ដោយ អាចារ្យថាំ
តាំងពីបុរមបុរាណមក មេទ័ព មេឧទ្ទាម ដែលចាញ់សង្គ្រាម តែងរត់ទៅ ពឹងប្រទេសជិតខាង ឱ្យជួយធ្វើអន្តរាគមន៍ ប៉ុន្តែបើមិនព្រមរត់ ឬគ្មានទំនាក់ទំនង នៅក្រៅប្រទេស ធ្វើឱ្យចលនាបះបោរនោះ រលំរលាយទៅ។ កម្លាំងបះបោរដែល អាចដណ្តើមអំណាចបាន សុទ្ធតែមានមេដឹកនាំកំពូល នៅក្រៅប្រទេស ចាំតែបញ្ជា តាមរលកធាតុអាកាស ពុំមែនមេដឹកនាំកំពូលជាប់ទីឃុំឃាំង អាចចេញបញ្ជា បានទេ។
-លោកហាមីដ កាហ្សៃ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន បានទៅសំងំ នៅទឹកដីអាមេរិក លុះកងទ័ពអាមេរិក និងសម្ព័ន្ធមិត្តវាយបណ្តេញពួកតាលីបង់ ចេញពីអំណាច កាលពីឆ្នាំ២០០១ ទើបលោកហាមីដ កាហ្សៃ បានមកកាន់-អំណាច។
-លោក Mullah abdul Ghany Barada ជាមេដឹកនាំតាលីបង់ លំដាប់ទី២ ពេលចាញ់ដៃកងទ័ពអាមេរិក បានរត់ភៀសខ្លួនទៅពួនសំងំធ្វើសកម្មភាពនៅប្រទេស កាតា។ ឥឡូវស្ថានការណ៍ប្រែប្រួល មេដឹកនាំតាលីបង់ រូបនេះ បានចេញពីកាតា មកកាន់អំណាចទៅអាហ្វហ្គានីស្ថាន ក្រោយពេលអាមេរិក ដកកងទ័ព។
-សម្តេច ដាឡៃ ឡាម៉ា នៃប្រទេសទីបេត៍ បានធ្វើសកម្មភាពទាមទារបំបែក រដ្ឋស្វយ័ត ចេញពីមហាប្រទេសចិន ព្រះអង្គបានភៀសព្រះកាយទៅគង់នៅទឹកដី ឥណ្ឌា បន្តធ្វើសកម្មភាពនយោបាយរហូតដល់សព្វថ្ងៃ។
-លោកថាក់ស៊ីន ស៊ីណាវ៉ាត់ និងប្អូនស្រី យីងឡាក់ ស៊ីណាវ៉ាត់ អតីតនាយក- រដ្ឋមន្ត្រីថៃ បានរត់គេចពីរដ្ឋប្រហារ ទៅរស់នៅប្រទេសអារ៉ាប់ អេមីរ៉ាត នៅតែ បន្តធ្វើសកម្មភាពនយោបាយ។
-សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពេលរងគ្រោះដោយ រដ្ឋប្រហា ១៨ មីនា ១៩៧០ ព្រះអង្គបានភៀសព្រះកាយទៅគង់នៅប្រទេសចិន ធ្វើសកម្មភាពនយោបាយ រហូតបានយាងមកសោយរាជ្យ ជាលើកទី២។
យ៉ាងណាមិញ លោកសម រង្ស៊ី កំពូលមេប្រឆាំង ក៏រត់ចោលស្រុក ដូចមេ-ដឹកនាំប្រទេសនានាដែរ រួចធ្វើសកម្មភាពចេញពីក្រៅប្រទេស ប្រឆាំងបក្សកាន់- អំណាច បើគាត់មិនរត់ អាចធ្វើឱ្យចលនាប្រឆាំងបាត់ទាំងរូប បាត់ទាំងព្រលឹង មិនមែនជារឿង “កំសាក” នោះទេ។
ផ្ទុយទៅវិញ អ្នកមិនរត់ ឬរត់មិនទាន់ ដូចលោកកឹម សុខា អតីតប្រធាន គណបក្សសង្គ្រោះជាតិ បានត្រឹមជាប់សំណាញ់ច្បាប់ ធ្វើអ្វីក៏អត់កើតដែរ ហើយ ក៏មិនចំប្លង់ “ក្លាហាន” នោះដែរ។
លោកស្រីអោងសាន ស៊ូជី មិនព្រមរត់ ទុកឱ្យពួកឧត្តមសេនីយ៍មេរដ្ឋប្រហារ ភូមា ចាប់ដាក់គុកនោះ កុំសង្ឃឹមថា ចលនារំដោះជាតិ ឈ្នះពួកយោធាឱ្យសោះ បើគ្មានអន្តរជាតិជួយ។ ចង់ឱ្យអន្តរជាតិ ជួយ លុះត្រាតែកំពូលអ្នកនយោបាយ រត់រួចទៅក្រៅប្រទេស ហាហៅ ទើបគេជួយបាន។
ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ន មានសំណាងរត់រួចពីកណ្តាប់ដៃ ប៉ុល ពត ក៏មានឱកាសសុំអន្តរាគមន៍ពីកងទ័ពវៀតណាម ចូលរំដោះជាតិបាន ប៉ុន្តែឧបមាថា សម្តេចហេង សំរិន សម្តេច ជា ស៊ីម សម្តេចហ៊ុន សែន រត់ទៅ ក្រៅមិនរួច ច្បាស់ជាប៉ុល ពត កម្ទេចខ្មែរអស់ ១នគរ។
មានពួកប្រឆាំងខ្លះ បន្តុះបង្អាប់សម្តេចហ៊ុន សែន ថា “ខ្លាចសម រង្ស៊ី” និង អ្នកវិភាគខ្លះថា លោកប្រាយុទ្ធ ច័ន្ទអូឆា “ខ្លាចថាក់ស៊ីន” បានជាគេថាបែបនោះ ព្រោះមេប្រឆាំង រត់រួចទៅក្រៅ។ តាមពិតថ្នាក់ដឹកនាំប្រទេស អត់ខ្លាចមេប្រឆាំង នោះទេ តែត្រូវប្រយ័ត្នដែរ ព្រោះចំហាយក្តៅមកពីក្រៅ មិនមែនស្រួលទេ។
សម្រាប់អ្នកនយោបាយប្រឆាំង ជាប់អង្គប់ អត់បញ្ហាទេ ដូចករណីលោក កឹម សុខា តើអ្នកណាខ្លាច? ប៉ុន្តែសម្រាប់មេប្រឆាំង សម រង្ស៊ី ដែលអាមេរិក ឧស្សាហ៍កោះហៅទៅជួបនោះ មិនដឹងគេដាក់ផែនការ ឬសម្ពាធអ្វីខ្លះ? ទាល់ តែប្រយ័ត្នឱ្យដល់កម្រិត…”៕