Friday, May 9, 2025
Homeតារាខ្មែររ៉េត ស៊ូហ្សាណា ឪបិទ ​ថៅកែបើកផ្លូវ

រ៉េត ស៊ូហ្សាណា ឪបិទ ​ថៅកែបើកផ្លូវ

តារាចម្រៀងធ្មេញចំពើសរ៉េត ស៊ូហ្សាណា ដែលមានរាសីល្អជាងគេនៅរដូវកូវីដព្រោះអ្នកចម្រៀងស្រីមានតែនាងម្នាក់ដែលស្ទុះហក់ឡើងនៅហង្សមាសនោះនៅតែត្រូវបានឪពុករបស់នាងតាមការពារជាប្រចាំគឺមិនហ៊ានបណ្ដែតបណ្ដោយឲ្យនាងទៅណាតែម្នាក់ឯងបានឡើយដោយសារតែខ្លាចប្រុសៗតាមឆក់ស្នេហ៍។ការរឹតបណ្ដឹងសុវត្ថិភាពស៊ូហ្សាណា ជាង៣ឆ្នាំនេះទីបំផុតធ្វើឲ្យនាងអាចគេចផុតពីអន្ទាក់ស្នេហ៍ពីសំណាក់ប្រុសៗអ្នកមានទ្រព្យដែលព្យាយាមប្រើនុយធំស្ទួចបេះដូងនាងតាមផ្លូវកាត់។

ដោយឡែកថៅកែហង្សមាសវិញពេលនេះក៍បានបើកផ្លូវឲ្យស្រីស្អាតអាចច្រៀងសម្ដែងនៅតាមបណ្ដារស្ថានីយ៍ទូរទស្សន៍ទាំងឡាយតាមចិត្តចង់ផងដែរ បន្ទាប់ពីមានការរិះគន់ថាហង្សមាសធ្លាប់ទុកហ្សាណា សម្រាប់តែឡើងច្រៀងប៉ុស្ដិ៍របស់ខ្លួនហើយប៉ុស្ដិ៍ផ្សេងទៀតនាងមិនអាចឡើងបាន។ប៉ុន្ដែពេលនេះនាងហ្សាណា ចេញមុខកាន់តែច្រើនៅប៉ុស្ដិ៍ខាងក្រៅពីហង្សមាសហើយជាទម្លាប់ទៅហើយដែលឪពុកម្ដាយនាងតាមការពារស្រីស្រស់សាច់សខ្ចីរូបនេះគ្រប់វិនាទីទាំងអស់។

រ៉េត ស៊ូហ្សាណា មិនអាចទាក់ទងបានទេកាលពីពេលថ្មីៗនេះព្រោះនាងមិនទម្លាប់ផ្ដល់សម្ភាសន៍ជាមួយអ្នកសារព័តមានណាក្រៅពីស្ថាប័នរបស់ក្រុមហ៊ុននាងឡើយ។ដោយឡែកពេលដែលអ្នកកាសែតជួបនាងតាមឆាកតន្រ្ដីនោះក៍ត្រូវបានម្ដាយនាងឈជាប់នាងនិងចាំស្ដាប់សំណួររបស់អ្នកសារព័តមានផងដែរ។សកម្មភាពតឹងតែងបែបនេះធ្លាប់ធ្វើឲ្យមានការរិះគន់ថាហ្សាណា ជាតារាពូកែវាយឬកពាហើយFanនាងមិនអាចចូលទៅជិតស្និតបានដូចតារាចម្រៀងផ្សេងៗទៀត។

តែតារាចម្រៀងជើងចាស់របស់ហង្សមាសពេជ្រ សោភា ធ្លាប់បានប្រាប់អ្នកយកព័តមានយើងថាហ្សាណា មិនមែនជាតារាវ៉ៃឬកដូចការលើកឡើងពីមនុស្សមួយចំនួននោះទេ តែនាងនៅក្មេងអត់សូវចេះនិយាយស្ដីច្រើនទេ។សោភា ថែមទាំងសរសើរហ្សាណា ថាជាជាតារាដែលធ្វើការគោរពពេលវេលាហើយថ្ងៃក្រោយអាចចូលទៅជំនួសតំណែងនាងឬឱក សុគន្ធកញ្ញា នៅហង្សមាសពេលដែលពួកនាងចាស់ទៅទៀតផង។

