ដោយ អាចារ្យថាំ
ព័ត៌មានស្តីពីលោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) ប្រកាសលក់ផ្ទះនោះ មិនសាមញ្ញ ពេកទេ ប៉ុន្តែសម្រាប់អ្នកធ្លាប់ឆ្លងកាត់របបសង្គមច្រើនជំនាន់មើលឃើញថា ករណីអ្នកនយោបាយលក់ផ្ទះ គឺមានកត្តាច្រើន យ៉ាង ជាពិសេស “ចាញ់ឆ្នោត អស់ផ្ទះ” ដូចបេក្ខជនតំណាងរាស្ត្រមួយចំនួន កាលពីសម័យសង្គមរាស្ត្រនិយម។ ល្បែងនយោ– បាយ បើលេងឈ្នះគេ ក៏បានអំណាច បរិវារសម្បត្តិ យសសម្បត្តិ ទ្រព្យសម្បត្តិ តែបើលេងចាញ់គេ ក៏អស់ផ្ទះសម្បែង ដែល “នគរធំ” សូមគាស់កកាយរឿង “ចាញ់ឆ្នោត អស់ផ្ទះ” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
លោកកឹម សុខា បានប្រកាសលក់ភូមិគ្រឹះនៅជិតផ្សារមាន់អាំង រាជធានីភ្នំពេញ ក្នុងតម្លៃ២លាន ៤សែនដុល្លារ ធ្វើឱ្យ មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។ រូបលោកកំពុងតែជាប់សំណាញ់ច្បាប់ រើខ្លួនមិនរួច បើលក់ផ្ទះនេះទៅ តើលោក ទៅនៅឯណា? ឬមួយទៅទិញដីសង់ផ្ទះថ្មីនៅ? ឬជួលផ្ទះនៅ? ចំណុចនេះ “នគរធំ” មើលឃើញកត្តាច្រើនយ៉ាងដូចខាង ក្រោមពីមូលហេតុដែលលោកកឹម សុខា លក់ផ្ទះ ៖
–ចង់បង្ហាញសាធារណជនថា ៖ លោកកឹម សុខា អត់បានទទួលលុយកាក់អ្វីពីបក្សកាន់អំណាច (CPP) នោះទេ ខណៈ ដែលពួកប្រឆាំងខ្លះចោទប្រកាន់លាបពណ៌គាត់ថា “ស៊ីលុយ CPP”។
–ចង់ព្រមានអង្គទូតបរទេស ៖ ជាពិសេសលោកទូតអាមេរិកថា បានតែចេញចូលសួរសុខទុក្ខគាត់ តែអាមេរិក គ្មាន មធ្យោបាយជួយរំដោះគាត់ឱ្យផុតពីនីតិវិធីរបស់តុលាការ។ គាត់រងទុក្ខខ្លោចផ្សា ជិត៤ឆ្នាំហើយ ឃើញតែមន្ត្រីទូតច្រមុះស្រួច ចេញចូលផ្ទះគាត់ដូចផ្លាស់វេន តែគ្មានឃើញបានអ្វីយកទៅឱ្យគាត់ក្រៅពីពាក្យថា តស៊ូៗ។ ទោះជាអ្នកកាសែត ស្តាប់មិនឮ នូវការសន្ទនារវាងលោកទូត និងម្ចាស់ផ្ទះ ក៏អាចយល់បានថា មន្ត្រីទូតចូលទៅព្រមាន ពង្រឹងស្មារតីលោកកឹម សុខា តែ ប៉ុណ្ណោះ។
–ចង់ឱ្យបក្សកាន់អំណាចដឹងថា ៖ គាត់នៅតែមានសិទ្ធិក្នុងនាមជាអ្នកនយោបាយដដែល ទោះជាលក់ផ្ទះធំ ទៅនៅខ្ទម ក៏សិទ្ធិនយោបាយនៅតែមាន គ្រាន់តែមិនទាន់ដល់ពេលលោតចូលសង្វៀន។
នៅមានកត្តាច្រើនទៀត ជាមូលហេតុនៃការលក់ផ្ទះ ដូចអ្វីដែលលោកមាជ សុវណ្ណារ៉ា អតីតមន្ត្រី CNRP បានប្រាប់ “នគរធំ” ថា លោកកឹម សុខា ធ្លាប់ប្រាប់លោក (សុវណ្ណារ៉ា) ថា គាត់ចង់លក់ផ្ទះធំ ព្រោះធុញថប់តប់ប្រមល់នឹងបរិយាកាស អ៊ូអរនៃចរាចរណ៍។ បើលក់ផ្ទះធំបាន និងអាចទៅរកទិញដីក្បែរផ្លូវជាតិ សង់ផ្ទះតូចល្មមរស់នៅ មានបរិយាកាសធម្មជាតិល្អ ជាងទីក្រុង។
