ដោយ អាចារ្យថាំ
ទោះបីជាលោកសម រង្ស៊ី បរាជ័យក្នុងការធ្វើមាតុភូមិនិវត្តន៍ កាលពីថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ ក៏មេប្រឆាំងនៅតែរក ល្បិចស្នៀតចូលស្រុកឱ្យខាងតែបាន ដែលលើកក្រោយនេះ ត្រូវពឹងផ្អែកទៅលើអន្តរាគមន៍មហាអំណាច ខណៈដែលរាជរដ្ឋាភិបាល ក៏ដូចអ្នកគាំទ្រ CPP សើចចំអក។ មានសំណួរថា តើ “មេប្រឆាំងចូលស្រុកដោយរបៀបណា?” បើខាងបក្សកាន់អំណាច (CPP) មិនស្វាគមន៍? ដែល “នគរធំ” មើលឃើញស្ថានការណ៍នេះ ស្រដៀងអតីតកាល ក៏គាស់កកាយករណី “មេប្រឆាំង ចូលស្រុក” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ…។
បន្ទាប់ពីបរាជ័យ ២ដង ក្នុងការធ្វើមាតុភូមិនិវត្តន៍របស់លោកសម រង្ស៊ី និងលោកស្រីមួរ សុខហួរ បានត្រឹមតែធ្វើឱ្យ អ្នកគាំទ្រ CPP សើចសប្បាយ និងបន្តុះបង្អាប់ថា “កំសាក” ក៏ដូចពួកប្រឆាំងក្រុមលោកកឹម សុខា រិះគន់ធ្ងន់ៗថា គ្រាន់តែ ជាឆាកល្ខេន្ខាបំភ័ន្តភ្នែកតែប៉ុណ្ណោះ។ ទោះជាបរាជ័យចូលស្រុក ក៏មេប្រឆាំងដ៏ស្វិតស្វាញនេះ រិះរកគ្រប់មធ្យោបាយ តាម រយៈការពឹងពាក់អន្តរាគមន៍បរទេស ដូចអ្វីដែលលោកគង់ សភា សហការីលោកសម រង្ស៊ី បានបង្ហោះសំណេរតាមហ្វេសប៊ុក ថា “លោកប្រធានសម រង្ស៊ី និងថ្នាក់ដឹកនាំជាច្រើនរូបថែមទៀត ត្រូវតែចូលស្រុកវិញដោយខានមិនបាន មកលើកនេះ អមដោយប្រទេសមហាអំណាចពិភពលោក អមដំណើរជាមួយផងដែរ”។
ចំណែកលោកម៉ែន សុថាវរិន្ទ្រ សហការីលោកសម រង្ស៊ី ម្នាក់ដែរនោះ ក៏បានប្រាប់ “នគរធំ” ជាអាទិ៍ថា “យើងកំពុង តែរៀបចំត្រៀមលក្ខណៈដើម្បីចូលទៅប្រទេសកម្ពុជាវិញ បន្ទាប់ពីលោកសម រង្ស៊ី ទៅសហរដ្ឋអាមេរិក ម្តងទៀត… គាត់ ទៅជួបខាងសភា ព្រឹទ្ធសភា ហៅគាត់ទៅម្តងទៀត ដើម្បីរឿងHR4686 ផង រឿង S3052 ផង…”។
ទោះបីជាពួកប្រឆាំងដឹកនាំដោយលោកសម រង្ស៊ី រៀបជើងព្រួលចូលស្រុកយ៉ាងណា ក៏ពិបាកជឿណាស់ ជាពិសេស ទោះបីជាអ្នកវិភាគ គឹម សុខ “បុកនឹងជន្លួញនយោបាយ” យ៉ាងណា ក៏លោកសម រង្ស៊ី នៅតែមានអារម្មណ៍ “ខ្លាចបាតដៃទី៣” ឬថាគាត់មិនខ្លាចគុកព្រៃស ប៉ុន្មានទេ តែបាតដៃទី៣ ជារឿងគួរខ្លាចបំផុត។
ចូលស្រុកបានឬមិនបាន? “នគរធំ” មិនដឹងទេ តែបើគាស់កកាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ មកឆ្លុះបញ្ចាំង យើងឃើញ ព្រះមហាក្សត្រ និងអ្នកនយោបាយខ្លះបានចូលស្រុក ដោយសារអន្តរាគមន៍បរទេស ដូចជា ៖
