ដោយ អាចារ្យថាំ
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងដែនដី នគរូប– នីយកម្ម និងសំណង់ ក៏ដូចជាអាជ្ញាធរដែនដី ខេត្ត–ស្រុក–ឃុំ ព្យាយាមដោះស្រាយ ទំនាស់ដីធ្លី “ក្រៅប្រព័ន្ធតុលាការ” អាចថាមកពីនាយករដ្ឋមន្ត្រី បានឃើញអយុត្តិធម៌ សង្គម កើតឡើងពីបញ្ហាដីធ្លី ពេលបញ្ជូនទៅតុលាការ ក៏មានអ្នកចាញ់ មានអ្នក ឈ្នះ មានអ្នកសប្បាយ មានអ្នកយំស្រែក…។
ប្រាកដជាយ៉ាងនេះមែនហើយ បញ្ហាដីធ្លីទំនាស់រវាងក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋក្រីក្រ, រវាងឧត្តមសេនីយ៍អាងអំណាច មានកូនទាហានស្ពាយកាំភ្លើងទៅ យាមដីទំនាស់ជាមួយអ្នកភូមិ, រវាងឧកញ៉ាឱបក្រសោបយកដី រាប់រយហិកតារ មិនព្រមកាត់ឆ្វៀលជូនជនក្រីក្រ ដែលពួកគាត់ទៅនៅមុន តែអត់ប្លង់រឹង លុះ ឧកញ៉ាទៅក្រោយ មានប្លង់។ រឿងទំនាស់ទាំងអស់នេះ បើឡើងដល់តុលាការ “អ្នកក្រចាំតែចាញ់ យំស្រែកននៀលដីរហូត” ជូនកាលត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ ថែមទៀត បើសិនជាតុលាការចេញសាលក្រម សាលដីកា តែអ្នកចាញ់ក្តីនោះ រឹងទទឹង។
ករណីលោកម៉ៅ ធនិន កាលធ្វើអភិបាលខេត្តពោធិ៍សាត់ បានចុះទៅដោះ–ស្រាយទំនាស់ដីធ្លីប្រកបដោយយុត្តិធម៌ តម្លាភាពនោះ ធ្វើឱ្យប្រជាពលរដ្ឋនៅខេត្ត ពោធិ៍សាត់ គោរពស្រលាញ់គាត់ណាស់។ ឥឡូវលោកម៉ៅ ធនិន ត្រូវផ្លាស់ទៅ ខេត្តកំពត ចាប់ផ្តើមដោះស្រាយបញ្ហាដីធ្លីទៀតហើយ ដែល១ខែប្លាយនេះ ឃើញ ចំណាត់ការរបស់គាត់ “ល្អមែនទែន” ដោយដណ្តើមបានយុត្តិធម៌មកជូនជនក្រីក្រ ដែលត្រូវអ្នកមានទ្រព្យមានអំណាចរំលោភយកដី។
រឿងក្តីខ្លះបានឡើងដល់តុលាការដែរ តែមិនដែលឈ្នះអ្នកមាន លុះដល់ លោកអភិបាលខេត្ត ម៉ៅ ធនិន ដោះស្រាយក្រៅប្រព័ន្ធតុលាការ ក៏ “ឈ្នះទាំង អស់គ្នា” ខណៈដែលតុលាការ ធ្វើមិនបានដូចគាត់។
ជាក់ស្តែងរឿងស្រះទឹក នៅឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត មាន ភាពប្រទាញប្រតោង ដោះមិនចេញជាង១០ឆ្នាំ ក៏ត្រូវបានលោកខេត្ត ដោះចេញ ផុយ ដោយចំណាយលុយ ១ម៉ឺនដុល្លារ ទិញយកស្រះនោះ មកជូនពលរដ្ឋបាន ទឹកប្រើវិញ បន្ទាប់ពីតាមេភូមិ បញ្ជាក់ថា គាត់បានទិញស្រះនេះពីអ្នកភូមិខ្លះ បើចង់ប្រើប្រាស់ទឹក លុះត្រាតែមានសំណងខ្លះ។
ឥឡូវសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ប្រើ “អំណាចនីតិប្រតិបត្តិ” ដោះស្រាយទំនាស់ដីធ្លីម្តងវិញ បន្ទាប់ពីដឹងថា “អំណាចតុលាការ” ឈ្នះតែអ្នកមាន ឯអ្នកក្រ ឡាំប៉ា កើតទុក្ខមិនសុខចិត្ត ត្រូវ គេចាប់ដាក់គុកថែមទៀត។
ដូច្នេះតួនាទីអភិបាលខេត្ត–ស្រុក សំខាន់ណាស់ពេលនេះ ក្នុងការរកដំណោះ ស្រាយក្រៅប្រព័ន្ធតុលាការ លៃយ៉ាងណាឱ្យមាន “យុត្តិធម៌សង្គម” អូសទាញ ប្រជាប្រិយភាពមកវិញ បន្ទាប់ពីបក្សកាន់អំណាច (CPP) បាត់អាសនៈតំណាង–រាស្ត្រ កៅអីមេឃុំ ចៅសង្កាត់ ជិតពាក់កណ្តាល កាលពីអាណត្តិទី៥។ មកពីអយុត្តិធម៌ សង្គម ទើបរាស្ត្រថយជំនឿពី CPP នាំគ្នាបោះឆ្នោតឱ្យអតីតបក្សប្រឆាំង (CNRP) ជិត៣លានសំឡេង ដោយសារអី? គឺមកពីតុលាការ កាត់ក្តីតាម “អគតិ៤” ហ្នឹង ហើយ។
បើសិនជាអភិបាលខេត្តគ្រប់រូប យកគំរូបតាមលោកម៉ៅ ធនិន ឬថា អភិបាល រាជធានី–ខេត្ត ទូទាំងប្រទេសតាំងខ្លួនជា “លោកម្ចាស់ប៉ាវ” ដូចរឿងតុលាការ មុខដែក ពិតណាស់ថា ប្រជាប្រិយភាព CPP និងលោតឡើងខ្ពស់ត្រដែត ដូចកាល ពីឆ្នាំ១៩៧៩ ដែលកាលនោះ រាស្ត្រខ្មែរ ទើបរួចផុតពីត្បូងចប គល់ប្ញស្សី មិន ភ្លេចគុណថ្នាក់ដឹកនាំ CPP។
បើដោះស្រាយក្រៅប្រព័ន្ធ អាចធ្វើឱ្យតុលាការ “អត់ការងារធ្វើ” ព្រោះ រាស្ត្រលែងទៅប្តឹង ដែលបានត្រឹម “ធ្ងន់នូវថ្ម ក្រនូវក្តី” បើមានបញ្ហាដីកើតឡើង ឬមានទំនាស់គ្រួសារ គេឈប់ប្តឹងតុលាការ ដោយងាកទៅពឹងលោកខេត្តម្តង វិញ ព្រោះលោកខេត្ត បានទុកលេខទូរស័ព្ទឱ្យហើយ បើមានបញ្ហាអី ប្តឹងគាត់ទៅ។
ដោះស្រាយក្រៅប្រព័ន្ធ ក៏ដូចជាទុកឱកាសឱ្យ “តុលាការកែខ្លួន” ផងដែរ ព្រោះតែជាប់អគតិ៤ ទើបសម្តេចនាយករដ្ឋមន្ត្រី បញ្ជាឱ្យមន្ត្រីនីតិប្រតិបត្តិ ដោះ– ស្រាយទំនាស់ ក្រៅអំណាចតុលាការ៕