ផ្ទុយទៅវិញ លោកមេធាវី ផាន់ ច័ន្ទស័ក្តិ បានសរសេរនៅក្នុងខ្ទង់ Comment ថា “លុយញើសសកម្មជន បងប្អូនខ្មែរ នៅឯនាយសមុទ្រ កន្លងមក” សំណេរនេះ គេអាចយល់បានថា ជា “គំនុំបុគ្គល” ដោយហេតុថា លោកកឹម សុខា បានដក តួនាទីលោកផាន់ ច័ន្ទស័ក្តិ ពីសហមេធាវីការពារក្តីលោក ជាហេតុនាំឱ្យមានកំហឹង។
ដោយឡែក លោក រស់ សារ៉ុម អ្នកវិភាគនយោបាយ–សង្គម បានសរសេរថា “វប្បធម៌នយោបាយថ្មី លក់បក្ស ឬលក់ផ្ទះ កេរ្តិ៍ធ្វើនយោបាយ ដេកស៊ីបានដូចគ្នា អ្នកនយោបាយពោតដុត លក់ភូមិគ្រឹះទួលគោក បានជាង២លានដុល្លារអាមេរិក ដើម្បី ដេកស៊ីធ្វើនយោបាយបន្ត រុញលោកសម រង្ស៊ី ដុតទៀនប្រឆាំងទេវតាមុន។ រវាងលោកសម រង្ស៊ី និងលោកកឹម សុខា ចូលដល់វគ្គចេញមុនងាប់មុន ចេញក្រោយដេកស៊ីទ្រព្យមូល បក្សប្រឆាំងសុំទាន”។
“នគរធំ” សុំមិនធ្វើអត្ថាធិបប្បាយសំណេរនេះទេ តែក៏មានទស្សនៈដោយឡែក យោងតាមអ្វីដែលធ្លាប់ឆ្លងកាត់ថា អ្នក នយោបាយ “ចាញ់ឆ្នោត អស់ផ្ទះ” ដែលយើងសូមរំព្ញកខ្លះៗឱ្យងាយយល់។
កាលពីសម័យសង្គមរាស្ត្រនិយម ការបោះឆ្នោតជ្រើសតំណាងរាស្ត្រ ធ្វើតាម “ប្រព័ន្ធឯកត្តនាម” តម្រូវឱ្យបេក្ខជនទាំង ពីរភេទ ស្វែងរកការគាំទ្រគ្រប់មធ្យោបាយ ទាំងចិត្តសាស្ត្រទាំងថវិកា។ ចិត្តសាស្ត្រពួកគាត់មានរបៀបធ្វើខុសៗគ្នា ប៉ុន្តែ “ការរកលុយ” មិនខុសគ្នាប៉ុន្មានទេ តាមរយៈការលក់ដីធ្លីស្រែចម្ការ គោក្របី ដំរី សេះ ប្រមូលលុយទៅបម្រើការឃោសនា។ នៅពេលគាត់ចាញ់ឆ្នោត ក៏ខាតឡុងចុង អស់ផ្ទះ អស់ដី មានជម្លោះជាមួយប្រពន្ធ ចែកចានឆ្នាំង កន្ទេលខ្នើយគ្នាក៏មាន ព្រោះ “ល្បែងនយោបាយ” អ្នកចាញ់មួម៉ៅក្តៅក្រហាយជាងចាញ់អាប៉ោង ឬតៃស៊ីវ យូគី នៅកាស៊ីណូ បូកគោ។
ទោះយ៉ាងណា លោកកឹម សុខា និងរៀមច្បង សម រង្ស៊ី បើយើងថា ពួកគាត់ “ចាញ់ឆ្នោត” ក៏មិនសូវត្រូវដែរ ព្រោះ កាលពីអាណត្តិទី៥ ឃើញមេប្រឆាំងទាំងពីរនេះ អួតអាងថា “ឈ្នះភ្លូកទឹកភ្លូកដី” ពោលគឺទោះជាចាញ់ CPP ក៏ CNRP ដណ្តើមបានអាសនៈតំណាងរាស្ត្រ ចំនួន៥៥ និងកៅអីមេឃុំ ចៅសង្កាត់ ជាង ៥០០០ ពី CPP។ ពួកគាត់អួតថា អាណត្តិទី៦ នឹងយកឈ្នះ ជភភ ឱ្យចាល់តែបាន ដឹងអី! ស្រាប់តែមានការប្តឹងផ្តល់រំលាយ CNRP ចោលទៅ ខណៈដែលមេប្រឆាំងទាំងពីរ រងការចោទប្រកាន់ពីបទក្បត់ជាតិ។
