ដោយ អាចារ្យថាំ
អាមេរិក ជាមហាអំណាចទី១ លើពិភពលោក កាន់របបសេរីនិយម តែងផ្លាស់ប្តូរប្រធានាធិបតី ដាក់វេនគ្នា រវាងគណបក្ស ដែលមានតែពីរ មិនដែលត្រូវធាតុគ្នាជាមួយប្រទេសកុម្មុយនីស្ត ឬផ្តាច់ការ។ អាមេរិក កាន់លទ្ធិម៉្យាងទៀត គឺ “ចក្រពត្តិ និយម” វាតទីមួយពិភពលោក បានទាំងវាតទីរហូតដល់ភពព្រះចន្ទ ភពព្រះអង្គារ ឯណោះទៀត។ ដូច្នេះមិនបាច់សង្ស័យ ទេថា “នយោបាយអាមេរិក លើពួកប្រឆាំង” នៅកម្ពុជា គ្មានប្រែប្រួលឡើយ ដែល “នគរធំ” ក្តាប់បាន ក៏លើកមកធ្វើ ប្រធានបទ បរិយាយថ្ងៃនេះ…។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោកប៉ាទ្រិក មឺរហ៊្វី (W.Patrick Murphy) កាលពីពេលថ្មីៗនេះ បាន រិះគន់តុលាការកម្ពុជា ដែលកាត់ក្តីលោករ៉ុង ឈុង ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ និងពិន័យជាប្រាក់ថា “សេរីភាពក្នុងការបញ្ចោញមតិ ដែលត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ របស់ប្រទេសកម្ពុជា និងសារសំខាន់នៃដំណើរការលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធតុលាការ មិនគួរត្រូវបានគេរំលោភបំពាន ដើម្បីបំបិទសំឡេងសកម្មជនសន្តិភាពទេ”។
ជាការវាយបកវិញ លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានបង្ហោះសំណេរថា “ទីណា មានការឈ្លានពានពីចក្រពត្តិ = ទីនោះមានអំពើភេរវកម្មតស៊ូប្រយុទ្ធតបត? នយោបាយចក្រពត្តិនិយមវាតទី = ជាប្រភព នៃអំពើភេរវកម្ម។ តុលាការរកឃើញថា លោករ៉ុង ឈុន មិនបានបញ្ចោញមតិទេ = តែលោករ៉ុង ឈុន ទៅព្រំដែន ធ្វើការ ញុះញង់ពីបញ្ហាព្រំដែន បង្កអសន្តិសុខដល់សង្គម?…”។
ក្តាប់បាននូវការឆ្លើយឆ្លងមិនចំឈ្មោះ ឬអង្គភាពនេះ គេអាចយល់បានថា មន្ត្រី CPP វាយបកអាមេរិក ដែលជា ចក្រពត្តិវាតទីនិយម ខណៈដែលលោកទូតអាមេរិក ពន្លះរដ្ឋាភិបាលកម្ពុជា និងតុលាការ។ មិនមែនជារឿងថ្មីនោះទេ គឺតាំង ពីឆ្នាំ១៩៧៩ មកម៉្លេះ ដែលអាមេរិក តែងតែរិះគន់រដ្ឋាភិបាលកម្ពុជា តាំងពីសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា រហូត ដល់សម័យរាជាណាចក្រទី២ នេះ រិះគន់រហូត។ ទូតអាមេរិក មួយណា ក៏ដូចមួយណាដែរ ទាំងប្រុសទាំងស្រី ចាំតែឃ្លាំមើល ការអនុវត្តច្បាប់នៅកម្ពុជា បើឃ្នើសចិត្តគេៗកិនប្រាវ អត់ទុកទេ រីឯមន្ត្រីកម្ពុជា ក៏វាយបកវិញ ក្លាយជារឿងសាមញ្ញោទៅ ហើយ។