–ព្រះបាទស្រីសុរិយោពណ៌ ៖ (១៦០៣–១៦១៨) ស្តេចអង្គនេះ មុនដំបូងមានឋានៈជា “មហាឧភយោរាជ” (ទីប្រឹក្សា ស្តេចផែនដី) ត្រូវសៀម ចាប់ជាឈ្លើយ នៅពេលវាយបែកបន្ទាយលង្វែក។ ក្រោយមកនៅកម្ពុជា មានស្តេចសោយរាជ្យជា ច្រើនអង្គ ក្រោយរំដោះបន្ទាយលង្វែក បានមកវិញ ជាពិសេស “ព្រះបាទពញាញោម” ទ្រង់មិនប្រកបដោយទសពិធរាជ–ធម៌។ ប្រឈមបញ្ហានេះ “សម្តេចព្រះទេវីក្សត្រី” ជាជីដូន បានចាត់ឱ្យសរសេរសារលិខិតដោយសម្ងាត់ ផ្ញើទៅថ្វាយស្តេចសៀម សុំបើកឱ្យព្រះស្រីសុរិយោពណ៌ វិលចូលស្រុកវិញ ដើម្បីឡើងគ្រងរាជ្យ។ កាលនោះ ស្តេចសៀម ដឹងថា ព្រះស្រីសុរិយោពណ៌ នៅក្រោមឥទ្ធិពលសៀម រើមិនរួច ក៏យល់ព្រមដង្ហែព្រះស្រីសុរិយោពណ៌ មកគ្រងរាជ្យ នៅរាជធានីល្វាឯម ដោយបណ្តេញ ស្តេចពញាញោម ឱ្យចុះពីរាជបល្ល័ង្ក។
–ព្រះបាទអង្គឌួង ៖ (១៨៤០–១៨៥៩) បានយាងទៅគង់នៅប្រទេសសៀម ជាច្រើនឆ្នាំ លុះដល់ស្រុកទេសវឹកវរ ដោយសាររដ្ឋអំណាច “ក្សត្រីអង្គម៉ី” មិនរឹងមាំ អ្វីៗស្រេចតែការដឹកនាំរបស់មេទ័ពយួន ឈ្មោះ “ត្រឿង មិញយ៉ាង” ទើប មានមន្ត្រីស្នេហាជាតិមួយចំនួន ភៀសខ្លួនទៅបាងកក ទូលស្នើសុំព្រះអង្គឌួង យាងមកសោយរាជ្យ។ កាលនោះ ព្រះចៅសៀម បានចាត់ឱ្យ “ពញាបតិន្ទតេជោ” មេទ័ពសៀម ដង្ហែព្រះអង្គឌួង មកក្រុងឧដុង្គ ខណៈដែលកងទ័ពយួន ដាក់អាណានិគម។ សៀម និងយួន ឯកភាពគ្នា “ពុះដីកម្ពុជា” ចែកគ្នាត្រួតត្រា និងយល់ព្រមអភិសេកព្រះបាទអង្គឌួង ជាព្រះមហាក្សត្រ ដោយ ដកហូតក្សត្រីអង្គម៉ី ពីតំណែង ដូចអ្វីដែលឯកសារបានចារទុក។
–លោកសឺង ង៉ុកថាញ់ ៖ ជាអ្នកនយោបាយប្រជាធិបតេយ្យ ប្រឆាំងរបបសង្គមរាស្ត្រនិយម យ៉ាងស្រួចស្រាល់។ បន្ទាប់ពី រដ្ឋប្រហារថ្ងៃ១៨ មីនា ១៩៧០ លោកលន់ នល់ បានអញ្ជើញលោកសឺង ង៉ុកថាញ់ មកធ្វើនាយករដ្ឋមន្ត្រី ដែលកាលនោះ មាននាយទាហានអាមេរិក ជាច្រើនរូប បានអមអំណើរលោកសឺង ង៉ុកថាញ់ ឡើងយន្តហោះមកដល់កម្ពុជា។
–ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ៖ រួមមានសមមិត្ត ហេង សំរិន សមមិត្ត ជា ស៊ីម សមមិត្ត ហ៊ុន សែន សមមិត្ត ប៉ែន សុវណ្ណ បានធ្វើមាតុភូមិនិវត្តន៍ ក្រោយពេលភៀសខ្លួនទៅវៀតណាម។ នៅពេលវាយបណ្តេញពួកប៉ុល ពត ឱ្យរត់ចូល ព្រៃអស់ ក៏មានជំនាញការវៀតណាម អមដំណើរថ្នាក់ដឹកនាំខ្មែរ តាមយន្តហោះ មកដល់ភ្នំពេញ បង្កើតបានជារដ្ឋាភិបាល នៃរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា។
–សម្តេចព្រះនរោត្តម សីហនុ ៖ ព្រះអង្គយាងទៅគង់នៅទីក្រុងប៉េកាំង ប្រទេសចិន ជាច្រើនឆ្នាំ ក្រោយរដ្ឋប្រហារ ១៨ មីនា ១៩៧០។ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ មក កងកម្លាំងអ៊ុនតាក់ (UNTAC) ដាក់ពង្រាយពេញប្រទេស ទើបសម្តេចឪ បានយាងចូលស្រុកវិញ ដោយមានការហែហមពីសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរដ្ឋកម្ពុជា ដោយមានកម្លាំងទ័ពមួកខៀវ ត្រៀមអន្តរាមន៍ផង…។
