Monday, December 23, 2024
Homeបរិយាយម្នៅៗយកជ័រព្នៅត្បៀតក្លៀក

ម្នៅៗយកជ័រព្នៅត្បៀតក្លៀក

ដោយ អាចារ្យថាំ

សុភាសិតថា “ម្នៅៗយកជ័រព្នៅត្បៀតក្លៀក” ឬ “មិននៅៗ ជាប់ជ័រព្នៅ បេះមិនចេញ” មានខ្លឹមសារទប់ស្កាត់មនុស្ស គ្រប់រូប កុំយកខ្លួនទៅប្រឡាក់ប្រឡូសនឹងករណីអ្វីមួយពាក់ព័ន្ធដល់ច្បាប់។ សព្វថ្ងៃ អ្នកនយោបាយប្រឆាំង សុទ្ធតែឆ្លាត មិន ហ៊ានយកខ្លួនទៅជំពាក់ជំពិននឹងមេប្រឆាំងដែលកំពុងជាប់សំណាញ់ច្បាប់នោះឡើយ ប៉ុន្តែក៏មិនប្រាកដថា គេបោះបង់និន្នាការ ប្រឆាំងនោះដែរ ដែល “នគរធំ” ក្តប្កា់បាន ក៏លើកសុភាសិតខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ….។

លោកមេធាវី ចាន់ ចេន ជាអ្នកការពារក្តីជូនលោកកឹម សុខា និងតែងការពារជនជាប់ចោទពីបទ “សន្ទិដ្ឋភាពជាមួយ បរទេស” នេះ មិនដកថយឡើយ។ បើមានបញ្ហាអ្វីអាចផ្តល់ផលវិបាកដល់កូនក្តីរបស់គាត់ លោកចាន់ ចេន តែងចេញមុខ ការពារភ្លាម ដូចសំណេររបស់លោក តាមបណ្តាញសង្គមថា “លោកកឹម សុខា មិនអនុញ្ញាតឱ្យយកឈ្មោះរបស់លោក ទៅ ចូលរួមនឹងរដ្ឋាភិបាលបង្រួបបង្រួមជាតិទេ” ដែលសំណេរនេះ មានន័យបង្ការទុកជាមុនកុំឱ្យ លោកកឹម សុខា ជាប់ជ័រព្នៅ ឬ “ម្នៅៗយកជ័រព្នៅត្បៀតក្លៀក”។

ព័ត៌មានច្បាស់ការថា សព្វថ្ងៃ លោកសម រង្ស៊ី មេប្រឆាំងធំជាងគេកំពុងរស់នៅឯប្រទេសបារាំង បានផ្តួចផ្តើមបង្កើត រដ្ឋាភិបាលបង្រួបបង្រួមជាតិ ដោយមានមហាអំណាចអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប នៅពីក្រោយ។ បើសិនជាដូចលោកឈុន យ៉ាសិទ្ធ ដែលធ្វើសកម្មភាពនយោបាយបង្កើតរដ្ឋាភិបាលស្រមោលនោះ ត្រូវតុលាការអាមេរិក កាត់ទោសដាក់ពន្ធនាគារ ផ្ទុយពីលោកសម រង្ស៊ី ពុំត្រឹមមិនកាត់ទោសនោះទេ តែគាត់អាចបានជំនួយពីអាមេរិក ថែមទៀត ដើម្បីជួយទ្រទ្រង់រដ្ឋា-ភិបាលស្រមោលនោះ។

ក្នុងកាលៈទេសៈនេះ លោកសម រង្ស៊ី ចាំបាច់ត្រូវតែជ្រើសរើសសហការីសំខាន់ៗ មានជំហរមិនឃ្លេងឃ្លោង មកតែង តាំងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ តាមក្រសួងស្រមោលនីមួយៗ។ អ្នកនយោបាយស្និទ្ធលោកសម រង្ស៊ី នៅ ក្រៅប្រទេស ដូចជាលោកអេង ឆៃអ៊ាង លោកស្រីមួរ សុខហួរ លោកហូរ វ៉ាន់ លោកគង់ សភា លោកសោ ចាន់ដេត ជាដើម ពិតជាបានកៅអីស្រមោលនោះមិនខានឡើយ។ ទន្ទឹមនោះ មានការសង្ស័យថា លោកកឹម សុខា អាចបានកៅអីឧបនាយក- រដ្ឋមន្ត្រី ឬកៅអីប្រធានរដ្ឋសភា។ ដូច្នេះមានន័យថា រដ្ឋាភិបាលស្រមោលនោះ គឺជា “ជ័រព្នៅយ៉ាងស្អិត បើវាជាប់រោមក្លៀក ច្បាស់ជាវេទនាមិនខាន”។ សព្វថ្ងៃ លោកកឹម សុខា កំពុងជាប់នីតិវិធីតុលាការ រើខ្លួនមិនរួច បើសិនជាលោកសម រង្ស៊ី តែងតាំងប្អូនបន្ទាប់នេះ នៅក្នុងតំណែងឧបនាយករដ្ឋមន្ត្រី ច្បាស់ណាស់ថា “ក្លៀកលោកកឹម សុខា ជាប់ជ័រព្នៅ ស្អិតបេះមិនចេញ”។

