Monday, December 23, 2024
Homeបរិយាយបក្សកាន់អំណាច មិនខ្លាចអាចម៍ខ្លា

បក្សកាន់អំណាច មិនខ្លាចអាចម៍ខ្លា

ដោយ អាចារ្យថាំ

អតីតមន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) មួយចំនួន បានដាក់ពាក្យសុំចូលទ្វារនយោបាយ និងបានទៅបើក គណបក្សថ្មីរៀងៗខ្លួន ត្រៀមចូលប្រកួតការបោះឆ្នោត នាពេលខាងមុខ។ រីឯគណបក្សភ្លើងទៀន មានមកយូរហើយ មិនមែន បង្កើតថ្មីទេ ចាត់ទុកជា “អាចម៍ខ្លា” ដែលបក្សថ្មីកោតញញើត មិនចង់ឱ្យចូលប្រកួតជាមួយពួកគេ ប៉ុន្តែ “បក្សកាន់អំណាច មិនខ្លាចអាចម៍ខ្លា” នោះទេ ដែល “នគរធំ” ក្តាប់បាន ក៏លើកពីរឿង “អាចម៍ខ្លា” មកធ្វើប្រធានបទ បរិយាយថ្ងៃនេះ

លោកសម រង្ស៊ី និងលោកកឹម សុខា ជាអ្នកនយោបាយប្រឆាំងដ៏ស្វិតស្វាញ ទោះជាពួកគាត់ចាប់ដៃគ្នាបង្កើតគណបក្ស សង្គ្រោះជាតិ ក៏មើលឃើញអនាគតនៃការរំលាយ CNRP ទើបលោកសម រង្ស៊ី រក្សាទុក “គណបក្ស ភ្លើងទៀន” ផ្ទុកផ្តាក់ លោកទាវ វណ្ណុល ជាមនុស្សជំនិត ឱ្យថែរក្សាភ្លើងទៀននោះ កុំឱ្យរលត់។ ចំណែកលោកកឹម សុខា ក៏បាន រក្សាទុក “គណបក្ស សិទ្ធិមនុស្ស” ដោយចាក់លោកសឺន ស៊ូប៊េរ្តិ៍ កូនសម្តេច សឺន សាន ឱ្យទៅថែទាំ ពូនជ្រំដាក់ជី ប៉ុន្តែដោយសារលោកសឺន ស៊ូប៊ែរ្តិ៍ ពិបាកទ្រាំពេក ក៏ដាក់ពាក្យសុំទៅក្រសួងមហាផ្ទៃ ឱ្យលុបឈ្មោះគណបក្សសិទ្ធិមនុស្ស នោះបាត់ទៅហើយ។

ឃើញនៅសល់តែ “គណបក្សភ្លើងទៀន” ដែលអាចប្រៀបបានទៅនឹង “អាចម៍ខ្លា” ពោលគឺ CNRP ជា “ខ្លា” មុននឹង ព្រានព្រៃដេញបាញ់ប្រហារ បានជុះដាក់ក្បែរផ្លូវ រួចកាយដីកប់។ ជាទូទៅ សត្វឆ្មា ខ្លា តោ ដោយសារវាស៊ីសាច់ឆៅជាអាហារ ទើបលាមកវាធុំក្លិនស្អុយជាងលាមកមនុស្សទៅទៀត ទើបធម្មជាតិបង្កើតមារយាទពួកវា ឱ្យចេះ “កប់អាចម៍” បើជុះកន្លែង ណា ត្រូវកាយដីកប់ឱ្យជិត កុំឱ្យធុំក្លិនស្អុយដល់សត្វឯទៀត វៀរលែងតែឆ្កែ អត់មារយាទ ជុះចោលពាសវាពាសកាល អត់ ចេះកប់ទេ។

បក្សភ្លើងទៀន ឬបក្សអាចម៍ខ្លានោះ “បក្សកាន់អំណាច មិនខ្លាចទេ” ប៉ុន្តែ “ញញើតខ្លាខ្លះៗដែរ” ព្រោះ “ខ្លា CNRP” ធ្លាប់ខាំគ្នាជាមួយ “ខ្លា CPP ” កាលពីឆ្នា២០១៣២០១៤ ដណ្តើមបានសាច់សន្ធឹក។ ដោយសារតែខ្លា CPP មានកម្លាំងខ្លាំង ជាង ក៏ដេញខាំខ្លា CNRP ឱ្យរត់ចូលព្រៃបាត់ទៅ និងបន្តការប្រុងប្រយ័ត្ន ក្រែងខ្លានោះវិលមកវិញ “ដណ្តើមសាច់” ដូច អាណត្តិទី៥ ទៀត។ បក្សកាន់អំណាច ស្គាល់ “កន្លែងខ្លាជុះ” ច្បាស់ណាស់ សំដៅដល់បក្សភ្លើងទៀន នេះឯង គ្មានអ្វីគួរឱ្យ ខ្លាចនោះទេ ព្រោះកប់ដីយូរឆ្នាំ វាបាត់ធុំក្លិនទៅហើយ ទោះជាលោកទាវ វណ្ណុល ដាក់ពាក្យសុំប្រកួត ក៏មិនរួញរាឡើយ ដោយក្រាន់តែ “ស្រាស់របងឱ្យជាប់” ក្រែងខ្លា សម រង្ស៊ី និងខ្លា កឹម សុខ របូតពីអន្ទាក់ ជាការស្រេច។

ផ្ទុយទៅវិញ អ្នកនយោបាយបែកឆ្វេងចេញពី CNRP “ខ្លាចអាចម៍ខ្លា” មិនធម្មតាទេ មិនចង់ឱ្យលោកទាវ វណ្ណុល ចូល ប្រកួតដោយលើកឡើងថា “បើអាចម៍ខ្លា ទៅដល់ណា ខ្លាដើរតាមពីក្រោយ” បានទាំងប្រាប់ក្រសួងមហាផ្ទៃ ឱ្យប្រយ័ត្ន ជាន់ អាចម៍ខ្លាទៀតផង។

ប្រហែលជាអ្នកនយោបាយបើកបក្សថ្មីទាំងនោះ យល់ឃើញថា ជា “អាចម៍ខ្លាឃ្មុំ” បានជាខ្លាចយ៉ាងនោះ ដោយហេតុ ថា ខ្លាឃ្មុំស៊ីឃ្មុំផ្លិតជាអាហារ ទោះជាឃ្មុំធ្វើសម្បុកលើដើមឈើខ្ពស់ៗ ក៏ខ្លាឃ្មុំឡើងទៅបេះស៊ីបានដែរ។ លុះវាបន្ទោបង់ លាមក សុទ្ធតែក្រមួន កប់ទុកក្នុងដី ដែលពីបុរាណ មានការតំណាលតៗគ្នាថា បើមនុស្សណាចូលព្រៃ “ជួបកំណប់អាចម៍ខ្លាឃ្មុំ” ក៏រែកយកទៅលក់ ក្លាយជាអ្នកមានមួយរំពេច។ អាចម៍ខ្លាឃ្មុំ មានធាតុក្រមួនសុទ្ធ គេយកទៅ “ផលិតទៀនមង្គល” សម្រាប់ បង្វិលពពិល ក្នុងពិធីរៀបមង្គលការ មានតម្លៃជាង “ទៀនចំបក់”។

ទំនងជាបក្សបង្កើតថ្មី សម្គាល់ថា “ភ្លើងទៀន កើតពីក្រមួនអាចម៍ខ្លាឃ្មុំ” បានជាពួកគាត់ញញើត ចង់ឱ្យក្រសួងមហាផ្ទៃ យកភ្លើងទៀននេះចេញ ប៉ុន្តែមិនទាន់ដឹងលទ្ធផលយ៉ាងណាឡើយ។

