Monday, December 23, 2024
Homeបរិយាយស្តារយុត្តិធម៌សង្គម

ស្តារយុត្តិធម៌សង្គម

ដោយ អាចារ្យថាំ

ទម្លាប់មិនល្អរបស់មន្ត្រីបក្សកាន់អំណាច (CPP) នៅត្រង់ថា ទោះបីជាគាត់បានឃើញស្តែងនឹងភ្នែកនូវអយុត្តិធម៌សង្គម អ្នកធំរំលោភបំពានអ្នកតូច អ្នកមានជិះជាន់សង្កត់សង្កិនអ្នកក្រ ក៏គាត់មិនហ៊ានហើបមាត់។ លុះដល់ប្រមុខ CPP ស្រែក ខ្លាំងៗតាមមីក្រូ ឱ្យដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទើបមានមន្ត្រីខ្លះ “ស្រែកតាមក្រោយ” ជារបៀបអែបអបយក គាប់គួរទៅវិញ។ ឥឡូវដល់ពេល “ស្តារយុត្តិធម៌សង្គម” ហើយ គួរតែមន្ត្រីយើងជួយស្រែក ជួយថា ត្រង់ចំណុចណាដែលគាត់ មើលឃើញ កុំចាំតែនាយករដ្ឋមន្ត្រីស្រែកមុននោះ មិនកើតទេ ដែល “នគរធំ” ក្តាប់បាន ក៏លើកពីករណី “ស្តារយុត្តិធម៌សង្គម” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

កាលពីអាណត្តិមុនៗ ដោយសារបក្សកាន់អំណាច ខ្លាចបាត់បង់មន្ត្រីដែលជាកម្លាំងស្នួល ទោះជាមន្ត្រីខ្លះនោះ ប្រព្រឹត្ត អំពើពុករលួយ សាបព្រោះអយុត្តិធម៌សង្គមយ៉ាងណា ក៏ចេះតែជួយ “លាក់បំពួន” សិនទៅ ខណៈដែលបក្សប្រឆាំង កំពុងធ្វើ សកម្មភាពដណ្តើមការគាំទ្រពីប្រជាពលរដ្ឋ។ ឥឡូវបក្សប្រឆាំងធំជាងគេនោះ រលំរលាយទៅហើយ បើនៅតែស៊ុមគ្រលុំ សមគំនិតលាក់បំពួនមន្ត្រីពុករលួយ អាចធ្វើឱ្យ CPP “មានតែការគាំទ្រតាមកាយវិការ ឬពាក្យសម្តី ប៉ុន្តែផ្លូវចិត្តថយការគាំទ្រ”។

យើងឃើញហើយនៅខេត្តកំពត “អយុត្តិធម៌សង្គម” កើតឡើងរាប់រយករណី ស្ងាត់ឱ្យឈឹង លុះដល់លោកខេត្ត ម៉ៅ ធនិន ទៅគ្រប់គ្រងខេត្តកំពត ទើបបែកធ្លាយរឿងអ្នកធំៗ រំលោភយកដីរដ្ឋ ឬអ្នកមានអំណាច សមគំនិតជាមួយអ្នកមាន ទ្រព្យធ្វើទុក្ខបុកម្នេញរាស្ត្រ។ លុះលោកមៅ ធនិន គាស់កកាយអយុត្តិធម៌សង្គម ឱ្យរបើករបាញទាំងផ្ទាំងៗ ក៏ស្រាប់តែ មន្ត្រីធ្លាប់សំងំខ្លាចគេនោះ ស្ទុះជើង៣ ជើង៤ ទៅបើក “វេទិការសាធារណៈ” សួរយោបល់រាស្ត្រ “ចុះពីមុនម៉េចក៏មិនសួរ?”