ដោយឡែក លោកប៉ាទ្រិក មឺរហ៊្វី ជាទូតចុងក្រោយប្រចាំកម្ពុជា ដែលព្រឹទ្ធសភាអាមេរិក ស្រាល់ជ្រើសបោះឆ្នោតសម្តែង ការទុកចិត្ត រួចបញ្ជូនទៅឱ្យលោកប្រធានាធិបតិ ដូណាល់ ត្រាំ ចុះហត្ថលេខា។ មុនចូលមកកម្ពុជា លោកទូតនេះ បាន ប្តេជ្ញាចិត្ត “កែលម្អប្រជាធិបតេយ្យនៅកម្ពុជា” និងទទួលផែនការផ្សេងៗជាសម្ងាត់ពីរដ្ឋាភិបាលអាមេរិក។ ផែនការទោះជា សម្ងាត់ ក៏អ្នកវិភាគយល់បានថា ដើម្បី “ទប់ឥទ្ធិពលចិន កុម្មុយនីស្ត” និងព្យាយាម “ទប់រដ្ឋាភិបាលកម្ពុជា” កុំឱ្យងាកទៅចិន ខ្លាំងពេក។
បន្ទាប់ពីគណបក្សសង្គ្រោះជាតិ (CNRP) ត្រូវរំលាយជាស្ថាពរមក តាំងពីលោកវិល្លៀម ហេដស៍ ជាអគ្គរដ្ឋទូតអាមេរិក នោះ អាមេរិក កើតទុក្ខមិនសុខចិត្ត ក៏ជ្រើសយកលោកប៉ាទ្រិក មឺរហ៊្វី មកបន្តវេនម្តង ទើបយើងឃើញមន្ត្រីទូតនេះ ឧស្សាហ៍ ចេញចូលសួរសុខទុក្ខលោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់នីតិវិធីតុលាការ នៅឯគេហដ្ឋាន របស់លោក។ ករណីលោកទូតអាមេរិក ទៅជួបលោកកឹម សុខា មិនដឹងគេនិយាយគ្នាពីអ្វីនោះទេ ប៉ុន្តែអ្នកវិភាគអាច សន្និដ្ឋានបានថា គ្មានអ្វីក្រៅពី “ទប់លោកកឹម សុខា កុំឱ្យបោះបង់ជំហរងាកចេញពីអាមេរិក”។ អាមេរិក មិនខ្វល់ពីសហការី លោកកឹម សុខា មួយចំនួន ដែលចេញបង្កើតបក្សថ្មីនោះទេ ព្រោះដឹងថា មិនសំខាន់ ហើយអ្វីដែលសំខាន់ គឺ “ចងជើង លោកកឹម សុខា មិនឱ្យងាករួច”។
សម្រាប់មេប្រឆាំងធំជាងគេ លោកសម រង្ស៊ី ឯណោះវិញ នយោបាយអាមេរិក គឺ “ជួយឧបត្ថម្ភគ្រប់បែបយ៉ាង” ដើម្បី ឱ្យមេប្រឆាំងនេះ ធ្វើសកម្មភាពពីក្រៅប្រទេស។ ករណីលោកសម រង្ស៊ី ចេញទៅជួបមន្ត្រីអាមេរិក ស្របពេលកូវីដ-១៩ កំពុងរាតត្បាតខ្លាំងនោះ មិនមែនជារឿងធម្មតានោះទេ ដោយហេតុថា អាមេរិក ទើបនឹងដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន ជាហេតុនាំឱ្យប្រជាប្រិយភាពលោកប្រធានាធិបតី ចូ បៃដិន ធ្លាក់ចុះយ៉ាងគំហុក។ ប្រឈមបញ្ហាធ្លាក់ចុះប្រជាប្រិយនេះ លោកចូ បៃដិន ចាំបាច់ត្រូវតែរកវិធី “ស្តារប្រជាប្រិយមកវិញ” តាមរយៈបញ្ចុះបញ្ចូលចលនាបះបោរប្រឆាំងរដ្ឋាភិបាលទូទាំង សកលលោក ឱ្យងើបឡើងព្រមៗគ្នា ក្នុងការទប់ទល់ឥទ្ធិពលចិន។
អាមេរិក ច្បាស់ជាទុកចិត្តលោកសម រង្ស៊ី ខ្លាំងបំផុត ក៏ឧស្សាហ៍ហាហៅទៅណែនាំ ប៉ុន្តែទំនងជាមិនសូវទុកចិត្ត លោកកឹម សុខា ក៏ឧស្សាហ៍ចូលអើតឈ្ងោកប្រៀនប្រដៅ។ បានជាថាអាមេរិក ទុកចិត្តលោកសម រង្ស៊ី ខ្លាំង គឺមកពី “ជាប់ ពូជលោកសម សារី ដែលរងការចោទប្រកាន់ពីរដ្ឋាភិបាលសង្គមរាស្ត្រនិយម និងរដ្ឋាភិបាលបច្ចុប្បន្នថា “ក្បត់ជាតិ” ដូច្នេះ បើគេថា ឪពុកក្បត់ជាតិ ដើរតាមអាមេរិក