ប្រឈមបញ្ហានេះ លោកចាន់ ចេន ត្រូវតែចេញមុខការពារកូនក្តីគាត់ ឱ្យអស់ពីលទ្ធភាព ឬចាំផាត់ផ្លែព្នៅ កុំឱ្យបែក ចេញជ័រ ខ្ទាតទៅប៉ះលោកកឹម សុខា។ ករណីនេះ វាគ្មានអ្វីប្លែកនោះទេ ព្រោះអ្នកនយោបាយឆ្លាត តែងមានស្នៀតបង្ការទុក ជាស្រេច កុំឱ្យភាគីទើបនឹងចាប់ដៃគ្នា អាក់អន់ចិត្ត។ សូម្បីសម្តេចឪ ព្រះនរោត្តម សីហនុ ក៏ព្រះអង្គវាងវៃបំផុតក្នុងការទប់ ស្កាត់ជ័រព្នៅ “មិនឱ្យប៉ះព្រះកច្ឆៈ (ក្លៀក)”។

កាលព្រះអង្គទ្រង់យាងនិវត្តន៍ចូលមាតុភូមិ កាលពីឆ្នាំ១៩៩១ ដោយមានសម្តេចហ៊ុន សែន ទៅទទួលដង្ហែចេញពីទីក្រុង ប៉េកាំង លុះដល់ពេលថ្លែងព្រះរាជស័ង្កថា នៅប្រាសាទចន្ទឆាយា មុខព្រះបរមរាជវាំង និងមានឥស្សរជនខាងបក្សកាន់អំណាច ចាំតែស្តាប់នោះ សម្តេចឪ បានបញ្ចោញព្រះវោហារសាស្ត្រជាអាទិ៍ថា គេចោទព្រះអង្គសមគំនិតជាមួយខ្មែរក្រហម ប្រល័យ ពូជសាសន៍ ចុះហេតុអ្វីអាមេរិក, ចិន, ថៃ និងបណ្តាប្រទេសជាង ១០ទៀត យល់ព្រមចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិ-ភាព ទីក្រុងប៉ារីស? គេចោទព្រះអង្គថា បានដឹកនាំចលនាត្រីភាគី ដែលមានភាគីខ្មែរក្រហម បាតដៃលោហិត ចុះហេតុអ្វីអ្នក ចោទទាំងនោះ នាំគ្នាស៊ីញ៉េទទួលស្គាល់ចលនាត្រីភាគី? ក្នុងន័យនេះ សម្តេចឪ មានព្រះបន្ទូលសង្កត់ធ្ងន់ៗថា “មកចោទខ្ញុំ ទទេៗ គាត់ស៊ីញ៉េហើយ គាត់ទះដៃទៀត គាត់ទះដៃទទួលស្គាល់ខ្មែរក្រហម ឱ្យចូលរួមក្នុងសង្គមជាតិ”៘

ការលើកឡើងដោយត្រួសៗនេះ ចង់បង្ហាញថា សម្តេចឪ ឆ្លាតបំផុត ដោយចេះបញ្ចៀសជ័រព្នៅ កុំឱ្យស្អិតជាប់ព្រះកច្ឆៈ (ក្លៀក) ខណៈដែលរបបរដ្ឋកម្ពុជា កំពុងមួម៉ៅនឹងខ្មែរក្រម មិនព្រមដាក់អាវុធ សូម្បីតែកងទ័ពមួកខៀវ (អ៊ុនតាក់) ចូល មកដល់កម្ពុជា ក៏ខ្មែរក្រហម មិនព្រមចុះចូល។

ឥឡូវលោកកឹម សុខា តាមរយៈមេធាវីរបស់គាត់ ក៏ចេះល្បិចការពារក្រែងជ័រព្នៅ ស្អិតជាប់ក្លៀកដែរ ខណៈដែលបក្ស កាន់អំណាច (CPP) កំពុងឃ្លាំមើលសកម្មភាពលោកសម រង្ស៊ី ដែលបង្កើតរដ្ឋាភិបាលស្រមោល។

ឧបមាថា លោកកឹម សុខា នៅតែស្ងៀម គ្មានប្រតិកម្មអ្វីចំពោះរៀមច្បងសម រង្ស៊ី ដែលកំពុងរៀបចំគណៈរដ្ឋមន្ត្រី ស្រមោលនោះ ពិតណាស់ថា លោកកឹម សុខា អាចនឹងឆ្លងហួសពីឈ្មោះ “ពិរុទ្ធជន ឬជនសង្ស័យ” ទៅជា “ទណ្ឌិត” មិន ខានឡើយ។

