Monday, December 23, 2024
Homeបរិយាយជំនួយព្រះអាទិទេព

ជំនួយព្រះអាទិទេព

ដោយ អាចារ្យថាំ

ព្រះអាទិទេព មាននៅគ្រប់សាសនាទាំងអស់ សម្រាប់តែជួយធ្វើអន្តរាគមន៍មនុស្សលោកឱ្យផុតពីគ្រោះមហន្តរាយផ្សេងៗ ប៉ុន្តែមុននឹងជួយ លុះត្រាតែសត្វលោកនោះ “រងបាបកម្ម” ជាមុនសិន។ អ្នកនយោបាយក៏យ៉ាងនេះដែរ បើគាត់ដើរក្រឡា អុកចាញ់គេ ត្រូវជាប់ពន្ធនាគារ ទទួលទុក្ខទារុណមួយរយៈសិន ទើបព្រះមហាក្សត្រ ឬប្រធានាធិបតី ដែលមានព្រះរាជសិទ្ធិ និងសិទ្ធិលើកលែងទោស អាចជួយបាន ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ជំនួយព្រះអាទិទេព” មកធ្វើប្រធានបទ បរិយាយ ថ្ងៃនេះ

នៅក្នុងព្រហ្មញ្ញសាសនា មានព្រះអាទិទេព ៣អង្គ សំខាន់ជាងគេ គឺ “ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម” ដោយមាន អាទិទេពបន្ទាប់បន្សំច្រើនទៀត ធ្វើការអម “ត្រីមូរតិ”។ នៅក្នុងព្រះពុទ្ធសាសនា ក៏មានព្រះឥន្ទ្រាធិរាជ ទេវតា រុក្ខទេវតា ភុម្មទេវតា សម្រាប់ជួយសង្គ្រោះសត្វលោកឱ្យរួចពីមរណភ័យ ឬភាពទុរគត។ នៅក្នុងគ្រិស្តសាសនា ឬពាហិរសាសនា ក៏មាន អាទិទេពដូចគ្នា ក្នុងនោះមានព្រះហ្សឺស គង់នៅឋានអូឡាំព៉្យា ព្រះសមុទ្រ ប៉ូស្ហេអ៊ីដុង ជាដើម ដែលជាភាវៈអរូបី ឬដែល មនុស្សមើលរូបមិនឃើញ។

ជាទូទៅរាល់ “ពហុទេព”ទាំងអស់នេះ មានតួនាទីបង្កើតលោក ថែរក្សាលោក និងរំលាយលោក ដូចករណី “ព្រះជនក” ក្នុងគម្ពីរទសជាតក ជាតួអង្គពោធិសត្វ លិចសំពៅ ហែលទឹកសមុទ្រ៧ថ្ងៃ ទើបទេពធីតារក្សាសមុទ្រឈ្មោះ “មណីមេខលា” ទៅស្រង់ដាក់លើគោក រួចជីវិត។ នៅក្នុងរឿង “កនកវណ្ណរាជ“ នៃគម្ពីរបញ្ញាសជាតក ក៏បានតំណាលពីកនកនគរ រាំងភ្លៀង ១២ឆ្នាំ រីងខះបឹង ត្រពាំងគ្មានសល់ មានតែទន្លេ ទឹកដាច់មួយកង់ៗ មនុស្សកាប់ចាក់ដណ្តើមទឹកគ្នាផឹក។ លុះដល់កំណត់ ទើបព្រះឥន្ទ្រាធិរាជ បង្គាប់ទៅស្តេចចតុលោកបាល ឱ្យធ្វើអន្តរាគមន៍ ទើបស្តេចចតុលោកបាល ចេញបញ្ជាទៅស្តេច “វរុណនាគរាជ” ឱ្យបង្អុរទឹកភ្លៀង ៧យប់ ៧ថ្ងៃ ធ្វើឱ្យប្រជារាស្ត្រដែនដីកនករាជបុរី រួចរស់ជីវិតពីគ្រោះអត់ទឹកផឹក។ ចំណែក “នាងមរណមាតា” ចាញ់បោកនាងកាឡីជីម្តាយាចុង ផុងក្នុងគន្លឹះយន្ត ធ្លាក់ទៅលើខ្ទះប្រេងដាំពុះ រលាករលួយស្លាប់ទៅ។ លុះនាងស្លាប់ ទើប “រុក្ខទេវី” ទៅប្រមូលឆ្អឹងរបស់នាង ជបឱ្យរស់វិញ៘

