Monday, December 23, 2024
Homeបរិយាយជាន់កចិន លៀនអណ្តាតខ្មែរ

ជាន់កចិន លៀនអណ្តាតខ្មែរ

ដោយ អាចារ្យថាំ

ចាស់ៗបានទុកពាក្យបណ្តាំ ឱ្យមនុស្សស្រករក្រោយចងចាំថា “ជាន់កចិន លៀនអណ្តាតខ្មែរ” ដោយសារជនជាតិចិន អន្តោប្រវេសន៍ ចូលមកដល់កម្ពុជា ប៉ិនប្រសប់ខាងមុខរបរជំនួញ។ បើអាជ្ញាធរគាបសង្កត់ជាន់កចិន ពិតណាស់ថា កសិករ ខ្មែរ ឬអ្នកជំពាក់បំណុលចិន លៀនអណ្តាតមិនខាន ព្រោះចិន ផ្តច្កា់សេដ្ឋកិច្ច។ ករណីអាមេរិក ដាក់ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់ កម្ពុជា គឺមកពីខឹងងាកទៅចិនពេក គឺមុខព្រួញជាន់កចិន ឯណោះទេ តែចុងក្រោយ អ្នកលៀនអណ្តាត គឺខ្មែរ ដែល “នគរធំ” ក្តាប់បានក៏លើកពីរឿងចិន មកធ្វើប្រធានបទបរិយាយថ្ងៃនេះ…។

លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានលើកឡើងតាមបណ្តាញសង្គមថា “ការធ្វើច្បាប់ ដាក់ទណ្ឌកម្មកម្ពុជា= មិនមែនរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សស្អីទេ តែមកពីគេខឹងមិនចង់ឱ្យទាក់ទងចិន?” ទោះ ជាលោកប្រើសញ្ញាសួរ? ពីមុខ ក៏មានន័យចង្អុលបង្ហាញថា “អាមេរិក ខឹងចិន ក៏ដាក់ទណ្ឌកម្មមន្ត្រីខ្មែរ” ប៉ុន្តែលទ្ធផលចុង-ក្រោយ “លៀនអណ្តាតពលរដ្ឋខ្មែរ” ឯណោះ។

គួរយល់ថា នយោបាយអាមេរិក បើមិនចំណេញ គេមិនធ្វើទេ ព្រោះជួនកាលអាមេរិក ដាក់ទ័ពជួយប្រទេសណាមួយ លុះប្រមូលបានផលចំណេញល្មមហើយ អាមេរិក ដកទ័ពចេញយ៉ាងប្រថុចញ៉ុច។ នយោបាយអាមេរិក នៅវៀតណាម កាល ពីអំឡុងទសវត្សឆ្នាំ១៩៦០ គឺមានមុខព្រួញ “បំបែកប្រទេសកុម្មុយនីស្តចិន និងវៀតណាម ឱ្យពាក់មុខយក្សដាក់គ្នា” ដោយ ចាក់គូទសហភាពសូវៀត ឱ្យជួយវៀតណាមខាងជើង អាមេរិក ជួយវៀតណាមខាងត្បូង ឯចិន ត្រូវគេផាត់ចេញ។ លុះ ដឹងថា ប្រទេសកុម្មុយនិស្តទាំង៣ នេះ ទាស់គ្នា អាមេរិក ប្រកាសដកទ័ពចេញពីវៀតណាមភ្លាម ទុកឱ្យពួកកុម្មុយនីស្ត ចូល កាន់កាប់ទីក្រុងព្រៃនគរ ឈានទៅឯកភាពជាតិ។ ទោះជាវៀតណាម ឯកភាព ក៏នៅតែមិនត្រូវធាតុគ្នាជាមួយចិន ទល់ សព្វថ្ងៃ ទៅរងផលវិបាកដល់ពលរដ្ឋយួន ដែលខ្លះរកដី ១ដុំ សង់ខ្ទមមិនបាន ក៏នាំកូនជញ្ជូនចៅ ភៀសខ្លួនមកកម្ពុជា ដោយ ខុសច្បាប់ ចំណុចនេះមានន័យថា អាមេរិក “ជាន់កចិន លៀនអណ្តាតយួន”។

