Monday, December 23, 2024
Homeបរិយាយសស្ត្រវិជ្ជា និងសាស្ត្រវិជ្ជា

សស្ត្រវិជ្ជា និងសាស្ត្រវិជ្ជា

ដោយ អាចារ្យថាំ

វិជ្ជា បែងចែកជាច្រើនមុខជំនាញ ប៉ុន្តែបើបង្រួមឱ្យខ្លី មានតែពីរប៉ុណ្ណោះ គឺ “សស្ត្រវិជ្ជា និងសាស្ត្រវិជ្ជា” កំពុងដើរតួនាទី យ៉ាងសំខាន់ក្នុងការទ្រទ្រង់ និងអភិវឌ្ឍន៍សកលលោកនេះ។ សូម្បីតែឆាកនយោបាយ ក៏ចាំបាច់ត្រូវយកវិជ្ជាទាំងពីរនេះមក ប្រើដែរ ហើយបើអ្នកដឹកនាំប្រទេស ឬអ្នកនយោបាយណា យក “សស្ត្រវិជ្ជា” មកប្រើ ធ្វើឱ្យយុទ្ធសាស្ត្រនយោបាយនោះ ខ្លាំង ឬឈ្នះគេរាប ដែល “នគរធំ” ក្តាប់បាន សូមលើកពី “វិជ្ជា” មកធ្វើប្រធានបរិយាយថ្ងៃនេះ…។

“សស្ត្រវិជ្ជា” មានន័យថា ចំណេះដឹងពាក់ព័ន្ធនឹងសព្វាវុធ ជាពាក្យបូកផ្សំរវាង “សស្ត្រ+ វិជ្ជា”។ “សស្ត្រ” (អានថា ស័សស្ត្រៈ) ប្រែថា គ្រឿងអាវុធគ្រប់បែប តាំងពីកាំបិត ពូថៅ ដាវ លំពែង ធ្នូ ស្នា កាំភ្លើង គ្រាប់បែក រហូតដល់អាវុធ នុយក្លេរអ៊ែរ ឬបរមាណូ។

”សាស្ត្រវិជ្ជា” (អានថា សាសស្ត្រៈ) ជាចំណេះដឹងរៀនតៗគ្នា តាមក្បួនតម្រា គម្តីរ សាស្ត្រា ពាក្យណែនាំ សំដៅដល់ ភូមិសាស្ត្រ ភូគព្វសាស្ត្រ វិទ្យាសាស្ត្រ ជីវសាស្ត្រ នីតិសាស្ត្រ វេជ្ជសាស្ត្រ៘

មនុស្សគ្រប់រូបគ្រប់ជាតិសាសន៍ ត្រូវស្វែងរក “សាស្ត្រវិជ្ជា” ឱ្យចេះសិន ទើបឆ្លងទៅចាប់យុទ្ធសាស្ត្រនយោបាយបាន។ រីឯអ្នកនយោបាយខ្លាំង សំខាន់នៅលើ “សស្ត្រវិជ្ជា” ឬជំនាញគ្រប់គ្រងកងប្រដាប់អាវុធនេះឯង ពុំមែនជំនាញខាងគម្ពីរដីកា សាស្ត្រាស្លឹករឹត ទៅដឹកនាំប្រទេសបានងាយនោះទេ។

កន្លងមក ពួកប្រឆាំង នៃអតីតបក្សសង្គ្រោះជាតិ (CNRP) បានរិះគន់គណបក្សប្រជាជនកម្ពុជា (CPP) ថា បានយក កម្លាំងប្រដាប់អាវុធ “ជាឧបករណ៍រក្សាអំណាច” មិនចង់ឱ្យបក្សប្រឆាំងខ្លាំង ចូលប្រកួតការបោះឆ្នោត ព្រោះខ្លាចចាញ់។

លោកសួន សូរីដា អតីតមន្ត្រីប្រឆាំងក្រុមលោកកឹម សុខា បានដកស្រង់សម្តីលោកសុខ ឥសាន អ្នកនាំពាក្យ CPP ថា “គណបក្សដែលទើបបង្កើតថ្មី ទោះបីរួមគ្នា ក៏មិនមែនជាដៃគូប្រកួតការបោះឆ្នោតជាមួយ CPP ទេ” ប៉ុន្តែលោកសួន សូរីដា ចោទជាសំណួរថា “តើ CPP ចង់ឈ្នះឆ្នោតដោយគ្មានគូប្រកួតឬ? តើ CPP ជាគណបក្សខ្លាំង ឬខ្សោយ បានជាមិនហ៊ាន បោះឆ្នោតជាមួយគូប្រកួតពិត?”