រ៉េត ស៊ូហ្សាណា ជាអតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២តែមិនអាចកាន់ពានបានព្រោះលោកថែល ថៃ ធ្វើបានល្អជាង។ទោះជាយ៉ាងណានាងមានភាពលេចធ្លោរជាងម្ចាស់ពានមួយចំនួនទៀតនៅហង្សមាសនាពេលបច្ចុប្បន្នហើយការច្រៀងConcertsធំមួយស៊ីថ្លៃ១កម្មវិធីជិត២០០០ដុល្លារ។ តារាមានត្រេមុខស្រដៀងកូនកាត់ជប៉ុនរូបនេះស្ថិតក្នុងចំណោមអ្នកចម្រៀងផ្នែកយុវវ័យដែលលេចធ្លោរប្រហាក់ប្រហែលនាងតន់ ច័ន្ទសីម៉ា ,រ៉ាប៊ី និងយូរី ជាដើម។កាលពីដើមខែមករា ហ្សាណា បានទិញផ្ទះ២ជុងជាប់គ្នាដែលមានតម្លៃខ្ទង់ជាង២០ម៉ឺនដុល្លារ ហើយពាក់កណ្ដាលខែឧសភាពោលគឺមិនដល់៤ខែផងនាងទិញរថយន្ដទំនើបម៉ាកJeep Rubicon តម្លៃ៨៧០០០ដុល្លារ១គ្រឿងទៀត ជិះយ៉ាងកាលីពតែម្ដង។ប៉ុន្ដែហ្សាណា មិនសូវមានការសង្ស័យថានាងមានគូស្នេហ៍ឧបត្ថម្ភដូចតារាផ្សេងៗទៀតទេព្រោះសម្អាងថានាងជាតារាដែលមានឪពុកម្ដាយមានជីវភាពធូធារតាំងពីមុននាងឈានជើងចូលសិល្បៈម្លេះ។

ប្រភពបានឲ្យដឹងថាក្រៅពីត្រូវឪពុកម្ដាយតាមស្អិតនោះនាងហ្សាណា ក៍ត្រូវបានគ្រួសារព្រមានថាបើសិននាងប៉ៈរឿងអាស្រូវស្នេហាណាមួយនោះនឹងមិនឲ្យបន្ដច្រៀងរាំទៀតឡើយព្រោះនាងត្រូវឪពុកដាក់ល័ក្ខខណ្ឌឲ្យ យកការសិក្សារជាជម្រើសទី១ចំណែកការងារសិល្បៈជាជំហ៊ានទី២។តែយ៉ាងណានាងហ្សាណា ធ្លាប់បង្ហាញសញ្ញាថាពេលនេះបេះដូងនាងមិនមែនទំនេរនោះទេគឺមានម្ចាស់ចិត្តទៅហើយព្រោះនាងធ្លាប់កាន់ដៃប្រុសម្នាក់ហើយសុំឲ្យបុរសនោះកុំលែងដៃនាងកណ្ដាលទីទៀតផង។ប៉ុន្ដែហ្សាណា មិនដែលបង្ហាញមុខម្ចាស់ចិត្តជាចំហម្ដងណាឡើយ។

ក្រៅពីរ៉េត ស៊ូហ្សាណា តារាដែលត្រូវឪពុកតាមការពារមានដូចជានាងសុខ ពិសី ,ព្រះកាយ ច័ន្ទ,លីនដា,អ៊ីវ៉ា ,ស៊ូស៊ី រីកា និងអ៊ុង នីនិច្ច ជាដើម៕ ហ៊ឹម វិចិត្រ

RELATED ARTICLES