Monday, December 23, 2024
Homeបរិយាយការប្រើកម្លាំងបង្កប់

ការប្រើកម្លាំងបង្កប់

ដោយ អាចារ្យថាំ

ជាទូទៅ “ការប្រើកម្លាំងបង្កប់” មិនអាចអត់បានឡើយ ពោលគឺបើរដ្ឋាភិបាលខ្លាំង ឬបក្សប្រឆាំងខ្លាំង លុះត្រាតែមាន កម្លាំងបង្កប់ ឬផ្ទៃក្នុងជួយយោង។ គេបញ្ជូនចារកម្មឱ្យជ្រៀតចូលទៅយកការណ៍ រួចបញ្ជូនសារសម្ងាត់ឱ្យមេអង្គភាព រហូត ទទួលបានជ័យម្នះ។ លុះចប់បេសកកម្ម គេត្រូវដកកម្លាំងបង្កប់នោះទៅវិញ ឬបញ្ជូនទៅយកការណ៍នៅកន្លែងផ្សេងទៀត ដែល “នគរធំ” ក្តាប់បានក៏លើកពី “ការប្រើកម្លាំងបង្កប់” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។

លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ-សង្គម បានប្រាប់ “នគរធំ” បន្ថែមពីលើសំណេរតាមហ្វេសប៊ុក ថា “កម្លាំង ដែលចុះចូលជាមួយបក្សកាន់អំណាច សុទ្ធតែមន្ត្រីបក្សកាន់អំណាច បញ្ជូនទៅ (ចូល CNRP) ហើយយកមកវិញហ្នឹង តែ សម្រាប់អ្នកស្រលាញ់ប្រជាធិបតេយ្យមែនទែន មានទៅណា?” ប៉ុន្តែលោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច ឬគណបក្សប្រជាជនកម្ពុជា (CPP) បានបដិសេធថា “អ្នកចេញទៅបង្កើតគណបក្សថ្មី ក៏មិនមែនជាមនុស្សរបស់គណបក្ស ប្រជាជនដែរ ព្រោះបើគេជា មនុស្សបង្កប់របស់គណបក្សប្រជាជន គេទៅបង្កើតគណបក្សថ្មីធ្វើអ្វី គេប្រាកដជាចូលគណបក្ស ប្រជាជនកម្ពុជា ហើយ”។

ការឆ្លើយឆ្លងរវាងអ្នកវិភាគ និងអ្នកនាំពាក្យ CPP នេះ ផ្តោតជាសំខាន់ទៅលើ “ការប្រើកម្លាំងបង្កប់” នេះឯង ហើយ បើថ្លឹងថ្លែងឱ្យស៊ីជម្រៅ ករណីប្រើបណ្តាញចារកម្ម ដូច “នគរធំ” ធ្លាប់សរសេរជារឿយៗថា “បើភាគីណា កម្លាំងចារកម្ម ខ្សោយ ចាំតែចាញ់គេទៅ”។

ជាការពិត នៅក្នុងសម័យកាលណា ក៏គេប្រើកម្លាំងបង្កប់ដែរ តែគេត្រូវលាក់លៀម អត់ឱ្យដឹងជាដាច់ខាត សូម្បីតែ លោកឌុក រ៉ាស៊ី កាលគាត់នៅរស់ គ្មានអ្នកណាដឹងថា គាត់ធ្លាប់ធ្វើភ្នាក់ងារចារកម្មអាមេរិក CIA នោះទេ លុះដល់គាត់ជិត ទទួលមរណភាព ទើបធ្លាយអតីតកាលប្រាប់គេថា គាត់បង្រៀននិស្សិតផង ធ្វើការឱ្យបណ្តាញ CIA កាលពីសម័យសង្គម-រាស្ត្រនិយមផង។

របបប៉ុល ពត បានធ្វើ “បន្សុទ្ធកម្ម” ដោយចាប់ខ្លួនអ្នកតស៊ូសំខាន់ៗទៅដាក់គុកទួលស្លែង រួមមាន កុយ ធួន, វ៉ន វ៉េត (អតីតរដ្ឋមន្ត្រីខ្មែរក្រហម) និងទីវ អុល, នួន ឃឿន (អតីតសាស្ត្រាចារ្យដ៏ល្បី) ដោយចោទថា ជា CIA (Center international Agency) របស់អាមេរិក។ របបប៉ុល ពត បានកម្ទេចអ្នកតស៊ូសំខាន់ៗចោលអស់ ទុកតែមនុស្សសាហាវឃោរឃៅ ឱ្យនៅក្បែរខ្លួន ទីបំផុតបានត្រឹមដួលរលំ។

