ភ្នំពេញ៖តារាសម្ដែងMVនិងស្ពតពាណិជ្ជកម្មកញ្ញាគីម ហួរ ដែលតែងតែលេចមុខជាបន្ដបន្ទាប់ខារ៉ាអូខេបទចម្រៀងរបស់ហង្សមាសនោះស្រាប់តែត្រូវបុរសរូបសង្ហារម្នាក់ដែលធ្លាប់តែប្រមាថមើលងាយនាងគ្រប់បែបយ៉ាងក្នុងឈុតឆាកមួយដោយពន្យល់នាងពីពាក្យថា”ស្រីគេចិញ្ចឹម”គឺលោកលី ណូរ៉ា នោះបានសរសើរនាងថាជាស្រីស្អាតគ្រប់កន្លែងទាំងអស់ដែលគ្មានត្រង់ណារិះគន់ឡើយ។លោកណូរ៉ា បានប្រាប់”នគរធំ”ថាគីម ហួរ នេះពិតជាស្រីស្អាតមែន!និយាយទៅដូចជាគ្មានទាស់ត្រង់ណា បន្ដិចទេ គ្មានកន្លែងណាអន់បន្ដិចទេ…។ការថ្លែងរបស់លោកណូរ៉ា បែបនេះក្រោយពីលោកបានថតសម្ដែងMVជាមួយស្រីស្រស់គីម ហួរ ដល់ទៅ៣បទ ទើបអ្នកសម្ដែងរូបនេះជឿរជាក់ថាសម្រស់គីម ហួរ ពិតជាល្អឥតខ្ចោះមែន។ប៉ុន្ដែលោកណូរ៉ា ថាលោកមិនបានជាប់ចិត្តឬលួចស្នេហ៍គីម ហួរ នៅក្រៅឆាកនោះទេពោលគឺក្រោយថតសម្ដែងចប់ទៅជារឿងធម្មតារាប់អានគ្នាដូចជាបងប្អូនអីចឹង ព្រោះថាលោកពេលនេះមានគូស្នេហ៍ហើយនឹងត្រៀមរៀបការនៅខែឧសភាឆ្នាំ២០២២ទៀតផង។



តារាសម្ដែងគីម ហួរ តែងតែលេចមុខក្នុងMVបទល្បីៗជាច្រើនបទរបស់ផលិតកម្មរស្មីហង្សមាសហើយក្រៅពីប៉ៈគ្នាមួយប្រាវជាមួយលី ណូរ៉ា នោះនាងធ្លាប់ថតខារ៉ាអូខេបទលោកខេមរៈ សិរីមន្ដ,សំ សុវណ្ណារ៉ាក់,ណុប បាយ៉ារិទ្ធ,នី រតនា ,Vid Cooler និងថែល ថៃ ជាដើម។ គីម ហួរ ជាអតីតFreshie ឆ្នាំ២០១៤ ហើយនាងមានត្រមុខស្រដៀងតារាថៃនាងSuvanant Kongying ហៅKob ដែលខ្មែរយើងហៅថានាងផ្កាយព្រឹក។



តារាសម្ដែងដែលមានសម្រស់ឆើតឆាយមកពីខេត្តកំពតរូបនេះមានបុរសទាំងក្នុងនិងក្រៅស្រុកតាមស្រលាញ់តែគីម ហួរ សារភាពថានាងមានម្ចាស់ចិត្តហើយដោយថែមទាំងដាក់ទុនវិនិយោគរួមគ្នាជាមួយសង្សារបើកភោជនីយដ្ឋានមួយនៅខណ្ឌទួលគោកថែមទៀតផង។តែគីម ហួរ ធ្លាប់ប្រាប់ថានាងគ្មានផែនការណ៍ចូលរោងការឆាប់ៗឡើយ។ក្រោយប្រកាសថាបេះដូងមិនមែននៅទំនេរនោះគេជឿរថាបុរសមិនតិចនាក់ទេ ដែលខកចិត្តព្រោះលួចស្នេហ៍គីម ហួរ ជាយូរមកហើយតែតាមពិតតារាដែលត្រូវលោកណូរ៉ា ខ្សឹបប្រាប់ថាស្អាតរកកន្លែងណាអន់មិនឃើញនេះ រកឃើញអនាគតស្វាមីបាត់ទៅហើយ៕