ប្រឈមបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសចេញបទបញ្ជាបន្ទាន់ឱ្យ “ដោះស្រាយទំនាស់ក្រៅ ប្រព័ន្ធតុលាការ” គឺមានន័យថា ប្រមុខ CPP “ស្តារយុត្តិធម៌សង្គម” ប្រៀបបាននឹងការស្តារអណ្តូង កាយភក់ចេញ ឱ្យទឹកថ្លា ចេញមកបានប្រើប្រាស់វិញ។

ករណីនេះ ស្របនឹងសុភាសិតថា “ទឹកចូលត្រចៀក យកទឹកចាក់” ពោលគឺបើអយុត្តិធម៌សង្គម កើតចេញពី “នីតិប្រតិបត្តិ” ត្រូវយក “មន្ត្រីកាន់នីតិប្រតិបត្តិ” ចាត់ការ។ បើការជិះជាន់កេងប្រវ័ញ្ច កើតចេញពី “តុលាការ” ទាល់តែយក តុលាការ ទៅ បង្ក្រាប។ បើអយុត្តិធម៌សង្គម ចេញពី “នីតិប្បញ្ញត្តិ” ត្រូវតែនីតិប្បញ្ញត្តិ ចាត់វិធានការ ដែល “នគរធំ” សូមពន្យល់លម្អិត ដូចខាងក្រោម ៖

អយុត្តិធម៌សង្គមចេញពីនីតិប្រតិបត្តិ ៖ សំដៅដល់អ្នកមានអំណាច មានទ្រព្យ មានតួនាទីជាមន្ត្រីអនុវត្តច្បាប់ ឬឧត្តមសេនីយ៍ ឧកញ៉ា ប្រព្រឹត្តបទល្មើសទៅចាក់ដីលុបសមុទ្រ លុបព្រែក លុបប្រឡាយ វាតទីយកដីព្រៃរដ្ឋធ្វើកម្មសិទ្ធិ ទាល់តែ “ដាក់អភិបាលខេត្តស្អាតស្អំ” ទៅបង្ក្រាប ទើបបាន។ លោកខេត្តនោះ ជា “មន្ត្រីនីតិប្រតិបត្តិ” ត្រូវតែបោសសម្អាតអយុត្តិធម៌ សង្គម ដោយមិនយោគយល់បក្ខពួក គ្រួសារ ដោយហេតុថា “ទឹកចូលត្រចៀក” មិនអាចយកទឹកម៉ាស៊ីន ទៅចាក់ត្រចៀកទេ តែបើក្មេងនោះងូតទឹកបឹង ត្រូវទឹកបឹងចូលត្រចៀក ទាល់តែក្បង់ទឹកបឹង ចាក់រន្ធត្រចៀក រួចលោតទន្ទ្រាំដី ផ្អៀងក្បាល យក ដៃទះផ្លាប់ៗ ទើបទឹកចូលត្រចៀកនោះ ហូរចេញមកក្តៅៗ បាត់ហ៊ឹងត្រចៀកមួយរំពេច។ ករណីធ្លាយព័ត៌មានថា មានលោក ផ្កាយ២ ឯណាលុបព្រែកកំពត ទាល់តែលោកខេត្ត ក្លាយជាទឹកចាក់រន្ធត្រចៀក ទើបមន្ត្រីយោធានោះ ចុះចាញ់ តែបើប្រើ “តុលាការ” ទៅដោះស្រាយជំនុំជម្រះរឿងនោះ ទៅមិនរួចទេ។

