យោងតាមប្រភពព័ត៌មានប៊ីប៊ីស៊ីចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៧ វិច្ឆិកា ២០២១ បានអោយដឹងថា លោកDean Smith ត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ បន្ទាប់ពីប្រកួតចាញ់ក្លឹប Southampton ដោយលទ្ធផល១-០ កាលពីថ្ងៃសុក្រដែលជាការបរាជ័យជាលើកទី៥ ជាប់ៗគ្នានៅក្នុងការប្រកួតក្របខ័ណ្ឌប្រឺមីញេលីក។ក្លឹបAston Villa ឈរនៅលេខ១៧ក្នុងលីគដែលមាន២ពិន្ទុពីលើតំបន់កាត់ចោល។
Smith ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅរបស់ Villa ក្នុងខែតុលាឆ្នាំ2018ដោយបានដឹកនាំពួកគេឱ្យឡើងពីក្របខ័ណ្ឌឆេមពានស៊ីបក្នុងរដូវកាលដំបូងរបស់គាត់ដែលទទួលបន្ទុក។
នាយកប្រតិបត្តិរបស់ Villa លោក Christian Purslow បាននិយាយថាឆ្នាំនេះយើងមិនបានឃើញលទ្ធផល និងចំណាត់ថ្នាក់នៅក្នុងលីគដែលយើងកំពុងស្វែងរកមានភាពប្រសើរនោះទេ ។សម្រាប់ហេតុផលនេះ យើងបានសម្រេចចិត្តធ្វើការផ្លាស់ប្តូរឥឡូវនេះ ដើម្បីទុកពេលសម្រាប់គ្រូបង្វឹកថ្មីស្តារកិត្តិយសក្លឹបឡើងវិញ ។
ក្លឹបAston Villa និយាយថាដំណើរការស្វែងរកបេក្ខជនថ្មី ដើម្បីជំនួសលោក Smith បានចាប់ផ្តើមហើយ ប៉ុន្តែពួកគេនឹងមិនប្រញាប់ប្រញាល់ក្នុងការតែងតាំងភ្លាមៗនោះទេ ប៉ុន្តែវាត្រូវបានគេយល់ថាគ្រូបង្វឹកជនជាតិដាណឺម៉ាក លោកKasper Hjulmand គឺជាបេក្ខជនមានអាទិភាពចំពោះក្លឹប ហើយត្រូវបានកោតសរសើរដោយមិត្តរួមជាតិគឺលោក Johan Lange នាយកកីឡាកររបស់ក្លឹបAston Villa ។
Hjulmandបានដឹកនាំប្រទេសដាណឺម៉ាកទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយូរ៉ូ ២០២០ នៅពេលដែលពួកគេបានចាញ់ក្រុមអង់គ្លេសនៅ Wembleyធ្វើអោយគ្រូបង្វឹកវ័យ 49 ឆ្នាំរូបនេះមានកេរ្តិ៍ឈ្មោះកាន់តែខ្លាំង។
អ្នកចាត់ការក្លឹប Rangers លោក Steven Gerrard និងគ្រូបង្វឹកបែលហ្ស៊ិក Roberto Martinez ក៏ត្រូវបានក្លឹបចាប់អារម្មណ៍ផងដែរ ៕