ការលើកឡើងពីរឿងបោះឆ្នោត វានៅក្នុង “សាស្ត្រវិជ្ជា” គឺប្រើអក្សរ តួលេខ បច្ចេកទេស ក្នុងការគ្រប់គ្រង បង្ហាញ ទិន្នន័យបោះឆ្នោត ដែលបក្សកាន់អំណាច យកមកប្រើក្នុងបែបផែនប្រជាធិបតេយ្យ សេរីពហុបក្ស។ ផ្ទុយទៅវិញ បក្សកាន់- អំណាច ចាំបាច់ត្រូវតែយក “សស្ត្រវិជ្ជា” មកប្រើដើម្បីលទ្ធភាពឈ្នះ-ឈ្នះបន្តទៅមុខទៀត។

“សស្ត្រវិជ្ជា” សំដៅដល់ការពង្រឹងកងកម្លាំងប្រដាប់អាវុធឱ្យខ្លាំង មានស្វាមីភក្តិ ចំពោះអ្នកដឹកនាំប្រទេស មានសព្វាវុធ ទំនើបៗ ជាពិសេសត្រូវយកទម្រង់ “បុគ្គលនិយម” មកបញ្ចូលខ្លះទើបបាន។

“ទម្រង់បុគ្គលនិយម” គឺធ្វើឱ្យកងទ័ពគោរពស្រលាញ់មេដឹកនាំកំពូល តម្កល់ទុកជាបិតា ឧបមាដូច “ព្រះបាទជយវរ្ម័នទី៧” ព្រះអង្គជាកំពូលមេទ័ពខ្មែរ ដែលកងទ័ពទុកព្រះអង្គជា “ព្រះបិតា” ជាហេតុនាំឱ្យបទបញ្ជាព្រះនរបតី ត្រូវកងទ័ពគោរព ទុកលើសិរសា។ កងទ័ព ឬ “សែន្យានុភាព” ខ្លាំងពូកែនោះ អាចវាយទម្លាយរបងហ៊ុមព័ទ្ធរបស់បច្ចាមិត្ត ជាហេតុនាំឱ្យកម្ពុជា នារជ្ជកាលព្រះបាទជយវរ្ម័នទី៧ ក្លាយទៅជា “ចក្រភពកម្ពុជទេស” ធំធេងថ្កុំថ្កើង រុងរឿងលើសសម័យណាៗទាំងអស់។

“ព្រះចៅណាប៉ូឡេអុង” នៃប្រទេសបារាំង ក៏យកលទ្ធិបុគ្គលនិយមមកប្រើដែរ ជាហេតុនាំឱ្យកងទ័ពទុកព្រះអង្គជា ព្រះបិតា ពង្រីកទឹកដី បានមួយចំហៀងទ្វីបអឺរ៉ុប។ ក្រោយមក ព្រះចៅណាប៉ូឡេអុង ធ្វេសព្រះស្មារតី យកមហេសីទី២ បោះបង់ព្រះនាងហ្សូហ្ស៊េហ៊្វីន ជាមហេសីទី១ ជាហេតុនាំឱ្យកងទ័ពដកចិត្តស្រលាញ់ ទីបំផុត ណាប៉ូឡេអុង ត្រូវគេផ្តួលរំលំ បបរបង់ទៅនៅកោះកណ្តាល សមុទ្រ រហូតក្ស័យព្រះជន្មទៅ។

“ហ៊ីទ្លែរ” នៃប្រទេសអាល្លឺម៉ង់ សម័យសង្គ្រាមលោកលើកទី២ ក៏ប្រើទម្រង់បុគ្គលនិយមនេះដែរ ទើបកងទ័ពអាល្លឺម៉ង់ ខ្លាំងពូកែ ប៉ុន្តែភាពផ្តាច់ការហួសហេតុរបស់ហ៊ីទ្លែរ ធ្វើឱ្យកងទ័ពបាក់ទឹកចិត្ត ក៏ដល់នូវបរាជ័យ។

ខាងលើនេះ ចង់បង្ហាញពីលក្ខណៈត្រឹមត្រូវនៃ “សស្ត្រវិជ្ជា” គឺវិជ្ជាគ្រប់គ្រងកងទ័ព និងសព្វាវុធនេះឯង បើអ្នកដឹកនាំ ខ្លាំង ខ្វះវិជ្ជានេះ មិនឈ្នះគេទេ។ នៅក្នុងរឿង “រាជបុត្រ ៣អង្គ រៀនសិល្ប៍ ៣យ៉ាង” ក្នុងប្រជុំរឿងព្រេងខ្មែរ តំណាលពី រាជកុមារទី១ រៀនសិល្ប៍ធ្នូ (បាញ់មិនចេះខុស) ទី២ រៀនខាងហោរាសាស្ត្រ (ទាយមិនចេះខុស) ទី៣ រៀនខាងយកចិត្ត ពលរេហ៍។ លុះព្រះបិតាដាក់រាជ្យ មិនដឹងជាជ្រើសយកបុត្រអង្គណា ព្រោះមានវិជ្ជាប្រដមប្រសងគ្នា ក៏សួរព្រះមហាឥសី ឱ្យជួយដោះស្រាយ។ តាឥសី ឱ្យជ្រើសរាជកុមារ “ចេះយកចិត្តពលរេហ៍” ជាព្រះមហាក្សត្រ តែងតាំងអ្នកចេះសិល្ប៍ធ្នូ ជា មេទ័ព និងបុត្រ “ចេះទស្សន៍ទាយ” ជាមហាឧបរាជ។

