Monday, December 23, 2024
Homeបរិយាយរាស្ត្រ និងមន្ត្រី

រាស្ត្រ និងមន្ត្រី

ដោយ អាចារ្យថាំ

សាស្ត្រច្បាប់រាជនេតិ ថា “រាស្ត្រដូចមច្ឆា មន្ត្រីសេនា ដូចគង្គានៃ បើប្រែជាក្តៅ ក្រៃក្រៅវិស័យ រាស្ត្រនឹងភិតភ័យ អង្គ ឥតពំនាក់។ មន្ត្រីយោធា បីដូចព្យគ្ឃា និងពស់ពព្លាក់ រីអស់រាស្ត្រផង ចរចូលពឹងពាក់ ក្សិណប្រែជាយក្ស យង់ឥតករុណា” មានខ្លឹមសារអប់រំ នាហ្មឺនសព្វមុខមន្ត្រី តាំងពីលើដល់ក្រោម ត្រូវដាក់ខ្លួនដាក់កាយ កុំធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាច។ សង្គម ណា របបណាដែលមានមន្ត្រី និងកងប្រដាប់អាវុធ ធ្វើឱ្យរាស្ត្ររងទុក្ខវេទនា តាំងនៅមិនបានយូរទេ ដែល “នគរធំ” សូម គាស់កកាយសាស្ត្រាបុរាណខាងលើ មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

គណបក្សប្រជាជនកម្ពុជា (CPP) បានដាក់ចេញគោលនយោបាយ “មន្ត្រីជាខ្ញុំបម្រើរាស្ត្រ” ប៉ុន្តែគោលការណ៍នេះ នៅ មានចន្លោះប្រហោង ដោយសារមន្ត្រីមួយចំនួនតូច អនុវត្តខុសទិសដៅ។ ចំណុចសំខាន់មន្ត្រីភាគច្រើន បានប្រព្រឹត្តកំហុស លុះមានប្រជាពលរដ្ឋរិះគន់តាមបណ្តញ្កាសង្គម គាត់មានប្រតិកម្មភ្លាម ជួនកាលឈានដល់ការចោទប្រកាន់អ្នករិះគន់គាត់ ថា “ញុះញង់បង្កអសន្តិសុខសង្គម” ឯណាឆ្កុយ។

លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា កំពុងរស់នៅបរទេស បានបង្ហោះសំណេរតាមហ្វេសប៊ុក ជាអាទិ៍ថា “មេដឹកនាំនយោបាយ ដែលយល់ច្រឡំពីតួនាទីរបស់ខ្លួនថា ខ្ពស់ជាងពលរដ្ឋ ឬពលរដ្ឋតិតៀនមិនបាន ទោះមិនយូរប៉ុន្មាន គេ នឹងថយចុះការគាំទ្រពីពលរដ្ឋ” សំណេរនេះ ស្របនឹងទស្សនៈ “នគរធំ” ពាក់ព័ន្ធដល់ “មន្ត្រី និងរាស្ត្រ”។

