Monday, December 23, 2024
Homeបរិយាយថាអីចេះខុស?

ថាអីចេះខុស?

ដោយ អាចារ្យថាំ

“នគរធំ” ធ្លាប់សរសេរជាហូរហែរួចមកហើយថា ជម្លោះនយោបាយ ធ្វើឱ្យ ខ្មែរបែកបាក់ ជេរប្រទេច លាបពណ៌គ្នា អត់ខ្វល់នូវអ្វីដែលពិតឬមិនពិត។ បើបក្ស កាន់អំណាច និយាយពី “គោ” ពួកប្រឆាំងនិយាយពី “ក្របី” បញ្ច្រាសទិសគ្នា ១៨០អង្សារហូត។

ចំពោះ “វិបត្តិកូវីដ១៩” ក៏មានការលើកឡើងបញ្ច្រាសស្រកីដែរ ដូចកាល រាជរដ្ឋាភិបាលប្រកូកប្រកាសសុំជំនួយពីឧកញ៉ាៗមួយចំនួន រកថវិកាទៅទិញ វ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ កាលនោះពួកប្រឆាំងថា “កូវីដក្លែងក្លាយ” ខ្លះបានទាំងអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងចិន គេថាអត់ប្រសិទ្ធភាព រហូតដល់មានការចាប់ខ្លួនអ្នកបំពុលសង្គមខ្លះដាក់គុកឱ្យរាងចាល។

ឥឡូវខ្យល់បក់បញ្ច្រាសទិសហើយ ខណៈដែលប្រមុខរាជរដ្ឋាភិបាលប្រកាស បើកប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ ស្រាប់តែពួកប្រឆាំងថា “ឆ្លង ច្រើនណាស់” ខ្លះក៏អំពាវនាវកុំទាន់អាលឱ្យកូនៗចូលរៀន កុំដើរផ្សារ កុំរៀបការ ជាដើម។

ដូច្នេះ “ថាអីចេះខុស?” ព្រោះ “នគរធំ” ថាបង្ការទុកពីមុនរួចហើយ ដោយ លើកឡើងបែបប្រាកដនិយមថា បើកាលណាកូវីដ១៩ បានធូរស្រាល ឈាន ទៅរកភាពប្រក្រតីវិញ ច្បាស់ជាពួកប្រឆាំងនិយាយពី “ឆ្លងកាន់តែច្រើន ស្លាប់ រាប់មិនអស់” ដើម្បីបំភិតបំភ័យប្រជាពលរដ្ឋដែលខ្លាចមច្ចុរាជស្រាប់ ឱ្យកាន់តែ ខ្លាចជាងមុន។

មិនថាតែពួកប្រឆាំងនោះទេ ដែល “បំពុលសង្គម” សូម្បីតែអ្នកគាំទ្រ CPP មួយចំនួនក៏ពូកែខាងបន្លាចរឿងកូវីដ ណាស់ដែរ។ ជួនកាល ក្រសួងសុខាភិបាល មិនទាន់ចេញតួលេខឆ្លងផង ក៏មានអ្នកផុសតាមហ្វេសប៊ុក ដោយប្រើរហស្សនាម ថា “កុំទុកចិត្តពេក កូវីដឆ្លងខ្លាំងនៅតំបន់នេះ តំបន់នោះ” ស្រេចតែគេថា។

អ្នកបំផុសរឿងកូវីដឆ្លងខ្លាំង គឺមានន័យប្រឆាំងដូចគ្នា ខណៈដែលរាជរដ្ឋាភិបាលរៀបចំស្តារសេដ្ឋកិច្ច តាមរយៈការបើកសាលារៀន ផ្សារផ្សោ រមណីយដ្ឋាន បុណ្យទាន មង្គលការ គ្រាន់តែក្រើនរំព្ញកឱ្យរក្សាក្បួនអនាម័យ “៣កុំ ៣ការពារ” ប៉ុណ្ណោះ។

មន្ត្រី CPP ឬតំណាងរាស្ត្រ CPP មួយចំនួន ត្រូវសាធារណជនមើលឃើញថា គាត់ខ្លាចកូវីដ អត់ហ៊ានចុះមូលដ្ឋាន ទៅជួបរាស្ត្រនោះទេ។ លុះមានការបើកទ្វារ ប្រទេស ទោះចង់មិនចង់ ក៏គាត់ត្រូវតែមានមុខនៅមូលដ្ឋាន អត់មានករណី “ឆ្លងច្រើនណាស់” ទៀតទេ។

ដូច្នេះមូលហេតុដែលភាគីម្ខាងថា “ធូរស្រាលហើយ” ឯម្ខាងទៀតថា “នៅ តែឆ្លងខ្លាំង” គឺមកពីជម្លោះនយោបាយ ជាកត្តាធំបំផុត។ ដូចអ្វីដែល “នគរធំ” បង្ហាញជារឿយៗ ទោះជាដឹងថា កូវីដធូរស្រាល ក៏និន្នាការប្រឆាំង មិនអាចនិយាយ ថា ធូរស្រាលបានទេ ចាំបាច់ត្រូវតែថា “ឆ្លងកាន់តែខ្លាំង” ឬបើ CPP និយាយ ពីគោ ពួកប្រឆាំងនិយាយពីក្របី។

អ៊ីចឹងដើម្បីឱ្យខ្មែរមួយនគរ និយាយពីគោ ស្របគ្នា លុះត្រាតែអ្នកនយោបាយ ខ្មែរ ចាប់ដៃគ្នាស្វែងរករូបមន្តផ្សះផ្សាជាតិទើបបាន។ បើអ្នកនយោបាយយើង នៅតែប្រកាន់អស្មិមានះ “មានឯងអត់អញ មានអញអត់ឯង” ដូចពេលនេះ ពិត ណាស់ថា ទោះជាកូវីដ ឬដែលតា ធូរស្រាលយ៉ាងណា ក៏អ្នកប្រឆាំង ចាំតែនិយាយ ផ្ទុយ។

“នគរធំ“ ថាអីចេះខុស! និងហ៊ានថាទៅមុខទៀត បើខ្មែរមិនឯកភាពគ្នា ទេនោះ ឆៅតែម្ខាងគោ ម្ខាងក្របី ជារៀងរហូតតទៅហោង!…

RELATED ARTICLES