សហការីរបស់លោកសម រង្ស៊ី ដែលនៅក្រៅប្រទេស មិនបារម្ភដល់គុកព្រៃស គេអាចទទួលការតែងតាំងបាន ប៉ុន្តែ អ្នកនយោបាយនៅក្នុងស្រុក ឬសកម្មជននយោបាយ បើហ៊ានចេញមុខទទួលស្គាល់គណៈរដ្ឋមន្ត្រីស្រមោលនោះ ដូច “យក ជ័រព្នៅត្បៀតក្លៀក”។

ទោះយ៉ាងណា ដូចអ្វីដែល “នគរធំ” បានបរិយាយពី “ទន្លេកោះដាច់” ដែលបែកជាទន្លេស្តាំ ទន្លេឆ្វេងនោះ វាទៅជួប គ្នានៅឆ្នេរខ្សាច់ ត្រជាក់ចិត្ត ប៉ែកខាងជើង។ អ៊ីចឹងទោះបីជាលោកកឹម សុខា និងសហការីក្នុងស្រុក បដិសេធចូលរួមជាមួយ លោកសម រង្ស៊ី ក៏អ្នកវិភាគមានភ្នែកមុត អាចមើលយល់ថា បើដល់ពេលវេលាអំណោយផល ពួកគេនឹងរួបរួមគ្នាមិនខាន ឡើយ។

លោកកឹម សុខា នឹងរងគ្រោះធ្ងន់ជាងគេពីគ្រប់ទិស ពោលគឺបើគាត់ទន់ភ្លន់ ជាមួយបក្សកាន់អំណាច អាចធ្វើឱ្យកូនស្រី ទាំងពីរ ដែលអាមេរិក ចិញ្ចឹម គឺកញ្ញា កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធីតា ត្រូវប្រឈមបញ្ហាជាមួយអ្នកចិញ្ចឹម។ ដូចគ្នា នេះ បើសិនជាលោកកឹម សុខា ត្រូវរកឃើញថា បានយល់ព្រមចូលរួមជាមួយលោកសម រង្ស៊ី ក្នុងរដ្ឋាភិបាលបង្រួបបង្រួម ជាតិនោះ ពិតណាស់ថា ជោគវាសនាគាត់នឹងក្លាយជាទណ្ឌិត មួយរំពេច មិនមែនជាពិរុទ្ធជន ដូចពេលនេះទេ។

ដូច្នេះបើមេធាវីគាត់ចេញមុខការពារទុកជាមុនបែបនេះ CPP ពិបាកចាត់ការណាស់ បើចេះតែចោទលោកកឹម សុខា ថា បានចូលរួមសមគំនិតជាមួយរៀមច្បងសម រង្ស៊ី ក៏មិនសមដែរ។ ករណីអ្នកនយោបាយខ្លះ បែកចេញទៅបង្កើតបក្សថ្មី តែត្រូវមន្ត្រី CPP អះអាងថា “មិនខ្លាចខ្មោចបក្សសង្គ្រោះជាតិ បំប្លែងខ្លួនជារដ្ឋាភិបាលរួបរួមជាតិ” នោះ គឺមកពី CPP ដឹង ថា ពួកប្រឆាំងនៅក្នុងស្រុក អត់ហ៊ានធ្វើសកម្មភាព បើចេញមួយ វ៉ៃមួយ ចេញពីរ វ៉ៃពីរ។ អ្នកចេញបង្កើតបក្សថ្មី ក៏មិន ល្ងង់អីឱ្យជ័រព្នៅ ស្អិតជាប់ក្លៀកនោះដែរ ប៉ុន្តែអនាគតបត់បែន មើលមិនធ្លុះ ពុំដឹងថា គោលបំណងពួកគាត់យ៉ាងម៉េច? ដែលសុខៗ ស្រាប់តែនាំគ្នាបែកហ្វូង ស្របពេលដែលលោកសម រង្ស៊ី បង្កើតរដ្ឋាភិបាលស្រមោល។

សរុបទៅ “ម្នៅៗយកជ័រព្នៅត្បៀតក្លៀក” អាចជាល្បិចទល់ល្បិច ដូចអ្នកលេងអុកចត្រង្ក បើភ្លាត់ស្នៀតគេប្រើ “កូនទូក អុកយកខុន” ក៏បានដែរ។ មេប្រឆាំងប្រកូកប្រកាសបង្កើតរដ្ឋាភិបាល តែអ្នកនៅក្នុងស្រុក មិនហ៊ានគាំទ្រ យើងមិន បាច់សង្ស័យទេ គឺមកពីខ្លាចជ័រព្នៅហ្នឹងហើយ ប៉ុន្តែគេលាក់ចិត្ត លាក់គំនិត លាក់និន្នាការ បើ CPP ធ្វេសប្រហែស ឬមោទនភាព ពេក ដូចបើកផ្លូវឱ្យអ្នកខ្លាចជ័រព្នៅនោះ ក្រឡាស់ខ្លួនឆាល់ ចេញក្បាច់ “នាគវាត់កន្ទុយ” គ្រោះថ្នាក់ធ្ងន់ណាស់…”៕

RELATED ARTICLES