លើងទៀន និងបក្សសិទ្ធិមនុស្ស អស់ក្តីកង្វល់។
សូមរំព្ញកថា ពួកប្រជាធិបតេយ្យ កាលពីសម័យសង្គមរាស្ត្រនិយម ក៏ធ្លាប់ចែកផ្លូវគ្នាដើររញេរញ៉ៃ ពិបាកគ្រប់គ្រង យ៉ាងនេះដែរ ដែលកាលនោះ អ្នករាជានិយម ហៅពួកប្រជាធិបតេយ្យ ជាភាសាបារាំងថា ឡេដេម៉ូ (Les demo) ដែលមាន មេដឹកនាំសំខាន់ៗបន្តវេនពីទ្រង់យុត្តិវង្ស មានលោកលន់ នល់, ទ្រង់ នរិន្ទដេត, លោកសឺន សាន លោកយ៉ែម សំបូរ លោក អ៊ិន តាំ ជាដើម។ មន្ត្រីទាំងប៉ុន្មានរូបនេះ បើកបក្សដោយឡែក ប៉ុន្តែចុងក្រោយភាគច្រើនដើរតាមលោកលន់ នល់ ទៅរួម គ្នាបង្កើត “របបសាធារណរដ្ឋខ្មែរ”។
ដូច្នេះករណីពួកប្រឆាំង នៃអតីត CNRP រញ៉េរញ៉ៃដូចសព្វថ្ងៃ បើ CPP ខ្វះការប្រុងប្រយ័ត្ន អត់ស្រួលទេ។ ដូចឃើញ ស្រាប់ ទោះជា CNRP រលាយក៏មនុស្សមិនរលាយ អាចនឹងទៅចូលរួមជាមួយបក្សបម្រុងដែលគេរក្សាទុកនោះ ដោយមិន ចាំបាច់ឃោសនា ព្រោះគេដឹងថា មេប្រឆាំង សម រង្ស៊ី និងកឹម សុខា នៅពីក្រោយ។ អ្នកចូលរួមជាមួយបក្សបម្រុងនោះ ក៏មិនល្ងង់អីទៅយកឈ្មោះលោកសម រង្ស៊ី និងកឹម សុខា មកប្រើនោះដែរ ដោយហេតុថា លោកសម រង្ស៊ី មានឈ្មោះជា ទណ្ឌិត ចំណែកលោកកឹម សុខា មានឈ្មោះជាជនជាប់ចោទ បើមនុស្សណាទៅពាក់ព័ន្ធ អាចនឹងវ័ណ្ឌក ដោយសារសម្ពាធ ច្បាប់ និងកំហុស “សន្ទិដ្ឋភាពជាមួយបរទេស”។
ករណីនេះ សូម្បីតែលោកលិម គិមយ៉ា ក៏បានប្រាប់ “នគរធំ” ថា “ហេតុដូច្នេះខ្ញុំជឿថា អ្នកនយោបាយ កុំប្រកាសយក សម រង្ស៊ី មកគាំទ្រឱ្យសោះ ពីព្រោះនេះជាផលវិបាកទៅវិញទេ… ខ្ញុំសុខចិត្តនៅស្ងៀមជាមួយលោកសម រង្ស៊ី ជាជាងទាមទារ ឱ្យគាត់គាំទ្រ” បានន័យថា លោកលិម គិមយ៉ា ក៏ត្រៀមខ្លួនចូលរួមជាមួយបក្សបម្រុងនោះដែរ ប៉ុន្តែគាត់ឆ្លាត តែងតែវាយ ប្រហារលោកសម រង្ស៊ី ជានិច្ច ដើម្បី “លាងខ្លួនកុំឱ្យពាក់ព័ន្ធនឹងទណ្ឌិត”។
អ្នកនយោបាយ ទាល់តែឆ្លាត ទើបស្ទុះរួច ត្រូវចេះមើលជើងខ្យល់ ដូចលោកលិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល ជាដើម ពួកគាត់ពន្លះមេប្រឆាំង សម រង្ស៊ី បណ្តាក់គ្នាដូចខ្យង ប៉ុន្តែពួកគាត់មិនខ្ចីដាក់ពាក្យសុំចូលទ្វារនយោបាយ និង មិនជ្រួលជ្រើមបង្កើតបក្សថ្មី ដូចគេ។
ក្នុងស្ថានភាពបែបនេះ លោកសម រង្ស៊ី ក៏មិនហ៊ានចេញមុខកាងគណបក្សភ្លើងទៀន ចំណែកលោកកឹម សុខា ក៏មិន អាចនៅពីក្រោយបក្សសិទ្ធិមនុស្ស បានដែរ តែត្រូវសំងំមើលជើងព្រួល។ CPP ពិបាកអូសទាញលោកកឹម សុខា ដោយហេតុ ថា កូនស្រីគាត់២នាក់ អាមេរិកចិញ្ចឹម បើគាត់ដើរតាម CPP អាចគ្រោះថ្នាក់ដល់កូនស្រី។ លោកសម រង្ស៊ី មិនដើរតាម CPP ព្រោះគាត់ចង់ធ្វើនាយករដ្ឋមន្ត្រីដែរ មិនមែនគាត់ប្រាថ្នាត្រឹមតំណែងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដូចអាណត្តិទី១ នោះទេ។ ដូច្នេះក្តីសង្ឃឹមមេប្រឆាំងទាំងពីររូប គឺចាំមើលកូនចៅភ្លើងទៀន និងសិទ្ធិមនុស្ស កំពុងសសៀររកគ្នា ដូចទន្លេ កោះដាច់ ទៅប្រសព្វមុខនៅឆ្នេរខ្សាច់ត្រជាក់ចិត្ត។ សរុបទៅ “ទន្លេកោះដាច់” មានលក្ខណៈជាឧបមានវិធី ឱ្យងាយយល់តែប៉ុណ្ណោះ។ រឿងមេប្រឆាំងទាំងពីរ រួមគ្នាបង្កើត បក្សសង្គ្រោះជាតិ តែបានរក្សាទុកបក្សបម្រុង រៀងៗខ្លួននោះ ដូចអ្វីដែល “នគរធំ” បានបរិយាយតាំងពីមុនការបោះឆ្នោត តំណាងរាស្ត្រអាណត្តិទី៥ ថាគេទុកបម្រុងនៅពេល “សំពៅ CNRP” ធ្លុះធ្លាយដោយកម្លាំងខ្យល់ CPP។ កាលបើសំពៅ CNRP ធ្លាយ គេយកសំប៉ានទាំងពីរនោះមកប្រើ ក៏អាចទៅដល់ត្រើយនាយបាន ដែលជាបរិបទសម្រាប់បក្សកាន់អំណាច ជភភ ប្រុងប្រយ័ត្ន បើធ្វើការកែទម្រង់មិនដល់កម្រិតអាចជួបបញ្ហាដោយសារ “ទន្លេកោះដាច់ បែកជាពីរនោះ…៕