Monday, December 23, 2024
Homeបរិយាយកូនប្តឹងមេ

កូនប្តឹងមេ

ដោយ អាចារ្យថាំ

មិនមែនជារឿងប្លែកទេ ករណីអធិការនគរបាលស្រុក ត្រូវកូនចៅក្រោម ឱវាទ ស្រុះគ្នាប្តឹងទៅថ្នាក់លើឱ្យដកតំណែងនោះ ឃើញមានជារឿយៗ ដោយ- សារលទ្ធិប្រជាធិបតេយ្យ បើកសិទ្ធិទូលាយ ជូនប្រជាពលរដ្ឋក្រីក្រ ប្តឹងមន្ត្រី រីឯ កូនចៅប្តឹងមេ។

រឿងរ៉ាវលោកស័ក្តិ៤ អ៊ុ ចំរើន អធិការនគរបាលស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានកូនចៅបបួលគ្នា ផ្តិតមេដៃប្តឹងទៅសម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាម៉ែឪ លើប៉ូលិសជាតិនោះ ឃើញថា ថ្នាក់លើ អត់បណ្តែតបណ្តោយទុកយូរទេ ព្រោះបុគ្គលម្នាក់ ធ្វើខុស ចាំបាច់ត្រូវតែព្យួរ- តំណែង តាមមតិភាគច្រើនតវ៉ា។

កំហុសលោកមេប៉ូលិសស្រុកបរសេដ្ឋ រួមមានជាអាទិ៍ គ្មានការទទួលខុសត្រូវ ក្នុងការផ្លាស់ប្តូរមុខងារមន្ត្រីក្រោមឱវាទ បើមានអ្នកសុំផ្លាស់ ក៏ទាមទារលាភសក្ការៈ គិតតែហៅប៉ៅផ្ទាល់ខ្លួន, គ្មានគិតគូរកសាងរចនាសម្ព័ន្ធផ្សេងៗក្នុង អង្គភាព ធ្វើឱ្យអធិការដ្ឋាននោះ គ្មានការរីកចម្រើន, ចរិតប្ញកពា មិនសមជា ថ្នាក់ដឹកនាំប៉ូលិសមួយស្រុក ជួនកាលគាត់ជេរប្រទេចកូនចៅតាមវិទ្យុទាក់ទង, គាត់ហ៊ានដោះលែងជនសង្ស័យជួញថ្នាំញៀនពាក់ព័ន្ធដល់អំពើពុករលួយ៘

កំហុសទាំងអស់នេះ ដូចយកភ្លើងដុតផ្ទះខ្លួនឯង ព្រោះមិនដែលសុខៗកូន ចៅនាំគ្នា ប្តឹងមេនោះទេ។ មកពីកូនចៅទ្រាំមិនបាន នឹងការជិះជាន់ រំលោភសិទ្ធិ គិតតែប្រយោជន៍ផ្ទាល់ខ្លួន ក៏ព្រួកគ្នាដេញដោយហ៊ានប្រឈមនឹងការសងសឹក។

ទោះយ៉ាងណា ករណី “កូនប្តឹងមេ” ឃើញកើតឡើងជារឿយៗ មិនថាតែ ក្នុងអង្គភាពប៉ូលិសនោះទេ សូម្បីអង្គភាព មន្ទីរក្រសួងខ្លះទៀត ក៏មានបុគ្គលិក រាជការ កើតទុក្ខមិនសុខចិត្ត នាំគ្នាប្តឹងមេ។

