Tuesday, December 24, 2024
Homeបរិយាយដប់ទាល់ ម្ភៃទាល់

ដប់ទាល់ ម្ភៃទាល់

ដោយ អាចារ្យថាំ

សម្តេចព្រះសង្ឃរាជ ជួន ណាត បានទុកព្រះមរតកសាសន៍ថា “ដប់ទាល់ ម្ភៃ ទាល់ កុំទាល់គំនិត ដប់គិត ម្ភៃគិត កុំគិតការណ៍ឆ្វេង…” មានខ្លឹមសារអប់រំល្អណាស់ សម្រាប់អ្នកនយោបាយ ឬអ្នកដឹកនាំប្រទេសយកទៅអនុវត្ត។

គ្រាន់តែឃើញចំណាត់ការរបស់អាជ្ញាធររាជធានីភ្នំពេញ បើកយុទ្ធនាការ ដេញពួកអនាធិបតេយ្យ ដែលតាំងលំនៅលើផ្ទៃទឹកទន្លេ ភាគច្រើនជាជនជាតិ វៀតណាម ធ្វើឱ្យប្រជាពលរដ្ឋស្ទើរតែ១ប្រទេស គាំទ្រយ៉ាងពេញទំហឹង ប៉ុន្តែ “នគរធំ” ដឹងយ៉ាងច្បាស់ថា “មិត្តភាពម៉ឺនឆ្នាំ” រវាងកម្ពុជា-វៀតណាម នឹងឈាន ដល់ដំណាក់កាល “ដប់ទាល់ ម្ភៃទាល់” ដូចព្រះបណ្តាំសម្តេចព្រះសង្ឃរាជ ជួន ណាត។

ឥឡូវមែន! រឿងទាល់ ស្តែងចេញបណ្តើរៗហើយ ដូចករណីជនជាតិវៀតណាម រត់ពីភ្នំពេញ ក៏ទៅទើរនៅច្រកព្រំដែនអន្តរជាតិ កោះរកា ភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង។ អ្នកចេញពីភ្នំពេញ បានទៅប្រមូលផ្តុំគ្នានៅទីនោះ សរុបប្រហែល ៦០បែចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹក និងមានទូកយន្ត ទូកក្តារ ប្រហែល ៤០ទៀត មូលគ្នាទៅណាក៏មិនរួច ដោយសារខាងខ្មែរ មិនឱ្យឡើងច្រាំង ចំណែកខាងវៀតណាម បានយកសាឡង់ទៅបាំងផ្ទៃទន្លេ មិនឱ្យជនជាតិគេ ចូល ទៅស្រុកកំណើតបាន។

ថ្មីៗនេះ លេចធ្លាយព័ត៌មានថា ខាងអាជ្ញាធរវៀតណាម បានស្នើអាជ្ញាធរ ខ្មែរ អូសសណ្តោងទូក និងបែចិញ្ចឹមត្រីទាំងនោះ “ចូលមកខាងទឹកដីខ្មែរ” ឱ្យបាន ចម្ងាយ ៣០០ម៉ែត្រ ដើម្បីងាយស្រួលក្នុងការដោះដូរទំនិញគ្នា នៅច្រកព្រំដែន ទន្លេ រវាងប្រទេសទាំងពីរ។ ករណីមន្ត្រីវៀតណាម ស្នើនេះ ខាងខ្មែរ ដែលបញ្ចោញ កណ្តាប់ដៃដែក ដេញយួន ឱ្យចេញពីភ្នំពេញ បានជោគជ័យទៅហើយនោះ ក៏ ឈានដល់ដំណាក់កាល “ដប់ទាល់ ម្ភៃទាល់” ពោលគឺមន្ត្រីខ្មែរ ១០-២០នាក់ នោះ ជាថ្នាក់ដឹកនាំភូមិ-ឃុំ ស្រុក ខេត្ត “ទាល់គំនិត” មិនដឹងជាត្រូវដោះស្រាយ យ៉ាងណា បានត្រឹមស្នើសុំយោបល់ថ្នាក់លើ។