ការរៀបរាប់ដោយត្រួសៗនេះ ចង់បង្ហាញពី “ជំនួយព្រះអាទិទេព” ដែលធ្វើមិនទាន់ពេលវេលា ពោលគឺលុះត្រាតែសត្វ លោកស្លាប់ ឬរងទុក្ខវេទនាសិន ទើបអាទិទេពជួយបាន។ សួរថា ព្រះអាទិទេព សុទ្ធតែមានព្រះនេត្រទិព្វ ព្រះសោតទិព្វ ដឹង ឮគ្មានចន្លោះហេតុអ្វីមិនជួយជនរងគ្រោះភ្លាមៗ ដូចករណីនាងមរណមាតា ស្លាប់ក្នុងខ្ទះប្រេង ហេតុអ្វីរុក្ខទេវី មិនជួយបញ្ចៀស កុំឱ្យផុងធ្លាក់គន្លឹះយន្ត? ចំណុចនេះ ទ្រឹស្តីព្រះពុទ្ធសាសនាថា មកពីនាងមរណមាតា “មានកម្ម” លុះត្រាតែសោយកម្មនោះ សិន ទើបទេវតាអាចជួយបាន។ ព្រះជនក ហែលទឹកសមុទ្រ៧ថ្ងៃ ក៏មានកម្មដែរ លុះរំដោះកម្មនោះរួចរាល់ ទើបព្រះនាង មណីមេខលា ទៅជួយបាន។

យ៉ាងណាមិញ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុក លោកកឹម សុខា បង្ហោះព្រះរាជសារព្រះមហាក្សត្រ ធ្វើឱ្យអ្នកតាម ដានមួយចំនួនស្មានថា នឹងមានការលើកលែងទោសមិនខាន លុះពិនិត្យខ្លឹមសារព្រះរាជសារ ទើបដឹងថា គ្រាន់តែជាការ ឆ្លើយតបប៉ុណ្ណោះ បន្ទាប់ពីលោកកឹម សុខា បានផ្ញើលិខិតថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅក្នុងព្រះរាជពិធី ខួបលើកទី១៧ នៃការយាងគ្រងរាជសម្បត្តិ របស់ព្រះអង្គ។

លោកកឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្ក្រោះជាតិ (CNRP) កំពុងជាប់សំណាញ់ច្បាប់ នីតិវិធីពន្យារពេល របស់តុលាការ បិទសិទ្ធិគាត់មិនឱ្យចេញទៅក្រៅប្រទេស មិនឱ្យធ្វើនយោបាយ៥ឆ្នាំ បានន័យថា ទោះជាគាត់អាចដើរហើរ ក្នុងប្រទេសបាន ក៏មិនខុសពី “ខ្លែងជាប់ខ្សែ” ដែលក្មេងឃ្វាលគោ បង្ហើរលេងតាមវាលស្រែ បើដល់ពេលលេងខ្លែងឆ្អែតឆ្អន់ ក្មេងក៏ស្រាវខ្សែទាញខ្លែងឱ្យចុះដីវិញ។ លោកកឹម សុខា លេងល្បែងនយោបាយ ចាញ់បក្សកាន់អំណាច ក៏រងការប្តឹងផ្តល់ ចោទប្រកាន់ពីបទ “សន្ទិដ្ឋភាពជាមួយបរទេស” ឬ “ក្បត់ជាតិ” ខណៈដែលរៀមច្បង សម រង្ស៊ី រត់រួចទៅនៅក្រៅប្រទេស សុទ្ធ តែជាប់ពិរុទ្ធភាពដូចគ្នា។

បើតាមការសន្និដ្ឋាន លោកកឹម សុខា ចាំបាច់ត្រូវតែ “រងកម្ម” មួយរយៈសិន ព្រោះកម្មនេះ មិនចាំតែជាប់ចំហាយពី អតីតជាតិនោះទេ ទោះជាបច្ចុប្បន្នជាតិ ក៏មានកម្មដែរ។ “កម្ម” ប្រែថា “អំពើ ទោះអំពើល្អក្តី អាក្រក់ក្តី ក៏ហៅថាកម្ម” ដូច្នេះ ទោះជាមេធាវីលោកកឹម សុខា ព្យាយាមដោះបន្ទុកថា លោកកឹម សុខា គ្មានកំហុស ក៏ “អំពើដែលគាត់បានប្រឆាំង” កំពុង ទាញគាត់ទៅរកបរាជ័យនយោបាយ ពិបាកស្តារ។

ព្រះអាទិទេព ឬ “ព្រះសម្មតិទេព” ទតយល់ច្បាស់ណាស់ តែព្រះអង្គជួយមិនទាន់បានទេ ដោយទុកឱ្យលោកកឹម សុខា “រងកម្មមួយរយៈទៀតសិន” មិនខុសពីព្រះជនក លង់ទឹកសមុរទ ៧យប់ ៧ថ្ងៃសិន ទើបនាងទេពធីតា មណីមេខលា ទៅ ស្រង់ឱ្យរួចជីវិត។

