Monday, December 23, 2024
Homeបរិយាយឱបផែនដីមិនជុំ

ឱបផែនដីមិនជុំ

ដោយ អាចារ្យថាំ

អ្នកនយោបាយកាលពីសម័យមុន តែងរិះគន់អ្នកមិនចុះចូលជាមួយគាត់ថា “ម្នាក់ឯង ឱបផែនដីមិនជុំ” ចង់សំដៅដល់ អ្នកនយោបាយប្រឆាំងនេះឯង ដែលតាំងខ្លួនជាអ្នកស្នេហាជាតិ ជាវីរបុរស ហើយចោទប្រកាន់អ្នកនយោបាយម្ខាងទៀតថា ក្បត់ជាតិ ឬ “ទូលផែនដីទៅលក់ឱ្យសៀម-យួន”។ អ្នកនយោបាយប្រឆាំងខ្លាំងមែនទែន ទោះជាភាគីរដ្ឋាភិបាលព្យាយាម អូសទាញយ៉ាងណាក៏មិនងាយចុះចូលឡើយ ព្រោះជាប់ទ្រឹស្តី “ឱបផែនដី” ដែល “នគរធំ” សូមគាស់កកាយពាក្យចាស់ខាង លើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

ពាក្យថា “ផែនដី” កាលពីបុរាណ សំដៅដល់ “រជ្ជកាល” គឺអាណត្តិស្តេចអង្គណាដែលសោយរាជ្យ ដូចជា “ផែនដីព្រះបរមិន្ទ- រាជា, ផែនដីព្រះជ័យចេស្តា” ជាដើម គឺសំដៅដល់រជ្ជកាលនេះឯង។ មួយបែបទៀត ផ្តោតទៅលើទឹកដីខ្មែរ សល់នៅទំហំ ១៨១ ០៣៥គីឡូម៉ែត្រក្រឡា មិនខុសពី “ភូគោល” (បារាំង Globe terrestre) ជាតំណាងផែនដី ជាដុំមូលធ្វើពីក្រដាសរឹង តំណាងផែនដី ឬពិភពលោក ប៉ុន្តែខ្មែរយើងយកមកប្រើ “ឱបផែនដីមិនជុំ” គឺឱបទឹកដីខ្មែរមិនជុំនេះឯង។

រីឯពាក្យថា ”ឱបផែនដីមិនជុំ” ចង់បង្ហាញថា អ្នកនយោបាយម្នាក់ ឬគ្នាតិច ប្រឹងប្រឆាំងតាំងខ្លួនជាវីរបុរសស្នេហាជាតិ មិនអាចក្តោបទឹកដីខ្មែរ បានឡើយ លុះត្រាតែគ្នាច្រើន ទើបស្រាក់ដៃគ្នាឱបជុំ។

កាលពីសម័យសង្គមរាស្ត្រនិយម មានអ្នកនយោបាយខាងរដ្ឋាភិបាល ចោទប្រកាន់ពួកប្រជាធិបតេយ្យ ដែលមាននិន្នាការ ប្រឆាំងថា “កុំចង់ឱបផែនដីម្នាក់ឯង មិនជុំទេ” គឺចង់ដាក់សម្ពាធទៅលើលោកសឺង ង៉ុកថាញ់ ដែលជាមេខ្មែរសេរី។ ដូចគ្នានេះ ដែរ ពួកខ្មែរសេរី ក៏បានចោទប្រកាន់រដ្ឋាភិបាលថា “ឱបផែនដី ទៅលក់ឱ្យយួន”។ មុនពេលស្រុកឯករាជ្យ មានការបង្កើត គណបក្សច្រើន ដណ្តើមកៅអីរដ្ឋសភា ក្នុងនោះគណបក្សតម្កើងប្រជាជាតិ មានរូប “ហនុមានទ្រផែនដីខ្មែរ” ជាសញ្ញាលក្ខណ៍ ដោយមានលោកយ៉ែម សំបូរ ជាប្រធានគណបក្ស។ កាលនោះ អ្នកនយោបាយឯទៀតចោទប្រកាន់លោកយ៉ែម សំបូរ ថា “ទូលផែនដី ទៅលក់ឱ្យយៀកមិញ”។

