ដោយ អាចារ្យថាំ
លោកមុត ចន្ថា អតីតជំនួយការលោកកឹម សុខា បានរិះគន់អ្នកសេដ្ឋកិច្ច ដែល លើកឡើងថា “មង្គលការជួយជំរុញកំណើនសេដ្ឋកិច្ច” ដោយលោកមុត ចន្ថា បង្ហាញហេតុផលពីរឿងខាតផ្សេងៗ ដូចជាកូនកំលោះក្រមុំជំពាក់បំណុលធនាគារ ឬចងការគេ យកលុយមករៀបការ លុះចប់កិច្ចមង្គលនោះ ប្រឹងរកលុយសង បំណុល។ ភ្ញៀវដែលគេអញ្ជើញចូលរួមមង្គលការ ត្រូវប្រឈមវិបត្តិហិរញ្ញវត្ថុ ចំណាយហួសចំណូល ខ្លះទៀត ស៊ីប្រាក់ខែរដ្ឋ “ដាច់ខែ ដាច់ខ្យល់”។
ទោះជាយ៉ាងណា “ខាត និងចំណេញ ស្មើគ្នា” ដោយហេតុថា រយៈពេល២ ឆ្នាំមកហើយ យើងខកខានពិធីរៀបមង្គលការដោយសារវិបត្តិកូវីដ-១៩ ដូច្នេះ បើរាជរដ្ឋាភិបាល បើកឱ្យរៀបការឡើងវិញ ដោយគ្រាន់តែអនុវត្តតាមក្បួនអនាម័យ គឺបានចំណេញមួយដែរ។ អ្នកលក់ស្រាបៀរធ្លាប់ជា់បម្រាមហាមលក់គ្រឿងស្រវឹង ក៏បានចំណេញមួយដែរ ព្រោះការបញ្ជាទិញពីអ្នករៀបមង្គលការ។ អ្នកភ្លេង ប្រពៃណី ភ្លេងសម័យ ក៏បានចំណេញមួយដែរ បន្ទាប់ពីទ្រ តាខេ ស្គរ ឃឹម ទុក ចោលក្នុងបន្ទប់ ក៏ដូចស្គរជាន់ ហ្គីតា ធុងបាស់ ទុកឱ្យកណ្តុរធ្វើសម្បុក។ រីឯអ្នក ដំឡើងរោងការ, អ្នកផ្នួង, ចុងភៅ, ថ្លៃសេវាដឹកជញ្ជូនមន្ត្រីចេញសំបុត្រអាពាហ៍- ពិពាហ៍, រហូតដល់ព្រះសង្ឃ, តាអាចារ្យ, អ្នកផ្លូវចៅមហា ក៏សុទ្ធតែបានចំណេញ ពីមង្គលការ។
ដូច្នេះបើលើកឡើងតែពីរឿងខាតនោះ មិនសូវចំទេ ឬថាទោះបីជាសមាជិក ដើមការនោះខាត ក៏ពួកគាត់បាន “កូនប្រសា” គ្រាន់ប្រើជំនួសដៃជើងដែរ។ រីឯ គូស្វាមីភរិយាថ្មីថ្មោងនេះ ក៏បាន “ចំណេញកូន” ទុកបន្តពូជ ជាពិសេស ប្រពន្ធចង ជើងលោកប្តីនោះ មិនឱ្យដើរដាច់យប់ដូចកាលនៅកំលោះ។
ចំពោះរឿងខាត “ទាល់តែកុំធ្វើអ្វីសោះ” ប៉ុន្តែបើធ្វើបុណ្យ ឬរៀបការ ចៀស ខាតមិនរួចទេ សូម្បីតែការដើរកម្សាន្តបុណ្យអុំទូក ក៏អ្នកដើរទាំងនោះខាតលុយ កាក់ សោហ៊ុយដែរ។ រីឯអ្នកនៅផ្ទះ ខាតត្រង់មិនដើរលេងដូចគេ ក៏កើតអផ្សុក តប់ប្រមល់ ស្ត្រេសខ្លះៗទៅ។
ដូច្នេះ បើលើកឡើងតែមួយជ្រុងថា រៀបមង្គលការ នាំឱ្យខាតនោះ មិនសូវ ចំប្លង់ទេ តែគួរថា “ខាត និងចំណេញ ស្មើគ្នា” ដូចអ្វីដែល “នគរធំ” លើកឡើង ខាងលើ។ បើមិនហ៊ានខាត អត់ឃើញចំណេញទេ ឬថា “ចង់ចំណេញ កុំខ្លាចខាត” ដូចអ្នកបណ្តាក់ទុនពីក្រៅប្រទេស គេឃើញចំណេញធំ ទើបគេហ៊ានចូលមករកស៊ី នៅស្រុកខ្មែរ ដែលមុនដំបូងគេចំណាយខាតសិន បន្ទាប់មកទើបស្រង់ដើមបាន មកវិញ។
អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងជំនាញផ្នែកនយោបាយ មានរបៀបធ្វើការ ខុសគ្នា ពោលគឺអ្នកសេដ្ឋកិច្ច គេចេះប៉ាន់ប្រមាណពីផលចំណេញលេចចេញតាម ពិធីរៀបមង្គលការ ប៉ុន្តែអ្នកនយោបាយ គិតតែពីយុទ្ធសាស្ត្រយកឈ្នះគ្នា ឬកាច់ កុងគ្នា តាមមាគ៌ាពហុបក្ស។
ទោះយ៉ាងណា បើអ្នកមានអំណាច ឬឧកញ៉ាៗ រៀបការកូន អត់ចេះខាត ទេ ព្រោះមានអ្នកចាំជួយ តាំងពីស្រាបៀរ ដំឡើងរោង ឬជួលអគារមិនយក លុយ។ រីឯចំណងដៃរាប់សែន រាប់លានដុល្លារ ខ្លះចងដៃជារថយន្ត គ្រឿងមាស ពេជ្រ អលង្ការ ដែលយើងធ្លាប់ឃើញកន្លងមក។
ផ្ទុយទៅវិញ អ្នកក្រ រៀបការកូន “ចាំតែខាតទៅ” ខ្លះជំពាក់ថ្លៃស្រាបៀរ មីក្រូ ថតរូប… បន្ទាប់ពីបញ្ចប់ពិធី នាំគ្នាអង្គុយយំក៏មានដែរ ជាហេតុនាំឱ្យកូន កំលោះក្រមុំ ជួបភាពរកាំរកូសក្នុងពិធីផ្សំដំណេក ជួនកាល ការរួចមិនបាន១ខែ ផង លែងលះគ្នា ឯកូនកំលោះ ធ្វើចំណាកស្រុក រកលុយផាត់បំណុល ដែលជារឿង ពិតកើតឡើងក្នុងសង្គមខ្មែរ…៕