បើពួកលោកសុខចិត្តអូសផ្ទះបណ្តែតទឹកឡើងមកវិញ អាចត្រូវជន្លួញមាត់ ប្រជាពលរដ្ឋខ្មែរ ដែលកំពុងបាំងដៃមើល និងមិនចង់ឱ្យពួកអនាធិបតេយ្យ មក តាំងលំនៅលើដងទន្លេ។ បើពួកលោកមិនធ្វើតាមសំណើបងធំ អាចប៉ះពាល់ដល់ មិត្តភាពម៉ឺនឆ្នាំ។

បើអ៊ីចឹងនោះ យ៉ាប់ហើយខ្មែរអើយ! ដប់ទាល់ ម្ភៃទាល់ អាចនឹងឈាន ដល់ “សាមសិបទាល់ សែសិបទាល់“ ទៀត ចាំមើលចុះ។ ពួកអនាធិបតេយ្យខ្លះ ចេញពីភ្នំពេញ ទៅប្រមូលគ្នានៅព្រែកព្នៅ ធ្វើឱ្យអាជ្ញាធរទីនោះ “ទាល់គំនិត” ក៏អនុញ្ញាតឱ្យនៅ ៦ខែសិន។ នៅ ៦ខែ បើគេបន្តអង្វរសុំថែម ៦ខែទៀត ក៏មិន ដឹងធ្វើម៉េចដែរ ព្រោះតែរឿងទាល់។

ធម្មតាមនុស្សមានចំណង់ ២យ៉ាង គឺ “មួយព្រួយចង់រស់ មួយព្រួយចង់ល្អ” ដូចបណ្តាំក្រមង៉ុយ ដូច្នេះជនជាតិយួន ដែលរស់នៅលើផ្ទះបណ្តែតទឹកនោះ ក៏ ចង់រស់ ចង់ល្អដូចគេឯងដែរ។ ពួកគេមិនចង់ចាកចេញពីទឹកដីខ្មែរ ដែលធ្លាប់ផ្តល់ សេចក្តីសុខ បានរស់ បានល្អ ឱ្យគេនោះទេ បើខ្មែរប្រើធម៌ក្តៅ អាចនាំមកនូវបញ្ហា ជាមួយរដ្ឋាភិបាលវៀតណាម។

ដូច្នេះចៀសមិនផុតពី “ដប់ទាល់ ម្ភៃទាល់” ងាកទៅណាក៏ទាល់ដែរ ទាំង ខាងច្រកកោះរកា ទាំងខាងព្រែកព្នៅ។ ទាល់ម្តងនេះ ពិបាកដោះស្រាយណាស់ មិនមែនងាយដូចរបប លន់ នល់ ចាប់ពួកយួន ដាក់កប៉ាល់ទាំងបង្ខំ ដឹកបញ្ជូនទៅ ស្រុក ឬដូចខ្មែរក្រហម បាញ់អា ព៤០ ដាក់ផ្ទះជនជាតិសហគមន៍យួន នៅចុង-ឃ្នៀស ខេត្តសៀមរាប ឯណា? អាចថាមកពីលន់ នល់ និងប៉ុល ពត “មិនចេះ ទាល់” ក៏អាចធ្វើកើត។ ប៉ុន្តែជាមួយមិត្តភាពស្អិតល្មួតរវាងប្រទេសទាំងពីរ ដូច សព្វថ្ងៃនេះ ចៀសមិនផុតពីរឿងទាល់។

“នគរធំ” ចាំតែមើលដែរ បើសិនជាអាជ្ញាធរខេត្តព្រៃវែង យល់ព្រមអូស ផ្ទះបណ្តែតទឹកយួន ឡើងមកផ្នែកខាងលើទន្លេ និងអាជ្ញាធរព្រែកព្នៅ ចេះតែ បន្តឱ្យនៅ ៦ខែ ថែម ៦ខែ និងថែមៗ ពិតណាស់ថា “ដប់ទាល់ ម្ភៃទាល់” ហ្នឹង ហើយ…”៕

RELATED ARTICLES