អយុត្តិធម៌កើតពីតុលាការ ៖ ធ្លាប់ល្បីថា មានព្រះរាជអាជ្ញា ចៅក្រម មេធាវីខ្លះ ប្រព្រឹត្ត “អគតិ៤” ធ្វើឱ្យការកាត់ក្តី មិនយុត្តិធម៌។ នគរបាលយុត្តិធម៌ខ្លះ ក៏ល្បីថា ធុំក្លិនមិនស្រួលដែរ ដូច្នេះចង់ដោះស្រាយអយុត្តិធម៌ក្នុងតុលាការ លុះត្រាតែ “ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម” ដែលមានព្រះមហាក្សត្រ ជាព្រះប្រធាន ដោះស្រាយទើបបាន។ ទាល់តែបង្កើតគណៈកម្មការ អធិការកិច្ចចេញពីអង្គភាពកំពូលនេះ តាមដានសុចរិតភាពរបស់តុលាការ ដែលពីបុរាណ ហៅ “ក្រុមសុភាចារបុរស” ទើបធ្វើឱ្យប្រព័ន្ធតុលាការស្អាតស្អំ។ មានឧបមាដូច “លោកម្ចាស់ប៉ាវ” ក្នុងរឿង “តុលារការមុខដែក” នៃខ្សែភាពយន្តចិន ហុងកុង យើងឃើញម្ចាស់ប៉ាវ កាត់ទោស “សេនាប្រមុខចាន់ចាវ” ដែលភ្លាត់ស្នៀតចាញ់ល្បិចជនទុច្ចរិត។ ម្ចាស់ប៉ាវ អត់ យោគយល់គ្នាឯងទេ បានចេញសាលក្រម ឱ្យប្រើ “កាំបិតក្បាលខ្លា ប្រហារជីវិត” ប៉ុន្តែសេនាប្រមុខចាន់ចាវ អាយុមិនអស់ បានព្រះរាជក្រឹត្យជួយទាន់ កុំអីដាច់ក ព្រោះតែការធ្វេសប្រហែសក្នុងតួនាទីជានគរបាលយុត្តិធម៌។

អយុត្តិធម៌ក្នុងនីតិប្បញ្ញត្តិ ៖ ធ្លាប់លេចឮថា មានតំណាងរាស្ត្រខ្លះ សមាជិកព្រឹទ្ធសភាខ្លះ មានដីធ្លីច្រើន ទ្រព្យសម្បត្តិ ក៏ច្រើន ហួសពីការប្រកាសទ្រព្យសម្បត្តិ ដែលគាត់បានយកទៅតម្កល់ទុកនៅអង្គភាពប្រឆាំងអំពើពុករលួយ។ បើត្រឹម តំណាងរាស្ត្រសោះ មានដីធ្លីរាប់សិបហិកតារនោះ មានន័យថា មាន “អយុត្តិធម៌សង្គមក្នុងនីតិប្បញ្ញត្តិ” ឬ “អ្នកច្បាប់អង្គុយ លើច្បាប់” ដូច្នេះលុះត្រាតែអង្គការនីតិប្បញ្ញត្តិ បង្កើតគណៈកម្មការមួយដែលស្អាតស្អំបំផុត តាមដានករណីតំណាងរាស្ត្រ ខិល ខូចនោះ តែបើ “ទៅទាំងប៉ី ទាំងស្គរ” នឹងធ្វើឱ្យអយុត្តិធម៌សង្គម ពិបាកស្តារ។

“នគរធំ” សូមបង្ហាញឧទាហរណ៍ខ្លះៗ ស្តីពី “នីតិប្រតិបត្តិ បង្ក្រាបនីតិប្រតិបត្តិ” ដូចករណីព្រះច័ន្ទរាជា ឬហ្លួងខាងលិច បានកាត់ទោសប្រហារជីវិត យមរាជសួស ដែលមិនគោរពកតិកាសញ្ញា។ កាលនោះ ភាគីព្រះច័ន្ទរាជា បានចុះកិច្ចព្រមព្រៀង ជាមួយភាគីស្តេចកន ផ្អាកធ្វើសង្គ្រាម ៣ខែ ដើម្បីទុកពេលឱ្យកងទ័ព និងប្រជារាស្ត្រធ្វើស្រែចម្ការ ប៉ុន្តែយមរាជសួស មិន ស្តាប់ ក៏នាំគ្នីគ្នាទៅជួនស្ទាក់បាញ់ស្តេចកន តែបាញ់មិនត្រូវ។ លុះស្តេចកន បន្ទោសថា ព្រះច័ន្ទរាជា ជាស្តេចមិនគោរពកតិកាសញ្ញា ទើបឈានដល់ការកាត់ទោសយមរាជសួស។