“ច្បាប់ត្រីនេតិ” ឬ “ត្រីនីតិ” មានន័យថា “ច្បាប់៣” សំដៅដល់ច្បាប់នីតិប្បញ្ញតិ នីតិប្រតិបត្តិ និងតុលាការ ដែលពីបុរាណ ព្រះមហាក្សត្រ ឱបក្តាប់ច្បាប់ទាំង៣ នេះ ណែនព្រះហស្ត ប៉ុន្តែព្រះអង្គត្រាស់បង្គាប់ទៅ “នាហ្មឺនចតុស្តម្ភ” ឱ្យយកច្បាប់នេះ ទៅអនុវត្ត។ នៅក្នុងរជ្ជកាលព្រះបាទពញាអន ព្រះបាទពញាញោម ព្រះបាទអង្គនន់ ដោយសារតែអ្នកកាន់អំណាច មិន ប្រកបដោយទសពិធរាជធម៌ ធ្វើឱ្យនាហ្មឺនតាំងពីលើដល់ក្រោម ក្លាយទៅជា “ខ្លា និងពស់ពព្លាក់” បង្កការភ័យខ្លាចដល់ ប្រជារាស្ត្រ។ នាហ្មឺនខ្លា សំដៅដល់បុគ្គលពុករលួយ ធ្វើស្រែលើខ្នងរាស្ត្រ រំលោភជិះជាន់ ប្រមូលពន្ធដារ សង្កត់ករាស្ត្រដោយ មិនអនុគ្រោះ។ ជួនកាលក៏ហ៊ានកាប់សម្លាប់ជនស្លូតត្រង់ ដោយចោទប្រកាន់ពីបទក្បត់ជាតិ បង្កភាពវឹកវរដល់សង្គម មិន ខុសពីពស់ពព្លាក់ ចឹកមនុស្ស។

ព្រះបាទពញាអន និងក្រុមនាហ្មឺនព្រះអង្គ គ្រប់គ្រងប្រទេសបាន ១ឆ្នាំ ក៏ត្រូវកម្លាំងបះបោរធ្វើគុត និងផ្តួលរំលំរបប នេះបាន ដោយសារស្តេចពញាអន ចាប់ប្រពន្ធគេទៅរំលោភ។ ព្រះបាទពញាញោម សោយរាជ្យបាន ៣ឆ្នាំ មិនកាន់ទសពិធ- រាជធម៌ បណ្តែតបណ្តោយឱ្យមន្ត្រីជិះជាន់រាស្ត្រតាមអំពើចិត្ត បានត្រឹមព្រះស្រីសុរិយោពណ៌ ត្រាស់បង្គាប់តេជោ មាស ឱ្យចាប់ យកទៅវាយទម្លាក់ទឹកបឹង ដោយដំបងខ្លឹមចន្ទន៍។

នៅក្នុងរបបលន់ នល់ មានការតែងតាំងនាយទាហាន ឱ្យធ្វើចៅហ្វាយស្រុក ចៅហ្វាយខេត្ត ទូទាំងប្រទេស លើផ្ទៃដី ១០% ដែលរបបសាធារណរដ្ឋខ្មែរ គ្រប់គ្រង។ មន្ត្រីយោធាទាំងនោះ ពេលចេញប្រតិបត្តិការម្តងៗ បណ្តែតបណ្តោយឱ្យ ពលទាហាន លួចឆក់ប្លន់ទ្រព្យសម្បត្តិពលរដ្ឋនៅតំបន់នោះ ជាហេតុនាំឱ្យក្តៅទឹកក្តៅដី ក៏ដួលរលំទៅ ក្រោយពីគ្រប់គ្រង ប្រទេសបាន ៥ឆ្នាំ។

របបប៉ុល ពត មន្ត្រីមានឈ្មោះថា “កម្មាភិបាល” ទុកពលរដ្ឋខ្លួនជាខ្មាំងសត្រូវ ទីបំផុតក៏ដួលរលំ បន្ទាប់ពីគ្រងអំណាច បាន ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ របបទាំងប៉ុន្មាននេះ គ្មានរាស្ត្រណាហ៊ានរិះគន់ទេ បណ្តាលឱ្យក្តៅទឹកក្តៅដី មន្ត្រីក្លាយជាខ្លា និង ពស់ពព្លាក់ ចាំតែព្យាបាទប្រជារាស្ត្រ។

