ភ្នំពេញ៖បេប៊ី ទទួលស្គាល់ថាការឃ្លាតឆ្ងាយពីឆាកតន្រ្ដីរយៈពេលជិត២ឆ្នាំពោលគឺតាំងពីផ្ទុះកូវីដមកដល់ពេលនេះធ្វើឲ្យនាងពិតជាមានការព្រួយបារម្ភច្រើនក្នុងការពិបាកស្ដារមុខមាត់ឡើងវិញពិសេសគឺការគ្មានបទល្បីៗចេញនោះ។យ៉ាងណានាងថាបានត្រៀមចិត្តកាយ៉ារួចរាល់អស់ទៅហើយថានឹងបង្ហាញខ្លួនឆាប់ៗឡើងវិញ ប៉ុន្ដែមិនទាន់កំណត់ពេលវេលានៃការកាន់ក្បាលមីក្រូនោះឲ្យបានជាក់លាក់នោះទេ ព្រោះស្ថិតក្នុងតំណាក់កាលរងចាំមើលថាតើពេលណាទើបកូវីដបានធូស្រាលជាងនេះ។បេប៊ី បន្ថែមថានាងនឹកដល់ឆាកតន្រ្ដី តែដោយសារពេលនេះមានមុខរបរផ្ទាល់ខ្លួននៅខាងក្រៅសិល្បៈផងទើបនាងមិនទាន់បានចេញបទថ្មីៗ ប៉ុន្ដែពេលកូវីដកាន់តែធូស្រាលហើយនោះការបង្ហាញទាំងបទចម្រៀងនិងក្បាច់រាំប្លែកៗព្រោះមិនចង់ឲ្យមានភាពដដែលៗនោះទេ។



កញ្ញាជុំ រចនាពេជ្រ ហៅបេប៊ី បានបោះបង់អាជីពពិធីការិនីនៅCtnដែលបានតស៊ូជាច្រើនឆ្នាំដើម្បីមកចាប់អាជីពចម្រៀងតាមក្ដីស្រម៉ៃដែលខ្លួនស្រលាញ់តាំងពីតូចម្លេះ។តែសម្រាប់ការក្លាយខ្លួនទៅជាតារាចម្រៀងល្បីម្នាក់មិនមែនងាយស្រួលនោះទេសម្រាប់អាជីពបេប៊ី គឺមានភាពពិបាកជាងMC ព្រោះនៅទ្រនុំនោះទោះជាតារាជើងខ្លាំងមាស សុខសោភា ចាកចេញមែន តែនាងរ៉ាប៊ី ក្ដាប់ទីផ្សារបទញាក់នៅថោន ខណៈដែលនាងបាន មុន្នីល័ក្ខ មានទឹកដមសំនៀងមិនណយឡើយសម្រាប់បទស្លូវ។



ចំពោះបេប៊ី វិញនាងផលិតបទញាក់ច្រើនជាងស្លូវ តែពិបាកវ៉ារ៉ាប៊ី បើទោះជាសម្រស់នាងនិងរ៉ាប៊ី មិនចាញ់ឈ្នះគ្នាក្ដី។តែបេប៊ី ថានាងមិនបោះបង់អាជីពចម្រៀងកណ្ដាលទីនោះទេទោះជាខានឡើងឆាកជាច្រើនខែ តែចំនួនកុងត្រារបស់នាងនៅថោន មិនទាន់អស់សុពលភាពឡើយ ពោលគឺនាងនៅតែជាតារាថោន ដដែល។ដោយឡែកជុំវិញការឃ្លាតពីឆាកតន្ដ្រីចំពេលនាងសាងសង់ផ្ទះវីឡារយ៉ាងប្រណិតរួចនៅខណ្ឌសែនសុខ ធ្វើឲ្យគេសង្ស័យថាស្រីស្រស់មានគូស្នេហ៍ហួងហែងនោះត្រូវបានបេប៊ី ថាសព្វថ្ងៃនាងមិនទាន់មានម្ចាស់ចិត្តឡើយ ពោលគឺបេះដូងនៅទំនេរ ហើយនៅផ្ទះតែ២នាក់ម្ដាយ(អ្នកស្រីប៊ុន ណារី)គ្មានគម្រោងយកប្ដីឆាប់ៗឡើយ៕