លោកគង់ គាំ អតីតសហការីលោកសម រង្ស៊ី សព្វថ្ងៃ ក្លាយជាប្រធានកិត្តិយស “គណបក្សឆន្ទៈខ្មែរ” បានសម្តែងការ ព្រួយបារម្ភតាមរយៈសំណេរក្នុងហ្វេសប៊ុក របស់លោកថា “លោកថាច់ សេដ្ឋា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីត CNRP ដែរ ដែលស្និទ្ធអេង ឆៃអ៊ាង ជាងស្និទ្ធសម រង្ស៊ី ដំបូងឮថាអាចដឹកនាំគណបក្សបេះដូងជាតិ តែក្នុងពេលគណបក្សបេះដូងជាតិ កំពុងជួបញ្ហា ស្រាប់តែឮថា គណបក្សភ្លើងទៀន បានស្វាគមន៍គាត់ច្បាស់ហើយ ឱ្យត្រឡប់ចូលផ្ទះចាស់ (..) ដែលឋិត ក្នុងបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ នៅឡើយ។ ផ្សែងដែលចេញពីភ្នក់ភ្លើង ចាំមើលដើមភ្លើង ឱ្យចូលរួមការបោះឆ្នោត ឬឱ្យអុកឡុកបំផ្លាញ បដិសេធការបោះឆ្នោត ឬយ៉ាងណា?”

សំណេររបស់លោកគង់ គាំ ចំណុចសំខាន់នៅត្រង់ “ចាំមើលលោកសម រង្ស៊ី ឱ្យបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត ឬ អុកឡុក?” មានន័យថា “ខ្លាមិនខ្លាច ទៅខ្លាចអាចម៍ខ្លា” នោះហើយ។ ជាទស្សនៈ “នគរធំ” បើសិនជាក្រសួងមហាផ្ទៃ រួញរា មិនយល់ព្រមឱ្យបក្សភ្លើងទៀន ដែលមានលោកថាច់ សេដ្ឋា ទើបនឹងចូលរួមជាមួយនោះ មិនឱ្យចូលរួមការបោះឆ្នោត មាន ន័យថា ក្រសួងមហាផ្ទៃ ក៏ “ខ្លាចអាចម៍ខ្លា” ដែរ។

ករណីអាចម៍ខ្លាធំ ឬខ្លាដំបង ធុំក្លិនស្អុយង៉ោងនោះ បក្សបង្កើតថ្មី មិនខ្លាចទេ តែបើពិចារណាទៅ បើជា “អាចម៍ខ្លាឃ្មុំ សុទ្ធតែក្រមួន” នោះ ល្មមតែខ្លាចដែរ ព្រោះគេយកវាទៅ “ផលិតទៀនមង្គល” មានតម្លៃណាស់។

ឧបមាថា ភ្លើងទៀនមង្គល ឆេះព្រាត អាចធ្វើឱ្យ “ទៀនចំបក់” ដែលចេញពីបក្សតូចៗទាំងនោះ រលត់ភ្លឹប ឬថាសូម្បីតែ “១កៅអី” ក៏មិនបានផង។ អ៊ីចឹង “ជួយទប់ឱ្យជាប់” លៃយ៉ាងណាកុំឱ្យមករែកអាចម៍ខ្លាឃ្មុំ ទៅធ្វើទៀន បាន នាំឱ្យបាត់បង់ លាភសក្ការៈរបស់បក្សបង្កើតថ្មី។

ហេតុអ្វីបានជាថា “បក្សកាន់អំណាច មិនខ្លាចអាចម៍ខ្លា?” មានកត្តាច្រើនយ៉ាង ដូចបង្ហាញខាងក្រោម ៖

ពួកប្រឆាំងបែកខ្ញែកគ្នា រប៉ាត់រប៉ាយ ឈ្លោះលាបពណ៌គ្នារញ៉េរញ៉ៃ ព្រោះតែរឿង “ដណ្តើមគ្នារស់” មិនខុសពីមាន់ ក្នុងទ្រុង ពេលម្ចាស់បាចស្រូវឱ្យស៊ីក៏ចឹកគ្នារចេចរចាច។