ករណីអាជ្ញាធរវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋជាច្រើនខ្នងនៅផ្លូវទំនប់កប់ស្រូវ តាម “ច្បាប់អស្សាមិករណ៍” ដើម្បី យកទីតាំងកសាងផ្លូវល្បឿនលឿននោះ ក៏មាននារីម្នាក់យំសោកអង្វរសម្តេចនាយករដ្ឋមន្ត្រី ឱ្យជួយ។ តាមពិត ចំណាត់ការ របស់អាជ្ញាធររាជធានី នាយករដ្ឋមន្ត្រីបានជ្រាបច្បាបស់ណាស់ តែ “ជួយមិនទាន់កើត” ក៏ទុកឱ្យ “រងកម្មសិន” ព្រោះឃើញ គ្រួសារខ្លះ ក្រាលកន្ទេលនាំកូនតូចៗដេកកណ្តាលវាល គួរឱ្យសង្វេគ។

បើកាលណាអស់ចំហាយកម្ម ឬអស់ “អំពើអាក្រក់ និងល្អ” ដូចជាការជេរប្រទេចអាជ្ញាធរ ការតវ៉ាប្រឆាំងច្បាប់អស្សាមិករណ៍ បានធូរស្រាល និងថយកម្តៅ ច្បាស់ជា “ព្រះអាទិទេពជួយ” មិនខានឡើយ។

ព្រះអាទិទេព នៅកម្ពុជា គឺ “អង្គព្រះមហាក្សត្រ និងនាយករដ្ឋមន្ត្រី” នេះឯង ដែលមានញាណញេយ្យ អាចជួយប្រជារាស្ត្រឱ្យរួចផុតពីគ្រោះមហន្តរាយគ្រប់បែបយ៉ាង ប៉ុន្តែមុននឹងជួយ ទាល់តែសត្វលោកទាំងនោះ ហែលឆ្លងកម្មមួយគ្រាសិន។

រឿងលោករ៉ុង ឈុន, លោកសួង សុភ័ណ្ឌ និងសកម្មជនប្រឆាំងមួយចំនួន កំពុងជាប់ទីឃុំឃាំងនោះ គង់តែបានរួចខ្លួន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែដោយសារពួកគាត់មានកម្ម ទើបព្រះអាទិទេពជួយមិនទាន់បាន។

អំណាចព្រះអាទិទេព ដូច “រុក្ខទេវី” ជាដើម គ្រាន់តែស្តោះ ១ផែត ក៏អាចជបឆ្អឹងនាងមរណមាតា ឱ្យក្លាយជាមនុស្ស វិញមួយរំពេច អត់យូរឡើយ។ ចំណែកអំណាចនាយករដ្ឋមន្ត្រី គ្រាន់តែស៊ីញ៉េ ១ខ្វោក រួចបញ្ជូនហត្ថលេខាបោះត្រានោះថ្វាយ ព្រះមហាក្សត្រ ក៏អាចជួយលោកកឹម សុខា ឱ្យរួចផុតពីនីតិវិធីរបស់តុលាការ មួយប៉ប្រិចភ្នែក។

ករណីប្រទេសភូមា រងគ្រោះដោយសាររដ្ឋប្រហារ ឈានទៅរកសង្គ្រាមបង្ហូរឈាមជាតិសាសន៍ឯងនោះ អង្គការសហប្រជាជាតិ ក៏ដូចបណ្តាប្រទេសនៅអាស៊ាន គង់តែជួយរួចទេ តែគេទុកឱ្យប្រជាជនភូមា រងទុក្ខវេទនាមួយគ្រាសិន ឬចង់ឱ្យ ដឹងថា “រសជាតិសង្គ្រាម” វាល្វីងជូរចត់ ព្រាត់និរាសយ៉ាងណា? បើ អ..ប ឬមហាអំណាច ជួយភ្លាមៗក៏បានដែរ ដោយ គ្រាន់តែស្រុះស្រួលគ្នា ស្វែងរកដំណោះស្រាយ ឬនិយាយឱ្យចំ បើអាមេរិក និងចិន ចង់ពន្លត់វិបត្តិនៅភូមា គ្រាន់តែស្រុះស្រួលគ្នា ក៏អាចបញ្ចប់វិបត្តិនោះដោយងាយ។

សរុបទៅ “ជំនួយព្រះអាទិទេព” មានន័យប្រៀបធៀបយ៉ាងនេះឯង មិនពិបាកយល់នោះទេ។ បើគ្រាន់តែឃើញព្រះរាជសារ ព្រះមហាក្សត្រ ផ្ញើជូនលោកកឹម សុខា ស្រាប់តែយល់ថា នឹងមានការដោះលែងគាត់នោះ មិនត្រូវទេ ព្រោះលោកកឹម សុខា “មិនទាន់អស់កម្ម” ដែលកម្មបច្ចុប្បន្នកាលនេះ នាំឱ្យគាត់ជាប់សំណាញ់ច្បាប់។ គាត់គង់តែមានសេរីភាព ដោយបានអន្តរាគមន៍ ពីនាយករដ្ឋមន្ត្រី ទូលស្នើព្រះមហាក្សត្រ ដែលជាបរិបទសម្រាប់អ្នកយល់ច្រឡំអានព្រះរាជសារ ពិចារណាតាមការគួរ

RELATED ARTICLES