ដោយ អាចារ្យថាំ
តាមការកត់សម្គាល់ អាជ្ញាធរមានសមត្ថកិច្ច មើលឃើញតែផ្លូវជាតិសំខាន់ៗ បើបាក់ស្រុតក្រហេងក្រហូង ខូចខាត ក៏ដាក់ពាក្យស្នើសុំថវិកា ជួសជុលកែលម្អ ប៉ុន្តែ “ផ្លូវលំ” មិនដែលស្គាល់ចាក់កៅស៊ូដល់ម្តងផង ទោះជាពលរដ្ឋស្នើសុំយ៉ាង ណាក៏ “ទុកសិន” ពីមួយឆ្នាំទៅមួយឆ្នាំ។
ប្រភពព័ត៌មានបានឱ្យដឹងថា អាជ្ញាធរខេត្តកំពត នឹងរៀបចំបើកការដ្ឋាន ផ្លូវ លំជាច្រើនខ្សែ នៅខេត្តកំពត ជាពិសេស ផ្លូវលំដ៏សំខាន់ មានប្រវែងជាង១៣ គីឡូម៉ែត្រ ពីផ្សារទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ទៅកើត ដល់ស្ពានឆ្លង ព្រែកពោធិ៍តាស៊ុយ ក្នុងស្រុកគិរីវង់ ខេត្តតាកែវ។
គ្រាន់តែលើកផែនការស្ថាបនាផ្លូវនេះភ្លាម ក៏លេចព័ត៌មានថា ផ្លូវវាងក្រុង កំពត ចម្ងាយជាង៤គីឡូម៉ែត្រ បាក់ស្រុតខូចខាតអស់ហើយ ជាប្រភេទផ្លូវកៅស៊ូ រលោងស្រិល ប្រើប្រាស់មិនបានប៉ុន្មានឆ្នាំផង ក៏ហិនហោចដោយសាររថយន្តដឹកដី ដឹកថ្ម បើកបរឆ្លងកាត់មួយថ្ងៃៗ រាប់សិបគ្រឿង ដោយគ្មានការហាមឃាត់។
តាមទម្លាប់កន្លងមក អាជ្ញាធរមើលឃើញតែផ្លូវកៅស៊ូ បើខូចខាតក៏ប្រញាប់ រកលុយជួសជុល រីឯផ្លូវលំ ស្នើសុំរាប់ឆ្នាំ អត់រវល់ធ្វើជូនរាស្ត្រទេ គឺសន្យាចោលៗ។ ដូច្នេះឧបមាថា ពេលឃើញផ្លូវកៅស៊ូវាងទីក្រុងកំពត ខូចខាត ស្រាប់តែអាជ្ញាធរ បង្វិលថវិកាពីកសាងផ្លូវលំ យកទៅជួសជុលផ្លូវកៅស៊ូនោះ អត់កើតទេ ច្បាស់ ជារាស្ត្រកើតទុក្ខមិនសុខចិត្ត។
មិនសុខចិត្តដោយសារអី? គឺមកពីផ្លូវកៅស៊ូនោះ សុទ្ធតែបានលើកស្លាកហាម ផ្ទុកលើសចំណុះ ប៉ុន្តែរថយន្តដឹកដី ដឹកថ្ម ១គ្រឿងៗនោះ មានទម្ងន់ប៉ុន្មាន? បើ ឡានស្រាលៗ វាមិនអាចខូចខាតផ្លូវយ៉ាងនេះទេ អាចថាមកពីសមត្ថកិច្ចពាក់ព័ន្ធ នៅតំបន់នោះ មើលមិនឃើញរថយន្តដឹកដីធ្ងន់បើកទំពោលីផ្លូវកៅស៊ូ តែម្តង រឿងអីវាមិនស្រុត? អ៊ីចឹងទោះជាដកថវិកាមកជួសជុល ១០ដងទៀត ក៏នៅតែ ប៉ុណ្ណឹង ដែលជាចន្លោះប្រហោងនៃកិច្ចការរដ្ឋបាល។
ផ្លូវលំសំខាន់ៗ នៅខេត្តកំពត ជាច្រើនខ្សែ មានផ្លូវពីផ្សារឈូក តភ្ជាប់ផ្លូវ ជាតិលេខ៣ ទៅដល់ផ្លូវជាតិលេខ៣១ ជាប់ភ្នំច្រកសៀម និងផ្លូវពីផ្សារទូកមាស លេខ៣១ ទៅតភ្ជាប់ផ្លូវជាតិលេខ២ មិនដែលមានវាសនាចាក់កៅស៊ូម្តងណា ឡើយ។
ដូច្នេះ “ធ្វើផ្លូវថ្មីសិន!” ពោលគឺផ្លូវលំដែលប្រជាពលរដ្ឋស្នើសុំរាប់សិបឆ្នាំ ហើយ ត្រូវតែធ្វើឱ្យបានតាមគម្រោងការ។ ថវិកាធ្លាក់ទៅហើយ ដាក់ឱ្យចំមុខ ព្រួញ ឯរឿងជួសជុលផ្លូវកៅស៊ូ ខូចខាតដោយសារឡានដឹកដីនោះ គួរទុកម្តុំសិន។ ថៅកែធំៗ រកស៊ីដឹកអាចម៍ដីលក់ គួរចេញមុខទទួលខុសត្រូវលើការខូចខាតផ្លូវ ប៉ុន្តែអាជ្ញាធរតំបន់នោះ អត់សូវបន្ទោសម្ចាស់រថយន្តនោះទេ គាត់ថា មកពីទឹក ភ្លៀង ធ្វើឱ្យស្រុតផ្លូវ។ មន្ត្រីពាក់ព័ន្ធប្រាប់ថា ចាំស្បើយទឹកភ្លៀងសិន ចាំយក គ្រឿងចក្រទៅឈូសឆាយជួសជុលផ្លូវនោះ ដូច្នេះចៀសមិនរួចពីរកថវិកាទៅធ្វើ ព្រោះគ្រឿងចក្រសុទ្ធតែប្រើប្រេងឥន្ធនៈ ឯតួផ្លូវ សុទ្ធតែប្រើថ្មកិនបង្ហាប់…។
យ៉ាងណាក៏ដោយចុះ “ធ្វើផ្លូវថ្មីសិន!” ជាពិសេសផ្លូវលំ ២ខ្សែ ឮថាបានជំនួយ ពីប្រទេសកូរ៉េ នោះ។ “នគរធំ” សង្ឃឹមថា លោកម៉ៅ ធនិន អភិបាលខេត្តកំពត ធ្លាប់ល្បីរឿងដោះស្រាយទំនាស់ដីធ្លីនោះ ច្បាស់ជាជំរុញការកសាងផ្លូវថ្មី ឬផ្លូវលំ បែកភក់ផុង ឱ្យក្លាយទៅជាផ្លូវកៅស៊ូ ២ជាន់ រីឯផ្លូវកៅស៊ូវាងក្រុង ដែលឯកជន បំផ្លាញនោះ គួរតែអញ្ជើញថៅកែដឹកដី ដឹកថ្ម ទាំងនោះទៅដោះស្រាយផង កុំ គិតតែចំណេញពេក…៕