នៅក្នុងប្រវត្តិស្តេចកន យើងដឹងថា ស្តេចកន បានបញ្ជូន “ឧកម៉ឺន សុរិន្ទកែវ” ឱ្យទៅចុះចូលធ្វើការបម្រើព្រះបាទស្រី-សុគន្ធបទ រួចបះបោរធ្វើគុតព្រះមហាក្សត្របាន។ លុះចប់បេសកកម្ម ស្តេចកន បានយកឧកម៉ឺនសុរិន្ទកែវ (ពាក់ស័ក្តិ ៣ហ៊ូពាន់) មកដំឡើងឋានៈជា “ឧកញ៉ាចក្រីកែវ” (ផ្លោះថ្នាក់ដល់ស័ក្តិ ១០ហ៊ូពាន់) ជាកិច្ចតបស្នងសងគុណ។ ក្រោយមក ឧកញ៉ាចក្រី កែវ ខាងស្តេចកន លើកទ័ពទៅប្រយុទ្ធជាមួយកងទ័ពព្រះចន្ទរាជា ដឹកនាំដោយ “ឧកញ៉ា ចក្រីកែវ” (ឈ្មោះកែវដូចគ្នា) ជា កូនប្រុសរបស់អ្នកតាឃ្លាំងំមឿង ហើយត្រូវមេទ័ពកែវ ខាងព្រះចន្ទរាជា សម្លាប់បាន។

នៅក្នុងប្រលោមលោក រឿង “X30 កម្ទេចបណ្តាញខ្មាំង” របស់អ្នកនិពន្ធវៀតណាម បកប្រែជាភាសាខ្មែរ បានសរសេរ ពីភ្នាក់ងារចារបុរសឈ្មោះ “ផាន ធុកឌិញ” ជាបណ្ឌិតនីតិសាស្ត្រ មកពីប្រទេសបារាំង ត្រូវពួកយៀកកុង បញ្ជូនឱ្យជ្រៀត ចូលទៅធ្វើការក្នុងខុទ្ទកាល័យប្រធានាធិបតី ង៉ូ ឌិញ យៀម នៃរបបក្រុងព្រៃនគរ។ រឿងផ្ទៃក្នុងចេញពីវិមានប្រធានាធិបតី ត្រូវពួកព្រៃដឹងទាំងអស់ តាមរយៈគិញសម្ងាត់ឈ្មោះផាន ធុកឌិញ ដែលនៅកំលោះស្រស់សង្ហ្កា។ ក្រៅពីនេះ ពួកយៀកកុង បានដាក់កម្លាំងចារនារីស្អាតៗ ឱ្យនៅធ្វើការតាមបន បារ រង្គសាល សម្រាប់យកការណ៍បញ្ជូនទៅឱ្យផាន ធុកឌិញ។ នាងៗ ទាំងនោះ ត្រូវពួកនាយទាហានអាមេរិក ដឹកយកទៅកំដរតណ្ហាក្នុងបន្ទាយ ក៏អាចគូរប្លង់បន្ទាយ កន្លែងតម្កល់កាំភ្លើងធំ ឃ្លាំងគ្រាប់ បញ្ជូនទៅឱ្យពួកព្រៃ បើត្រូវការបាញ់ផ្លោងដាក់បន្ទាយអាមេរិក គេមើលផែនទីដែលស្រីបារ បញ្ជូនទៅឱ្យនោះ ផ្តល់មិនចេះខុសទិសដៅ។

យ៉ាងណា ក្នុងរឿងដដែលនេះ អាមេរិក ក៏បានបញ្ជូន “សាស្ត្រាចារ្យឡេ ម៉ូវថាញ់” បង្រៀននៅសាកលវិទ្យាល័យមួយ នៅទីក្រុងព្រៃនគរ ធ្វើជារត់ចោលសាលា ទៅធ្វើការបម្រើកុម្មុយនីស្ត ត្រូវរបបក្រុងព្រៃនគរ កាត់ទោសប្រហារជីវិត ដោយ ប្រយោល។ ឡេ ម៉ូវថាញ់ សុខចិត្តស្លៀកពាក់ខោអាវ ហូ ជីមិញ ស្បែកជើងកង់ឡាន ទៅធ្វើការនៅក្នុងមន្ទីរតំបន់មួយួ តែងបញ្ជូនសារតាមរលកធាតុអាកាសទៅឱ្យនាយទាហានអាមេរិក ប៉ុន្តែដោយសារអ្នកនិពន្ធសរសេរឱ្យស្របតាមគោល នយោបាយវៀតណាមកុម្មុយនិស្ត ទីបំផុតគេចាប់បានឡេ ម៉ូវថាញ់ និងលើកតម្កើងផាន ធុកឌិញ។

នៅក្នុងរឿងពុទ្ធសាសនា ជាពិសេសរឿង “នគរកាយ” ក៏បានតំណាលពី “ព្រះបាទមច្ចុរាជ” បញ្ជូនមេទ័ព ៤រូប ឱ្យ ជ្រៀតចូលទៅយាយី “នគរកាយ” ដែលគ្រប់គ្រងដោយ “ព្រះបាទចិត្តរាជ”។ មេទ័ព “ជាតិ ជរា ព្យាធិ មរណៈ” បានដាក់វេន គ្នាចូលបំផ្លាញនគរកាយបន្តិចម្តងៗ រហូតដល់គ្រាំគ្រា ទីបំផុតក៏ចាប់បានព្រះបាទចិត្តរាជ នាំយកទៅ ខណៈដែលនគរកាយ ខ្ទេចខ្ទី ក្លាយជាផេះផង់។

