Monday, December 23, 2024
Homeបរិយាយជន្លួញនយោបាយ

ជន្លួញនយោបាយ

ដោយ អាចារ្យថាំ

អ្នកនយោបាយ បើចិត្តស្រាល ឆាប់ខឹងច្រឡោត មិនទទួលយកការរិះគន់ស្ថាបនា កុំចង់ធ្វើនយោបាយអីនាំតែមានបញ្ហា លើយុទ្ធសាស្ត្រនយោបាយរបស់ខ្លួន។ ករណីលោកសម រង្ស៊ី និងលោកកឹម សុខា អតីតមេបក្សប្រឆាំង ( CNRP ) ខ្លាចបាក់ ស្បាតមិនហ៊ានងើបតតាំងជាមួយ បក្សកាន់អំណាច ក៏ត្រូវកូនចៅចាក់នឹង “ជន្លួញនយោបាយ” រាល់ថ្ងៃ ខណៈដែលអ្នកវិភាគខ្លះ ចាក់មិនឈប់ឈរ តែមេប្រឆាំងទាំងពីរ “ស្ទុះមិនរួច” ដូចគោអូសរទេះជាប់ផុង ដែល “នគរធំ” ក្តាប់បាន ក៏លើកពី “ជន្លួញ នយោបាយ” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ….

លោកគឹម សុខ អ្នកវិភាគពីរឿងនយោបាយប្រឆាំង រត់គេចខ្លួនទៅនៅប្រទេសហ្វាំងឡង់ តែងតែវិភាគពីរឿងនយោបាយ “វាយប្រហារបក្សកាន់អំណាច” មិនសំចៃ។ គាត់បានទាំងប្រើ “ជន្លួញនយោបាយ” ចាក់មេប្រឆាំងឱ្យហ៊ានធ្វើពលិកម្ម ដល់អាយុជីវិតទៀតផង ដូចកាលពីពេលថ្មីៗនេះ លោកគឹម សុខ បានបង្ហោះសំណេរតាមហ្វេសប៊ុកថា “កាលណាមេដឹកនាំ នយោបាយក្រៅរដ្ឋាភិបាល នាំគ្នាខ្លាចគ្រប់គ្នានោះ ក្រុមជនផ្តាច់ការ នឹងបន្តអំណាចស្រួលៗតាមឧបាយនៃល្បិចល្បែងបំបិទ សំឡេងសកម្មជនសង្គម និងសកម្មជននយោបាយ ដោយលេសបំភ្លៃច្បាប់ និងគុក ចាប់លែងៗ គំរាមបំបាក់ស្មារតីសកម្មជន និងពលរដ្ឋតាមទំនើងចិត្ត”។

សំណេរនេះ មានន័យស្មើនឹង “ជន្លួញនយោបាយ” ចាក់លោកសម រង្ស៊ី ឱ្យស្ទុះមួយវឹបដែរ ដោយឃើញមេប្រឆាំងធំជាង គេនេះ សរសេរតាមបណ្តាញសង្គមជាអាទិ៍ថា “ខ្ញុំចង់ឃើញលោកហ៊ុន សែន មានភាពក្លាហាន ដោយលើកបម្រាមមិនឱ្យ ក្រុមហ៊ុនអាកាសចរណ៍ ដឹកខ្ញុំមកប្រទេសកម្ពុជា ហើយដកសំណើរបស់គាត់ទៅរដ្ឋាភិបាលប្រទេសថៃ ហាមឃាត់មិនឱ្យខ្ញុំ ធ្វើដំណើរតាមផ្លូវគោក ពីប្រទេសថៃ មកប្រទេសកម្ពុជា…”

សំណេរឆ្លើយឆ្លងដោយប្រយោលនេះ បង្ហាញថា អ្នកវិភាគ គឹម សុខ បុកលោកសម រង្ស៊ី មួយជន្លួញ ចំឆ្អឹងជំនីរ ធ្វើឱ្យ លោកសម រង្ស៊ី ឈឺខ្ទោកៗ ក៏ញោចខ្លួនដោះសាថា “មកពីសម្តេចហ៊ុន សែន មិនដកបម្រាម”។

ករណីនេះ លោកសុខ ឥសាន អ្នកនាំពាក្យបក្សកាន់អំណាច (CPP) ពន្យល់ថា “បើកចំហជើងមេឃសម្រាប់មនុស្ស ទូទៅ មិនមែនឧទ្ទាមក្រៅច្បាប់ទេ” និងបញ្ជាក់ថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ចង់ចូលស្រុកវិញ ទាល់តែយូរហើយ = ទាស់ តែមិនហ៊ាន ព្រោះខ្លាចជាប់គុកអត់ថ្ងៃចេញ!” សារឆ្លើយឆ្លងគ្នានេះ ចំណុចសំខាន់នៅត្រង់ “ចូលឬមិនចូល” ព្រោះម្នាក់ប្រឹង ប្រើជន្លួញបុក ម្នាក់ដោះសាថា មកពីបិទផ្លូវ ម្នាក់ទៀតថា ទាល់តែយូរទើបចូលបាន។