“អតីតកាល ជាកញ្ចក់ឆ្លុះមើលបច្ចុប្បន្នកាល” យ៉ាងណាមិញ ស្ថានការណ៍សព្វថ្ងៃ អ៊ីចឹងទៀតហើយ ឃើញមានការ ចោទប្រកាន់គ្នាទៅវិញទៅមក ពីរឿង “ក្បត់ជាតិ និងស្នេហាជាតិ”។ ភាគីណាក៏ទះទ្រូងអួតខ្លួនថា ស្នេហាជាតិដែរ ប៉ុន្តែភាគី ម្ខាងទៀតចោទថា “ក្បត់ជាតិ” សូម្បីតែលោកសម រង្ស៊ី ត្រូវបានមន្ត្រីបក្សកាន់អំណាច ចោទថា “ពូជក្បត់ជាតិ តាំងពីឪពុក ដល់កូន” ចំណែកពួកប្រឆាំង ចោទសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា “ក្បត់ជាតិ កាត់ដីឱ្យយួន”។

ជាងនេះទៀត លេចធ្លាយព័ត៌មានពីរឿង “ទិញដូរក្បាលមនុស្ស” ឱ្យចុះចូលបម្រើ CPP សូម្បីតែលោកមាជ សុវណ្ណារ៉ា ក៏បានបង្ហោះសំណេរតាមហ្វេសប៊ុក និងប្រាប់ “នគរធំ” ដែរ។ អតីតមន្ត្រី CNRPរ រូបនេះ និយាយថា “ការចរចា ការអីហ្នឹង វាជាការពិតហើយ តែតម្លៃខ្លួន ២លានហ្នឹង ប្រហែលជាគាត់និយាយដូចជាវាលើស។ មានការចរចាពីគណបក្សប្រជាជន ពេលខ្ញុំចេញពីគុកមក ៣ដង ការជួបជាមួយនឹងក្រុមទិញថែមគេហ្នឹង ប៉ុន្តែខ្ញុំមិនបញ្ចោញឈ្មោះទេ អាហ្នឹងក៏បានជជែកឱ្យខ្ញុំ មានជម្រើសពីរ។ ទី១ តើខ្ញុំចូលគណបក្សប្រជាជន ហើយទី២ ខ្ញុំអាចបើកគណបក្សមួយទៅ ដោយមានការគាំទ្រពីបក្ស- ប្រជាជន ពីបុគ្គលសេដ្ឋីពីររបស់បក្សប្រជាជនអីអ៊ីចឹង ប៉ុន្តែខ្ញុំមិនអាចទេ…”។

ជាការវាយបកវិញ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានប្រាប់ “នគរធំ” ថា “អានេះ គ្រាន់តែជាការលើកតម្លៃខ្លួនឯងទេ គណបក្សប្រជាជន បើមានលុយ ២លានហ្នឹង សុខចិត្តធ្វើផ្លូវ ធ្វើសាលារៀនជូនប្រជាជន។ ដូច្នេះការដែលគាត់ថា មានការចរចាពីគណបក្សប្រជាជន ពេលចេញពីគុកនោះ ខ្ញុំយល់ថាគាត់និយាយនេះលើកខ្លួនឯងទេ…”។

