ភ្នំពេញ៖អ្នកផលិតកម្មវិធីទូរទស្សន៍ និងដឹកនាំកម្មវិធីសិល្បៈរបស់ទូរទស្សន៍បាយ័នលោកគង់ វិសាលដែលឈរជើងក្នុងវិថីសិល្បៈរយៈពេល២២ឆ្នាំមកហើយនោះតែងតែយកគោលការណ៍ភាពស្មោះត្រង់ជាដើមទុនបើទោះជាលោកដឹងថាភាពស្មោះត្រង់មិនបានធ្វើឲ្យយើងមានបានមែន ប៉ុន្ដែវាធ្វើឲ្យមនុស្សមានតម្លៃ ថ្លៃថ្នូរ ហើយគូបផ្សំសម្ថភាពរបស់យើងមានផងនោះនឹងទទួលបានលទ្ធផលវិជ្ជមានជាមិនខាន។លោកធ្លាប់និយាយថាទោះពេលនេះលោកមិនមែនជាអ្នកមានទ្រព្យស្ដុកស្ដមមែនតែលោកសប្បាយចិត្តដែលធ្វើការងារជាមួយអ្នកសិល្បៈគេមានទំនុកចិត្តព្រោះតែលោកតែងតែងយកភាពស្មោះត្រង់មកអនុវត្តន៍ រួមទាំងការដាក់គោលដៅឲ្យបានច្បាស់ផងនោះយើងនឹងរក្សារបាននូវគុណតម្លៃ។ បើតាមដឹងកាលពីឆ្នាំ១៩៩៩ការងារដំបូងរបស់លោកគង់ វិសាល ធ្វើជាជំនួយការរបស់អ្នកដឹកនាំកម្មវិធីនៅប៉ុស្ដិ៍លេខ៣ ហើយនៅឆ្នាំ២០០១ លោកបានក្លាយទៅជាអ្នកសម្របសម្រួលកម្មវិធី ធំៗ ជាបន្តរបន្ទាប់ …ក្រោយពីបានរៀនវគ្គបណ្ដុះបណ្ដាលផលិតកម្មវិធីជាច្រើនលើកនៅក្នុងប្រទេសនិងនៅក្រៅប្រទេសជិតខាងរួចមក ……. លោកគង់ វិសាល ចាត់ទុកបទពិសោធន៍នៅលើផ្លូវដ៏វែងឆ្ងាយក្នុងវិសយ័សិល្បះរបស់ លោកជាមេរៀនមួយដ៏គាប់ប្រសើរ និង ជាដើមទុនមួយមិនអាចខ្វះបាន ដែលបានត្រួសត្រាយជីវិតលោកអោយដើរមកដល់ចំណុចមួយនេះ ។
លោកធ្លាប់បានប្រាប់ថាលោកទទួលបានចំណេះដឹងច្រើនពីការផលិតកម្មវិធីនិងជ្រុងនៃសិល្បៈដោយសារតែមានការបណ្ដុះបណ្ដាលបង្ហាញផ្លូវពីសំណាក់លោកហ្វៃ សំអាង ជាអ្នកដឹកនាំកម្មវិធីនៅប៉ុស្ដិ៍លេខ៣ …… ហើយលោកថាបើគេស្ដីឲ្យ ថាឲ្យ វាជាមេរៀនធ្វើឲ្យយើងរឹងមាំ ធ្វើឲ្យយើងចេះអត់ធ្មត់ ចេះឈឺចាប់ និងអាចពង្រឹងសម្ថភាព របស់ខ្លួនអោយកាន់តែខ្លាំង ទាំងនោះគឺយើងត្រូវតែតាំងចិត្តធ្វើអោយបាន ។ ហើយរឿងដែលសំខាន់មួយទៀតដែលយើងត្រូវតែដាក់គោលដៅក្នុងជីវិតឲ្យបានច្បាស់លាស់ ថាយើងត្រូវដើរទៅផ្លូវណា ? កាលពីដំបូងធ្វើជាកូនចៅគេតែខ្ញុំតែងមានក្តីស្រម៉ៃ និងដាក់បេសកម្មខ្លួនឯងថា នូវថ្ងៃណាមួយខ្ញុំត្រូវតែជាអ្នកដឹកនាំគេវិញម្តង។នៅចុងឆ្នាំ២០០៥ គេឃើញលោកគង់ វិសាល បានផ្លាស់ចូលមកទូរទស្សន៍បាយ័នហើយរយៈពេល១៦ឆ្នាំកន្លងមកនេះលោកកាន់តែបង្ហាញស្នាដៃសិល្បៈលេចត្រដែតទាំងកម្មវិធីជាតិ និងអន្ដរជាតិ (ទិញFranchise)នៅស្ថានីយ៍ទូរទស្សន៍ដ៏ល្បីមួយនេះ បើទោះជាប្រៀបធៀបជាមួយអ្នកដឹកនាំសិល្បៈល្បីៗមួយចំនួនទៀតដូចជាលោកហ្វៃ សំអាង ,លោកគួច ខេវិន និងលោកចា រិទ្ធី ជាដើមលោកវិសាល មានវ័យក្មេងជាងគេប៉ុន្តែបានបន្តរដើរលើវិថីនេះ យ៉ាងជោគជយ័ និងបានស្ថិតនៅលើវិថីនេះយូរជាងគេ រហូតមកដល់បច្ចុប្បន្ន ។
បើតាមការបង្ហើបពីអ្នកស្និតលោកវិសាល បានឲ្យដឹងថារយៈពេល២២ឆ្នាំដែលអតីតសង្សារពេជ្រ សិរីរ័ត្ន រូបនេះ បានក្លាយទៅជាអ្នកដឹកនាំផលិតកម្មវិធីសិល្បៈ និង រៀបចំការប្រគុំតន្រ្ដីច្រើនជាងគេ បទពិសោធន៍របស់លោកធ្លាប់រៀបចំ មិនក្រោម៥០០លើករួចមកហើយទាំងលក្ខណៈជាតិ និងអន្ដជាតិ ទើបធ្វើឲ្យអ្នកសិល្បករមានទំនុកចិត្តនិងចាត់ទុកលោកជាមេដឹកនាំម្នាក់ពោរពេញ ដោយការទទួលខុសត្រូវខ្ពស់ ព្រោះលោកធ្វើការប្រើមនោសញ្ចេតនាជ្រាលជ្រៅ យោគយល់អនុគ្រោះនិងមិនប្រកាន់ពីតួនាទីឡើយព្រមទាំងបានជួយតារាចម្រៀងនិងពិធីករមួយចំនួនល្បីល្បាញមានកេរ្តិ៍ឈ្មោះរហូតមកដល់បច្ចុប្បន្នផងដែរ ខណៈដែលលោកក៍ត្រូវបានមហាជនមើលឃើញថាជាអ្នកដឹកនាំម្នាក់ដែលលេងខ្លួនស្លៀកពាក់សង្ហារគ្រប់ពេលមិនចាញ់តារាល្បីៗឡើយ។ថ្មីៗនេះដែរគេឃើញលោកវិសាល លេចមុខក្នុងកម្មវិផ្សាយផ្ទាល់ ធំៗរបស់ស្ថានីយ៍ទូរស្សន៍បាយ័ន ។ ស្របពេលដែលជីវិការងារនាអតីតកាលគេដឹងថាលោកក៍ធ្លាប់ដឹកនាំនិងរៀបចំកម្មវិធីប្រកួតFreshie ជាច្រើនរដូវកាលផងដែរ។
លោកគង់ វិសាល ប្រកាន់និយមន័យថា” ភាពស្មោះត្រង់,សេចក្តីព្យាយាម រក្សារគុណតម្លៃ ,បទពិសោធន៍ការងារជាច្រើនឆ្នាំក៏ជាគន្លឹះល្អនាំអោយយើងក្លាយជាមនុស្សជោគជ័យទៅថ្ងៃខាងមុខពិតប្រាកដណាស់ ស៊ូដើរយឺតតែដាច់ខាតយើងមិនត្រូវថយក្រោយ”៕