ឥឡូវអាមេរិក ខឹងចិន ដែលផ្តល់ជំនួយ និងកម្ចីសន្ធឹកសន្ធាប់រាប់ពាន់លានដុល្លារ ដល់កម្ពុជា ក៏រករឿងបង្កើតច្បាប់ដាក់ ទណ្ឌកម្មមន្ត្រីជាន់ខ្ពស់កម្ពុជា រួមទាំងឧកញ៉ាគ្រាក់ៗផង។ ឧបមាថា ច្បាប់បង្កកទ្រព្យសម្បត្តិ បិទទិដ្ឋាការ ចូលជាធរមាន អ្នករងផលវិបាក ពុំមែនធ្លាក់ទៅលើមន្ត្រីជាន់ខ្ពស់ និងឧកញ៉ាទាំងនោះទេ គឺថ្មវាបាក់សង្កត់កម្មករ កម្មការិនីរោងចក្រ កសិករ ក្រីក្រឯណោះទេ។ មន្ត្រីភាគច្រើនសុទ្ធតែមានភាគហ៊ុនរកស៊ីជាមួយថៅកែ ឬប្រធានក្រុមហ៊ុនជាជនជាតិចិន បើអាមេរិក ធ្វើឱ្យចិន បាត់បង់ឱកាសវិនិយោគនៅកម្ពុជា រឿងអីមិនលៀនអណ្តាតកម្មករខ្មែរ?

សម្តេចឪ ព្រះបរមរតនកោដ្ឋ បានទុកព្រះរាជបណ្តាំថា “បើកម្ពុជា ងាកចេញពីចិន កម្ពុជា នឹងក្លាយជារដ្ឋទ្រនាប់សៀម- យួន ដូចពីមុន” ដោយហេតុថា នៅសម័យលង្វែក-ឧដុង្គ យើងមិនទាន់មានទំនាក់ទំនងជិតស្និទ្ធជាមួយចិន ជាហេតុនាំឱ្យ ប្រទេសជិតខាងទាំងពីរនេះ ដណ្តើមគ្នាឈ្លានពាន ពុះទឹកដីខ្មែរ ចែកគ្នាត្រួត។ លុះកម្ពុជា ក្លាយទៅជារដ្ឋទ្រនាប់របស់គេ ទើប “ព្រះបាទអង្គឌួង” ងាកទៅសុំជំនួយពីបារាំង ឱ្យជួយការពារ ប៉ុន្តែទីបំផុតបារាំង មានភាពលម្អៀង ក៏កាត់ទឹកដីកម្ពុជា ក្រោម ឱ្យយួន គ្រប់គ្រងរហូតដល់សព្វថ្ងៃ។ ដូច្នេះខ្មែរ មិនអាចសង្ឃឹមអាមេរិក ឬបារាំង បានទៀតទេ ទាល់តែពឹងចិន ម្តង វិញ ព្រោះចិន មានឥទ្ធិពលលើបណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ ជាពិសេសនៅឥណ្ឌូចិន។ ឥទ្ធិពលមហាអំណាចិន ធ្វើឱ្យ គេចផុតពីរដ្ឋទ្រនាប់ រដ្ឋមាត់ដង្គាបរបស់គេ ប៉ុន្តែបើកម្ពុជា មិនចេះ “នយោបាយចាក់ខ្សែ” ក៏រងផលវិបាកដែរ។

