Friday, November 29, 2024
Homeព័ត៌មានជាតិក្មេងប្រុសទៅរៀនគ្មានស្បែកជើង ផ្ទុះការចាប់អារម្មណ៍

ក្មេងប្រុសទៅរៀនគ្មានស្បែកជើង ផ្ទុះការចាប់អារម្មណ៍

ខេត្តសៀមរាប ៖ ក្រុមគ្រួសារមួយមានជីវភាពទីទ័លក្រខ្លាំងណាស់ ដោយឪពុកម្ដាយគ្មានសូម្បីដីសម្រាប់ធ្វើស្រែ ទើបដើរប្រវាស់ដីគេធ្វើស្រែចិញ្ចឹមជីវិត តែទោះក្រខ្សត់យ៉ាងណា ក៏ខិតខំបញ្ជូនកូនចូលសាលារៀនសូត្រ ហើយសូម្បីតែស្បែកជើង ក៏គ្មានលុយទិញអោយកូនពាក់ផង ទុកឲ្យកូនប្រុសទៅរៀនទាំងគ្មានស្បែកជើង និងចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ឈរតម្រង់ជួរចូលរៀន រហូតទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងពីសម្ដេចហ៊ុន សែន នាយករដ្ឋមន្រ្ដីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមហាជនជាច្រើន។

ក្រោយផ្ទុះការចាប់អារម្មណ៍នឹងរូបភាពក្មេងប្រុសម្នាក់ ឈរគ្មានស្បែកជើង ពាក់ម៉ាសក៍ និងមានចងព្យួរស្បោងកាតចាក់ វ៉ាក់សាំងនៅនឹងក កំពុងតម្រង់ជួរចូលរៀន រហូតសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើការចែករំលែកផងនោះ ធ្វើឱ្យមហាជនជាច្រើន បានចោទជាសំណួរ និងចង់ដឹងអំពីអត្តសញ្ញាណរបស់ក្មេងប្រុសខាងលើយ៉ាងខ្លាំង។

ឆ្លើយតបទៅនឹងចម្ងល់របស់មហាជនខាងលើ លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានចុះធ្វើការស្រាវជ្រាវ និងបញ្ជាក់ថា «ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណ របស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរអត់ស្បែកជើង ពាក់ម៉ាសក៍ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងអាវ ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួល ការចាប់អារម្មណ៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ផងនោះ អនុញ្ញាតឱ្យខ្ញុំបាទសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ក្មេងប្រុសតូច អាយុ ៧ឆ្នាំនេះ មានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្មួយប្រុស សីហា រៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឪពុកម្តាយជាកសិករ ដើរប្រវាស់ដីស្រែគេធ្វើ នៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែ នៅឯស្រុកស្វាយលើជាមួយ ដោយសារតែមិនទាន់អាចចូលរៀនបាន តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន ទើបយកកូនមកផ្ញើជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបានចូលរៀននឹងគេ។

ក្មួយប្រុសសីហា បានមកចូលរួមទទួលយកអំណោយជាសម្ភារៈសិក្សាពីកម្មវិធី “តោះអាន និងបង្គន់អនាម័យ ដើម្បីសុខភាព កាន់តែប្រសើរ” (Let’s Read & Toilet for Better Health 2021) កាលពីថ្ងៃអាទិត្យទី៣១ ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដែលជាគម្រោង រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) និងមានការចូលរួមពីរដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីចែក សម្ភារសិក្សាដល់សិស្សជាង ៩០០នាក់ មកពីសាលាចំនួន៤ និងសាងសង់បន្ទប់ទឹកថ្មី ជូនដល់សាលាបឋមសិក្សាជ័យ ផងដែរ»។

លោកឃឹម ហ្វីណង់ បានបញ្ជាក់បន្ថែមថា ទាំងប្តី និងប្រពន្ធ ដែលជាឪពុកម្តាយរបស់សីហា មិនមានទូរស័ព្ទប្រើប្រាស់នោះទេ តែប្រសិនបើមានសប្បុរសជនចង់ទំនាក់ទំនងជួយឧបត្ថម្ភតាមរយៈរូបភាពណាមួយ អាចទំនាក់ទំនងដោយផ្ទាល់ទៅកាន់លេខទូរស័ព្ទលេខ ០៩៧ ៦៩៨ ៥៤៧០ (លោកយាយ ដូ តាំ) ដែលត្រូវជាជីដូនរបស់សីហា បាន។

សូមបញ្ជាក់ថា កុមារឈ្មោះ គង់ សីហា អាយុ ៧ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សា ជ័យ និងរស់នៅភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាមួយឈុតសម្លៀកបំពាក់ជាសិស្សសាលាដែលមានពណ៌ស្រអាប់ គ្មានស្បែកជើងពាក់ និងភ្ជាប់ដោយថង់ច្រកប័ណ្ណចាក់វ៉ាក់សាំង ចងភ្ជាប់នឹងអាវ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមផ្ទុះការចាប់អារម្មណ៍ ហើយកើតក្តីអាណិតអាសូរជាខ្លាំង ចំពោះរូបគេ។

រូបភាពមួយសន្លឹកនេះ មិនត្រឹមតែអន្ទងត្រឹមបេះដូង និងដួងចិត្តរបស់ប្រជាពលរដ្ឋទូទៅនោះទេ តែក៏បានអន្ទងដល់ដួងចិត្ត និងបេះដូងរបស់សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្តេចហ៊ុន សែន បានបង្ហាញការចាប់អារម្មណ៍ និងបង្ហាញនូវមោទនភាពចំពោះការចង់សិក្សារៀនសូត្រ និងការបានចាក់វ៉ាក់សាំងរបស់កុមាររូបនេះថា “ទោះជារូបភាពមួយសន្លឹកនេះ ខ្ញុំមិនដឹងថានៅទីណា? និងចៅតូចនេះឈ្មោះអី? អាយុប៉ុន្មាន តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំង ពាក់នៅក បង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយ និងចូលរៀនដោយគ្មានការភ័យខ្លាច ជាមួយនិងការពាក់ម៉ាសក៍បានត្រឹមត្រូវ”។ ទោះចៅមិនមានស្បែកជើងពាក់ តែតាជឿថា ចៅច្បាស់ជាលាងដៃ និងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗ ប្រកបដោយសេចក្តីសុខ សេចក្តីចម្រើន និងរៀនសូត្របានល្អ”។

ជាមួយការចាប់អារម្មណ៍នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសឧបត្ថមដល់កុមារ គង់ សីហា ចំនួន ២០លានរៀល ចំណែកលោកស្រីទ្រី ដាណា ក៏ប្រកាសថានឹងជួយឧបត្ថម្ភដល់កុមាររូបនេះផងដែរ៕

RELATED ARTICLES