លោកសម រង្ស៊ីកឹម សុខា គ្មានឱកាសបានចាប់ដៃគ្នាដូចមុន ទោះជាមេប្រឆាំងទាំងពីនេះ មិនដែលឈ្លោះគ្នាក៏ដោយ។

មហាអំណាចអាមេរិក អឺរ៉ុប រវល់ទប់ទល់វិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច គេមិនយកចិត្តទុកដាក់ជួយលោកសម រង្ស៊ីកឹម សុខា ដូចមុន។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្លាយជាប្រធានអាស៊ាន លើកទី៣ ធ្វើឱ្យអន្តរជាតិ កោតញញើត មិនហ៊ានលូកដៃ ចូលផ្ទៃក្នុងកម្ពុជា។

CPP ចាត់វិធានការយ៉ាងស័ក្តិសិទ្ធិ ជួយជីវិតពលរដ្ឋ តាមរយៈការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ គ្រប់ផែនការ ឈាន មុខគេនៅអាស៊ាន។

មានហេតុផលដូចខាងលើនេះ ទើបបក្សកាន់អំណាច គ្មានរឿងអីទៅខ្លាចបក្សភ្លើងទៀន ចេញពីក្រមួនអាចម៍ខ្លាឃ្មុំ នោះទេ ទោះបីជាបក្សនេះ ទទួលយកលោកថាច់ សេដ្ឋា ឬលោកសៀម ភ្លុក ឱ្យចូលរួមជាមួយក៏ CPP អត់ខ្វល់។

ផ្ទុយទៅវិញ អ្នកខ្លាចអាចម៍ខ្លា មកពីគាត់វាស់ស្ទង់សមត្ថភាពខ្លួនដឹងថា បើភ្លើងទៀនឆេះឡើង ច្បាស់ជាភ្លឺជាង “ភ្លើង អំពិលអំពែក” និយាយឱ្យចំ បក្សបង្កើតថ្មី មិនខុសពីពន្លឺអំពិលអំពែក ជ្រែកស្បៃរាត្រីរនោច។ ពេលមេឃងងឹត អំពិលអំពែក ភ្លឺព្រាត តែបើត្រូវព្រះចន្ទរះ ឬភ្លើងទៀនឆេះឡើង អំពិលអំពែក លែងចេញរស្មី។

ដូច្នេះបើអាចលៃលកទៅបាន គួរតែលោកអ៊ូ ច័ន្ទរ័ត្ន, លោកប៉ុល ហំម, លោកគង់ គាំ, លោករៀល ខេមរិន្ទ្រ, លោកជីវ កត្តា, លោកមុត ចន្ថា, លោកយ៉ែម បុញ្ញប្ញទ្ធិ ស្រុះដៃគ្នាជួយ “ផ្លុំពន្លត់ភ្លើងទៀន” កុំឱ្យឆេះទាន់ បើពុំនោះទេ ភ្លើងអំពិលអំពែក រលត់ហើយ ប៉ុន្តែអាចថា ក្រសួងមហាផ្ទៃ មិនពន្លត់ភ្លើងទៀនចេញពីក្រមួនអាចម៍ខ្លាឃ្មុំនោះទេ។

សរុបទៅ “បក្សកាន់អំណាច មិនខ្លាចអាចម៍ខ្លា” មានន័យយ៉ាងនេះឯង។ ឃ្លោងឃ្លាបុរាណថា “ភ្លើងភ្លឺ ពុំស្មើសុរិយោ” ទោះជាភ្លើងទៀនអាចម៍ខ្លាឃ្មុំ ភ្លឺយ៉ាងណា ក៏មិនឈ្នះកាំរស្មីព្រះសុរិយា ដែរ តែពន្លឺអំពិលអំពែក ចាញ់ភ្លើងទៀន ដែលជា បរិបទសម្រាប់អ្នកនយោបាយ ពិចារណាតាមការគួរ…៕

RELATED ARTICLES