ដោយ អាចារ្យថាំ
អ្នកវិភាគខ្លះបានលើកឡើងថា សូម្បីតែផ្ទៃក្នុងមជ្ឈិមបក្សសង្គ្រោះជាតិ (CNRP) ក៏មានរនុកក្នុងគណបក្សប្រជាជន កម្ពុជា (CPP ) បង្កប់ខ្លួនដែរ ទើបផែនការអ្វីៗដែលចេញពីចង្កោមពួកប្រឆាំង ត្រូវបានថ្នាក់ដឹកនាំ ជភភ ដឹងទាំងអស់ ប៉ុន្តែ អ្នកនាំពាក្យ CPP បដិសេធថា CPP គ្មានកម្លាំងបង្កប់ស្អីទេ ឯការដឹងរឿងសម្ងាត់ មកពីពួកប្រឆាំងទាស់អធ្យាស្រ័យគ្នា ក៏ទម្លាយរឿងអាថ៌កំបាំងទៅក្រៅ។ យើងក៏មានទស្សនៈដោយឡែកថា ជាករណី “មេមាន់បណ្តើរកូនទា” ព្រោះតែមេមាន់ អត់ស្គាល់កូនទា ស្មានថាជាកូនរបស់វា ដែល “នគរធំ” សូមលើមកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
អ្នកវិភាគ រស់ សារ៉ុម ធ្លាប់លើកឡើងជារឿយៗថា “អ្នកឈ្លោះ សុទ្ធតែស៊ីឈ្នួល CPP បម្រើគោលនយោបាយបក្សកាន់- អំណាច” ប៉ុន្តែលោកសុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា (CPP) បានប្រាប់ “នគរធំ” ថា “អានេះគ្រាន់តែជា យោបល់ ការយល់ឃើញរបស់គាត់ទេ តាមពិតទៅ មិនដឹងនៅឯណាទេ ហើយយើងក៏មិនដឹងដែរ តែកន្លងទៅ គឺគណបក្ស ប្រជាជន បានដឹងព័ត៌មានហ្នឹង ក៏វាលេចចេញពីខាងក្នុងហ្នឹងមកដែរ បានយើងដឹង ប៉ុន្តែមិនមែនបានសេចក្តីថា ក្នុងហ្នឹង វាជា រនុកក្នុងរបស់គណបក្សប្រជាជនទេ…”។
ករណីបកស្រាយខុសគ្នានេះ សុទ្ធតែអត់ភ័ស្តុតាង បុ់ន្តែជាទស្សនៈ “នគរធំ” គឺមានន័យថា លោកសម រង្ស៊ី និងលោក កឹម សុខា កាលនៅជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ (CNRP) មិនខុសពី “មេមាន់បណ្តើរកូនទា” ប៉ុន្តែសព្វថ្ងៃ កូនទា ទាំងនោះ ហែលចោលមេមាន់អស់ហើយ។ យើងក៏ធ្លាប់សរសេរជាហូរហែដែរថា ប្រទេសមួយ គណបក្សមួយ បើគ្មានកម្លាំង ចារកម្មប្រើ ឬមានដែរ តែកម្លាំងស៊ើបការណ៍វាខ្សោយពេក មិនឈ្នះគេទេ។ អាមេរិក មានចារកម្ម CIA និង FBI ខ្លាំងជាង គេលើសកលលោក បើប្រទេសជាគូប្រជែងធ្វើស្អីបន្តិច សូម្បីតែលួចចម្រាញ់សារធាតុអ៊ុយរ៉ានីញូម៉ួ ដើម្បីផលិតចេញជាគ្រាប់បែកនុយក្លេអ៊ែរ ដូចកូរ៉េខាងជើង ឬអ៊ីរ៉ង់ អាមេរិក ដឹងមុនទាំងអស់។ សូម្បីមេបញ្ជាការកងទ័ពថ្នាក់កំពូលអ៊ីរ៉ង់ ជិះឡាន ចេញពីបន្ទាយ ក៏អាមេរិក ដឹង បញ្ជាយន្តហោះអត់មនុស្សបើក (ដ្រូន) ឱ្យវាយប្រហារធ្វើឃាតមេទ័ពនោះទៅ។
