Friday, November 29, 2024
Homeព័ត៌មានជាតិក្រសួងទេសចរណ៍ ណែនាំអាជីវកម្មបៀរហ្គាដិន ៦ចំណុច

ក្រសួងទេសចរណ៍ ណែនាំអាជីវកម្មបៀរហ្គាដិន ៦ចំណុច

ភ្នំពេញ ៖ ដើម្បីជួយសម្រួលដល់មូលដ្ឋានអាជីវកម្មបៀរហ្គាដិន ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការនិងរក្សាបាននូវសុវត្ថិភាព ទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួងទេសចរណ៍ បានចេញសេចក្តីណែនាំ ៦ចំណុច ដល់មូលដ្ឋានអាជីវកម្មបៀរហ្គាដិន យកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។

សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍  ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើការណែនាំ ចំនួន៦ចំណុច សំខាន់ៗ រួមមាន ៖

ទី១- ត្រូវរៀបចំផែនការកែតម្រូវសម្បទាអាជីវកម្មរបស់ខ្លួនឱ្យស្របនឹងលក្ខខណ្ឌតម្រូវ និងចំណុចណែនាំទាំងឡាយ ដូចមានកំណត់ក្នុងខ្លឹមសារប្រកាសលេខ ១០៨ ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ អាជីវកម្មបៀរហ្គាដិន ត្រូវចាត់ទុកលក្ខខណ្ឌទាំងនោះជាគោលការណ៍ ណែនាំចម្បង សម្រាប់ការអនុវត្តក្នុងដំណាក់កាលនេះ និងត្រូវអនុវត្តឱ្យបានហ្មត់ចត់ និងប្រកបដោយស្មារតីទទួលខុសត្រូវ។

ទី២- អាជីវកម្មបៀរហ្គាដិន ត្រូវរៀបចំឱ្យមានផែនការសកម្មភាពច្បាស់លាស់ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ សម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងត្រូវមានស្មារតីភ្ញាក់រលឹកគិតគូរអំពីបញ្ហាសុវត្ថិភាពភ្ញៀវ សុវត្ថិភាពបុគ្គលិក និងសុវត្ថិភាពសង្គមជាតិ ជាអាទិភាពចំពោះមុខ ដោយធ្វើការអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មបៀរហ្គាដិន ក្នុងបរិបថ (គន្លងប្រក្រតីភាពថ្មី)។

ទី៣- អាជីវកម្មបៀរហ្គាដិន ត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលបុគ្គលិកជាប្រចាំ អំពីខ្លឹមសារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបណ្តុះបណ្តាលស្តីពីបដិសណ្ឋារកិច្ចល្អ ការពង្រឹងគុណភាពសេវាកម្ម ការបម្រើសេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ។

ទី៤- អាជីវកម្មបៀរហ្គាដិន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលដាក់ចេញដោយក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍ របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងត្រូវរៀបចំឱ្យមានការបណ្តុះបណ្តាលស្តីពី វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មបៀរហ្គាដិន ឱ្យបានជាប្រចាំ។

ទី៥- អាជីវកម្មបៀរហ្គាដិន ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយនានា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ពិសេសគាំទ្រដល់គោលនយោបាយចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រ និងសកម្មភាពជាក់ស្តែង ដោយជំរុញឱ្យបុគ្គលិកទាំងអស់ រួមទាំងក្រុមគ្រួសាររបស់ពួកគាត់ ទៅទទួលយកការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់គ្នា និងឱ្យបានគ្រប់ចំនួនដូស តាមការកំណត់របស់ក្រសួងសុខាភិបាល។

ទី៦- អាជីវកម្មបៀរហ្គាដិន ត្រូវអនុវត្តនិងប្រើប្រាស់ឱ្យបានត្រឹមត្រូវនូវគ្រប់ប្រព័ន្ធបច្ចេកវិទ្យា ដែលបានដាក់ឱ្យអនុវត្តកន្លងមកដោយរាជរដ្ឋាភិបាល និងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ៖ ការស្កេន QR Code ទប់ស្កាត់កូវីដ-១៩ និងប្រព័ន្ធ Telegram BOT គ្រប់គ្រងទិន្នន័យភ្ញៀវក្នុងឧស្សាហកម្មទេសចរណ៍ជាដើម…៕

RELATED ARTICLES