ភ្នំពេញ៖អតីតFreshie លេខ១កាលពីឆ្នាំ២០១២ ជំនាន់ទី១៣លោកចូអ៊ី(Joey)បានលេចមុខគ្រងតំណែងជាតួឯករឿង”កំណួចបេះដូង”របស់ផលិតកម្មសហប្រាំពីរ សហការណ៍ជាមួយប៉ុស្ដិ៍លេខ៥ដែលបានធ្វើពិធីសម្ពោធនិងដាក់បញ្ចាំងខ្សែរភាពយន្ដមួយនេះកាលពីល្ងាចថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នៅបរិវេណផ្សារEden (បឹងកក់)។
បុរសរូបសង្ហារចូអ៊ី ថ្លែងថាការរួមការងារជាមួយផលិតកម្មសហប្រាំពីរគឺដោយរលូនល្អសម្រាប់តំណើរការថតភាពយន្ដមួយនេះតាំងពីដើមដល់ចប់។លោកថាក្រៅពីលេងស៊ីចង្វាក់គ្នាជាមួយតួស្រីស្រស់សីសី យ៉ាងយល់ចិត្តគ្នានោះលោកក៍ទទួលបានបទពិសោធន៍និងការណែរនាំពីនាងច្រើនដែរ។ដោយចូលចិត្តនិយាយត្រង់ៗលោកចូអ៊ី ថាពិតជាមានអារម្មណ៍ជាប់ចិត្តជាមួយនាងសីសី ទាំងនៅក្នុងនិងក្រៅឆាកមែនព្រោះនាងរួសរាយនិងគូរឲ្យស្រលាញ់។តារាសម្ដែងរូបនេះបន្ថែមថាក្រោយជាប់Freshie លោកបានផ្អាកពីសិល្បៈមួយរយៈហើយទើបតែនៅឆ្នាំ២០១៨លោកបានវិលមកថតភាពយន្ដសារជាថ្មីបាន៤ទៅ៥រឿងហើយដែលក្នុងនោះលេងតួឯកស្ទើគ្រប់រឿងតែម្ដង។ដោយឡែកស្រីស្រស់សីសី វិញថានាងពិតជាមានភាពរីករាយដែលបានសម្ដែងជាតួឯកជាមួយប្រុសរូបសង្ហារចូអ៊ី ហើយគិតថានេះជាដៃគូដ៍ល្អសម្រាប់រូបនាងបើទោះជាទើបបានលេងជាមួយគ្នាលើកទី១ក្ដី។សីសី សារភាពថាពិតជាមានឈុតឆាកស្នេហាជាមួយតួប្រុសមែន តែមិនរោលរាលខ្លាំងទេហើយការសម្ដែងទាំងរូបនាងនិងលោកចូអ៊ី ដាក់អារម្មណ៍ទៅតាមសាច់រឿងនិងធ្វើតាមអ្នកដឹកនាំ តែចំពោះរឿងថាតួប្រុសជាប់ចិត្តនាងនៅក្រៅឆាកនោះនាងក៍មិនដឹងថាអារម្មណ៍ប្រុសស្អាតគិតអីដែរ។
រឿង”កំណួចបេះដូង”ត្រូវបានដាក់បញ្ចាំងនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៥ចាប់ពីរាត្រីថ្ងៃទី២៦ខែតុលាតទៅ ហើយក្រៅពីលោកចូអ៊ី និងសីសី ជាតួឯកនោះភាពយន្ដមួយនេះប្រជុំទៅដោយតារាសម្ដែងល្បីឈ្មោះជាច្រើនដួងទៀតចូលរួមសម្ដែង ទើបធ្វើឲ្យសាច់រឿងកាន់តែមានភាពទាក់ទាញនិងរស់រវើក។លោកចូអ៊ី និងកញ្ញាសីសី បានផ្ដាំទៅFanរបស់ពួកគេថាសូមឲ្យបងប្អូនទាំងអស់គ្នាជួយគាំទ្រភាពយន្ដខ្មែររឿង”កំណួចបេះដូង”នេះផង ដើម្បីលើកស្ទួយវិស្ស័យភាពយន្ដខ្មែរឲ្យស្ទុះទៅមុខនិងជាកំលាំងចិត្តដល់ផលិតករខ្មែរយើងទាំងអស់គ្នា៕