ការលើកឡើងដោយត្រួសៗនេះ ចង់បង្ហាញថា “មាតុភូមិនិវត្តន៍របស់មេប្រឆាំង” តែងតែមានអន្តរាគមន៍ពីបរទេស ទើបហ៊ានចូលស្រុក។ ដូចឃើញហើយ ព្រះបាទស្រីសុរិយោពណ៌ មានអន្តរាគមន៍ពីកងទ័ពសៀម ព្រះបាទអង្គឌួង មេទ័ព សៀមហែហម, លោកសឺង ង៉ុកថាញ់ នាយទាហានអាមេរិក អមដំណើរមក, ថ្នាក់ដឹកនាំ CPP ជំនាញការវៀតណាម អមដំណើរ, សម្តេចឪ ព្រះបរមរតនកោដ្ឋ មានពួកមួកខៀវ ឈរជើងនៅកម្ពុជា និងបានសម្តេចហ៊ុន សែន អមព្រះ–រាជដំណើរ។
ដូច្នេះយើងឃើញថា មេប្រឆាំងសំខាន់ៗ បើគ្មានអន្តរាគមន៍ពីមហាអំណាច ឬប្រទេសខ្លាំង ពិបាកចូលណាស់ សូម្បីតែ លោកហាមីដ កាហ្សៃ អតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន ក៏បាននាយទាហានអាមេរិក អមដំណើរមកកាន់អំណាច។ ឥឡូវ ពួកតាលីបង់ ដណ្តើមអំណាចបានវិញ ស្រាប់តែមេដឹកនាំតាលីបង់ ដែលសំងំលាក់ខ្លួនជាច្រើនឆ្នាំ ស្មានថាស្លាប់នោះ ត្រូវ បរទេសអមដំណើរ មកដឹកនាំអាហ្វហ្គានីស្ថាន ឡើងវិញ តាមបែបអ៊ីស្លាម ជ្រុលនិយម។
ទោះយ៉ាងណា សម្រាប់លោកសម រង្ស៊ី អតីតប្រធាននៃអតីត CNRP បើចង់ចូលស្រុក លុះត្រាតែមាន “ព្រះរាជក្រឹត្យ លើកលែងទោស” ដែលក្រាបបង្គំទូលស្នើពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបមេប្រឆាំង អាចចូលស្រុកបាន។ បើមាន ការលើកលែងទោស នឹងមានមន្ត្រីប្រទេសមហាអំណាច អមអំណើរគាត់ ដូចលោកសឺង ង៉ុកថាញ់ ដែលចូលប្រទេសកាលពី ឆ្នាំ១៩៧០។ ផ្ទុយទៅវិញ បើគ្មានព្រះរាជក្រឹត្យលើកលែងទោស មេប្រឆាំងមិនអាចមកបានទេ ខណៈដែលបរទេស ជាពិសេស អាមេរិក “ស្គាល់ច្បាប់អន្តរជាតិ” មិនចេះតែចូលស្រុកគេដោយគ្មានការអនុញ្ញាតបានឡើយ។ កាលពីឆ្នាំ២០១៣ មុនពេលបោះឆ្នោតជ្រើសតំណាងរាស្ត្រ អាណត្តិទី៥ ត្រឹមតែ៧ថ្ងៃ លោកសម រង្ស៊ី ក៏មានជនបរទេស អមដំណើរមកដែរ បន្ទាប់ពីមានព្រះរាជក្រឹត្យលើកលែងទោស ទូលស្នើដោយនាយករដ្ឋមន្ត្រី។ ដូច្នេះសម្រាប់លោកសម រង្ស៊ី ចង់ចូលពេលណា ក៏បាន អាស្រ័យលើព្រះរាជក្រឹត្យ ដែលយើងមិនបាច់សង្ស័យ តែបើគ្មានការលើកលែងទោស ទោះជាមហាអំណាចអាមេរិក បូកនិងសហភាពអឺរ៉ុប ជួយយ៉ាងណាក៏យ៉ាប់ដែរ។
សរុបទៅ “មេប្រឆាំងចូលស្រុករបៀបណា?” គឺចូលដោយមានការហែហមអមដំណើរពីសំណាក់កងទ័ពសៀម នាយ ទាហានអាមេរិក កងទ័ពមួកខៀវ បន្ទាប់ពីមានកិច្ចព្រមព្រៀងសន្តិភាព។ ដូច្នេះឧបមាថា លោកសម រង្ស៊ី និងសហការី ទៅ ពឹងសុំអន្តរាគមន៍ពីអាមេរិក យ៉ាងណាក៏ពិបាកដែរ បើសិនជាគ្មានការលើកលែងទោសទេនោះ…៕