កូនក៏មានស្វាមីភក្តិចំពោះអាមេរិក ដែរ។ ករណីពួកប្រឆាំងខ្លះ មានលោកលិម គិមយ៉ា, សួន សូរីដា, ហ៊ុន កុសល, បោយ រើយ, ច័ន្ទ រាម… ដែលតែងចោទប្រកាន់លោកសម រង្ស៊ី ថា “បម្រើ (CPP)” កុំស្មានថាអាមេរិក អត់ដឹង ប៉ុន្តែអាមេរិក ទុកឱ្យថាតាមចិត្ត ដោយហេតុថា អាមេរិក មាន CIA និង FBI ប៉ិនពូកែខាង ស៊ើបអង្កេត បើសិនជាលោកសម រង្ស៊ី បម្រើ CPP មែននោះ គេគ្រញេចបាត់ទៅហើយ។ សម រង្ស៊ី មិនដូច ឈុន យ៉ាសិទ្ធិ នោះទេ គឺមកពីឈុន យ៉ាសិទ្ធិ មិនស្មោះត្រង់អាមេរិក ទើបអាមេរិក ចាប់ដាក់គុក។
ខណៈដែលអាមេរិក ដកកងទ័ពយ៉ាងប្រថុចញ៉ុច ចេញពីអាហ្វហ្គានីស្ថាន ពុំមែនមានន័យថា “រត់ចោលកូនសម្ពាយ” នោះទេ តែដោយសារមានបញ្ហាកាន់តែធ្ងន់នៅសមុទ្រចិនខាងត្បូង ទើបអាមេរិក ត្រូវដកទ័ពពីលិច បញ្ជូនទៅកើត ពុំមែន យកកងទ័ពជួរមុខ ឱ្យទៅដេកស៊ីក្នុងបន្ទាយនោះទេ។ ភាពតានតឹងនៅសមុទ្រចិនខាងត្បូង នៅអ៊ឺរ៉ង់ គឺមកពីឥទ្ធិពលចិន ដូច្នេះក្រៅពីការបញ្ជូនកងទ័ពទៅទប់ទល់ អាមេរិក ចាំបាច់ត្រូវតែ “ចិញ្ចឹមពួកប្រឆាំង” នៅជុំវិញពិភពលោក រួមទាំងពួក ប្រឆាំង នៃអតីត CNRP ផងដែរ។
ទោះបីជាអាមេរិក ជួយឧបត្ថម្ភលោកសម រង្ស៊ី និងសហការី ជាពិសេសបានជួយចិញ្ចឹមកូនស្រីលោកកឹម សុខា ពីររូប គឺកញ្ញា កឹម មនោវិទ្យា និងកញ្ញា កឹម សម្មាធីតា ក៏នយោបាយអាមេរិក ចេះរបៀបម៉្យាង គឺ “ចាក់ខ្សែដូចអាប៉ោង” ពោលគឺ ជួយចិញ្ចឹមពួកប្រឆាំងផង ផ្តល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ផង សូម្បីតែវ៉ាក់សាំងប្រឆាំងកូវីដ-១៩ Johnson & Johnson ក៏អាមេរិក ដឹកមកជួយកម្ពុជា។ បើអាមេរិក កាន់នយោបាយបែបនេះ យើងពិបាកដែរ ក្នុងការរិះគន់ ជាក់ស្តែងសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន មានភាពវាងវៃក្នុងទំនាក់ទំនងជាមួយអាមេរិក កម្រដែលឮសម្តេច រិះគន់មន្ត្រីទូតអាមេរិក ណាស់។ ផ្ទុយទៅវិញ មន្ត្រី CPP ថ្នាក់ក្រោម ឱ្យតែឃ្នើសចិត្តបន្តិច ក៏រិះគន់មន្ត្រីទូតអាមេរិក ភ្លាម អត់ខ្វល់ថា អាមេរិក ទើបនឹង ដឹកវ៉ាក់សាំង មកឱ្យខ្មែរ។
សុរបទៅ “នយោបាយអាមេរិក លើពួកប្រឆាំង” ជាប្រពៃណីទៅហើយ គ្មានអ្វីប្រែប្រួលទេ ហើយកុំជឿថា អាមេរិក ល្ងើពកថ្ងាស បណ្តោយឱ្យលោកសម រង្ស៊ី បោកប្រាស់ ឬថាយកលុយអាមេរិក តែបម្រើ CPP ដូចអ្វីដែលអ្នកនយោបាយ ក្រុមលោកកឹម សុខា បានលើកឡើង។ អាមេរិក ជួយពួកប្រឆាំងផង ជួយរដ្ឋាភិបាលផង ដើម្បីទប់ឥទ្ធិពលចិន តែអាមេរិក ចាប់ដៃវៀតណាម ព្រោះដឹងថា វៀតណាម ជាបងធំរបស់កម្ពុជា លាវ”៕