ក្រឡេកមើលបច្ចុប្បន្នវិញ ទោះបីជាបក្សកាន់អំណាច (CPP) ដាក់វិន័យដែកថែប ឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ ដាក់ខ្លួនដាក់ កាយ ជាខ្ញុំបម្រើរាស្ត្រ ក៏នៅតែមានមន្ត្រីមួយចំនួន លើកកម្ពស់ខ្លួនឯងជា “ចៅហ្វាយរាស្ត្រ”។ ដោយមើលឃើញពីឥរិយាបថ មន្ត្រីខ្លះ ក្លាយជាមន្ត្រីខ្លា មន្ត្រីពស់ពព្លាក់ ទើបសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យ ប្រជាពលរដ្ឋ រាយការណ៍ជូនសម្តេច តាមរយៈគណនីហ្វេសប៊ុក របស់សម្តេច ក្នុងករណីរាស្ត្ររងគ្រោះដោយសារមន្ត្រី។ ជួន កាលក៏មានមន្ត្រីខ្លះតាំងខ្លួនជា “គម្របឆ្នាំង” ពោលគឺ “ឆ្នាំងអត់ក្តៅផង វាទៅក្តៅគម្របឆ្នាំង” ឯណោះ។ ដូចករណីខ្លះ មានអ្នកផ្តល់មតិរិះគន់ស្ថាបនាដល់ថ្នាក់ដឹកនាំប្រទេស ក៏ស្រាប់តែពួកមន្ត្រីអែបអបឡេមឡឺម ចោទប្រកាន់អ្នករិះគន់នោះ ថា “ប្រមាថថ្នាក់ដឹកនាំ” ក៏ស្រាវជ្រាវចាប់ខ្លួនបញ្ជូនទៅតុលាការ។ ករណីខ្លះទៀត សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តែង លើកលែងទោសដល់យុវវ័យខ្លះ ដែលនិយាយលើសលស់តាមបណ្តាញសង្គម មិនយកទោសពៃរ៍អ្វីឡើយ ប៉ុន្តែបើសិនជា បណ្តែតបណ្តោយឱ្យមន្ត្រីថ្នាក់ក្រោមចាត់វិធានការ ពិតណាស់ថា អ្នកហ៊ានរិះគន់ស្ថាបនានោះ ជាប់គុកយ៉ាងតិចក៏ ១ឆ្នាំដែរ។

កាលពីសម័យសង្គមរាស្ត្រនិយម អ្នកណាមិនល្បីឈ្មោះលោកគូ រុន រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ? (ប៉ូលិស)។ គេដាក់ ឈ្មោះឱ្យគាត់ថា “អសុរាគូ រុន” ព្រោះឥរិយាបថគាត់ច្រងេងច្រងាង គំហកកំហែង ឱ្យតែសង្ស័យរាស្ត្រណាបន្តិច ក៏ចាប់ចង ចោទប្រកាន់ថា “ខ្មែរសេរី ខ្មែរក្រហម” សូម្បីតែអ្នកកាសែតខ្លះ និយាយភាសាអង់គ្លេស ជាមួយជនបរទេស ក៏ត្រូវគេចោទ ថា សេអ៊ីអា (CIA) ។ លោកគូ រុន ក្រោយរដ្ឋប្រហារថ្ងៃ១៨មីនា ១៩៧០ ត្រូវតុលាការនៃរបបលន់ នល់ កាត់ទោសដាក់ ពន្ធនាគារ និងបាត់ដំណឹងលោកសូន្យឈឹង។

