ដោយ អាចារ្យថាំ
អ្នកវិភាគ គឹម សុខ បានលើកឡើងពីករណីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានជំងឺ គួររកដំណោះស្រាយ បញ្ចប់ការ “គាំងដំណើរជាតិ?” ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យ CPP បដិសេធជារឿយៗថា នៅកម្ពុជា គ្មានជម្លោះ នយោបាយ ដំណើរការដឹកនាំប្រទេសរលូនទៅមុខជានិច្ច គ្មានគាំងអ្វីទេ តែ “ពួក ប្រឆាំង គាំងរហូត”។
ក្តាប់បានពីករណីនេះ “នគរធំ” ក៏មើលឃើញដែរថា រាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន នៅតែបន្តដឹកនាំប្រទេសទៅមុខជានិច្ច អត់មានគាំងអ្វីទេ សូម្បីតែ វិបត្តិកូវីដ-១៩ ក៏អាចដោះស្រាយបាន កាត់បន្ថយការឆ្លងរាលដាល និងអត្រា មរណៈទាប។
ទោះយ៉ាងណា “ពួកប្រឆាំង យល់ផ្សេង អ្នកគាំទ្រ CPP យល់ផ្សេង” អត់ ដូចគ្នាទេ ហើយបើគេយល់យ៉ាងណា ក៏ស្រេចតែគេ មិនអាចទៅចាប់ចងអូសទាញ គេឱ្យយល់ដូចខ្លួនបានឡើយ ព្រោះថាសេរីភាពនៃការបញ្ចោញមតិ ត្រូវបានការពារ ដោយរដ្ឋធម្មនុញ្ញ។
សង្គមណា របបណា ក៏រលូនទៅមុខដូចគ្នា អត់គាំងម៉ាស៊ីនអ្វីទេ ដែលយើង ធ្លាប់ឆ្លងកាត់ អាចយកមកបំភ្លឺបាន ៖
-របបលន់ នល់ ៖ មានការរៀបចំគណៈរដ្ឋមន្ត្រី ជាបន្តបន្ទាប់ ទោះជាកាន់ កាប់ទឹកដី បានត្រឹមតែ ១០% ក្នុងទំហំផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ក៏ របបលន់ នល់ អត់ដែលគាំងម៉ាស៊ីន។ ជាក់ស្តែង កាលខ្មែរក្រហម បាញ់ផ្លោង គ្រាប់រ៉ុក្កែត ១២២មិល្លីម៉ែត្រ ធ្លាក់ ៤គ្រាប់ចំកណ្តាលផ្សារដេប៉ូ កាលពីឆ្នាំ១៩៧២ ក៏ប្រជាពលរដ្ឋផ្អើលតែមួយឈុល ក៏បន្តលក់ដូរដូចធម្មតា។ ទោះជា “ប្រតិបត្តិការ សឹក ចេនឡា ទី២” វាយបើកផ្លូវជាតិលេខ៦ និង “ប្រតិបត្តិការសឹកអគ្គិនេត្រ មហាបដិវត្តន៍” វាយបើកផ្លូវជាតិលេខ១ ត្រូវបរាជ័យ ក៏របបលន់ នល់ នៅតែ រលូនទៅមុខរហូត។ ខណៈដែលទាហានខ្មែរក្រហម ចូលដល់ស្ពានជ្រោយចង្វា និងបឹងបាយាប នាថ្ងៃ ១៦ មេសា ឆ្នាំ១៩៧៥ ក៏ពលរដ្ឋនៅភ្នំពេញ ច្រៀងរាំ សប្បាយមិនទាន់អស់ចំហាយចូលឆ្នាំថ្មី រហូតដល់កងទ័ពអាវខ្មៅ ដេញចេញពី ទីក្រុង ទើបចប់។
-របបប៉ុល ពត ៖ ទោះជាប្រជាទាសករ អត់បាយក្រហាយទឹក ធ្វើការ បាក់កម្លាំងយ៉ាងណា ក៏អត់គាំងម៉ាស៊ីនដឹកនាំអ្វីទេ។ អង្គការនៅតែមហាលោត- ផ្លោះ មហាអស្ចារ្យ ជ្រោងទង់ក្រហមឆ្អិនឆ្អៅវាយសម្រុករហូត។ ទោះបីជារបប ខ្មែរក្រហម ដួលរលំនៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ក៏មេដឹកនាំខ្មែរក្រហម ដែល រត់ទៅនៅក្នុងព្រៃ បន្តការតស៊ូឧទ្ទាមកម្ម រហូតអត់គាំងអ្វីទេ។ ទីបំផុត មកគាំង ត្រឹមខ្មែរក្រហម ចុះចូលធ្វើសមាហរណកម្ម មេៗបានបុណ្យបានស័ក្តិ ខ្លះក៏ដើរ ចូលរង្វង់ក្រចកសេះ ទើបគាំងដំណើរ។
អ៊ីចឹងករណីលោកគឹម សុខ ថា កម្ពុជាកំពុង “គាំងដំណើរជាតិ” ក៏មិនខុស ប៉ុន្មាន តែក៏មិនត្រូវដែរ ដោយហេតុថា បក្សកាន់អំណាច នៅតែដឹកនាំជំរុញ អូសសណ្តោងនាវាកម្ពុជា ទៅមុខជានិច្ច អត់ដែលគាំងអ្វីឡើយ។ ឃើញគាំងដំណើរ តែលោកសម រង្ស៊ី និងលោកកឹម សុខា ប៉ុណ្ណោះ ព្រោះ “ម៉ាស៊ីន CNRP” ខូច ទៅហើយ បើជួសជុលមិនទាន់ឆ្នាំ២០២២ ខាងមុខនេះទេ អាចច្រែះស៊ីអស់។
ដោយឡែក បក្សកាន់អំណាច CPP ក៏មិនគួរមានមោទនភាពពេកដែរ ទោះបីជា “មិនគាំងដំណើរជាតិ” ក៏គួរពិចារណាថា ម៉ាស៊ីន CPP ចាស់គ្រាំគ្រា ដំណើរការតាំងពីឆ្នាំ១៩៧៩ មកនោះ បើធ្វេសប្រហែស មិនរក “យន្តការីបម្រុង” អាចគាំងកណ្តាលផ្លូវ។
យន្តការី ៧មករា កាន់តែចាស់ជរាអស់ហើយ ដូច្នេះ CPP គួរស្រាល់ជ្រើស យន្តការីក្មេងៗ ត្រៀមបន្តវេន ដោយពិនិត្យសមត្ថភាពជំនាញ មិនមែនជ្រើស យកតាមខ្សែបក្ខពួក គ្រួសារនិយមនោះទេ។
បើចង់ឱ្យម៉ាស៊ីននាវាកម្ពុជា ខ្លាំងមែនទែន លុះត្រាតែជ្រើសយក “យន្តការី ចម្រុះ” ប្រមូលមកពី CPP ខ្លះ ពីអតីត CNRP ខ្លះ ដោយចែកមុខសញ្ញាគ្នា ខ្លះជួសជុលម៉ាស៊ីន ខ្លះមើលស្លាបចក្រ ខ្លះត្រួតពិនិត្យធុងប្រេងឥន្ធនៈ ទើបធានា ថា នាវាកម្ពុជា មិនគាំងម៉ាស៊ីនកណ្តាលសមុទ្រ។ ប៉ុន្តែបើម្នាក់ៗ អស្មិមានះ ដូច ពេលនេះ កុំថាស្រួល…”៕