ដោយ អាចារ្យថាំ
សព្វថ្ងៃ មនុស្សដណ្តើមជំនាញគេ មិនខ្វះទេ ដូចអ្នកខ្លះ អត់ជំនាញខាងពេទ្យ ទាល់តែសោះ ដឹងអី! ស្រាប់តែគាត់ “ចេះវិភាគកូវីដ” ខ្លាំងជាងវេជ្ជបណ្ឌិតចេញ ពីសាលាពេទ្យទៅទៀត។
គាត់វិភាគថា អ្នកស្លាប់ដោយកូវីដ នៅអាមេរិក ១ថ្ងៃៗរាប់រយនាក់ ឯស្រុក ខ្មែរ ស្លាប់តិចតួច អ្នកខ្លះទៀតវិភាគថា កូវិដកូនកាត់បណ្តើរកូន ចេញជា “ដែលតា” ជាស្អីៗ ពន្យារពេល ៣-៤ឆ្នាំទៀតឯណោះ។
បើចេញក្បួនវិភាគ តាមហ្វេសប៊ុក របៀបនេះ មិនមែនហៅវិភាគទេ តែ ហៅថា “ការបំភិតបំភ័យ” ឬ “បន្តុះបង្អាប់គេ” ក៏ថាបាន។ បំភ័យ នៅត្រង់គ្មាន ការលើកទឹកចិត្តអ្នកបានចាក់វ៉ាក់សាំង ២ដូស គាត់ថានៅតែឆ្លងកម្រិតខ្ពស់ សូម្បី អ្នកចាក់ ៣ដូសជំរុញ ក៏គ្មានការលើកសរសើរធានាអះអាងអ្វីដែរ គឺបំភ័យរហូត។
បន្តុះបង្អាប់ នៅត្រង់គាត់វិភាគថា អាមេរិក ងាប់ ១ថ្ងៃៗ រាប់រយនាក់ ឯ នៅកម្ពុជា ស្លាប់តិចតួច។ ករណីនេះ បើគេចេះពិចារណា មិនថាយ៉ាងនេះទេ ដោយគិតថា អាមេរិក ផលិតបានវ៉ាក់សាំង Johnson & Johnson មានប្រសិទ្ធ-ភាពទប់ទល់កូវីដ បានជាង ៩០% ឯណោះ និងចាក់តែ ១ដង។ ឯមូលហេតុដែល អាមេរិក នៅមានស្លាប់ច្រើន គឺមកពីពលរដ្ឋអាមេរិកខ្លះ គេចវេះមិនព្រមទៅ ចាក់វ៉ាក់សាំង។ មានក្រុមហ៊ុនខ្លះ បានលុបឈ្មោះអ្នកមិនចាក់វ៉ាក់សាំង ចេញពី បញ្ជីបុគ្គលិក ខណៈដែលអ្នកដើររកការងារធ្វើ គេអត់ទទួល ព្រោះមិនព្រមចាក់ វ៉ាក់សាំង។
ដូច្នេះរឿងឆ្លង គឺមកពីអ្នកខ្លាចម្ជុលហ្នឹងហើយ ម៉្យាងទៀត ប្រជាជនអាមេរិក មានជាង ៣០០លាននាក់ឯណោះ ទោះជាចាក់វ៉ាក់សាំង ក៏មិនទាន់បានទូលំ-ទូលាយគ្រប់គ្នា។ បើអ្នកមិនបានចាក់ វាត្រូវតែឆ្លង មួយថ្ងៃៗ ស្លាប់រាប់រយនាក់ យើងមិនបាច់ឆ្ងល់ ទោះជាអាមេរិក មានវ៉ាក់សាំងពូកែយ៉ាងណាក៏ដោយចុះ។