ងាកមករឿង “មេមាន់ បណ្តើរកូនទា” វិញ ឧបមាដូចកសិករដឹងថា មេមាន់គាត់ ដល់ពេលក្រាបពង ក៏យកពងទា ទៅប្តូរឱ្យក្រាប រួចយកពង់មាន់ទៅស្ងោរ។ ជាទូទៅ រយៈពេល ២១ថ្ងៃ ពងមាន់ញាស់ ប៉ុន្តែបើកូនទា លុះត្រាតែ ២៨ថ្ងៃ ទើបវាញាស់ បណ្តាលឱ្យមេមាន់នោះ ស្គមសល់តែស្បែក និងឆ្អឹង។ លុះម្ចាស់ដាក់ពីសម្បុក បានតែ ១អាទិត្យប៉ុណ្ណោះ មេមាន់ បណ្តើរកូនទាជាង ១០នោះ ទៅក្បែរត្រពាំង ស្រាប់តែកូនទា ចុះហែលប្រសាច ធ្វើឱ្យមេមាន់ភ័យស្លន់ស្លោ ខ្លាចកូនលង់ទឹក ប្រឹងស្រែកក្រុកៗរត់ចុះរត់ឡើង ហៅកូនឱ្យឡើងពីទឹក។ លុះកូនទាធំៗអស់ ម្ចាស់ក៏បំបែកចេញពីមេមាន់ ធ្វើទ្រុងឱ្យនៅ ដោយឡែកសម្រាប់យកពងទុកលក់ ដែលអ្នកធ្លាប់យកមេមាន់ភ្ញាស់កូនទា បានដឹងជាទូទៅ។
យ៉ាងណាមិញ លោកសម រង្ស៊ី និងលោកកឹម សុខា មិនខុសពីមេមាន់បណ្តើរកូនទា ផ្លាស់វេនគ្នា។ មេប្រឆាំងទាំងពីរ រូបនេះ ធ្លាប់បង្កើតកូន មានចិត្តស្វាមីភក្តិចំពោះមេ រាប់មិនអស់ ប៉ុន្តែធ្វេសប្រហែសអត់ដឹងថា “គេលួចដូរពងមាន់ ដាក់ពងទាឱ្យ ភ្ញាស់” ដល់កូនទាញាស់មក យើងឃើញហើយ វារញ៉េរញ៉ៃ អត់ស្តាប់មេស្តាប់កោយ កូនទាខ្លះទៅចុះចុលបក្សកាន់អំណាច ខ្លះទៀតទៅបង្កើតបក្សថ្មី ឯខ្លះទៀតអត់ទាន់ចេញទៅណាទេ តែបែរជានាំគ្នារិះគន់ “មេមាន់សម រង្ស៊ី” យ៉ាងចាស់ដៃ។
រវាងពូជមាន់ និងពូជទា មិនដូចគ្នាទេ ពោលគឺមាន់ឡើងដេកទ្រនំ ឯសត្វទា ដេកផ្ទាល់ដី។ កាលកូនទានៅតូច វាត្រសុល ចូលច្រកក្រោមស្លាបមេមាន់ លុះធំៗអស់ ក៏លែងស្គាល់មេមាន់។ ទោះបីជាបក្សកាន់អំណាច បដិសេធថា “គ្មានរនុកក្នុង” បង្កប់ខ្លួននៅក្នុង CNRP ក៏រឿងសម្ងាត់បែកចេញឮដល់ត្រចៀកថ្នាក់ដឹកនាំ CPP គឺមកពីកូនទាហ្នឹងឯង ដែលស្រែកកាប! កាប! រត់ចោលមេមាន់ ឬមិនចេះស្រែកជីប! ជីប! (ជាប់ៗ) ដូចកូនមាន់។
ទោះយ៉ាងណា ចំណុចខ្សោយរបស់បក្សកាន់អំណាច គឺនៅត្រង់ ពីមុនធ្លាប់អូសទាញខ្មែរក្រហម ឱ្យចុះចូលធ្វើសមាហរណកម្ម បានរហូតដល់ ១០០% ពោលគឺបន្ទាប់ពីមេៗចុះចូលអស់ កូនចៅឧទ្ទាមខ្មែរក្រហម ក៏ចេញពីព្រៃគ្មានសល់ ធ្វើឱ្យមានបរិយាកាសសុខសន្តិភាពកើតឡើង លែងបារម្ភពីរឿងចោរព្រៃ ស្ទាក់បាញ់ឡាន បាញ់រទេះភ្លើង ដូចមុន។
ផ្ទុយទៅវិញ ពួកប្រឆាំង ចំនួន ១១៨នាក់ មានឈ្មោះក្នុងបញ្ជីខ្មៅនោះ ទើបតែចុះចូលបានជាង ២០នាក់ប៉ុណ្ណោះ ឯការ ដើរចូលទៀតសោត ក៏មិនរលូនដូចមុន ព្រោះមានអ្នកខ្លះទៅបង្កើតបក្សថ្មី ខ្លះសុំតួនាទីមុខតំណែង ក្នុង CPP ខណៈដែល អ្នកនៅសល់បន្តការប្រឆាំងមិនឈប់ឈរ។
អាចនិយាយបានថា អ្នកបែកឆ្វេងចេញ ពីលោកសម រង្ស៊ី-កឹម សុខា មិនខុសពី “មេមាន់ បណ្តើរកូនទា” ហ្នឹងហើយ បើទោះបីជាមេប្រឆាំង ឃាត់ឃាំងរារាំងយ៉ាងណា ក៏ “ទាវាទា មាន់វាមាន់” កុំបាច់សង្ស័យ។ អ៊ីចឹងបើទា ចេញពីមេមាន់អស់ អាចធ្វើឱ្យ “មេមាន់ធាត់វិញ” ព្រោះមានឱកាសស៊ីស្រូវ បំពេញគែរាល់ថ្ងៃ ផ្ទុយពីពេលនៅបណ្តើរកូនទា រវល់តែក្រុក! ក្រុក ខ្លាចកូនលង់ទឹកងាប់ មិនសូវបានចឹកគ្រាប់ស្រូវលេប។
