Monday, December 23, 2024
Homeបរិយាយស្បថមិនចំកន្លែង

ស្បថមិនចំកន្លែង

ដោយ អាចារ្យថាំ

ជាទូទៅ នាហ្មឺនសព្វមុខមន្ត្រី តាំងពីបុរាណកាល ដល់បច្ចុប្បន្ន មុននឹងចូល កាន់តំណែង ត្រូវ “ផឹកទឹកសម្បថ” ឬ “ពិភទ្ទសច្ចា” ជាមុនសិន។ ពិធីស្បថនោះ ត្រូវរៀបចំធ្វើនៅក្នុងព្រះបរមរាជវាំង ពីមុខព្រះបរមស្វេតច្ឆត្រ មានក្រុមបារគូ សូត្រប្រកាសអញ្ជើញទេវតារក្សាស្វេតច្ឆត្រ មកចាំទទួលធ្វើជាសាក្សី។ ពិធីស្បថ នេះ ចេញជាពាក្យសច្ចា ថាស្មោះត្រង់នឹងជាតិ សាសនា ព្រះមហាក្សត្រ ពុំមែន ស្បថដាក់ជីវិតដូច “ស្បថប្រាំធាន” (ប្រណិធាន) នោះទេ។

“ស្បថប្រាំធាន” គឺស្បថធ្ងន់ៗ យកស្លាប់រស់ ហើយកន្លែងដែលល្បីមានបារមី ខ្លាំង គឺ “ព្រះអង្គដងកើ” បើបុគ្គលណាប្រព្រឹត្តខុសហ៊ានទៅស្បថបំពាន ច្បាស់ ជាវិនាសខ្លួនមិនខានឡើយ។

ប៉ុន្មានឆ្នាំមុន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ហៅលោកសម រង្ស៊ី ទៅស្បថមុខព្រះអង្គដងកើ ម្តងដែរ តែមេប្រឆាំងឆ្លើយថា សម័យវិទ្យាសាស្ត្រ នេះ មិនត្រូវយករឿងស្បថមកប្រើទៀតទេ។

ឥឡូវមានពួកប្រឆាំងក្មេងៗ បង្ហោះសំណេរតាមហ្វេសប៊ុក បបួលលោកអ៊ូ ច័ន្ទរ័ត្ន លោកគង់ គាំ ទៅស្បថមុខព្រះអង្គដងកើ ពាក់ព័ន្ធដល់រឿងការសង្ស័យ ស៊ីលុយស៊ីកាក់ ពី CPP។

ប្រឈមការហៅនេះ លោកគង់ គាំ និងលោកអ៊ូ ច័ន្ទរ័ត្ន ប្រកែកញ៉ាញថា មិនចាំបាច់ស្បថអីទេ ព្រោះពួកលោកគ្មានអ្នកណាទិញក្បាលស្អីទេ រីឯកាបង្កើត បក្សថ្មី មកពីចង់បោះឆ្នោតផ្តួលបក្សកាន់អំណាច។

ក្តាប់បានបញ្ហានេះ គឺមកពី “ស្បថមិនចំកន្លែង” ពោលគឺតំណាងរាស្ត្រធ្លាប់ ស្បថមុខទេវតារក្សាស្វេតច្ឆត្រ អត់ឃើញអី ទើបពួកប្រឆាំងក្មេងៗ បបួលចាស់ទុំ ទៅស្បថនៅព្រះអង្គដងកើ មកពីពួកគេជឿថា បារមីព្រះអង្គដងកើ ចាំតែដាក់ ទោសអ្នកធ្វើខុស។

ព្រះអង្គដងកើ គឺជាព្រះពុទ្ធប្បដិមា ធ្វើពីថ្មភក់ ក្នុងរចនាបថអង្គរ ល្បីថា មាន “ព្រាយក្បាល៨” ថែរក្សា សូម្បីរបបប៉ុល ពត លើកព្រះអង្គទម្លាក់ក្នុងទឹក ទន្លេ ក៏មានអ្នកនេសាទខ្មែរ-អ៊ិស្លាម បង់សំណាញ់ប៉ះ រាយការណ៍ជូនអាជ្ញាធរ លើកស្រង់មកតម្កល់ក្នុងទីតាំងដដែលវិញ។ ល្បីថាមានអ្នកទៅស្បថច្រើនណាស់ ដែលចាញ់សម្បថ ត្រូវរន្ទះបាញ់ ឡានបុក ខ្យល់គរ ពស់ចឹក ជាដើម ទើបប្រជា-ពលរដ្ឋជឿបារមីព្រះអង្គដងកើ ថាស័ក្តិសិទ្ធិ នាំគ្នាទៅស្បថ ឬបន់ស្រន់។

ដោយឡែក ទេវតារក្សាស្វេតច្ឆត្រ មិនកាច់ដូចព្រាយក្បាល៨ ថែរក្សា ព្រះអង្គដងកើ នោះទេ។ ទេវតា មាន ៦ជាន់ថ្នាក់ សុទ្ធតែកាន់ធម៌មេត្តា ករុណា មុទិតា ឧបេក្ខា។ ទេវតាអង្គណាដែលកាន់ធម៌មិនជាប់ និងត្រូវច្យុត (ស្លាប់) មួយរំពេច ដែលកំហុសឈានដល់ច្យុត មាន ៣យ៉ាង គឺ ១. ដោយក្រេវក្រោធ ២. ដោយភ្លេចសោយអាហារទិព្វ ៣. ដោយអស់បុណ្យ។ ដូច្នេះឧបមាថា ទេវតា រក្សាស្វេតច្ឆត្រ ទតឃើញនាហ្មឺន មន្ត្រីណា ក្បត់ពាក្យសម្បថ ក៏មិនហ៊ានក្រោធ ខឹង ឬកាច់មន្ត្រីនោះដែរ ព្រោះខ្លាចច្យុត។ ដូច្នេះមានន័យថា “ស្បថមិនចំ កន្លែង” ពោលគឺស្បថមុខទេវតា មិនច្បាស់ដូចស្បថមុខព្រាយ ដែលថែរក្សា ព្រះអង្គដងកើ។

អ៊ីចឹងហើយបានជាមន្ត្រីយើងមួយចំនួន បើមានគេបបួលស្បថ ដូចលោកអ៊ូ ច័ន្ទរ័ត្ន លោកគង់ គាំ ជាដើម មិនហ៊ានលេងចូលជាមួយក្មេងៗ ដែលហៅពួក លោកទៅស្បថមុខព្រះអង្គដងកើ នោះទេ។

យុវជនម្នាក់នោះ សរសេរថា “ហ៊ានស្បថទេ បើធ្វើនយោបាយ មិនយកលុយ គេ ចេញភ្លេងពិណពាទ្យ ជូនដំណើរឱ្យស្បថ ១២បទ” ប៉ុន្តែគ្មានចាស់ទុំឯណាឆ្កួត ទៅស្បថតាមតែក្មេងៗបបួលនោះទេ។

ស្បថមិនចំកន្លែង អត់អីទេ កាន់តែបានឡើងបុណ្យស័ក្តិ តែបើស្បថចំកន្លែង មិនស្រួលទេ បើចេះយករឿងទេវតា និងព្រាយ មកពិចារណាតាមជំនឿអរូបី…៕

RELATED ARTICLES