ដូច្នេះយើងឃើញថា របបណាដែលតាំងនៅបានយូរអង្វែង លុះត្រាតែអ្នកដឹកនាំរបប ដាក់វិន័យកូនចៅឱ្យម៉ឺងម៉ាត់ហ្មត់ ចត់ទើបបាន។ បុណ្យស័ក្តិត្រឹមអភិបាលស្រុក អភិបាលខេត្ត រដ្ឋមន្ត្រី… គួរតែរីករាយទទួលមតិរិះគន់ស្ថាបនាពីប្រជា-ពលរដ្ឋទើបល្អ។ មូលដ្ឋានខ្លះ គ្មានឃើញអភិវឌ្ឍន៍អ្វីជាដុំកំភួន ផ្លូវលំក្រហេងក្រហូង ត្រឹមចម្ងាយ ៥០០ម៉ែត្រសោះ តែមន្ត្រី អាជ្ញាធរនោះ ដោះស្រាយមិនចេញ រង់ចាំតែថវិកាជាតិ លុះរាស្ត្ររអ៊ូរទាំរិះគន់តាមហ្វេសប៊ុក ធ្វើឱ្យមន្ត្រីនោះខឹងសម្បា រក រឿងសងសឹក។ ផ្សារផ្សោខ្លះ គ្មានរៀបចំជារានលក់ដូរឱ្យត្រឹមត្រូវនោះទេ ប៉ុន្តែថ្ងៃណា ក៏អ្នកទារភាស៊ី ដើរយកលុយ សូម្បី ត្រកួន១ កញ្ច្រែង ក៏មិនលើកលែងដែរ…។

“រាស្ត្រដូចមច្ឆា មន្ត្រីសេនា ដូចគង្គានៃ” មានន័យគ្រប់គ្រាន់មិនពិបាកយល់ រវាង “ត្រី និងទឹក” ជាគូនឹងគ្នា។ សព្វថ្ងៃ ឃើញល្បីឈ្មោះលោកម៉ៅ ធនិន្ទ អភិបាលខេត្តពោធិ៍សាត់ ថា គាត់ចេះដោះស្រាយទំនាស់បានល្អ ស្គាល់សុខទុក្ខរាស្ត្រ ចេះ ដាក់ខ្លួនដាក់កាយមិនលើកកម្ពស់ខ្លួនហួសមាឌ។ ផ្ទុយទៅវិញ មន្ត្រីអាជ្ញាធរខេត្តខ្លះទៀត មានទៅធ្វើដូចលោកម៉ៅ ធនិន្ទ ឯណា? ឃើញតែប្រជាពលរដ្ឋរិះគន់ព្រោងព្រាតតាមបណ្តាញសង្គម ពីបទសមគំនិតជាមួយឈ្មួញ កាប់ឈើលក់ មានភាគហ៊ុន សាជីវកម្មផ្សេងៗ គិតតែប្រយោជន៍បុគ្គល។ “នគរធំ” ក៏ធ្លាប់បរិយាយពី “វប្បធម៌អាង” គឺមន្ត្រីទាំងនោះ “អាងសម្តេចពុក” ដែលមិនចេះចាញ់ឆ្នោត ក៏យកវប្បធម៌អាងនោះដាក់ខ្លួន នាំឱ្យពលរដ្ឋក្តៅក្រហាយ។

សរុបទៅ “រាស្ត្រ និងមន្ត្រី” មានចារទុកក្នុងសាស្ត្រាច្បាប់រាជនេតិ ផ្តល់ការទូន្មានអប់រំល្អណាស់ សម្រាប់មន្ត្រីគ្រប់ជាន់ ថ្នាក់។ បក្សកាន់អំណាច ទោះជាបោះឆ្នោតមិនចេះចាញ់ ក៏មេរៀនចាញ់ឆ្នោតហ៊្វុនស៊ិនប៉ិច កាលពីអាណត្តិទី១ នោះ គឺមកពី “មន្ត្រីខ្លា និងមន្ត្រីពស់ពព្លាក់” ហ្នឹងឯង។ អាណត្តិទី៧, ទី៨,… បើទោះជា CPP សង្ឃឹមឈ្នះ ក៏ឈ្នះក្នុងនិទ្ទេស “មធ្យម” មិន “ល្អណាស់” នោះទេ។ និទ្ទេសមធ្យម អាចនឹងធ្លាក់ទៅ “ខ្សោយ ឬខ្សោយណាស់” បើសិនជា មិនចម្រាញ់ចម្រោះ ត្រួតពិនិត្យិ ឥរិយាបថមន្ត្រី…”៕

RELATED ARTICLES