ករណី “ទាបែកហ្វូងពីមាន់” ទោះមិនមែនជា “រនុកក្នុង” ក៏អាចថាជាផ្ទៃក្នុងបានដែរ ព្រោះពូជទា និងពូជមាន់ មិនដូច គ្នាទេ។ នៅក្នុងរឿង “មហោសថជាតក” បានតំណាលពីព្រះមហោសថ មានឋានៈជាអគ្គមហាសេនា (នាយករដ្ឋមន្ត្រី) របស់ “ព្រះបាទវិទេហរាជ” បានបញ្ជូន “អនុកេវដ្តព្រាហ្មណ៍” ចូលទៅយកការណ៍ក្នុងរាជវាំង “ព្រះបាទចូឡនីព្រហ្មទត្ត”។ គ្មានអ្នកណាដឹងថា អនុកេវដ្តព្រាហ្មណ៍ ជារនុកក្នុងនោះទេ ដោយស្មានថាជា “កូនទាហែលចោលមេមាន់” ទីបំផុតការសម្ងាត់ ក្នុងវាំងស្តេចចូឡនី ព្រហ្មទត្ត លេចឮទៅដល់ត្រចៀកព្រះមហោសថ ទាំងអស់។
អ៊ីចឹងលោកសម រង្ស៊ី និងលោកកឹម សុខា ដែលធ្លាប់ទទួលអ្នករត់ចោលជួរ CPP ដែល “នគរធំ” មិនបាច់បង្ហាញឈ្មោះ ក៏មិនខុសពីអនុកេវដ្តព្រាហ្មណ៍ ដែលត្រូវព្រះមហោសថ ចាត់ឱ្យសេនាវ៉ៃ ១០០រំពាត់ បែកខ្នង រួចបណ្តេញចេញពីនគរ ប៉ុន្តែ មានឯណា! អ្នកត្រូវរំពាត់នោះ ជាចារបុរសសោះ។
និយាយឱ្យខ្លី “កូនទា ក៏ដូចរនុកក្នុង” មិនខុសគ្នាប៉ុន្មានទេ គ្រាន់តែមានរបៀបធ្វើការខុសគ្នា។ រឿងនេះ មកពី “មេមាន់ ល្ងង់” អត់ដឹងថាមនុស្សយកពងមាន់ ទៅប្តូរឱ្យវាក្រាប រីឯពងមាន់ដែលប្តូរចេញនោះ គេស្ងោរស៊ីអស់ទៅហើយ។
ឥឡូវ CNRP រលំរលាយបាត់ឈ្មោះពីបញ្ជីបោះឆ្នោតទៅហើយ ក៏ស្រាប់តែមានអ្នកនយោបាយរាយរង ដើរចេញពី មេប្រឆាំងទាំងពីរនោះជាបន្តបន្ទាប់ ចំណុចនេះ អាចធ្វើឱ្យមេមាន់ ភ្ញាក់ខ្លួនដឹងថា មកពីវាខំភ្ញាស់កូនទា បានជាអ៊ីចឹង។ ក្នុង បរិបទនេះ បើបក្សកាន់អំណាច ធ្វេសប្រហែស អាចឱ្យពួកប្រឆាំង “ធ្វើបន្សុទ្ធកម្ម” បាន គឺគេចម្រាញ់ចម្រោះយកមនុស្សមិន ស្មោះចេញ បន្ទាប់ពីកូនទា ដើរចេញអស់។ ជាងនេះទៀត គួរកុំភ្លេចថា អាមេរិក ដែលនៅពីក្រោយមេប្រឆាំង ក៏មានបណ្តាញ ចារកម្ម បញ្ជូនចូលកម្ពុជា ដូចគ្នា ដែលរឿងស្អីបន្តិច ក៏ VOA និង RFA ដឹងទាំងអស់ ដូច្នេះបើ CPP ខ្វះការប្រុងប្រយ័ត្ន ជួនកាល “មេទាត្រូវកូនមាន់ឡើងជិះខ្នង” ក៏ថាបាន។
សរុបទៅ “មេមាន់ បណ្តើរកូនទា” ផ្តោតជាសំខាន់ទៅលើមេប្រឆាំង សម រង្ស៊ី និងកឹម សុខា អត់ដឹងថា មានមនុស្ស យកពងទា ទៅឱ្យពួកគាត់ភ្ញាស់។ ឥឡូវឃើញហើយ ទាដុះស្លាបអស់ ក៏ដើរចោលមេមាន់ ទើបមេមាន់ ភ្ញាក់ខ្លួនថា ចាញ់កល មនុស្ស ដែលចាត់ទុកជាបរិបទសម្រាប់អ្នកនយោបាយគ្រប់និន្នាការ ពិចារណាតាមការគួរ…”៕