តាចូលនិវត្តន៍ម្នាក់ ជាអតីតមន្ត្រី មន្ទីរវប្បធម៌ខេត្តមួយ បានឱ្យដឹងថា កាលគាត់នៅធ្វើការ ប៉ះប្រធានមន្ទីរ “ទោសចរិត” បានហៅគាត់ទៅស្តីបន្ទោស ដោយគោះតុផាំង! ចង្អុលមុខគាត់ ដូចសត្រូវស៊ីសាច់។ ប្រធានមន្ទីរនោះ បន្ទោសគាត់ថា មកធ្វីការយឺតពេល ស្លៀកពាក់មិនសមរម្យ ឆ្កឹះកកាយកំហុស គាត់ ដែលមានតិចតួច ទៅជារឿងធំ។ គាត់មកយឺតតែ ៥នាទី ប្រធានទះតុ ចង្អុលមុខ ស្តីឱ្យដូចបាវបម្រើ ប៉ុន្តែគាត់ស្គាល់ចិត្តប្រធាន ក៏ហុចលុយខ្លះជូនលោក ទិញកាតទូរស័ព្ទ ស្រាប់តែលោកប្រធាន សើចគ្រហាញ ឈប់ស្តីទៀតទៅ។

ករណីបែបនេះ ជារឿង “គាបស៊ី” ឬ “ធ្វើស៊ីកូនចៅឯង” តែម្តង បើសិនជា ស្រុកខ្មែរ សម្បូរមេប្រភេទនេះ រឿងអីកូនចៅ មិនក្តៅក្រហាយនាំគ្នាប្តឹង?

មេប៉ូលិសខ្លះ អត់ទាំងយល់តម្លៃថា ខ្លួនជា “ប៉ូលិសជាតិ” ផងទេ ដោយ លើកខ្លួនឯងថា ជា “សមាជិកសកម្មរបស់គណបក្សប្រជាជនកម្ពុជា” គាត់ចាំតែ ឃ្លាំមើលសកម្មជនបក្សប្រឆាំង ដែលធ្វើសកម្មភាព តាមគ្រប់រូបភាព សូម្បីតែ គណបក្សតូចតាច លើកស្លាក មានការអនុញ្ញាពីមេភូមិ មេឃុំ និងម្ចាស់ផ្ទះគេ បើកឱ្យលើកមុខផ្ទះ ក៏លោកមេប៉ូលិស ប្រើកូនចៅទៅរករឿង ខុសគោលការណ៍ ប្រជាធិបតេយ្យ ប៉ុន្តែបើ CPP លើកស្លាកមុខអធិការដ្ឋាន គាត់អត់ឃាត់ទេ។

នគរបាលជាតិ ជាកម្លាំងស្នូលរបស់ជាតិ គ្មានគណបក្សទេ ប៉ុន្តែករណី មេប៉ូលិសខ្លះ រករឿងបក្សតូចតាច អាចថាមកពី មិនលើក “សួយសារអាករជូន” ឬមិនចេះអារសាច់ជូនខ្លា។

ប៉ូលិសជាតិ បើដាក់ខ្លួន ឬអង្គភាព ចូលក្នុងនយោបាយ នឹងធ្វើឱ្យឃ្លៀងឃ្លាត ក្រឹត្យវិន័យ សីលធម៌មិនខានឡើយ។ បក្សកាន់អំណាច ជាពិសេសក្រសួង មហាផ្ទៃ ក៏បានអប់រំណែនាំកម្លាំងនគរបាល ត្រូវអព្យាក្រឹត មិនលម្អេង្អៀទៅ នយោបាយ ប៉ុន្តែជួនកាលបើថ្នាក់លើមិនតាមដានឃ្លាំមើល អាចមានមេប៉ូលិស ខ្លះ យកឥទ្ធិពល CPP ទៅរកស៊ីយ៉ាងកាក់កប។ ដល់គាបសង្កត់សកម្មជនប្រឆាំង ឱ្យរាបទាប លែងហ៊ានខ្វើក គាត់ងាកទៅគាបសង្កត់កូនចៅឯង ធ្វើឱ្យក្តៅទឹកក្តៅដី កើតជាការតវ៉ាឱ្យដកតំណែងជាហូរហែ ដូចឃើញកន្លងមក…៕

RELATED ARTICLES