ភ្នំពេញ៖ខាត់ សុឃីម បានទិញកាដូលួងចិត្តខ្លួនឯងតាមរយៈការពាក់មាសធំៗបន្ទាប់ពីនាងសម្រេចបំណងបើកហាងCosmetic បានដូចគម្រោងនៅរដូវកូវីដនេះដោយចំណាយលុយអស់ជាច្រើនម៉ឺនដុល្លារ។ការបង្កើតអាជីវកម្មថ្មីនិងជះលុយទិញគ្រឿងអង្ការនោះសុឃីម ចង់បំភ្លេចចោលរឿងដែលនាងចាញ់បោកក្រុមហ៊ុនអ៊ីណារីតា អស់ទឹកលុយដល់ទៅ៩០ម៉ឺនដុល្លារ ធ្វើឲ្យនាងធ្លាក់ចូលស្ថានភាពក្នុងបំណុលនិងលក់សម្អាងការជាបន្ទាន់បង់ការធនាគារទៀតផង។ប៉ុន្ដែអ្វីដែលសុឃីម កាន់តែឈឺក្បាលថែមទៀតនោះគឺកាលពីពេលថ្មីៗនេះនាងទិញរថយន្ដទំនើបLexus Lx570 ព័ណខ្មៅដែលមានតម្លៃជិត២០ម៉ឺនដុល្លារនោះស្រាប់តែរងការខកចិត្តព្រោះតែទើបជិះបាន២៦ថ្ងៃគេឲ្យខាតអស់២ម៉ឺនដុល្លារ។អ្នកនាងសុឃីម បានចាត់ទុករឿងនេះថាជាបទពិសោធន៍ក្នុងជីវិតថ្មីមួយទៀតសម្រាប់រូបនាងក្នុងការទិញឡានពីមនុស្សដែលស្គាល់គ្នាដោយនាងចាត់ទុកថា”លុយ មិនយល់មិត្ត”ហើយគេបឺតឈាមនាងសាហាវតែម្ដង។យ៉ាងណាតារាពហុជំនាញរូបនេះថានៅពេលចុងក្រោយនេះរូបនាងដូចជាទទួលបានបទពិសោធន៍ក្នុងជីវិតច្រើនពេកហើយ…។



សំណួរដែលមហាជនលើកឡើងថាតើខាត់ សុឃីម ពេលនេះរាសីឡើងវិញហើយឬក៍នាងនៅតែមានយ៊ីអ៊ុនដាក់តទៅទៀត?ការនិយាយបែបនេះដោយសារតែពេលសុឃីម បង្ហាញស្នាមញញឹមបើកហាងថ្មីបានដូចក្ដីស្រម៉ៃនោះគេថានាងមានរាសីឡើងវិញហើយ តែដឹងអីឡើងធ្វើថៅកែស្រីមិនបានប៉ុន្មានថ្ងៃផងសុឃីម បែជាត្រូវខាតលុយដុល្លារអស់២ដុំទៀតព្រោះតែការលេងម៉ូដរថយន្ដដែលនាងទិញពីអ្នកស្គាល់គ្នានោះ។តាមព័តមានថាខាត់ សុឃីម មិនទាន់ដល់ពេលវេលាអំណោយផលក្នុងការលេងម៉ូដឡាននៅពេលនេះទេព្រោះនាងធ្លាក់ក្នុងបំណុលដោះធនាគារមិនទាន់រួចឡើយ ប៉ុន្ដែមូលហេតុដែលសុឃីម ត្រូវទិញLexus Lx570 ពេលនេះជិះឲ្យផ្អើលមេឃនោះដោយសារតែនាងចង់ប្រឆាំងទៅនិងរឿងដែលមានមនុស្សមួយចំនួនពេបជ្រាយឲ្យនាងថាធ្លាក់ខ្លួនឬដោយសារតែនាងល្ងង់បានត្រូវគេបោកបានអស់លុយជិត១លានដុល្លារនោះ។តែសុឃីម ព្រមានថាអ្នកដែលចាំសើចចំអកឲ្យនាងនោះប្រយ័ត្នឈលេខរៀងបន្ទាប់ពីនាងព្រោះមូលហេតុដែលនាងត្រូវគេបោកបានបែបនេះដោយសារតែចិត្តលោភលន់ចង់បាន១ម៉ឺនដុល្លារស៊ីការ២ពាន់ដុល្លារទើបនាងជួបរឿងរ៉ាវដ៍ឈឺចាប់មួយនេះ។សុឃីម ថាបើនាងនៅតែដេកស្ដាយលុយជិត១លានដុល្លារនោះទៀតមិនអាចធ្វើអ្វីកើតនោះទេ ហេតុនេះហើយនាងចាត់ទុកថាគ្មានលុយទាំងនោះទៅចុះទើបចាប់តាំងពីថ្ងៃទី១៥ខែឧសភាឆ្នាំ២០២០ នាងតាំងចិត្តថាលែងចង់បានលុយទាំងនោះហើយនិងចាប់ផ្ដើមជីវិតសារជាថ្មីឡើងវិញ។នាងថាពិតជាមានការឈឺចាប់មែន នៅពេលដែលកាត់កេរ្ដិ៍ខ្មាសខំទម្លាយពីបទពិសោធន៍នៃការចាញ់បោកអស់លុយ៩០ម៉ឺនដុល្លារនោះទៅមហាជនដើម្បីកុំឲ្យបងប្អូនរងគ្រោះដូចរូបនាងដែរ តែទីបំផុតនាងត្រូវបានអ្នកខ្លះសើចចំអកនិងផ្លែផ្កាឲ្យនាងទៅវិញ។



