ភ្នំពេញ៖អាចនិយាយបានថា បទ’”Are You Ok?”របស់ផលិតកម្មGalaxy Navatra បទជាចម្រៀងដំបូងបំបែកកំណត់ត្រាអ្នកមើលច្រើនជាងគេនៅកម្ពុជា ក្នុងរយៈពេលខ្លី ត្បិតអីគ្រាន់តែផុសមិនដល់ ៩ម៉ោងផង មានអ្នកចូលទស្សនារហូតដល់ទៅជាង ១លានដងទៅហើយ។ បទ’”Are You Ok?” ត្រូវបានផលិតកម្មGalaxy Navatra បង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បើគិតដល់ម៉ោង៤រៀលថ្ងៃដដែលនេះ ពោលត្រឹមតែ ៩ម៉ោងប៉ុណ្ណោះ មានអ្នកចូលទស្សនាច្រើនលើសលប់។ ការសម្រុកចូលទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្ល្លូកទឹកភ្លូកដីដោយមិននឹកស្មានដល់ ក៏ព្រោះតែបទចម្រៀងមួយបទនេះមហាជនបានទន្ទឹងរង់ចាំជាង ១ខែមកហើយចង់ដឹងពីវីដេអូពេញ ខ្លឹមសារ និងអត្ថន័យនៃបទចម្រៀងនេះយ៉ាងណា ?
បន្ទាប់ពីផលិតកម្ម បានប្រកាសថា ខ្លួនផលិតបទចម្រៀងមួយបទនេះឡើយ ក្រោយទិញសិទ្ធិពាក្យ Are You Ok?ពីអ្នកលេងTik Tok ម្នាក់នៅខេត្តកំពត ដែលបង្កើតពាក្យនេះឡើងល្បីពេញTik Tok។ បទ”Are You ok?” ច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងវ័យក្មេងកំពុងពេញនិយមនៅក្នុងប្រទេសកម្ពុជា ព្រោះតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។បទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការទស្សនិកជន។ ទទឹមគ្នានោះដែរបន្ទាប់ពីបទ’”Are You Ok?”ចេញផ្សាយភ្លាមគេក៏ឃើញ មានសារព័ត៌មានទាំងជាតិនិងអន្តរជាតិផ្សាយពីបទចម្រៀងនេះជាច្រើន ប្រទេសផងដែរ មានដូចជាថៃ ឥណ្ឌាជាដើម។ ដោយសន្ទុះនៃការគាំទ្រខ្លាំងក្នុងរយៈពេលដ៍ខ្លីបែបនេះ មហាជនបានដាក់ក្ដីរំពឹងថា បទ”Are You Ok?”ច្បាស់ជានឹងក្លាយជាបទចម្រៀងទីមួយរបស់កម្ពុជា មានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងប្រទេសកម្ពុជាជាក់ជាមិនខាន៕