នៅកម្ពុជា ស្លាប់តិច ដោយសារអី? គឺមកពីយើងមិនទាន់បានផ្តល់វ៉ាក់សាំង ជូនពលរដ្ឋឱ្យបានគ្រប់ៗគ្នា គឺទើបតែបានជាង ៨លាននាក់ ក្នុងប្រជាជនជិត ១៧ លាននាក់ (ក្មេងក៏ឆ្លងដែរ)។ ប្រជាជនយើងតិច ឆ្លងក៏តិច ស្លាប់ក៏តិច ទៅប្រៀប ជាមួយអាមេរិក មានមនុស្សជាង ៣០០លាននាក់នោះ ម៉េចនឹងកើត? អ្នកឆ្លង មកពីបុគ្គលមួយចំនួន “ខ្លាចវ៉ាក់សាំង” ឧបមាដូចស្ត្រីអាំងភ្លើង ពេលឆ្លងទន្លេ ទោះជាប្តីស្ទោះសំបកស្តៅ ដាំទឹកឱ្យផឹក ក៏ប្រពន្ធមិនព្រមផឹក ព្រោះថ្នាំហ្នឹងវា ល្វីងពេក។ រីឯថ្នាំប៉េនីសស៊ីលីន សម្រាប់ផ្សះរបួស ប៉ុន្តែអ្នកមានរបួស មិនចង់ ចាក់ ព្រោះអាថ្នាំប្រភេទអង់ទីប៊ីយ៉ូទិកហ្នឹង វាចុកខ្លាំងណាស់។ កំលោះៗកើត ស្រែងកង្កែប ជំនាន់មុន ទោះជាមានលក់ថ្នាំតាយឡឹកស៊ី ក៏ពួកគេមិនចង់លាប ព្រោះអាថ្នាំចិនសែនោះ ពេលលាបម្តងៗ ទាល់តែរកផ្លិតបក់ រួចលោតកញ្ចាញ់-ចេក ឬចង់ហោះ ព្រោះវាក្តៅពេក។
អ៊ីចឹងទៅឆ្ងក់អីពីរឿងឆ្លងតិច ឆ្លងច្រើន ស្លាប់តិច ស្លាប់ច្រើន គឺមកពីកត្តា ដូចរៀបរាប់ខាងលើ។ វ៉ាក់សាំង មានហើយ បើមនុស្សមិនព្រមចាក់ ធ្វើម៉េច? សេះ មិនស្រេកទឹក ម្ចាស់អាចដឹកទៅដល់មាត់ត្រពាំង តែមិនអាចបង្ខំវាឱ្យផឹកទឹក បានឡើយ។
ដូច្នេះ “អ្នកវិភាគកូវីដ” គួរឈប់បំភិតបំភ័យ បន្តុះបង្អាប់ ដំឡើងតួចលេខឆ្លង និងស្លាប់ទៀតទៅ គួរទុកជំនាញនេះ ជូនក្រសួងសុខាភិបាលវិញ។ បើកហ្វេសប៊ុក មើលពេលណា សូម្បីតែនារីខ្លះ ប្រកបរបរលក់កាហ្វេ ក៏ចេះវិភាគកូវីដ ដែរ។ បើវិភាគត្រឹម “៣កុំ ៣ការពារ” ចេះបកស្រាយពន្យល់ក្បួនអនាម័យនោះ អត់អី ទេ ប៉ុន្តែនាងៗខ្លះវិភាគជ្រៅហួសហេតុ ជួនកាលនាងចេញក្បួនប្រដៅព្រះសង្ឃ តាអាចារ្យ កុំឱ្យទទួលចង្ហាន់ពុទ្ធបរិស័ទក៏មាន ក្រែងមានកូវីដ នៅក្នុងចង្ហាន់។ អ្នកខ្លះវិភាគថា រដូវភ្ជុំបិណ្ឌ កាន់បិណ្ឌ ខាងមុខ គួរកុំទៅវត្ត ប្រើ “ចង្ហាន់អនឡាញ” វិញ ដោយជួលអ្នកដឹកចង្ហាន់ឱ្យទៅវត្ត។
នែ៎! វាយ៉ាប់មែនទែន រឿងអ្នកអត់ជំនាញសុខាភិបាល បែរជានាំគ្នាវិភាគ កូវីដ ចេះជាងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ទៅទៀត!…៕