ថ្វីត្បិតតែអ្នកសិល្បៈរួមអាជីពជាមួយខាត់ សុឃីម និងទស្សនិកជនមួយចំនួនមើលឃើញថាខាត់ សុឃីម ហាក់ធ្លាក់ខ្លួនក្រោយត្រូវគេបោកបានសម្រេចអស់លុយ៩០ម៉ឺនដុល្លារព្រោះនាងប្រកាសលក់សម្អាងការនិងផ្ទះជាបន្ទាន់ក្ដី ប៉ុន្ដែតាមអ្នកស្និតសុឃីម ថាតារាមានប្ដីក្មេងរូបនេះមិនដល់ថ្នាក់ដាច់បាយនោះទេព្រោះនាងនៅមានផ្ទះជួលនៅភ្នំពេញ និងដីធ្លីមួយចំនួនទៀតនៅស្រុកកំណើតរបស់នាងនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកញ្នៅ ក្រុងភ្នំពេញហេតុនេះហើយបើនាងលក់ចេញដីខ្លះនោះនឹងនៅតែមានប្រាក់ច្រើនសម្រាប់ធ្វើជំនួញ។ប៉ុន្ដែសុឃីម ប្រាប់អ្នកកាសែតថាមូលហេតុដែលនាងត្រូវគេបោកអស់លុយច្រើនបែបនេះហើយតែអាចឈជើងបានដោយសារតែនាងសល់ទ្រព្យខ្លះដែលសន្សំពីមុនមក និងខ្ចីលុយធនាគារផងដែរទើបអាចបង្វិលសងគេរួចពីលុយដែលនាងបានធានារឲ្យអ្នកខ្លះទៅចូលចងការប្រាក់ជាមួយនាងនៅក្រុមហ៊ុនដែលបោកប្រាស់នាងនោះ។



គកត់សម្គាល់ថារយៈពេល២ឆ្នាំចុងក្រោយនេះខាត់ សុឃីម មានរាសីមិនសូវល្អមែន តែចំណងស្នេហានាងជាមួយស្វាមីក្មេងលោកអ៊ិន សុបញ្ញា ហៅផាណូ នៅតែរឹងមាំទោះជាអ្នកទាំង២បានលុបចោលគម្រោងយកកូនថែម១ទៀតក្ដី តែពេលនេះកូនស្រីរបស់សុឃីម ឈ្មោះបញ្ញា ហ្វូតូស្អាត នោះមានអាយុជិត៨ឆ្នាំទៅហើយស្របពេលដែលកូនប្រុសច្បងនាងឈ្មោះស្កាយ ដែលគេសង្ស័យថាជាកូនរបស់លោកចា រិទ្ធី នោះពេញវ័យកំលោះទៅហើយ៕
ហ៊ឹម វិចិត្រ