“នគរធំ” មើលឃើញថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា “ចេះនយោបាយចាក់ខ្សែ” ទោះជាល្អូកល្អិនជាមួយចិន ក៏មិនចោលអាមេរិក និងសម្ព័ន្ធមិត្ត ប៉ុន្តែមន្ត្រី CPP ថ្នាក់ក្រោមមួយចំនួន មិនសូវឆ្លាត។ មិនឆ្លាត នៅត្រង់ “ប្រឹងជេរដៀមដាមអាមេរិក” អត់ឈប់ ធ្វើឱ្យខូចនយោបាយថ្នាក់លើ ជួនកាលមន្ត្រីខ្លះរករឿងចាប់កំហុស ដល់ មន្ត្រីទូតអាមេរិក ប្រចាំកម្ពុជា ដែលគ្រាន់តែគេនិយាយពីសិទ្ធិមនុស្ស ពីការកាប់ព្រៃឈើ ចោទថា គេលូកដៃចូលកិច្ចការ ផ្ទៃក្នុង។ បើយើងរករឿងគេៗ ខឹងដែរ ក៏សងសឹកវិញតាមរយៈចេញច្បាប់ដាក់ទណ្ឌកម្ម មានមុខព្រួញ “ជាន់កចិន” ជា លទ្ធផល “លៀនអណ្តាតខ្មែរ”។

ករណីជនជាតិចិន ដែលចូលមកកម្ពុជា ពីមុន ជាពិសេសក្នុងសម័យបដិវត្តន៍ ស៊ុន យ៉ាតសេន រួមមាន ចិនហុកកៀន, ចិនទាជីវ, ចិនកន្តាំង, ចិនហៃណាំ, ចិនខិ សរុប ១៣ត្រកូល បានបង្កាត់កូនចៅ នៅពេញទឹកដីខ្មែរ ដែលខ្មែរបច្ចុប្បន្ន ភាគ ច្រើនសុទ្ធតែជាប់សែកុងម៉ា ជំនាន់នោះ។ ដូច្នេះករណីថ្នាក់ដឹកនាំប្រទេស ចងសម្ព័ន្ធភាពជាមួយចិន “អត់ខុសអីទេ” ដើម្បី យកឥទ្ធិពលចិន មកទប់ទល់នឹងមហិច្ឆតាយួន-សៀម។ យើងល្អូកល្អិនជាមួយចិន ក៏មិនត្រូវផាត់អាមេរិក បារាំង អង់គ្លេស នោះដែរ យោងតាមសុភាសិត “ឈើវៀចធ្វើកង់ ឈើត្រង់ធ្វើកាំ”។ ហេតុនេះបើថ្នាក់ដឹកនាំ CPP មិនចេះប្រយ័ត្ន បណ្តែត-បណ្តោយឱ្យមន្ត្រីថ្នាក់ក្រោម ជេរដៀលអាមេរិក ដូចសព្វថ្ងៃ មិនខុសពីយកភ្លើងដុតផ្ទះខ្លួនឯង។

អាមេរិក បើធ្វើអ្វី ទាល់តែបានចំណេញ ទើបគេធ្វើ ដូចករណីអាមេរិក ដកកងទ័ពចេញពីវៀតណាម កាលពីឆាំ១៩៧៥ គឺអាមេរិក ចំណេញត្រង់បំបែកកម្លាំងកុម្មុយនីស្តសូវៀត ចិន វៀតណាម ឱ្យមានអរិភាពជាមួយគ្នា។ ឥឡូវអាមេរិក ដក កងទ័ពចេញពីអាហ្វហ្គានីស្ថាន មកពីបានចំណេញរួចទៅហើយ បន្ទាប់ពីអាមេរិក ចំណាយអស់រាប់ពាន់លានដុល្លារ ជួយរដ្ឋាភិបាលលោកហាមីត ហាហ្សៃ និងឆ្លងដល់រដ្ឋាភិបាលប្រធានាធិបតី Ashraf Ghani។ ចំណេញនៅត្រង់បំបែកកម្លាំងមហាអំណាចចិន និងរុស្ស៊ី កម្ទេចក្រុមអាល់កៃដា អូសាម៉ា ប៊ីន ឡាដិន។ ទោះជាចិន បានចងសម្ព័ន្ធជាមួយក្រុមតាលីបង់ ចូល កាន់កាប់រដ្ឋធានីកាប៊ុល ក៏តាលីបង់ ស្រករក្រោយមិនសាហាវព្រៃផ្សៃដូចតាលីបង់ មុន ដែលធ្លាប់បាញ់កម្ទេចព្រះពុទ្ធប្បដិមា ឆ្លាក់ជាប់ជញ្ជាំងភ្នំ មានអាយុជាង ១០០០ឆ្នាំ។ អាហ្វហ្គានីស្ថាន នៅជំនាន់ពុទ្ធកាល មានឈ្មោះថា “ដែនគន្ធារៈ” កាន់ព្រះពុទ្ធសាសនា លុះអ៊ីស្លាមចូលគ្រប់គ្រង ក៏ផ្ទុះសង្គ្រាមរហូត។