បើយកពាក្យសម្តីភាគីទាំងសងខាង មកពិចារណា មានន័យថា លោកមាជ សុវណ្ណារ៉ា ដែលធ្លាប់ជាប់គុកព្រៃស បីបួន ឆ្នាំនោះ “ចង់ឱបផែនដីខ្មែរ” ខណៈដែលលោកសុខ ឥសាន ថា “គាត់លើកខ្លួនឯងទេ” មានន័យថា “ម្នាក់ឯងឱបផែនដីមិនជុំ”។ ករណីយករឿង “ទិញដូរ” មកនិយាយជាសាធារណៈនេះ “នគរធំ” មិនបានដឹងការពិតដល់កម្រិតណានោះទេ ប៉ុន្តែកត់សម្គាល់ បានថា កាលពីសម័យសង្គមរាស្ត្រនិយម ក៏មានការទិញដូរយ៉ាងនេះដែរ។ យើងឃើញសម្តេចឪ ព្រះនរោត្តម សីហនុ បាន អូសទាញមេឥស្សរៈសំខាន់ៗ ឱ្យចូលរួបរួមក្នុងសង្គមជាតិ ក្នុងនោះមាន លោកដាប ឈួន ម្ជុលពេជ្រ គ្រាន់តែចូលភ្លាម ពាក់- ស័ក្តិ ៤ភ្លែត ដែលជំនាន់នោះ ស័ក្តិ៤ អាចស្មើផ្កាយ៤ សព្វថ្ងៃ។ ដាបឈួន គ្មានចំណេះដឹងផ្នែកវប្បធម៌ទូទៅប៉ុន្មានទេ គាត់ចេះ តែកាប់ចាក់ បាញ់ប្រហារ អាងមន្តអាគមវត្ថុស័ក្តិសិទ្ធិ ក៏បានឡើងជារដ្ឋលេខាធិការក្រសួងមួយ បន្ទាប់មក ក៏ទៅកាន់តំណែង ជាស្តេចត្រាញ់ ត្រួតត្រា៣ខេត្ត នៅភាគខាងជើង និងពាយ័ព្យ។ ការបំពាក់ស័ក្តិ ផ្តល់លុយកាក់ ជូនដាប ឈួន គឺ “ទិញក្បាល” ហ្នឹងហើយ ព្រោះបើមិនចំណាយ តើធ្វើម៉េចអាចអូសទាញមនុស្សក្បាលរឹងបាន? ជំនាន់នោះ ដាបឈួន លើកខ្លួនគាត់ជាវីរបុរស ស្នេហាជាតិ និងចោទរាជរដ្ឋាភិបាល “ទូលផែនដីទៅលក់ឱ្យយួន” លុះដាប ឈួន ចុះចូល ក៏ស្ងប់ស្ងាត់ទៅ។ ដោយឡែក ខ្មែរសេរី ឈ្មោះព្រាប អ៊ិន ក៏ធ្វើសកម្មភាព “ឱបផែនដី” ដែរ នៅពេលតុលាការសឹក កាត់ទោសប្រហារជីវិត បានបើកផ្លូវឱ្យ គាត់ទូលសុំ “ព្រះរាជសិទ្ធិលើកលែងទោស” ប៉ុន្តែគាត់ជាមនុស្សឱបផែនដី មិនព្រមសុំព្រះរាជទានទោស ក៏ត្រូវពេជ្ឈឃាត ចងមុខ បាញ់ចោលនៅភ្នំត្រពាំងក្រឡឹង។ ផ្ទុយទៅវិញ ខ្មែរសេរី ឈ្មោះសាំង សន បានទូលស្នើសុំព្រះរាជទានទោស ពីសម្តេច ព្រះប្រមុខរដ្ឋ ក្នុងអង្គសមាជជាតិ គាត់ឆ្លើយតែពាក្យថា “ពិតមែនក្រាបទូលៗ!” ក៏បានរួចទោសទៅ។

ដូច្នេះវប្បធម៌ហាហៅអ្នកនយោបាយប្រឆាំង ឱ្យចុះចូល ជារឿងធម្មតា តាំងពីរាជ្យណារាជ្យណីមក ដោយ “ប្រើនុយស្ទួច ត្រីធំ” បើចង់បានត្រីរ៉ស់ ត្រូវបិទនុយកូនកង្កែប តែបើស្ទួចត្រីក្រាញ់ ត្រីកញ្ចុះ បិទនុយជន្លេន។ គ្មានអ្នកនយោបានកាន់ទ្រឹស្តី “ទូលផែនដី” សុខៗមកចុះចូលនោះទេ លុះត្រាតែបានបុណ្យស័ក្តិ លាភសក្ការៈសមរម្យ ទើបគេយល់ព្រម រីឯអ្នកអូសទាញ ហាហៅ ឬ “ទិញ” ក៏ត្រូវពិនិតិមនុស្សដែលត្រូវហាហៅ ឬស្ទួចនោះដែរ។ ការជ្រើសមនុស្សប្រឆាំង ឱ្យចុះចូល មិនខុសពី ជ្រើសប្តីប្រពន្ធជាគូអនាគត ដូចបណ្តាំក្រមង៉ុយ ថា “រកប្តីប្រពន្ធ ឱ្យគយឱ្យគន់ រើសរូបរើសរាង ពូជថ្លៃល្មមយក ពូជថោក ល្មមវាង រូបល្អប្ញកល្អៀង អ្នកកុំប្រសព្វ” មានន័យថា រើសប្តីប្រពន្ធ ត្រូវមើលពូជពង្ស។ អ៊ីចឹងការរើសអ្នកនយោបាយប្រឆាំង ឱ្យចុះចូលក៏ត្រូវមើលពូជដែរ ទើបទទួលបានលទ្ធផលល្អ។

