ភ្នំពេញ៖អតីតតារាសម្ដែងអ្នកនាងកែវ កល្យាណ បានជម្រុញផងលើកទឹកចិត្តផងឲ្យកូនស្រីសំណព្វចិត្តរបស់នាងកញ្ញាកែវ ឡាវីញ ឲ្យបន្ដស្នងតំណែងជាតារាភាពយន្ដពីនាងក្រោយពីអ្នកនាងកល្យាណ បានផ្អាកពីអាជីពមួយនេះជាង១០ឆ្នាំមក។

ស្ថិតក្នុងវ័យ២២ឆ្នាំកញ្ញាកែវ ឡាវីញ ដែលមានរូបសម្រស់មិនចាញ់ម្ដាយកាលនៅវ័យក្មេងនោះបានហក់ចូលថតភាពយន្ដជាបន្ដបន្ទាប់ដូចជានាងធ្លាប់សម្ដែងរឿង”បេសកម្មស្នេហ៍”និងរឿង”រសជាតិអ្នកមាន”ជាដើម ខណៈដែលកូននាងក៍ធ្លាប់សាកល្បងជាអាជីពពិធីការិនី និងចង់ចាប់អាជីពMCនេះផងដែរ។

អ្នកនាងកែវ កល្យាណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងនៅទូរទស្សន៍ថោន ថាកូនស្រីឡាវីញ រៀននៅមហាវិទ្យាល័យមួយផ្នែកខាងDesign ហើយកូនក្រមុំអាចនិយាយភាសារបរទេសបានដូចជាចិន,អង់គ្លេស និងថៃ បានទៀតផង។យ៉ាងណាកូនប្រុសកំលោះម្នាក់ទៀតនោះអ្នកនាងកល្យាណ មិនបានជម្រុញឲ្យចាប់អាជីពសិល្បៈដូចកូនស្រីច្បងឡើយ។

ក្រោយបាត់មុខពីអាជីពសិល្បៈជាច្រើនឆ្នាំអ្នកនាងកែវ កល្យាណ បានសម្ងំរស់នៅផ្ទះវីឡាស្កឹមស្កៃជាមួយកូនប្រុសស្រីទាំង២នៅក្បែរផ្សារអ៊ីអន២ ខណ្ឌសែនសុខ តែពេលនេះមានព័តមានថាអ្នកនាងបានលក់វីឡានោះហើយ។អ្នកនាងកល្យាណ មិនដែលប្រាប់ថាកូនស្រីយ៉ាងស្រស់ស្អាតរបស់នាងកញ្ញាឡាវីញ មានឪពុកជាអ្នកណានោះទេក្រោយបែកបាក់ស្នេហ៍ចាស់ ខណៈដែលពេលនេះនាងបានជួបគូស្នេហ៍ថ្មីនិងមានកូនប្រុសម្នាក់ទៀត។តាមរយៈរូបសម្រស់គូរឲ្យទាក់ទាញរបស់កញ្ញាឡាវីញ និងមានទេពកោសល្យសម្ដែងមិនចាញ់ម្ដាយនោះទើបកូនក្រមុំតារាជើងចាស់រូបនេះត្រូវបានផលិតករជាច្រើនចាប់អារម្មណ៍ ស្របពេលដែលអតីតតារាសម្ដែងអ្នកនាងអម្ពរ ទេវី ដែលកំពុងរស់នៅសហរដ្ឋអាមេរិកនោះក៍បានចាត់ទុកកញ្ញាឡាវីញ ថាជាកូនរបសខ្លួនដែរព្រោះនាងជាមិត្តជិតដិតបំផុតជាមួយអ្នកនាងកល្យាណ។

អ្នកនាងកែវ កល្យាណ ធ្លាប់ប្រាប់ថានាងត្រូវបានផលិតករមួយចំនួនហៅឲ្យថតសម្ដែងភាពយន្ដភាគថ្មីៗដែរក្នុងតួអង្គជាម្ដាយ។តែដោយសារតែខ្លាចគ្មានពេលគ្រប់គ្រាន់ទើបនាងមិនទទួល។ទោះជាយ៉ាងណានាងថាពិតជាបានគាំទ្រនិងលើកទឹកចិត្តកូនស្រីឲ្យបន្ដអាជីពសិល្បៈពីនាងមែន៕