អ្វីដែលសំខាន់នៅត្រង់ “ជន្លួញនយោបាយ” ដែលអ្នកវិភាគគឹម សុខ បុកពីប្រទេសហ្វាំងឡង់នោះ ឈឺណាស់ ព្រោះតែ ឃើញមេប្រឆាំងសម រង្ស៊ី វិលវល់តែបារាំង អាមេរិក កាណាដា នាំធ្វើបាតុកម្ម អត់បានការ ចំណែកលោកកឹម សុខា ប្រឹង តែអហិង្សាតាមយថាកម្ម។ ស្ថានការណ៍នយោបាយពេលនេះ មិនខុសពីអ្នកបររទេះតាមផ្លូវនៅរដូវវស្សា ភ្លៀងធ្លាក់ជោកជាំ ស្រាប់តែតែរទេះជាប់ផុង។ អ្នកបររទេះ ប្រឹងតែយកជន្លួញចាក់គោទាំងពីរឱ្យស្ទុះដែរ តែស្ទុះមិនរួច លុះគោប្រឹងខ្លាំងពេក ក៏ដាច់ព្រ័ត្រជ្រាមរទេះ របូតចន្ទោល ជ្រុះនឹមអស់ទៅ។ រទេះជាប់ផុង លុះត្រាតែអ្នកបរទេះឯទៀត រួបរួមគ្នាជួយទើបបាន ដោយលើកជញ្ជូនបាវស្រូវដែលធ្ងន់ចេញពីរទេះឱ្យអស់ រួចនាំគ្នាជួយរុញ ជួយលើកឱ្យផុតពីផុង ទៅដល់ដីគោក ចងព្រ័ត្រ ឬ ផ្តៅជ្រាមជាថ្មី ទើបទៅរួច ប៉ុន្តែបើល្ងង់ ដឹងតែចាក់គោចេញឈាមដាបនោះ អត់ប្រយោជន៍ទេ។

យ៉ាងណា លោកគឹម សុខ ដែលប្រឹងចាក់គោ សម រង្ស៊ីកឹម សុខា ឱ្យស្ទុះស្ទានោះ ទៅយ៉ាងម៉េចរួច?” បើ CNRP កំពុង ជាប់ផុង?” បើចង់ឱ្យរួចពីផុង លុះត្រាតែអ្នកវិភាគ និងអ្នកនយោបាយឯទៀត រួបរួមគ្នាជាធ្លុងមួយ ប៉ុន្តែបើនាំគ្នា “អាត្មានិយម” បែកខ្ញែកគ្នារប៉ាត់រប៉ាយ ចេញបើកបក្សថ្មីរៀងខ្លួន ឬនាំគ្នា “បរទេះតាមផ្លូវវាងភក់ផុង” នោះ កុំសង្ឃឹមថា រទេះ CNRP រួច ពីផុងឱ្យសោះ។

លោកតាមហាកវីង៉ុយ បានទុកបណ្តាំថា “កាន់សីហលោ សេះទឹមនិងគោ ចាក់ហ៊ោលាន់ៗ រកស៊ីមួយថ្ងៃ ចង់បានមួយ ពាន់ បរគោជល់មាន់ កាប់ចាក់ជាប់គុក” ដែលឃ្លោងឃ្លានេះ ចង់សំដៅដល់ការប្រណាំងរទេះ កាលពីជំនាន់លោកតា ង៉ុយ។ គោខ្លះដើរលឿនពេក រកគូមកទឹមជាមួយវាមិនបាន ក៏យកសេះមកច្រកគាវទឹមម្ខាង។ ដល់ពេលបរប្រណាំង ម្ចាស់ក៏ប្រើ ជន្លួញចាក់សេះ និងគោ ឱ្យបោលទៅមុខ យកឈ្នះគូប្រកួត ដោយចង់បានរង្វាន់ ១០០០រៀល ជួនកាលគោ និងសេះ នោះ ឈឺនឹងការចាក់ពេក ក៏បោលឡើងភ្លឺស្រែ ភ្លូកក្រឡាប់រទេះ បាក់ឆ្អឹងម្ចាស់វា ព្រោះតែចង់ឈ្នះ។

យើងអាចប្រៀបធៀបលោកសម រង្ស៊ី ដូចសេះ ចំណែកលោកកឹម សុខា ដូចគោ ដែលទឹមរទេះ CNRP។ ឯអ្នក បរនោះ គឺលោកគឹម សុខ ក៏ដូចអ្នកនយោបាយមួយចំនួនទៀត ដែលតែងតែស្រែកពន្យុះមេប្រឆាំងទាំងពីរឱ្យប្រឹងស្ទុះស្ទា ដណ្តើមយក CNRP មកវិញ។ ចាក់ឯលិច ចាក់ឯកើត ជិត៤ឆ្នាំហើយ សេះ សម រង្ស៊ី នៅតែវាលស្មៅស្រុកបារាំង ខណៈ ដែលគោ កឹម សុខា នៅតែក្នុងក្រោលស្រុកខ្មែរ។