អ៊ីចឹងថា លោកកឹម សុខា “ចាញ់ឆ្នោត” ក៏មិនត្រូវដែរ ឯករណីគាត់លក់ផ្ទះ ជារឿងឯកជនសុទ្ធសាធ។ ករណីគាត់បាន លុយយកមកសង់ផ្ទះនោះ លោកមេធាវីផាន់ ច័ន្ទស័ក្តិ ចោទអតីតចៅហ្វាយថា “បានមកពីញើសឈាមសកម្មជន” ប៉ុន្តែ “នគរធំ” មិនហ៊ានថាទេ ព្រោះអត់ភ័ស្តុតាង។ បើផ្ទះនោះ ជាកម្មសិទ្ធិរបស់គាត់ៗ មានសិទ្ធិលក់ បញ្ចាំ ឡាយឡុង ក្នុងនាម ជាពលរដ្ឋ វៀរលែងតែជាទ្រព្យដែលតុលាការបង្កក។
សួរថា តើអាចលក់ផ្ទះនោះ ដាច់ឬទេ? យើងអាចឆ្លើយបានថា “ដាច់ផុយ” ព្រោះផ្ទះអ្នកនយោបាយសំខាន់ៗ គេចង់ បានណាស់ បើខ្មែរមិនហ៊ានទិញ ច្បាស់ជាអាមេរិក បារាំង អង់គ្លេស ទិញទុកមិនខានឡើយ។ អម្បាលយ៉ាង គ្រឿងប្រើប្រាស់ របស់ស្តេចណាប៉ូឡេអុង (បារាំង) មានចាន ស្លាបព្រា ជាដើម ជាវត្ថុបុរាណ គេហ៊ានដេញថ្លៃរាប់សែន រាប់លានដុល្លារ ក៏ដូចអាវរបស់តារាចម្រៀងប៉បអាមេរិក ម៉ៃឃើល ចាគសុន (Michael Jackson) ដ៏ល្បីល្បាញក៏មិនខ្វះអ្នកដេញថ្លៃ។
ដូច្នេះភូមិគ្រឹះមេប្រឆាំង កឹម សុខា ដែលកូនចៅគាត់កំពុងលើកតម្កើងថា ជា “បិតាអហិង្សា” នោះ ទោះជាប្រកាស លក់ ៣លានដុល្លារ ក៏គេទិញដែរ។ ជួនកាលអាមេរិក ជួយទិញទុក រួចប្រគល់ឱ្យវិញ បើសិនជាលោកកឹម សុខា ទទួលបាន នីតិសម្បទាមកវិញ។
ទោះយ៉ាងណា យើងអាចប្រើពាក្យថា “ចាញ់ឆ្នោត អស់ផ្ទះ” ក៏ថាបាន ដោយហេតុថា លោកកឹម សុខា ធ្វើនយោបាយ ចាញ់គេបោសគូទ រហូតដល់លែងហ៊ានខ្វើក មិមហ៊ាននិយាយអ្វីធ្វើឱ្យប៉ះពាល់ CPP ក៏ដូចជាចាញ់ឆ្នោតអ៊ីចឹង។ លោកកឹម សុខា កំពុងធ្លាក់ទៅក្នុងភាពអស់សង្ឃឹម ព្រោះកូនចៅ អតីតសហការីជិតស្និទ្ធ រត់ចោលអស់ និងមានកូនចៅខ្លះចេញក្បួន រមិលគុណ វ៉ៃប្រហារគាត់អត់អាសូរ។ ប្រឈមបញ្ហានេះ គាត់ទ្រាំរស់ទាំងចង្អៀត អួលណែនឱរា ចង់ទៅនៅជនបទស្រែ ចម្ការវិញ ស្រួលដកដង្ហើម ស្រូបយកខ្យល់អាកាសបរិសុទ្ធ គ្មានផ្សែងឡាន ម៉ូតូ ដូចភូមិគ្រឹះគាត់នៅជិតផ្សារមាន់អាំង។
សរុបទៅ “ចាញ់ឆ្នោត អស់ផ្ទះ” មានន័យយ៉ាងនេះឯង។ លោកកឹម សុខា ធ្លាប់កាន់តំណែងអនុប្រធានទី១ រដ្ឋសភា ក៏ត្រូវរបូតតំណែង ជាប់នីតិវិធីពន្យារពេលកាត់ទោសពីមួយឆ្នាំទៅមួយឆ្នាំ។ គាត់មិនទាន់មានទោសទេ ព្រោះតុលាការមិន ទាន់បានកាត់ អ៊ីចឹងលក់ផ្ទះយកលុយចាយសិន ដើម្បីកំដរជីវិតចុងក្រោយ កុំឱ្យគេថា នៅតែផ្ទះសោះ មានលុយចាយ បាយ ឆ្ងាញ់ ប្រហែល “CPP ចិញ្ចឹម?“ ដូច្នេះបើលក់ផ្ទះដាច់ បានលុយជាង២លានដុល្លារ អស់មានអ្នកណាថា CPP ចិញ្ចឹមទៀត ហើយ៕