ភ្នំពេញ៖ព្រាប សុវត្ថិ ដែលធ្លាប់តែបណ្ដុះបណ្ដាលកូនប្រុសទាំង៣របស់លោកឲ្យដើរតាមគន្លងរបស់ខ្លួនក្នុងការចាប់យកអាជីពចម្រៀងនៅហង្សមាស នោះពេលនេះហាក់មានភាពស្រពិចស្រពិលបន្ទាប់ពីកូនប្រុសទី៣របស់លោកឈ្មោះសុវត្ថិ សិរីវុឌ្ឍ បានដើរចេញពីហង្សមាសទាំងជាប់កុងត្រាកាលពីដើមខែមករាឆ្នាំ២០២១។ទោះជាយ៉ាងណាកូនប្រុសទី១ឈ្មោះសុវត្ថិ មុនីវណ្ណ និងកូនទី២ឈ្មោះសុវត្ថិ មុនីនាគ នៅបន្ដរច្រៀងឲ្យហង្សមាសតទៅទៀត ប៉ុន្ដែតាំងពីឪពុករបស់ពួកគេចាកចេញពីហង្សមាសទៅចូលGalaxy ជាង១ឆ្នាំមកកូនទាំង២របស់ព្រាប សុវត្ថិ ហាក់ស្ថិតក្នុងអនាគតមិនច្បាស់លាស់ឡើយថាតើពួកគេនឹងច្រៀងឲ្យហង្សមាសយូឆ្នាំតទៅទៀតឬមួយក៍ពេលចប់កុងត្រាកាលណានឹងទៅតាមឪពុករបស់គេនៅGalaxyដែរ។ប៉ុន្ដែអ្នកជំនាញធ្វើភ្លេងនៅហង្សមាស(Composer)នៅតែយល់ថាហង្សមាសនឹងមិនបណ្ដោយឲ្យបាត់បង់ទាំងឪពុកនិងកូនៗទៅGalaxy នោះទេដោយគ្រូភ្លេងរូបនោះនៅតែអះអាងថា”អ្ហែងៗ!យកបានឪ អញយកបានកូន”។
ថ្វីត្បិតតែមានការលើកឡើងរបស់អ្នកជំនាញធ្វើភ្លេងថាហង្សមាសនឹងរក្សារកូនៗរបស់ព្រាប សុវត្ថិ មិនឲ្យចេញក្ដី តែគេកត់សម្គាល់ថាតាំងពីព្រាប សុវត្ថិ ដើរចេញកូនទាំង២របស់ព្រាប សុវត្ថិ ហាក់ចុះខ្សោយជាងមុនហើយពួកគេថែមទាំងពិបាកប្រឈមសន្ទុះដ៍ខ្លាំងក្លារបស់លោកខេម ប៊ុនថៃ ដែលកំពុងតែបោះពួយយ៉ាងលឿនស្លេវទៅមុខមិនឈប់នោះ។អ្វីដែលគូរឲ្យកត់សម្គាល់ពេលនេះគេឃើញលោកព្រាប សុវត្ថិ បានងាកទៅបណ្ដុះបណ្ដាលកូនៗរបស់លោកឲ្យធ្វើជំនួញតាមរយៈការពុះដីឡូតិ៍លក់ ច្រើនជាងផ្ដោតទៅលើការរាំច្រៀងនៅលើឆាកតន្រ្ដី។ដោយឡែកកូនទី៣របស់លោកព្រាប សុវត្ថិ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ វិញក្រោយចេញពីហង្សមាស១០ខែមកមិនទាន់ចូលច្រៀងនៅGalaxyតាមឪពុកទេ តែពេលខ្លះសិរីវុឌ្ឍ បាននិពន្ធបទចម្រៀងឲ្យឪពុករបស់គេច្រៀងតែម្ដង។
អ្នកជំនាញសិល្បៈនៅតែលើកឡើងថាទោះជាពេលនេះកូនៗរបស់កំពូលតារាចម្រៀងព្រា សុវត្ថិ ហាក់ស្ងប់ស្ងាត់តាំងពីពួកគេលែងបានច្រៀងសម្ដែងជាដៃគូឪពុកនោះក្ដី តែក្នុងចំណោមកូនទាំង៣មានតែកូនទី២ឈ្មោះសុវត្ថិ មុនីនាគ ទេដែលសង្ឃឹមថាអាចស្នងតំណែងលោកព្រាប សុវត្ថិ បាននៅពេលដែលអតីតារាចម្រៀងហង្សមាសរូបនេះចូលនិវត្តន៍នាពេលខាងមុខ៕