អ្នកនយោបាយ មានពូជ ដូចលោកសម រង្ស៊ី ជាពូជពីជីតាគាត់ ឈ្មោះសម ញាណ ជាអតីតប្រធានគណបក្ស និងជាអតីត មន្ត្រីរដ្ឋាភិបាល។ ចំណែកឪពុកគាត់ ឈ្មោះសម សារី ជាអតីតឧបនាយករដ្ឋមន្ត្រី ធ្លាប់ជាប់ឈ្មោះក្បត់ជាតិ។ អ្នកនយោបាយ មានពូជបែបនេះ “ស៊ីថ្លៃខ្លាំងណាស់” ត្រឹមតំណែងរដ្ឋមន្ត្រី អត់យកទេ ហើយត្រឹម ២០លានដុល្លារ ក៏មិនត្របាក់ដែរ ទាល់តែ ច្រើនជាងនេះ។ រីឯអ្នកនយោបាយអត់ពូជពីជីតា ឬឪពុក ចំណាយតែបន្តិចបន្តួច ក៏បានភ្លាម អត់ពិបាកទេ ព្រោះគាត់ធ្វើនយោ- បាយប្រឆាំង ដើម្បីបុណ្យស័ក្តិ លាភសក្ការៈហ្នឹងឯង។

រឿង “ឱបផែនដី” គឺជានយោបាយ “គាបយកលុយ” តាមសមត្ថភាព ចំណែក “ការទិញដូរ” វាជា “វប្បធម៌អរូបី” គឺ សកម្មភាពលាក់បាំងមិនបញ្ចោញរូបឱ្យឃើញ។ គ្មានអ្នកទិញឯណាល្ងង់ទៅអួតប្រាប់គេថា “កាលដាប ឈួន ទិញអស់មាស ប៉ុន្មានហាបនោះទេ!” ចាំបាច់ត្រូវតែលាក់ឱ្យជិត មិនឱ្យលេចឮដល់ត្រចៀករាស្ត្រ។ លោកសឺង ង៉ុកថាញ់ ជាមនុស្សឱបផែនដី មិនព្រមត្របាក់នុយតូចរបស់សម្តេចឪ តែចុងក្រោយ គាត់ត្របាក់នុយធំ របស់លន់ នល់ “បានកៅអីនាយករដ្ឋមន្ត្រី” នៃរបប សាធារណរដ្ឋខ្មែរ។

សរុបទៅ “ឱបផែនដីមិនជុំ” ជាភាសានយោបាយ ចោទប្រកាន់គ្នា ដែលមនុស្សស្រករក្រោយ មិនសូវបានដឹង។ ពួក ប្រឆាំង ចោទរដ្ឋាភិបាលថា “ទូលផែនដីទៅលក់ឱ្យយួន” ចំណែកមន្ត្រីរដ្ឋាភិបាល ចោទមេប្រឆាំងថា “ម្នាក់ឯង ឱបផែនដីមិន ជុំទេ” ទីបំផុតគេលួចចរចាគ្នាស្ងាត់ៗ ទិញដូរមនុស្ស ដើម្បីបញ្ចប់ជម្លោះនយោបាយ ដែលចុងបំផុត អ្នកលក់ក្បាល ក៏អស់តម្លៃ ពីឆាកនយោបាយទៅហោង….”៕

RELATED ARTICLES