ជំនាន់នោះ ព្រះមហាក្សត្រ កាន់អំណាចទាំង៣ ជាពិសេស នីតិប្រតិបត្តិ បើមន្ត្រីណាធ្វើខុស ចៀសមិនរួចពីការកាត់ទោស ដោយគ្មានការយោគយល់បុគ្គលណាឡើយ។

កាលពីអាណត្តិទី៥ អតីតបក្សប្រឆាំង CNRP ខ្លាំង ដោយសារអី? គឺមកពី CPP មានមន្ត្រីពុករលួយ សំងំបង្កអយុត្តិធម៌ សង្គមនេះឯង បានជារាស្ត្រដកសេចក្តីទុកចិត្ត។ ចុះឥឡូវមាន CNRP ឯណាទៀត? គឺមានតែបក្សតូចៗ រាប់សិប បែកសំឡេង ប្រឆាំងខ្ចាត់ខ្ចាយ តើ CPP បារម្ភអីទៀត? ទុកមន្ត្រីខិលខូចដល់ណាទៀត? អ៊ីចឹងហើយបានជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការយក “នីតិប្រតិបត្តិ បង្ក្រាបនីតិប្រតិបត្តិ” ឬថាបញ្ជាឱ្យចៅហ្វាយខេត្ត បោសសម្អាតអយុត្តិធម៌សង្គមក្នុង ខេត្តគាត់ ឱ្យរាបទាប។ នីតិប្រតិបត្តិ មិនអាចបញ្ជាតុលាការ បានទេ តែប្រព័ន្ធតុលាការ មាន “ឧត្តមក្រុមប្រឹក្សានៃអង្គចៅ ក្រម” សម្រាប់តែឃ្លាំមើលចៅក្រម ព្រះរាជអាជ្ញា មេធាវី ក្រឡាបញ្ជីណាដែលសាងអគតិ៤។ បើសិនជា CPP យកគំរូតាម ប្រទេសចិន ឬវៀតណាម ដែលមន្ត្រីខ្លះលេបលុយជាតិត្រឹមតែ ១០ម៉ឺនដុល្លារ ប្រហារជីវិតនោះ សង្គមកម្ពុជា នឹងមានតម្លាភាព ជឿនលឿន ដើរទាន់សិង្ហបុរី មិនខានឡើយ។

សរុបទៅ “ស្តារយុត្តិធម៌សង្គម” គ្រាន់តែចង់បង្ហាញថា ទាល់តែ “ទឹកចូលត្រចៀក យកទឹកចាក់” ទើបបាន។ ចង់បង្ក្រាប មន្ត្រីអនុវត្តច្បាប់ “កុំទាន់អាលរុញទៅតុលាការអី!” តែត្រូវយកមន្ត្រីអាជ្ញាធរខេត្ត កណ្តាប់ដៃដែក ទៅចាត់ការជាមុនសិន ដូចករណីលោកមៅ ធនិន កំពុងទទួលបានការសរសើរពីគ្រប់មជ្ឈដ្ឋាន សូម្បីពួកប្រឆាំងខ្លះក៏សរសើរដែរ។ ចំណាត់ការប្រមុខ រាជរដ្ឋាភិបាល ល្អណាស់ ប៉ុន្តែបើខ្លាំងតែចៅហ្វាយខេត្តកំពត ឯចៅហ្វាយខេត្តជាង ២០ទៀត មិនសូវខ្លាំង ក៏ពិបាកស្តារ យុត្តិធម៌សង្គមដែរ

RELATED ARTICLES