ដូច្នេះយើងឃើញថា អ្នកនយោបាយណាដែលប៉ិនប្រសប់យកចិត្តពលរេហ៍ ចេះគ្រប់គ្រងទ័ព ដឹងតែឈ្នះគេរាប។ ការ គ្រប់គ្រងកម្លាំងទ័ព នៅក្នុង “សស្ត្រវិជ្ជា” នេះឯង ដូចបច្ចុប្បន្ន យើងឃើញសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រសប់បំផុត ក្នុងការគ្រប់គ្រងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ ទោះបីជាច្បាប់ចែងថា “កងទ័ព ប៉ូលិស ប៉េអឹម ជារបស់ជាតិ មិនឱ្យ លម្អៀងទៅនយោបាយ” ក៏ទាហាន ប៉ូលិស ប៉េអឹម បានហៅនាយករដ្ឋមន្ត្រីថា “សម្តេចពុក” ស្រដៀងនឹងទម្រង់យោធា ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧។

យើងគប្បីយល់ថា បើកាលណាកម្លាំងទ័ព មានស្វាមីភក្តីចំពោះថ្នាក់ដឹកនាំ អាច “ទប់រដ្ឋប្រហារ” មិនឱ្យកើតឡើងបាន ឡើយ។ រដ្ឋប្រហារ វាចេញពីកងប្រដាប់អាវុធ ចុះបើកងប្រដាប់អាវុធស្មោះត្រង់នឹងនាយករដ្ឋមន្ត្រី តាំងពីលើដល់ក្រោម យ៉ាងនេះ រដ្ឋប្រហារកើតពីណា? ដោយឡែក កងអង្គរក្សនាយករដ្ឋមន្ត្រី មានការអប់រំថ្លៃថ្នូរ ឱ្យចេះជួយពលរដ្ឋក្នុងពេល ទឹកជំនន់ រាំងស្ងួត រលំផ្ទះ ចែកអំណោយ ជួយភ្ជួររាស់ ដកស្ទូង ជាហេតុនាំឱ្យប្រជាពលរដ្ឋជឿទុកចិត្ត។

ចំពោះមន្ត្រីយោធាណាដែលរំលោភសិទ្ធិពលរដ្ឋ វាតយកដីរដ្ឋ ចាក់ដីលុបបឹង ត្រពាំង សមុទ្រ ឃើញដកស័ក្តិ ដាក់គុក ជាហូរហែ ដើម្បី “ថ្នមចិត្តរាស្ត្រ” នេះឯង។

បក្សកាន់អំណាច ប្រើយុទ្ធសាស្ត្រនយោបាយ ផ្តល់អាទិភាពទៅលើ “សស្ត្រវិជ្ជា” គឺចេះគ្រប់គ្រងកងប្រដាប់អាវុធនេះ ឯង ទើបមានសមត្ថភាពដឹកនាំប្រទេស តាំងពីឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ។ ករណីពួកប្រឆាំង ចេះតែខាង “សាស្ត្រវិជ្ជា” ប្រមែប្រមូលបណ្ឌិតបញ្ញវន្ត គ្រប់មុខជំនាញ ឱ្យចូលរួម ចង់យកឈ្នះ CPP តាមសន្លឹកឆ្នោតនោះ “នគរធំ” មើលឃើញថា ពិបាកណាស់ ព្រោះថា “សាស្ត្រវិជ្ជា” ជាប់លំដាប់ទី២ ដូចការពន្យល់ខាងលើ។ សរុបទៅ “សស្ត្រវិជ្ជា និងសាស្ត្រវិជ្ជា” ដើរទន្ទឹមគ្នា រហូត នៅក្នុងឆាកនយោបាយ ប៉ុន្តែមូលហេតុបក្សកាន់អំណាច CPP ចេះតែឈ្នះរាល់អាណត្តិនោះ មកពីខ្លាំងខាង “សស្ត្រវិជ្ជា” ឬវិជ្ជាចំណេះជំនាញខាងគ្រប់គ្រងកម្លាំងប្រដាប់អាវុធ។ រីឯលោក សម រង្ស៊ី លោកកឹម សុខា ក៏ដូចសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ជំនាញខាងសេដ្ឋកិច្ច និងនីតិសាស្ត្រ លុះចូលប្រកួតជា មួយ “សស្ត្រវិជ្ជា” បានត្រឹមតែចាញ់រាល់ក្តារយ៉ាងនេះទៅ…៕

RELATED ARTICLES