ការប្រើជន្លួញនយោបាយ ជួនកាលដូច “សម្លាប់អ្នកនយោបាយ” ដែល “នគរធំ” សូមបង្ហាញខ្លះៗដូចខាងក្រោម ៖

នាងម៉ៃ ជាប្រពន្ធចុងតេជោមាស ៖ បានប្រើ “ជន្លួញនយោបាយ” ចាក់ប្តី ដោយនិយាយថា “លោកបង ដាវលំពែង គ្រាប់កាំភ្លើង មិនខ្លាច មកខ្លាចម្ជុល?” សម្តីប្រពន្ធតូចនេះ តេជោ មាស ឆ្លើយមិនរួច ព្រោះគាត់ខ្លាចម្ជុលមែន តែដាវ លំពែង អត់ខ្លាចទេ ធ្វើឱ្យគាត់តូចចិត្ត “ចាញ់សម្តីស្រី” ក៏ដាច់ចិត្តសម្លាប់ខ្លួនលើចង្ក្រានដំដែក គ្មានអ្នកណាឃាត់ឈ្នះ។

ក្រៃថោង ក្រពើឆារ៉ាវ៉ាន់ ៖ ពេលក្រពើវេទមន្តឈ្មោះឆារ៉ាវ៉ាន់ ចាប់នាងសំពៅមាស ទៅបាតសមុទ្រ ក្រៃថោង ក៏ តាមទៅរំដោះនាងដោយប្រើសិល្ប៍មន្ត អន្ទងហៅឆារ៉ាវ៉ាន់ ឱ្យចេញពីរូង។ ទោះជាគ្រូ និងប្រពន្ធ ហាមឃាត់កុំចេញពីរូង ក៏ ឆារ៉ាវ៉ាន់ ទ្រាំមិនបាន ព្រោះ “ជន្លួញនយោបាយ” អន្ទងហៅនោះ ឈឺណាស់ ក៏ចេញប្រយុទ្ធគ្នា និងត្រូវក្រៃថោង សម្លាប់បាន។

យ៉ាងណាមិញ មេប្រឆាំងទាំងពីរ ប្រហែលជាទ្រាំមិនបានទេ ព្រោះរដូវបោះឆ្នោតជិតមកដល់ហើយ។ នៅពេលកូនចៅ ខ្លះ ចេញការវិភាគរបៀបប្រើ “ជន្លួញនយោបាយ” ចាក់យ៉ាងនេះ តើមេប្រឆាំងទ្រាំបានទេ? សូម្បីតែលោកមុត ចន្ថា អតីត ជំនួយការលោកកឹម សុខា ក៏ប្រឹងចាក់ណាស់ដែរ តាមរបៀបនិយាយខុសពីគឹម សុខ ដូចពាក្យថា លោកសម រង្ស៊ី ព្យាយាម ចង់ចូលស្រុកដែរ តែមិនហ៊ានមកផ្ទាល់ ក៏នៅពីក្រោយបក្សភ្លើងទៀន បក្សបេះដូងជាតិ

ដូច្នេះសួរថា បើកូនចៅ អតីតសហការី ក៏ដូចអ្នកវិភាគ ព្រួតគ្នាបុកនឹងជន្លួញបែបនេះ តើលោកសម រង្ស៊ី និងលោកកឹម សុខា ទ្រាំបានទេ? ឬមួយ “ចាំដកបម្រាមអាកាសចរណ៍សិន” និង “អហិង្សាគង់តែឈ្នះ” បើមេប្រឆាំង យកជំហរបែប នេះដាក់ខ្លួន ពិតណាស់ថា “ចាំសេះដុះស្នែង” ដូចអ្វីដែលលោកសុខ ឥសាន ថាមិនខុសទេ។ ជួនកាល ដល់គេចាក់ពេកទៅ ឈឺចិត្តរហូតដល់ក្ស័យជីវ៉ា ដូចក្រពើឆារ៉ាវ៉ាន់ ឬធ្វើអត្តឃាតដូចតេជោ មាស ក៏ថាបាន ព្រោះតែរឿង “ចាញ់សម្តី”។

សរុបទៅ “ជន្លួញនយោបាយ” សម្រាប់តែអ្នកវិភាគយកមកប្រើក្នុងការជំរុញអ្នកនយោបាយឱ្យប្រឹង។ មានអ្នកខ្លះមិន សូវយល់ពីរឿងជន្លួញនយោបាយ បានខមិនជេរអ្នកវិភាគ គឹម សុខ ថា បើពូកែយ៉ាងនេះ ចូលស្រុកឱ្យឆាប់មក! ដែលឃ្លានេះ មិនចំជាអ្នកចេះទេ ព្រោះអ្នកវិភាគរត់ចោលស្រុក នឹងអាចចូលស្រុកវិញបាន លុះត្រាតែខ្មែរឯកភាពគ្នា ព្រោះគេមិនធ្វើ នយោបាយដើម្បីអំណាចទេ គ្រាន់តែមានជំហរដើរផ្ទុយពីរដ្ឋាភិបាល

RELATED ARTICLES