ភ្នំពេញ៖លោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ដែលធ្លាប់ធ្វើជាអ្នកតំណាងឲ្យឧកញ៉ាម្នាក់រកស៊ីពុះដីឡូតិ៍លក់ដោយចំណេញលុយក្បាលកាក់នោះ ស្រាប់តែថ្មីៗនេះតារាល្បីទាំង២បានចេញមកធ្វើជាថៅកែផ្ទាល់រៀងៗខ្លួនព្រមគ្នាតែម្ដងដែលម្នាក់ៗប្រើទុនអស់រាប់សែនដុល្លារក្នុងការវិនិយោគលើវិស្ស័យអចលនទ្រព្យ។ទោះជាយ៉ាងណាការចេញមុខបង្កើតក្រុមហ៊ុនតំណាលគ្នាដូចគេណាត់នេះនៅតែត្រូវបានគេសង្ស័យថាលោកស្នាយ និងប៊ុនថៃ មានអ្នកជំនួញធំនៅក្រោយខ្នងបើទោះជានៅលើផេកតារាទាំង២ប្រកាសថាពួកគេមានក្រុមហ៊ុនម្នាក់១ក្ដី។
ក្រៅពីសម្រុកបុកចេញរកស៊ីលក់ដីឡូតិ៍ដូចគេណាត់គ្នានេះកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ បានផ្អាកឡើងច្រៀងសម្ដែងលើឆាកតន្រ្ដីជាច្រើនខែដូចគ្នាពោលគឺតាំងពីផ្ទុះកូវីដ១៩មកម្លេះដែលតារាទាំង២បាត់មុខពីការច្រៀងរាំតាមតាមឆាកប៉ុស្ដិ៍ទូរទស្សន៍។ចំពោះលោកព្រាប សុវត្ថិ ដែលទៅឈជើងនៅGalaxyនោះហាក់នៅទ្រឹងនារយៈពេលចុងក្រោយនេះព្រោះលោកគ្មានបទចម្រៀងបុកដូចមុនទៀតទេ ហើយសូម្បីតែបទភ្ជុំបិណ្ឌក៍គ្មានបានចេញ១បទដែរ។ដោយឡែកលោកខេម ប៊ុនថៃ វិញក្លាយទៅជាតួឯករបស់ហង្សមាសព្រោះបានវ៉ាតារាចម្រៀងរួមដំបូលឲ្យរាបស្មើអស់ ខណៈពេលនេះលោកមានជំនួយការពិសេសនៅចាំជួយជ្រោមជ្រែងការងារសិល្បៈឲ្យកានតែរលូនថែមទៀតនោះគឺលោកខេមរៈ ភារុណ ដែលជាបងប្រុសនិងអ្នកនាងគួយ ផល្លី ជាភរិយារបស់តារាចម្រៀងរូបនេះផ្ទាល់តែម្ដង។
មហាជនមើលឃើញថាតារាកូន៣ដូចគ្នាលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នៅឆ្នាំ២០២១នេះអ្នកទាំង២សុទ្ធតែក្លាយទៅជាតារាមានទ្រព្យស្ដុកដូចគ្នា ប៉ុន្ដែព្រាប សុវត្ថិ ធ្លាប់ត្រូវបានមនុស្សជំនិតរបស់លោកទម្លាយថាមានទ្រព្យសរុបចំនួនខ្ទង់៣០លានដុល្លារតាំងពីខែកញ្ញាឆ្នាំ២០២០ម្លេះ តែលោកប៊ុនថៃ បែនៅមិនទាន់ប្រកាសឲ្យដឹងពីចំនួនទ្រព្យសរុបទេ បើទោះជាពេលនេះលោកបានងាកមកលេងខ្លួនជិះរថយន្ដថ្លៃៗមិនចាញ់ឧកញ៉ាៗក្ដី។ចំពោះទីផ្សារចម្រៀងវិញអ្នកជំនាញសិល្បៈលោកនូ ស៊ឹប បានលើកឡើងថាព្រាប សុវត្ថិ នៅតែមិនទាន់វ៉ាខេមរៈ សិរីមន្ដ បានទេនៅឆ្នាំ២០២១ ។យ៉ាងណាមហាជនជាច្រើនបានលើកឡើងថាព្រាប សុវត្ថិ អាចនឹងពិបាកទប់លំនឹងព្រោះថាបទចម្រៀងនៅផលិតកម្មថ្មីរបស់លោកមិនសូវមានការគាំទ្រខ្លាំងដូចអំឡុងលោកច្រៀងនៅហង្សមាសឡើយ៕