ដូច្នេះយើងឃើញថា “ការប្រើកម្លាំងបង្កប់” មិនអាចអត់បានឡើយ ចំណែកការបញ្ជូនសារសម្ងាត់ពីបុរាណ មានការ ប្រើ “ព្រាបនាំសារ” ឬចងសារនឹងចុងព្រួញ បាញ់ចេញពីទីតាំងមួយ ទៅទីតាំងមួយ លើសមរភូមិ។

ចារបុរស ចារនារី ទាល់តែក្លាហាន អង់អាចទើបបំពេញតួនាទីនេះបាន ដោយពេលយប់មិនសូវហ៊ានដេកក្នុងបន្ទប់ជា មួយគេទេ ខ្លាចនិយាយមមើមមាយចេញមក បែកការអស់។ អ៊ីចឹងអ្វីដែលអ្នកវិភាគ រស់ សារ៉ុម បានលើកឡេងិថា “សម រង្ស៊ី-កឹម សុខា អត់ដែលឈ្លោះគ្នាទេ។ អ្នកឈ្លោះសុទ្ធតែស៊ីឈ្នួលបម្រើគោលនយោបាយគណបក្សកាន់អំណាច ទាំងអស់” គឺចង់ផ្តោតទៅលើ “កម្លាំងបង្កប់” នេះឯង។

ជាទូទៅ “ការបម្រើកម្លាំងបង្កប់” រកភ័ស្តុតាងមិនឃើញទេ ឧបមាថាភ្នាក់ងារចារកម្មណា ធ្វើឱ្យបែកការ ជួនកាល មេកោយរបស់ខ្លួន ឬប្រធានបណ្តាញចារកម្ម សម្លាប់ចោលបំបិទភ័ស្តុតាងតែម្តង។ គ្មានអ្នកណាអាចដឹងថា CPP មាន កម្លាំងបង្កប់នៅទីណាខ្លះនោះទេ ប៉ុន្តែបើធ្វើនយោបាយ អត់បណ្តាញសម្ងាត់ជួយយោង មិនឈ្នះគេទេ។

សព្វថ្ងៃ ព័ត៌មានអ្វីដែលចេញពីផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ឬនៅតំបន់ស្មុគស្មាញប្រទាញប្រតោង ដូចជាការកាប់ បំផ្លាញព្រៃឈើ កន្លែងបូមខ្សាច់ កន្លែងចាក់ដីលុបបឹង ទន្លេ សមុទ្រជាដើម ស្រាប់តែវិទ្យុអាស៊ីសេរី យកទៅផ្សាយព្រោង ព្រាត បានបង្ហោះទាំងរូបថតស្តែងៗទៀតផង ដែលបង្ហាញថា បើគ្មានកម្លាំងបង្កប់បញ្ជូនទៅឱ្យ ក៏វិទ្យុក្រៅស្រុកនោះ មិន អាចដឹងបានដែរ។ ជួនកាលទៀត កម្លាំងបង្កប់ជាប្រភេទ “មនុស្សមុខពីរ” ធ្វើការឱ្យបក្សខ្លួនផង ឬរដ្ឋាភិបាលខ្លួនផង ធ្វើការ ឱ្យខ្មាំងសត្រូវផង ដើម្បីលាភសក្ការៈ។ មនុស្សមុខពីរ ផ្តល់គ្រោះថ្នាក់ណាស់ បើអ្នកណាឱ្យលុយច្រើនជាង គេធ្វើការលម្អៀង ខ្លាំងទៅខាងហ្នឹងហើយ។

សរុបទៅ “ការប្រើកម្លាំងបង្កប់” ត្រូវតែមានជាដាច់ខាត ដោយមានជាន់ថ្នាក់របស់វា។ ចារបុរស ចារនារីជាន់ខ្ពស់ រៀនដល់ថ្នាក់បណ្ឌិត ចេះភាសាបារាំង អង់គ្លេស ច្បាស់លាស់ ត្រូវគេបញ្ជូនទៅបរទេស ខណៈដែលអ្នកចេះស្ទើរនៅក្នុង ប្រទេស។ អ្នកមិនចេះអក្សរ ក៏អាចធ្វើការសម្ងាត់នេះបានដែរ ដូចរបបប៉ុល ពត បានបញ្ជូនកងឈ្លបអត់ចេះអក្សរ ឱ្យប្លម ខ្លួនចុះតាមការដ្ឋានលើកទំនប់ ជីកប្រឡាយ លបស្តាប់ការនិយាយគ្នារបស់អ្នករែកដី បើនិយាយអ្វីខុស ប៉ះពាល់ដល់អង្គការ មហាលោតផ្លោះ យប់ឡើងគេហៅទៅបាត់…”៕

RELATED ARTICLES