ភ្នំពេញ៖អតីតតារាចម្រៀងBig Man និងសាន់ដេលោកហេង ពិទូ ដែលមានវ័យច្រើនគូសមនោះស្រាប់តែពេលនេះបង្ហាញភាពស្អិតល្មូតជាមួយអ្នកមេម៉ាយកូន១អតីតសង្សារប្ដីពេជ្រ សូលីកា គឺនាងថៃ នារីសុជាតា ដែលជាកូនស្រីសំណព្វចិត្តរបស់លោកថៃ នរៈសត្យា អតីតអនុរដ្ឋលេខាធិការក្រសួងវប្បធ័មនិងវិចិត្រសិល្បៈ។តាមរយៈរូបភាពទាំងនោះពិទូ និងសុជាតា គឺដូចជាគូសង្សារគ្នាព្រោះអ្នកទាំង២អោបរឹតគ្នាយ៉ាងមានក្ដីសុខហើយនារីសុជាតា ថែមទាំងផ្ញើរសារជូនពរពិទូ ក្នុងថ្ងៃខួបកំណើតយ៉ាងវែងអន្លាយទៀតផងដែលទាំងអត្ថន័យនៃសារព្រមទាំងរូបភាពទាំងនោះធ្វើឲ្យគេច្រណែនលោកពិទូ មិនតិចទេថារកបានសង្សារថ្មីមេម៉ាយកូន១ស្រួយដូចដូងដុតតែម្ដងទោះជាអ្នកទាំងពីរមានអាយុគម្លាតពីគ្នាជាច្រើនឆ្នាំក្ដី។



ហេង ពិពូ ទូរស័ព្ទមិនចូលឡើយកាលពីរសៀលថ្ងៃទី២៩ខែតុលាទើបមិនអាចសុំការបំភ្លឺបានរឿងភ្ជាប់ស្នេហ៍ថ្មីជាមួយប្អូនស្រីលោកថៃ នរៈពិទូ នេះ។ចំណែកនាងថៃ នារីសុជាតា វិញគ្មានលេខទូរស័ព្ទឡើយ។យ៉ាងណាតាមព័តមានថាពិទូ-សុជាតា ស្និតស្នាលគ្នាជាច្រើនខែមកហើយដូចជាពេលខ្លះគេប្រទះឃើញពួកគេញាំអាហារយ៉ាងរ៉ូមែនទិកតែនាក់នៅពេលរាត្រី។ប៉ុន្ដែពេលនេះទាំង២នាក់ស្ម័គ្រចិត្តបញ្ចេញពីទំនាក់ទំនងរបស់ពួកគេឲ្យមនុស្សទាំងឡាយបានដឹងហើយទាំងសងខាងមិនគិតពីរឿងអតីតកាលឡើយសំខាន់ពេលនេះបេះដូងអ្នកទាំងពីរកំពុងតែមានក្ដីសុខជាមួយគ្នា។



គូររំលឹកថាហេង ពិទូ បានភ្ជាប់ស្នេហ៍ជាមួយតារាចម្រៀងហង្ស សុជាតា ជាច្រើនឆ្នាំតែពួកគេក៍ចែកផ្លូវគ្នារៀងៗខ្លួនធ្វើឲ្យសុជាតា ស្គមរាងកាយជាងមុនដូចជាមនុស្សកំពុងមានវិបត្តិ។លោកពិទូ ក្រោយដើរចេញពីផលិតកម្មសាន់ដេនោះធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកនឹងមិនចូលច្រៀងមានកុងត្រាជាមួយផលិតកម្មណាទៀតទេ ព្រោះចង់ធ្វើជាអ្នកចម្រៀងដោយឯករាជ្យនិងផលិតបទចម្រៀងខ្លួនឯង។ចំណែកអតីតFreshie ថៃ នារីសុជាតា វិញនាងធ្លាប់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ម្ដងរួចទៅហើយ ប៉ុន្ដែក្រោយបានកូន១ពួកគេក៍លែងលះគ្នា។តាមរយៈរូបសម្រស់នៅតែស្រស់សោភា អ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេករូបនេះមានប្រុសជាច្រើនតាមស្នេហ៍ តែមុនជួបហេង ពិទូ នាងសុជាតា បានភ្ជាប់ស្នេហ៍ជាមួយលោកគឹម ហាន ដែលបច្ចុប្បន្នជាគូដណ្ដឹងរបស់ពេជ្រ សូលីកា ធ្វើឲ្យសុជាតា និងសូលីកា បានផ្ទុះជម្លោះស្នេហាត្រីកោណនេះយ៉ាងចម្រូងចម្រាសរហូតអ្នកមេម៉ាយកូន១រូបនេះត្រូវបាននាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា ប្ដឹងនាងទៅនាយកដ្ឋានបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃកាលពីថ្ងៃទី៣ខែវិច្ឆិការឆ្នាំ២០១៩ ទៀតផងទើបធ្វើឲ្យរឿងស្នេហាច្របូលច្របល់នោះស្ងាត់ទៅវិញ។យ៉ាងណាក្រោយហេង ពិទូ ផ្ដាច់ស្នេហ៍ហង្ស សុជាតា ហើយថៃ នារី សុជាតា ចែកផ្លូវជាមួយប្ដី និងបញ្ចប់ស្នេហ៍ជាមួយអតីតសង្សារលោកគឹម ហាន នោះពេលនេះពិទូ-សុជាតា បង្ហាញសញ្ញាពួកគេកំពុងតែស្វែងយល់ចិត្តគ្នាដោយគ្មានអតីតគូស្នេហ៍ទាំងសងខាងតាមរំខានឡើយ។


មហាជនរងចាំមើលថាតើចំណងស្នេហ៍ហេង ពិទូ និងថៃ នារីសុជាតា អាចឈានទៅជីវិតអាពាហ៍ពិពាហ៍បានដែរឬទេ ព្រោះតាមព័តមានថាពេលនេះទាំងសងខាងបាត់មុខគ្នាមួយភ្លែតមិនបានឡើយ…៕


