Sunday, November 24, 2024
Homeទស្សនះអាជ័យជេរម៉ែភ្លើង

ជេរម៉ែភ្លើង

កាលពីម្សិលមិញ អាជ័យខ្ញុំ បានទៅផឹក កាហ្វេ នៅកន្លែងចាស់ ប៉ះតាពីរបីនាក់ គាត់ ហូបកាហ្វេខ្មៅ អស់ហើយ នៅឡើយបន្តផឹកតែ ជជែកគ្នាអែ តែគាត់ចេះរក្សាគម្លាតសុវត្ថិភាព បុគ្គលបានល្អដែរ។

តាម្នាក់និយាយឡូងៗ ទំនងគាត់ធ្ងន់ត្រចៀក បានជានិយាយឮៗថា “ហឺយ! ស្រុកខ្មែរ ជាពិសេស នៅភ្នំពេញ មិនដឹងអង្កាល់ មានភ្លើងប្រើស្រួល ទេ ម៉្ងៃៗ ដាច់បីបួនដង ហើយពេលដាច់ភ្លើង ម្តងៗ អាចៅខ្ញុំ អាយុ៥ឆ្នាំ វាជេរម៉ែភ្លើង រាល់ តែលើក វាជេរថា “កាដួយម៉ែអាភ្លើង ដាច់ ទៀតហើយ ឆេះទូរទស្សន៍តាអញទៀតឥឡូវ ហើយ”។ ឮចៅជេរភ្លើងអ៊ីចឹង ខ្ញុំនឹកហួសចិត្ត ដែរ ក៏សើច ឃឹក! ព្រោះប៉ុន្មានថ្ងៃមុន ភ្លើងដាច់ មួយភ្លែត ពីបីដង ស្រាប់តែឆេះអ៊ីសេទូរទស្សន៍ ឆ្ងិតទ្រុប ខានមើលអស់ពីបីថ្ងៃ ទម្រាំសន្សំលុយ ទៅទិញមកប្រើវិញបាន។ ខ្ញុំប្រាប់ចៅថា កុំ ទម្លាប់ជេរគេអ៊ីចឹង ជាពិសេស ជេរម៉ែភ្លើង វា មិនចេះឈឺទេ ទាល់តែជេរមនុស្ស ដែលកាន់ ខាងភ្លើងអគ្គិសនី បានត្រូវ… កាដួយម៉ែវា!…”។

តាម្នាក់ទៀត សើចឃឹកដែរ រួចនិយាយ ឡើងថា “ដូចតែគ្នាហ្នឹងបងអើយ! ផ្ទះខ្ញុំនៅ ម្តុំបឹងទំពុន ជួនកាល ១ថ្ងៃ ដាច់ភ្លើង បួនប្រាំដង ហើយអាដាច់ញឹក មិនមែនចុះគីឡូទេ គឺឡើង គីឡូជាងមិនដាច់ទៅទៀត អ៊ីចឹងបានក្មេងជេរ ម៉ែភ្លើងហ្នឹង មានទៅខុសអី”។  

អាជ័យខ្ញុំ អង្គុយនៅជ្រុងម្ខាង ឃ្លាតពី តាៗ ប្រហែលពីរម៉ែត្រ ដោយសារអនុវត្ត វិធានការ “៣ការពារ និង ៣កុំ” តែក៏ស្តាប់ ឮតាៗនិយាយទាំងអស់ ហើយក៏នឹកអស់សំណើច នឹងអាចៅតា វាខឹងភ្លើងដាច់ញឹក វាជេរម៉ែភ្លើង។ ប៉ុន្តែទោះបីជាយ៉ាងណា អាជ័យខ្ញុំ យល់ថា ភ្លើងអគ្គិសនីស្រុកខ្មែរ ឥឡូវ មានគ្របដណ្តប់ ដល់តំបន់ចុងកាត់មាត់ញក ស្ទើរពេញផ្ទៃប្រទេស ហើយ មានភ្លើងប្រើ គ្រាន់តែជួនកាល មិនបាន គ្រប់គ្រាន់ មានការដាច់ចរន្តញឹកញាប់។ ប៉ុន្តែ តាមការសង្កេតកន្លងទៅ ខាងអគ្គិសនីគេតែង ចេញសេចក្តីជូនដំណឹង ពីការផ្អាកផ្គត់ផ្គង់ចរន្ត អគ្គិសនី នៅតាមទីតាំងនានា ដោយសារការ រៀបចំបណ្តាញអគ្គិសនីថ្មី ឬមានបញ្ហាខូចអី មួយជាដើម ទើបមានការដាច់ភ្លើង។

ទោះបីជាយ៉ាងណា អាជ័យ លើកទឹកចិត្ត ឱ្យអស់លោកខាងអគ្គិសនីកម្ពុជា ខិតខំយ៉ាង ណា ផ្គត់ផ្គង់ភ្លើងអគ្គិសនីជូនប្រជាពលរដ្ឋ ជា អតិថិជន ឱ្យប្រើប្រាស់បានស្រួល និងគ្រប់ គ្រាន់ កុំឱ្យមានការផ្តាច់ចរន្តញឹកញាប់ពេក ព្រោះបើម៉្ងៃៗដាច់រាប់សិបដងអ៊ីចឹង កុំថាតែ ក្មេងៗវាខឹង សូម្បីចាស់ៗក៏ចេះខឹងដែរ… ជួន កាលខឹងឆ្កឺត ស្ទើរធ្លាយខោ!…”៕ អាជ័យ

RELATED ARTICLES