ដូច្នេះរឿងអាមេរិក ដាក់ច្បាប់គាបសង្កត់មន្ត្រីកម្ពុជា មកពីខឹងចិន ដូចអ្វីដែលលោកសុខ ឥសាន បានលើកឡើង។ ដល់ អាមេរិក ជាន់កចិន វាមកលៀនអណ្តាតខ្មែរ ឯណេះ ព្រោះប៉ះពាល់មិនចំពោះតែមន្ត្រីធំៗ ឧកញ៉ាគ្រាក់ៗនោះទេ តែផលវិបាក ធ្ងន់ដល់ប្រជាពលរដ្ឋក្រីក្រ។

អាមេរិក ធ្លាប់ដាក់ទណ្ឌកម្មរាជរដ្ឋាភិបាលសម័យសង្គមរាស្ត្រនិយម ម្តងដែរ ព្រោះគេខឹងរឿងនិស្សិតបញ្ញវន្ត លើកគ្នា ធ្វើបាតុកម្មវ៉ៃទូតអាមេរិក។ លុះសម្តេចឪ ចេះសម្របសម្រួលចិន ក៏ត្រូវ អាមេរិក ក៏ត្រូវ មានការអញ្ជើញលោកជំទាវមេម៉ាយ ហ្សាក់គីលីន កេណ្ណេឌី មកលេងស្រុកខ្មែរ ទើបអាមេរិក ដកទណ្ឌកម្មផ្តល់ជំនួយឱ្យវិញ។

ឥឡូវអ្វីៗវាជាន់ដានប្រវត្តិសាស្ត្រ គឺមកពីអាមេរិក ខឹងចិន ក៏រាលដាលមកដល់ថ្នាក់ដឹកនាំ CPP ដែលល្អូកល្អិនជាមួយ ចិន ទើបគេត្រៀមចេញច្បាប់ដាក់ទណ្ឌកម្ម។ ពេលប្រឈមបញ្ហានេះ ស្រាប់តែមន្ត្រី ថ្នាក់ក្រោម CPP មិនសូវវាងវៃ នាំគ្នា ជេរអាមេរិក ស្មានថាគេមិនចេះស្តាប់ភាសាខ្មែរ? បានត្រឹម “ដុតឱ្យខ្លោច រោចឱ្យឆៅ” លៀនអណ្តាតរាស្ត្រក្រីក្រឯណោះ។

សរុបទៅ “ជាន់កចិន លៀនអណ្តាតខ្មែរ” ជាពាក្យស្លោកបុរាណ លាតត្រដាងពីអាជ្ញាធរខ្មែរ ជាន់កឈ្មួញចិន បង្ខំឱ្យបង់ ពន្ធដារត្រាភាស៊ី ដល់ចិន ត្រដររួច លៀនអណ្តាតប្រជាកសិករក្រក្រីខ្មែរ ត្រូវចិន ទារបំណុល គ្មានយោគយល់។ អ៊ីចឹងបក្ស កាន់អំណាច ត្រូវធ្វើយ៉ាងណានៅពេលច្បាប់អាមេរិក ធ្លាក់មក? ឬមួយនៅតែធ្វើប្ញកសឿងបឿង អាងចិន? ចំណុចនេះ គួរយកគំរូតាមសម្តេចឪ ពេលអាមេរិក ផ្តាច់ជំនួយ ព្រះអង្គចេះយករបៀបចាក់ខ្សែ មកអនុវត្ត ក៏បានជំនួយពីអាមេរិក វិញ ឯជីវភាពប្រជារាស្ត្រ ក៏រួចផុតពីការលៀនអណ្តាត…៕

RELATED ARTICLES